សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សួរសុខទុក្ខ​គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ជនភៀសខ្លួន​ខ្មែរក្រោម ដែល​ទើបបាន​ទៅ​តាំង​ទីលំនៅ នៅ​សហរដ្ឋអាមេរិក​

170

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅរ៍​ទី ១១ ខែមីនា ចុង​សប្ដាហ៍​កន្លងទៅនេះ ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម នៅ​រដ្ឋ California បាន​រួមគ្នា​ទៅសួរសុខទុក្ខ​គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ជនភៀសខ្លួន ខ្មែរក្រោម​ដែល​ទើបតែ​ត្រូវបាន​អង្គការ UNHCR ប្រចាំ​ប្រទេស​ថៃ បញ្ជូនទៅ​តាំងទី​លំនៅ​ថ្មី​នៅ សហ រដ្ឋ​អាមេរិក ។

ពិធី​ជួប​សំណេះសំណាល​នេះ មានការ​ចូល​ពី​គណៈកម្មការ​នាយក​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយ ចំនួន ដូចជា លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​ទី ១ លោក ចៅ សេរី អនុប្រធាន​ទី ២ លោក សឺ​ន ហ៊ួ​រ អគ្គលេខាធិការ លោក ថាច់ តង ប្រធាន​តំបន់​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក និង លោក សឺ​ង សម្រេច ទីប្រឹក្សា​ព្រមទាំង​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាច្រើនរូប​ទៀត ។​

ពិធី​នេះ ធ្វើ​នៅផ្ទះ​របស់ លោក សឺ​ង សម្រេច នាទី​ក្រុង Long Beach ដោយ​មានការ​ថ្លែង​សុន្ទរកថា ស្វាគមន៍ និង​ចាប់អារម្មណ៍​ចំពោះ​ដំណើរ​មកដល់​សហរដ្ឋ​អាមេរិក​របស់​គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ។ អ្នកចូលរួម​ក៏បាន​រៃអង្គាស​ថវិកា​ជូន​ដល់​គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ផងដែរ ។​

លោក ថាច់ ស៊ុន ហ៊ាន បាន​មានប្រសាសន៍ថា លោក​ជា​អតីត​សមណ​សិស្ស​នៅ​សាលា​បាលី ខេត្ត​ឃ្លាំង ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ កាលពី​ឆ្នាំ ២០០៧ ដើម្បី​ទាម ទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្ដល់​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រោយពី​ការ ធ្វើបាតុកម្ម​នៅ​ខេត្ត​ឃ្លាំង កាលពី ១០ ឆ្នាំមុន លោក​បាន​ភៀសខ្លួន​ចេញពី​ស្រុកកំណើត​ទៅ​ប្រទេស កម្ពុជា និង​ហួស​ទៅដល់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ក្នុងនាម​ជា​ជនភៀសខ្លួន​នយោបាយ ពី​អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ហើយ​បាន​អង្គការ​នេះ បញ្ជូនទៅ​តាំងទី​លំនៅ​ថ្មី នៅ​សហរដ្ឋអាមេរិក ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន បាន ការិយាល័យ​អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទី ក្រុង​បាងកក ប្រទេស​ថៃ បញ្ជូនទៅ​តាំងទី​លំនៅ​ថ្មី នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោក​បាន​ស្នាក់នៅ ក្នុងប្រទេស​ថៃ ក្នុងឋានៈ​ជា​ជនភៀសខ្លួន​អស់​ជាច្រើន​ឆ្នាំកន្លងមក ។ សព្វថ្ងៃ គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន កំពុងស្នាក់នៅ​រដ្ឋ California សហរដ្ឋអាមេរិក ៕

ខាងក្រោមជារូបថតសកម្មភាពដែលសហព័ន្ធខ្មែរកម្ពុជាក្រោមសួរសុខទុក្ខគ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧ ។ រូបថត៖ ថាច់ ប្រីជា គឿន





Comments are closed.