KKF នឹងធ្វើសន្និសីទអន្តរជាតិ នៅទីក្រុងឡាអេ
ដោយ ថាច់ ប្រីជា គឿន
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិ ក្រោមប្រធានបទ “ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោមនៅក្រោម អាណានិគមយួន” នៅទីក្រុងឡាអេ នៃប្រទេសហូឡង់ ដើម្បីរំឭក ដល់ថ្ងៃដែលបារាំង បាន ផ្ទេរដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអនុម័តនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិក្រោម ប្រធានបទ “ខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោមនៅក្រោមអាណានិគមយួន”ដើម្បីរំឭកដល់ថ្ងៃដែលរដ្ឋការអាណានិគមនិយមបារាំង បានផ្ទេរ ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យទៅជារដ្ឋការយួនបន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោម ។ សន្និសីទនេះ នឹងធ្វើនៅទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម រំពឹងថា សន្និសីទអន្តជាតិនេះ នឹងមានថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅជុំវិញពិភពលោកចូលរួម ដើម្បីស្ដាប់វាគ្មិនបរទេសបកស្រាយអំពី “សិទ្ធិសម្រចវាសនាខ្លួនដោយ ខ្លួនឯង” ទាក់ទងនឹងជនជាតិដើមខ្មែរ នៅដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ វាគ្មិនជាតិ និង អន្តរជាតិ ក៏នឹងធ្វើ សេចក្ដីកត់សម្គាល់ឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស និងបទឧក្រិដ្ឋនានា ដែលរដ្ឋការអាណានិគមយួនបានរំលោភ បំពានលើជនជាតិដើមខ្មែរនៅកម្ពុជាក្រោម ក្នុងអំឡុង ៧០ ឆ្នាំ ចុងក្រោយនេះ ។
ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន មានផ្ទៃដីប្រមាណ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ត្រូវប្រធានាធិបតីបារាំង ឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) ប្រកាសច្បាប់ លេខ ៤៩-៧៣៣ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ផ្ទេរឲ្យទៅជារដ្ឋចំណុះវៀតណាម បន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរនៅកម្ពុជាក្រោម រាប់លាននាក់រហូត ដល់សព្វថ្ងៃ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម និង អង្គការឃ្លាំងមើលសិទ្ធិមនុស្ស (HRW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើសេចក្ដីរាយការណ៍ថា ក្នុងអំឡុង ៧០ ឆ្នាំ កន្លងមកនេះ ស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម មានការរំលោភសិទ្ធិមនុស្សជាទម្ងន់ពីរដ្ឋាភិបាលអាណានិគមយួន ក្នុងនោះ មានការចាប់ព្រះសង្ឃផ្សឹកដាក់ពន្ធនាគារ, ការធ្វើទារុណកម្ម និងការសម្លាប់រង្គាលពលរដ្ឋខ្មែរក្រោម ដោយចោទពីបទប្រឆាំងរដ្ឋការអាណានិគមយួន ជាដើម ។
ព័ត៌មានពិស្ដារទាក់ទងនឹងសន្និសីទអន្តរជាតិនេះ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) នឹង ជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបលម្អិតនាពេលខាងមុខ ៕