បេសកម្មរបស់ លោក ថាច់ ង៉ុក ថាច់ នៅអឺរ៉ុប
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែបំពេញបេសកកម្មនៅអឺរ៉ុប ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសហ ប្រជាជាតិឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម និងចូលរួមពិធីបុណ្យខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមបណ្ដាប្រទេសនានាបានរៀបចំ ដើម្បីរំឭកដល់ថ្ងៃដែល បារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ក្នុងដំណើរបេសកកម្មនេះ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបសមាជិកសភាសហភាពអឺរ៉ុប នៅថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែមិថុនា នាទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) និង បានជួបមន្ត្រីអគ្គស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងហ្សឺណែវ ប្រទេស ស្វិស នៅថ្ងៃទី ៩ ខែមិថុនា កន្លងទៅនេះ ។
នៅទីក្រុងប្រ៊ូសែល លោក ថាច់ ង៉ុក ថាច់ បានលើកយកបញ្ហានៃការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជាក្រោម ប្រាប់ដល់សមាជិកសភាសហភាពអឺរ៉ុប និងអំពាវនាវឲ្យពួកគេជំរុញទៅរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមនៅ ដែនដែនកម្ពុជាក្រោម ។
នៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកសភាសហភាពអឺរ៉ុប ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងអំពីបញ្ហាជាច្រើន ដែលខ្មែរក្រោមកំពុងតែជួបប្រទះ ក្នុងនោះ មានដូចជា បញ្ហានៃការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ការបោះបង់ចោលដីស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោមទៅធ្វើជាកម្មកររោងចក្រ ឬ អ្នកបម្រើគេនៅតាមទីក្រុង និងពីការរឹតត្បិតនានាពីសំណាក់អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ។
លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ នៅថ្ងៃទី ១៧ ខែមិថុនា ថា ភាពក្រីក្ររបស់ខ្មែរក្រោម មិនត្រឹមតែធ្វើឲ្យប៉ះពាល់តែទៅលើជីវភាពរស់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានទៅដល់ការប្រតិបត្តិព្រះពុទ្ធសាសនា និងការថែរក្សានូវប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរក្រោម ទៀតផង ។
លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា៖
«យើងបានជជែក ឧទាហរណ៍ថា ព្រោះខ្មែរក្រោមស្រែវាទាក់ទងដល់រឿងសេដ្ឋកិច្ច រឿងចិញ្ចឹមក្រពះ តែកាលណាយើងខ្វះខាត យើងក្រ លទ្ធិជំនឿសាសនាទៅណា ព្រោះថា បើកាលណាបងប្អូនក្ររត់ចោលស្រុកភូមិ ព្រះសង្ឃដែលជាអ្នកបណ្តុះបណ្តាលសាសនា ផ្សព្វផ្សាយសាសនា ក៏អន់ថយទៅតាមហ្នឹងដែរ។ ព្រះសង្ឃយើងត្រូវថយចង្ហាន់ មិនមានអ្នកសាងផ្នួសច្រើន នេះជាបញ្ហា»។
លោក ថាច់ ង៉ុក ថាច់ បានអះអាងថា សហព័ន្ធខ្មែរកម្ពុជាក្រោម ចង់ឲ្យសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសវៀតណាម ដែរនោះ លើកយកបញ្ហានេះទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម ធ្វើយ៉ាងណាឲ្យផលដែលទទួលបានពីការរីកចម្រើនសេដ្ឋកិច្ច ធ្លាក់ដល់ដៃជនជាតិទាំងអស់នៅក្នុងប្រទេសវៀតណាម គឺមិនត្រឹមតែជនជាតិយួនមួយនោះទេ ។ លោកថា សមាជិកសភាសហភាពអឺរ៉ុប លោក គ្រី ស្ទៀន ដែន ប្រេដា (Cristian Dan Preda) សន្យាថា នឹងលើកយកសំណើរបស់ខ្មែរក្រោមទៅជជែកជាមួយនឹងសមាជិកសភាសហភាពអឺរ៉ុប ដទៃទៀត ។
កិច្ចពិភាក្សារវាងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម និងសមាជិកសភាសហភាពអឺរ៉ុប និងមន្ត្រីមួយចំនួនទៀតរបស់សហភាពអឺរ៉ុប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ធ្វើឡើងក្នុងពេលដែលព្រះសង្ឃខ្មែរក្រោម ២ អង្គ និងពលរដ្ឋមួយចំនួនទៀតនៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់គុកតាំងពីឆ្នាំ ២០១៣ មិនទាន់ត្រូវដោះលែងឲ្យមានសេរីភាពនៅឡើយ ។
លោក ថាច់ ង៉ុក ថាច់ ឲ្យដឹងដែរថា ក្រៅពីជួបសមាជិកសភាសហភាពអឺរ៉ុប តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៩ មិថុនា ក៏បានជួបជាមួយតំណាងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជំនឿសាសនា និងតំណាងនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ផងដែរ ។
លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៍ថា នៅក្នុងកិច្ចជួបពិភាក្សាពេលនោះ ខ្មែរក្រោមបានលើកឡើងពីករណីព្រះសង្ឃខ្មែរក្រោមចំនួន ២ អង្គ គឺព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់គុកដោយសារតែពួកគាត់តវ៉ាទាមទារឲ្យមានសាលារៀនភាសាខ្មែរនៅក្នុងវត្ត និងដោយសារតែពួកគាត់មានទំនាក់ទំនងជាមួយព្រះសង្ឃខ្មែរក្រោមនៅក្រៅប្រទេស ។
ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងពីការរឹតត្បិតរបស់អាជ្ញាធរកុម្មុយនីស្តវៀតណាម ដែលហាមប្រាមមិនឲ្យព្រះសង្ឃខ្មែរក្រោម ប្រើប្រាស់ត្រាវត្តជាអក្សរខ្មែរ ហើយបានបង្ខំឲ្យព្រះសង្ឃខ្មែរប្ដូរឈ្មោះត្រាវត្តទៅជាអក្សរយួនវិញ ។ ខ្មែរក្រោមចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម នេះថា ជាការប៉ុនប៉ងលុបបំបាត់អត្តសញ្ញាណ និងឈ្មោះវត្តអារាមរបស់ខ្មែរនៅដែនដីកម្ពុជាក្រោម ។
បន្ថែមពីលើនេះ ក្នុងកិច្ចពិភាក្សាជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងពីបញ្ហាលំបាករបស់ជនភៀសខ្លួនខ្មែរក្រោមក្នុងប្រទេសថៃ ដែលកំពុងព្យាយាមសុំសិទ្ធិជ្រកកោនទៅកាន់ប្រទេសទី ៣ ផងដែរ ។ បើតាមសហព័ន្ធខ្មែរកម្ពុជាក្រោម ជនភៀសខ្លួនខ្មែរក្រោមដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ សព្វថ្ងៃមានប្រមាណ ១០០ នាក់ ។ ពួកគេមកពីបណ្ដាខេត្តមួយចំនួននៅកម្ពុជាក្រោម ដូចជា ខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងខេត្តពលលាវ ជាដើម ។
លោក ថាច់ ង៉ុក ថាច់ អះអាងថា ខ្មែរក្រោមទាំងអស់នោះភៀសខ្លួនទៅកាន់ប្រទេសថៃ គឺដើម្បីរត់គេចចេញពីការតាមធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម ក្នុងនោះ មាន លោក លី ចិន្ដា អតីតព្រះសង្ឃនៅវត្តព្រៃជាប់ ខេត្តពល លាវ ដែលត្រូវ អាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយច្រកចូលបាវយកទៅធ្វើទារណកម្ម កាលពីឆ្នាំ ២០១៣ ក៏កំពុងភៀសខ្លួននៅប្រទេស ថៃដែរ ។
ប្រភពពី លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីបំពេញបេសកកម្មនៅអឺរ៉ុប លោក ថាច់ ង៉ុក ថាច់ នឹងធ្វើដំណើរត្រឡប់ទៅផ្ទះនៅប្រទេសកាណាដា ហើយនឹងចេញពីកាណាដា មករដ្ឋ California សហរដ្ឋ អាមេរិក នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ដើម្បីចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំអន្តរជាតិមួយ ក្នុងឱកាសខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងខួប ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមសន្និបាត “ធម្មនុញ្ញនៃ អង្គការសហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisco ៕
ខាងក្រោមនេះ ជារូបថត ខួប ៦៦ ឆ្នាំ នៃទិវា ៤ មិថុនា ដែលប្រារព្ធដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ ។ រូបថត ថាច់ វាសនា
Comments are closed.