សហ​ព័ន្ធ​​ខ្មែរ​​កម្ពុជា​​ក្រោម បញ្ចប់បេសកកម្មនៅ អ.ស.ប ដោយដាក់ជូនរបាយការណ៍ចំនួន ៦ ទៅ UNPFII

0 2,267

ដោយ ស៊ឺន ចែងចើន| VOKK

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំនៅក្នុងមហាសន្និបាត លើកទី ១៧ នៃ វេទិកាអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅក្នុងការិយាល័យកណ្ដាល របស់អង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និងកម្ពុជា ចូល​សង្កេតការណ៍ និងថ្លែងការណ៍​ នៅក្នុង​វេទិកា UNPFII ។
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និងកម្ពុជា ចូល​សង្កេតការណ៍ និងថ្លែងការណ៍​ នៅក្នុង​វេទិកា UNPFII ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ក្រុមយុវជនរបស់ខ្លួន មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក​, ប្រទេស​កាណាដា និងកម្ពុជា ចំនួន ១០ នាក់ ឲ្យចូល​សង្កេតការណ៍ និងថ្លែងការណ៍​ នៅក្នុង​វេទិកានេះ ដូចរៀងរាល់ឆ្នាំដែរ ។

វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម ឆ្នាំនេះផ្ដោតលើប្រធានបទ “សិទ្ធិសមូហភាពរបស់ជនជាតិដើម ចំពោះដីធ្លី, ដែនដី និងធនធាន” របស់ជនជាតិដើម ។ តំណាងជនជាតិដើម , រដ្ឋនានា ដែលជាសមាជិក នៃអង្គការអង្គសហប្រជាជាតិ នៅជុំវិញពិពភលោក និងទីភ្នាក់ងារអង្គអន្តរជាតិនានា ត្រូវបានអង្គការសហប្រជាជាតិអញ្ជើញមកប្រជុំ នៅក្នុងវេទិកានេះ ។

គោលបំណងរបស់មហាសន្និបាត ដើម្បីប្រមូលរាល់ព័ត៌មានជាបញ្ហារបស់ជនជាតិដើម ដែលតំណាងជនជាតិដើមបានធ្វើសេចក្ដីរាយការណ៍ នៅក្នុងសប្ដាហ៍ទីមួយ ហើយដាក់បញ្ចូលទៅក្នុង អនុសាសន៍ នៃគោលនយោបាយយុទ្ធសាស្ត្រចម្បង ដែលអាចអនុវត្តបាន ។ រាល់អនុសាសន៍របស់ ជនជាតិដើម និងទីភ្នាក់ងាររបស់អង្គការស្នើរដ្ឋសមាជិក នឹងត្រូវបានមហាសន្និបាតលើកឡើងសន្ទនា នៅក្នុងសប្ដាហ៍ទីពីរ ។

នៅក្នុងវេទិកានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់របាយការណ៍ ស្ដីអំពីបញ្ហារបស់ ជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីបញ្ហាជាច្រើន ដែលកើតមានឡើង នៅដែនដីកម្ពុជាក្រោម ។ របាយការណ៍ ដែលបានដាក់បញ្ចូលទៅតាម របៀបវារៈនៃវេទិកានេះ  រួមមាន៖

  • របៀបវារៈទី ៤៖ ការអនុវត្តតំបន់ ដែលបានកំណត់ជាផ្លូវការទាំងប្រាំមួយ នៃវេទិកាអចិន្រៃ្តយ៍ ដោយយោងទៅលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលស្ត្រី និងយុវជនខ្មែរក្រោមជាអ្នកការពារសិទិ្ធមនុស្សដំបូង ចំពោះដីធ្លីជាទីសក្ការៈរបស់ពួកគេ ។ ភាសាជាឧបករណ៍ដ៏សំខាន់មួយនៃវប្បធម៌ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានគូសបញ្ជាក់នូវរូបភាពបដា ដែលរដ្ឋាភិបាលយួនបានសរសេរអក្សរខ្មែរខុស និងថាជនជាតិដើមខ្មែរក្រោម ជាជនជាតិភាគតិច) ។
  • របៀបវារៈទី ៨៖ ការពិភាក្សាលើប្រធានបទ “សិទ្ធិរួមរបស់ជនជាតិដើម  ចំពោះដីធ្លីដែនដី និងធនធាន ធម្មជាតិ” (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីសិទ្ធិរំលោភ សិទ្ធិដីធ្លីរបស់ ប្រជាជនខ្មែរក្រោម ដោយរដ្ឋាភិបាលវៀតណាម ។ របៀបដែលរដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឱ្យអ្នកជំនួញខាងកសិកម្មបំផ្លាញដីស្រែរបស់កសិករខ្មែរក្រោម) ។
  • របៀបវារៈទី ៩៖ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព [កិច្ចសន្ទនាដេញដោល] (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង អំពីរបៀបដែលវៀតណាមមិនអាចសម្រេចបាន នៅក្នុងឆ្នាំ ២០៣០ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការជាមួយខ្មែរក្រោម ដោយគោរពតាមសេចក្ដីប្រកាសជា សកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
  • របៀបវារៈទី ១០៖ ការពិភាក្សាជាមួយ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិរបស់ជនជាតិដើម  និងប្រធានយន្តការជំនាញ ស្តីពីសិទ្ធិរបស់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង ពីការគាំទ្រទាំងស្រុង ​នៅសេចក្តីថ្លែងរបស់អ្នករាយការណ៍ពិសេស និងអ្នកជំនាញការស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍) ។
  • របៀបវារៈទី ១១៖ ការតាមដានលើឯកសារលទ្ធផលនៃសន្និសីទពិភពលោក ស្តីពីជនជាតិដើម រួមមាន៖ (ក). ការអនុវត្តផែនការសកម្មភាពជាតិយុទ្ធសាស្រ្ត ឬវិធានការផ្សេងទៀត (ខ). វិធីដើម្បីបង្កើនការចូលរួមរបស់ជនជាតិដើម នៅអង្គការសហប្រជាជាតិ (គ). ការអនុវត្តលើផែនការ សកម្មភាពជាប្រព័ន្ធរួមសម្រាប់ជនជាតិដើម (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់ អនុសាសន៍ ដោយលើកឡើងថា រាល់ឯកសារដែលបានបោះពុម្ព ផ្សាយជាភាសារបស់ជនជាតិដើម  ពលរដ្ឋខ្មែរក្រោមអាចប្រើវាបាន) ។
  • របៀបវារៈទី ១២៖ ការងារនាពេលអនាគតនៃវេទិកាអចិន្ត្រៃយ៍ រួមមានបញ្ហាដែលត្រូវបានពិចារណា ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងបញ្ហាលេចធ្លោ (នៅក្នុងរបៀវារៈនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់អនុសាសន៍ទៅលើការងារអនាគតរបស់វេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដោយលើកឡើងថា អាជ្ញាធរ សមុទ្រអន្តរជាតិ  (ISA) ត្រូវចូលរួមក្នុងការងារនាពេលអនាគតនៃវេទិកាអចិន្រ្តៃយ៍ទាក់ទង នឹងបញ្ហា នៃការជីកយករ៉ែកម្រ ជាពិសេសនៅក្នុងតំបន់អាស៊ី) ។

ក្រៅពីចំណុចបញ្ហា ដែលបានលើកឡើងខាងលើ បញ្ហាមួយចំនួន ដែលបានកើតឡើងនាពេលថ្មីៗ នេះ ដូចជា ករណីយួន​រឹប​យក​ដី​ជា​កម្មសិទ្ធិ​របស់​វត្ត និងដីរបស់ប្រជាពលរដ្ឋខ្មែរក្រោម និងបញ្ហាសំណើរឲ្យរដ្ឋាភិបាលយួនត្រូវអនុញ្ញាត ឲ្យប្រជាពលរដ្ឋខ្មែរក្រោម មានសិទ្ធិឈប់សម្រាកទូទាំងដែនដីកម្ពុជាក្រោម ដើម្បីចូលរួមអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ រួមទាំងបញ្ហាផ្សេងៗ ជាច្រើនទៀត ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់សហ​ព័ន្ធខ្មែរ​កម្ពុជា​ក្រោម នៅក្នុងសម័យប្រជុំលើកទី ១៧ នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការ សហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ។

សូមជម្រាបជូនថា នៅ​​ថ្ងៃ​ទី ១៩ មេ​សា ម្សិលមិញនេះ ដែល​ជា​ថ្ងៃ​ទី ៤ នៃ​កិច្ច​ប្រ​ជុំ​លើក​ទី ១៧ របស់​វេទិកា​អចិន្ត្រៃយ៍​អង្គ​ការ​សហ​ប្រជា​ជាតិ ស្ដី​ពី​បញ្ហា​ជន​ជាតិ​ដើម (UNPFII) ​មន្ត្រី​តំណាង​ប្រ​ទេស​វៀត​ណាម ប្រ​ចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ បានធ្វើរបាយការណ៍របស់ខ្លួន ជម្រាបទៅអង្គវេទិកា ដោយលើកឡើងថា បណ្តា​ក្រុម​ជន​ជាតិ ដែល​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ទាំង ៥៤ ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ​ផង ត្រូវ​បាន​រដ្ឋាភិ​បាល​យក​ចិត្ត​ទុក​ដាក់ និង​រស់​នៅ​​ក្នុង​ភាព​សុខ​ដុម និង​សាមគ្គី​ភាព​ជា​មួយ​គ្នា ​តាំង​ពី​យូរ​លង់ណាស់​មក​ហើយ នៅ​លើ​​ទឹក​ដី​នៃ​ប្រ​ទេស​វៀត​ណាម ។ មន្រ្តីរូបនេះដដែល បានគូសបញ្ជាក់ថា ​​គ្មានឡើយ​​ជន​ជាតិ​​ដើម​​ នៅ​​លើ​​ដែន​ដីរបស់​​វៀត​ណាម ដោយអះ​អាង​ថា​ ពួកគេជាជនជាតិភាគតិច រស់នៅលើដែន​ដីរបស់​ខ្លួន​ទៅ​​វិញ ។ ​

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល វៀតណាមបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់សិទ្ធិសេរីភាពពេញលេញ ទៅដល់បណ្តាក្រុមជនជាតិទាំង ៥៤ រួមទាំងខ្មែរក្រោមផង ដោយ មន្រ្តីតំណាងរដ្ឋាភិបាលរូបនេះ បានលើកបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដោយផ្តល់ការ អប់រំដល់ពួកគេ និងថាបណ្តាក្រុមជនជាតិទាំងនោះ មានប្រពន្ធផ្សព្វផ្សាយជាភាសាកំណើតរបស់ខ្លួន មានវិទ្យុ និងទូរទស្សន៍ជាដើម ។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មន្រ្តីវៀតណាមរួចមក ក្រុម​យុវជន​ខ្មែរ​ក្រោម បានបញ្ចេញមតិដោយបង្ហាញជំហរថា  ពួកគេ​មិន​​​អាច​​ទ​ទួល​​យក​បាន​​ឡើយ ចំ​ពោះ​ការ​លើក​ឡើង​របស់​តំ​ណាង​ប្រ​ទេស​វៀត​ណាម ​ដែល​ចាត់​​ទុក​​ខ្មែរ​ក្រោម​​ជា​​ជន​ជាតិ​​ភាគ​តិច ។ ពួក​គេ​បាន​ទាម​ទារ​ឲ្យ​ប្រ​ទេស​វៀត​ណាម គោរ​ព​​សិទ្ធិ​​របស់​​ខ្មែរ​​ក្រោម​ ដូច​​ដែល​​មាន​​ចែង​​ក្នុង​​សេច​ក្តី​​ប្រកាស​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ ស្ដី​ពី​​សិទ្ធិ​​ជន​ជាតិ​​ដើម ។

សូមបញ្ជាក់ថា នេះជា​លើក​ទី ១៤ ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ចូលប្រជុំ និង ថ្លែងការណ៍​នៅក្នុង​វេទិកា​មួយ​នេះ ចាប់តាំងពី​ឆ្នាំ ២០០៤ មក ។​ ការចូលប្រជុំនេះ បានធ្វើឲ្យសំឡេងរបស់ខ្មែរក្រោមនៅក្នុងស្រុក ដែលត្រូវរដ្ឋាភិបាលយួនបិទនោះ បានឮដល់សហគមន៍ អន្តរជាតិកាន់តែច្បាស់ជាងមុន ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាពនៅក្នុងអង្គការសហប្រជាជាតិ នាបូរីញ៉ូវយក់ សហរដ្ឋអាមេរិក ។ រូបថតដោយៈ ស៊ឺន ចែងចើន

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និងកម្ពុជា ចូល​សង្កេតការណ៍ និងថ្លែងការណ៍​ នៅក្នុង​វេទិកា UNPFII ។
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពី​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និងកម្ពុជា ចូល​សង្កេតការណ៍ និងថ្លែងការណ៍​ នៅក្នុង​វេទិកា UNPFII ។

Leave A Reply

Your email address will not be published.