សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធី ១១ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសិទ្ធិជនជាតិដើម
ដោយ ថាច់ ប្រីជា គឿន | VOKK
នៅរាត្រីថ្ងៃសៅរ៍ ទី ៨ ខែកញ្ញា ខាងមុខនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California នឹងប្រារព្ធពិធីរាត្រីសមោសរ ដើម្បីអបអរសាទរដល់ ខួប ១១ ឆ្នាំ រំឭកដល់ ថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។
ពិធីនេះ ធ្វើនៅក្នុងភោជនិយដ្ឋានមួយ នាទីក្រុង San Jose ចាប់ពីម៉ោង ៦ ដល់ ១២ អាធ្រាត្រ ដោយមានកម្មវិធី ដូចជា ការថ្លែងការណ៍របស់ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅកាន់អ្នកគាំ ទ្រ, ការទទួលភោជនាហារជុំគ្នា និងមានដន្ត្រីសម័យកំដរបរិយាកាស ផងដែរ ។
ពិធីនេះ រៀបចំដោយគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ដែល មាន លោក ថាច់ ជូន ជាប្រធាន និង លោក ថាច់ តង ជាប្រធានតំបន់អាមេរិកខាងលិច នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនោះ មាន លោក ប្រាក់ សេរី វុឌ្ឍ ជាប្រធាន ប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងអញ្ជើញចូលចូល រួមនៅក្នុងពិធីនេះ ផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ បានអនុម័តប្រកាស សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដោយ មានវៀតណាម ជាប្រទេសហត្ថលេខី ត្រូវមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម នៅក្នុងប្រទេស របស់ខ្លួន ។
សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម មាន ៤៦ មាត្រា ក្នុង នោះ មាត្រាទី ៣ និង ទី ៤ បានចែងថា រាល់ជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯង នៅលើទឹកដីកំណើតរបស់ខ្លួន ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើការតស៊ូនោះលើឆាកអន្តរជាតិ ទាមទារឲ្យរបបអាណានិគមយួន គោរព សិទ្ធិជនជាតិដើមខ្មែរក្រោម និងពន្យល់ឲ្យពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ចេះប្រើប្រាស់នូវសិទ្ធិ របស់ខ្លួនក្នុងការសម្រេចនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ស្របតាមសេចក្ដីប្រកាសជា សកលស្ដីពី សិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ៕