សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើបាតុកម្ម នៅមុខអង្គការសហប្រជាជាតិ ឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើបាតុកម្មនៅមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ នៅ ទីក្រុង ស្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខនេះ ដើម្បីជម្រុញឲ្យ មានការចាប់អារម្មណ៍ ពីសហគមន៍ អន្តរជាតិ និងដើម្បីឲ្យអន្តរជាតិដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាម ត្រូវគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជា ក្រោម ។ ការធ្វើបាតុកម្មនេះ ស្របពេលដែលវៀតណាមចូល ឆ្លើយបំភ្លឺអំពីប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន នៅការិយាល័យក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុង ស្សឺណែវ ប្រទេសស្វិស ថ្ងៃទី ២៨ ខែមករា ខាងមុខនេះ ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងហៅវៀតណាមចូលឆ្លើយបំភ្លឺ អំពីស្ថានភាពសិទ្ធិ មនុស្ស នៅក្នុង កិច្ចប្រជុំ “ពិនិត្យមើលនូវប្រវត្តិសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (UPR)” នាថ្ងៃទី ២៨ ខែមករា ខាងមុខនេះ ។
តាមព័ត៌មាន វៀតណាមនឹងធ្វើសេចក្ដីរាយការណ៍ និងឆ្លើយបំភ្លឺអំពីកិច្ចប្រតិបត្តិដែលខ្លួនបាន និងមិនបាន ធ្វើផ្នែកសិទ្ធិ មនុស្សជាច្រើនដូចជា សេរីភាពសាសនា សិទ្ធិជនជាតិដើម និង ជនជាតិភាគតិច, សេរីភាព ក្នុងការទទួល និងផ្សព្វផ្សាយ ព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិជាដើម ។
តាមព័ត៌មានពីមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា សហព័ន្ធខ្មែរកម្ពុជា ក្រោម ក៏បានធ្វើ របាយការណ៍ និងដាក់ជាសំនួរស្ដីពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ក្រោម ទៅកាន់ក្រឹមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីឲ្យវៀតណាមបកស្រាយផង ដែរ ។
ប្រធានបទសំខាន់ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យវៀតណាមឆ្លើយបំភ្លឺនោះ គឺ ការដែលវៀតណាមបាន ចាប់ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ដាក់ពន្ធនាគារ កាលពីឧសភា ឆ្នាំ ២០១៣ កន្លង ទៅនេះ និងបញ្ហារំលោភសិទ្ធិមនុស្ស ផ្សេងទៀត ។
សូមបញ្ជាក់ កាលពីថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការបក្សកុម្មុយនិស្តវៀតណាម បាន ប្រកាសសាល ក្រម ផ្ដន្ទាទោសព្រះសង្ឃវត្តសេរីតាសេក ២ អង្គ និងពលរដ្ឋ ២ រូប និង អ្នកភូមិព្រៃជាប់ ៥ នាក់ទៀតឲ្យជាប់គុកម្នាក់ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទអ្វីមួយដែលបក្សកុម្មុយនិស្តយួនហៅថា “ប្រឆាំង រដ្ឋាភិបាល និងបង្កឲ្យខូចសណ្ដាប់ធ្នាប់ទីសាធារណៈ” ៕
ទាក់ទងនៅព័ត៌មាននេះដែរ នៅថ្ងៃទី ០៧ ខែមករា នេះ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោមថា ការធ្វើបាតុកម្មដែលនឹងធ្វើនៅថ្ងៃទី ២៨ ខែមករា នេះ អាចនឹងមានការចូលរួមពលរដ្ឋ ខ្មែរក្រោម អ្នក នៅប្រទេសអ៊ឺរ៉ុប មួយចំនួន ដូចជាអ៊ីតាលី ស្វិស បារាំង និង ហូឡង់ ជាដើម ។
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
“បាតុកម្មហ្នឹង បងប្អូនចូលរូមអាចមកពីប្រទេសអ៊ីតាលី នៅប្រទេសបារាំង នៅទីក្រុងនានាទាំងអស់ នៅប្រទេសស្វិសហ្នឹងផង ប្រទេសអាល្លឺម៉ង់ ហូឡង់ ដានណាម៉ាក់ នៅជុំវិញអ៊ឺរ៉ុបហ្នឹង ដូចដែលបានធ្វើ សព្វមួយដងចឹង” ។
លោកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុក ថាច់ ក៏បានបញ្ជាក់ដែរ សម្រាប់លោកអ្នកដែលមានបំ ណងចង់ចូលរួមធ្វើ បាតុកម្មជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម លោកអ្នកអាចទាក់ទង ទៅលោក ថាច់ វៀន អធិវបតីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅ ប្រទេសបារាំង ៕
—————
ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទង៖
នៅ លី យ៉ង់ ប្រទេសបារាំង (LYON – FRANCE) លោក ខួន ណាកា
00 (33) 475 323998 ទូរស័ព្ទដៃ 00 (33) 6 19 53 69 21
នៅ ទីក្រុង ប៉ារិស ប្រទេសបារាំង (PARIS-FRANE) លោក ថាច់ វៀន
00 (33) 143 83 51 87 ទូរស័ព្ទដៃ 00 (33) 6 25 61 19
នៅ ទីក្រុង ម៉ន់តាវ៉ា ប្រទេសអ៊ីតាលី (Mantova-ITALIA) ព្រះតេជព្រះគុណ ថាច់ វាសនា
00 (39) 0376 655 498 ទូរស័ព្ទដៃ 00 (39) 380 283 0094