សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​លើកយក​បញ្ហា​វៀតណាម រឹប​យក​សៀវភៅ​ព្រះសង្ឃ ទៅ​ជម្រាប​អង្គការសហប្រជាជាតិ​

0 248

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ថា បាន​រំលោភសិទ្ធិ មនុស្ស លើ​ពលរដ្ឋ ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម បន្ទាប់ពី​អាជ្ញាធរ​ធរ​វៀតណាម បានចេញ​រឹប​យក សៀវភៅ សិក្សា មួយ ដែលមាន ឈ្មោះ ថា “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត ព្រះ​ត្រពាំង ។ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បានចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​វៀតណាម​ថា ជា​ទង្វើ​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​របស់ខ្លួន និង​បាន​បំពាន​លើ​សេច​ក្កី​ប្រកាស​ជា​សាកល​ស្ដី ពី​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ហើយ ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជម្រាប បញ្ហា​នេះ ទៅ​គណៈកម្មការ​ពិសេស នៃ​អង្គការ​សហ​ប្រ ជា​ជាតិ​ស្ដីពី​វប្បធម៌ ដើម្បី​បាន​ជ្រាប​អំពី បញ្ហា​នេះ ។​

សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។
សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ ។

ចុចស្ដាប់៖ kkf Khmer Grammar Book

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា រដ្ឋាភិបាល​វៀតណាម​បានទទួល​ស្គាល់​សិទ្ធិ​ជនជាតិដើម ដែល​បាន​ចែងថា ជនជាតិដើម​នីមួយៗ មាន សិទ្ធិសេរីភាព​រៀងៗ​ខ្លួន ដោយ​មិនមាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​វៀតណាម​ឡើយ ។ លោក ថាច់ ង៉ុ​ក ថាច់ បាន​បន្តទៀតថា រដ្ឋាភិបាល​វៀតណាម​ទំនង​មានការ​ភ័យខ្លាច​ចំពោះ ប្រជាជន​ខ្លួន ឯង​ដែល​កត្តា​ទាំង នេះ អាចធ្វើ​ឲ្យ​វៀតណាម​ដើរ​ថយក្រោយ​គ្រប់​វិស័យ ។​

លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ជម្រាប​បញ្ហា​នេះ ទៅ​អង្គការ​សហ ប្រជាជាតិ​ទទួល​ខាង​សេរីភាព​សាសនា ស្រប​ពេលដែល​ស្ថាប័ន​មួយ​នេះ នឹងធ្វើ​ដំណើរ​ទៅ ពិនិត្យ មើល ស្ថានភាព​ការអនុវត្ត​តាម​កិច្ចសន្យា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​របស់​ប្រទេស​វៀតណាម នៅ​ខែ កក្កដា ខាងមុខ នេះ ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅ​សិក្សា​មួយ​ដែលមាន​ចំណងជើង​ថា “​វេ​យ្យា ករ​ណ៍​ខ្មែរ​សង្គ្រោះ​” ដែល បាន​រៀបរៀង​ដោយ លោក ថាច់ ឯក នៅ​ភូមិ​សំ​ណឹ​ង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​បាន​បោះពុម្ព ដោយ ព្រះ​តេជ ព្រះ​គុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​រឹប​យក ពេលដែល​ព្រះ អង្គ​បាន​ផ្ញើ​សៀវភៅ​នេះ ទៅ​ចែក​ដល់ សមណ​សិស្ស​គ្រូបង្រៀន​នៅ​កម្ពុជា​ក្រោម ។ អាជ្ញាធរ​វៀតណាម បាន​ចោទ​ម្ចាស់​រៀប រៀង​សៀវភៅ​នេះ​ថា បាន​បោះពុម្ព​សៀវភៅ​ខុសច្បាប់ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី រដ្ឋា​ភិ បាល តែ​ម្ចាស់​ទទួលខុស ត្រូវ​ក្នុងការ បោះពុម្ព​សៀវភៅ បាន​លើកឡើងថា ទង្វើ​នេះ​មិន​ខុសច្បាប់ អ្វី​ទេ តែ​រដ្ឋាភិបាល​វៀតណាម​វិញ ទេ ដែល​បំពាន​លើ សិទ្ធិ​របស់​ជនជាតិដើម ក្នុងការ​រក្សា និង ផ្សព្វ ផ្សាយ​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៃ​សកល​វិទ្យាល័យ មហា​ចុ​ឡា​ឡុង ករ​ណ៍​រាជ វិទ្យាល័យ បាន មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះអង្គ​បាន​ផ្ញើ​សៀវភៅ សិក្សា “​វេយ្យាករណ៍ ខ្មែរ​សង្គ្រោះ​” ទៅ​កម្ពុជា​ក្រោម ដើម្បី​ចែក ដល់ គ្រូបង្រៀន និង​សិ​ស្សា នុ​សិស្ស​ខ្មែរក្រោម ដើម្បី​បាន​សិក្សា អំពី​ក្បួន​វេយ្យាករណ៍​ខ្មែរ ហើយ​ត្រូវបាន រដ្ឋាភិបាល​វៀតណាម រឹប​យក ដោយ​ចោទថា សៀវភៅ​នេះ​ខុស ច្បាប់ និង​គ្មាន​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ ។​

ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា បាន​មាន​ថេរ​ដី​ក​បន្តទៀតថា ព្រះអង្គ​បោះពុម្ព​សៀវភៅ​នេះ មិន មាន​ខុស ច្បាប់​អ្វី​ទេ តែ​ផ្ទុយ ទៅវិញ រដ្ឋាភិបាល​វៀតណាម​ទេ​ដែលជា​អ្នកមាន​កំហុស និង​ជា​អ្នក រំលោភ​លើ​សិទ្ធិ​របស់ ពលរដ្ឋ​ក្នុង​ការរក្សា​វប្បធម៌ និង អក្សរ សាស្ត្រ​ជាតិ​របស់ ជនជាតិដើម ។ ព្រះអង្គ​បាន​អះអាងថា វៀតណាម ជា​ប្រទេស​ហត្ថលេខី​មួយ ដែល​បាន​ចុះ ហត្ថលេខា គាំទ្រ​លើ សេចក្ដីប្រកាស​ជា សកល​របស់​អង្គការ​សហ ប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដោយ​សេចក្ដីប្រកាស នេះ ក៏បាន​អះអាង​ផងដែរ​ថា រាល់​ជនជាតិដើម មាន​សិទ្ធិ​រក្សា​វប្បធម៌ ប្រពៃណី សាសនា និង​អក្សរ សាស្ត្រ​រស់​ខ្លួន ជាដើម ។​

​ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា ថ្លែងថា​៖

“​អាត្មាភាព​ធ្លាប់បាន​អាន​ច្បាប់​រដ្ឋ​នុ​ញ្ញ​ប្រទេស​វៀតណាម ក៏បាន​នៅចាំ​ថា ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​សា ធា​រណ រដ្ឋ​សង្គមនិយម​វៀតណាម ជំពូក​ទី ១ មាត្រា​ទី ៥ ថា ជនជាតិ​ទាំងឡាយ​មាន​សិទ្ធិ​ប្រើប្រាស់ អក្សរ សាស្ត្រ រក្សា​នូវ លក្ខណៈពិសេស របស់​ជនជាតិ និង​ពង្រឹងពង្រីក​ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ ដ៏​ល្អ របស់ខ្លួន ។ អាត្មាភាព ក៏​យោងទៅតាម​ច្បាប់​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់ រដ្ឋធម្មនុញ្ញ ក្នុងប្រទេស វៀតណាម … វៀតណាម​រឹប​យក សៀវភៅ របស់​អាត្មាភាព​នេះ គឺ​ខុសច្បាប់ បាន​បំពាន​ច្បាប់ និង​បំពាន សិទ្ធិសេរីភាព របស់​ជនជាតិដើម​” ។​

​កាលពី​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ តំណាង​រដ្ឋាភិបាល​បក្ស​កុម្ម​យ​និ​ស្ត​វៀតណាម បាន​អះ អាង ថា វៀតណាម ពលរដ្ឋ មាន​សិទ្ធិសេរីភាព​ក្នុងការ​បោះពុម្ព និង​ផ្សព្វផ្សាយ ដោយ​សេរី ក្នុងនោះ ប្រទេស​មាន ស្ថាប័ន​កាសែត ទូរទស្សន៍ និង​វិទ្យុ រាប់ពាន់ ។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស បាន ចោទ ប្រកាន់​រដ្ឋា​ភិ បាល​វៀតណាម​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មាន​សិទ្ធិ​នៃ ការ បញ្ចេញមតិ សិទ្ធិ​នៃ​ការជួបជុំ និង ទស្សនៈ នយោបាយ ត្រូវបាន​វៀតណាម​បំបិទ​ទាំងស្រុង ។ ក្រុម​សិទ្ធិមនុស្ស បាន លើកឡើងថា រាល់​ស្ថាប័ន​បោះពុម្ព​នៅ​វៀត ណា​ម ត្រូវ​ឋិត​នៅក្រោម​ការត្រួត ពិនិត្យ​យ៉ាង​តឹងរឹង​ពី​រដ្ឋាភិបាល ហើយ​នាពេល​កន្លងមក ក្រុម​អ្នកសរសេរ​ប្លក់​បញ្ចេញ​ទស្សនៈ ខ្វែង គំនិត​រាប់សិប​នាក់ ត្រូវបាន​វៀតណាម ចាប់​ដាក់ពន្ធនាគារ ផងដែរ ៕

 

Leave A Reply

Your email address will not be published.