សហព័ន្ធខ្មែរកម្ពុជាក្រោមជួបជុំគ្នាដើម្បីកំណត់ទិសដៅស្វែងសិទ្ធិស្វ័យសម្រេចពីវៀតណាម
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោមចាប់ផ្តើមកិច្ចប្រជុំដំណាច់ឆ្នាំដែលមានតំណាងសហព័ន្ធពីប្រទេសមួយចំនួន នៅជុំវិញពិភពលោកចូលរួមដើម្បីបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២២ និងដាក់ទិសដៅសម្រាប់ឆ្នាំថ្មី។ កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃសុក្រ ទី១០ មីនា ដល់ថ្ងៃទី១១ មីនា ដែលធ្វើឡើងវត្តសុរិយរង្សីនៅទីក្រុងហ្វីឡាដេផ្យា (Philadelphia) រដ្ឋផែនស៊ីវីនៀ (Pennsylvania)។

ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាថាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជជែកក្នុងកិច្ចប្រជុំដំណាច់ឆ្នាំនេះដើម្បីកំណត់ទិសដៅទាមទារសិទ្ធិស្វ័យសម្រេចឲ្យជនជាតិដើមខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាម។ ព្រះអង្គបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំវៀតណាមបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមឥតមានពេលស្រាកស្រាន្តឡើយ។
ព្រះភិក្ខុ សឹង យ៉ឹងរតនា៖ «អាជ្ញាធរវៀតណាមនៅតែចិញ្ចឹមចិត្តចងគំនុំសងសឹកពលរដ្ឋខ្មែរក្រោម តែសំខាន់ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតែតស៊ូទាមទារសិទ្ធិសេរីភាពជាម្ចាស់ស្រុកជនជាតិដើម ដើម្បីឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម»។
ក្រោយកិច្ចប្រជុំដំណាច់ឆ្នាំហើយ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏នឹងមានពិធីជួបជុំមួយទៀត ដែលមានតំណាងស្ត្រីខ្មែរកម្ពុជាក្រោមមកពីគ្រប់ទិសទីប្រារព្ធខួបទិវានារីអន្តរជាតិដើម្បីឧទ្ទិសដល់សេចក្តីក្លាហានរបស់ស្ត្រីខ្មែរកម្ពុជាក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិសេរីភាពជាជនជាតិដើមនៅលើទឹកដីកំណើត។ អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីនឹងទៅរាយការណ៍ព័ត៌មានផ្ទាល់ពីកិច្ចប្រជុំដំណាច់ឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ៕