KKF ចូលរួម​កិច្ចប្រជុំ​លើក​ទី ៦១ នៃ​វេទិកា CEDAW នៅ​អង្គការសហប្រជាជាតិ​

136

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ចាប់ពី​ថ្ងៃទី ៦ ខែ​ដល់ទី ២៤ ខែកក្កដា នេះ អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស បាន​បើក​កិច្ច ប្រជុំ​លើក​ទី ៦១ នៃ​វេទិកា​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី​ហៅ​កាត់​ជា​ភាសា​អង់ គ្លេ​ស​ថា ស៊ី​-​ដ (CEDAW) ។ កិច្ចប្រជុំ​នេះ អង្គការសហប្រជាជាតិ​បានផ្ដល់​ឱកាស ២ ថ្ងៃ គឺ នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែកក្កដា សម្រាប់​ការពិនិត្យ​លើ​របាយការណ៍​របស់​វៀ​ត​ណា​ម និង​ជា​ឱកាស​ដែល​អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​សួរ​ទៅ​តំណាង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​សរុប​យោបល់​ចោទសួរ​តំណាង​រដ្ឋាភិបាល​វៀតណាម ។​

ក្រៅពី​សេចក្ដីរាយការណ៍​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម មាន​សេចក្ដីរាយការណ៍​របស់​អង្គការក្រៅរដ្ឋាភិបាល មក ពី​ទីក្រុង​ហាណូយ ដែល​ដឹកនាំ​ដោយ​ប្រតិភូ​វៀតណាម មាន​តួនាទី​ជា​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GONGO ជំនួស​ឲ្យ NGO ។ ចំណែក​អង្គការក្រៅរដ្ឋាភិបាល​នៅក្រៅ​ប្រទេស​ដែល ជំទាស់​នឹង​រដ្ឋា​ភិ​បា​វៀតណាម រួមមាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ហៅ​កាត់​ថា KKF , គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​វៀតណាម​, និង អង្គការសិទ្ធិមនុស្ស​ស្ត្រី​យួន​” ជាដើម ។​

Sothy July 6, 2015
អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) (ឆ្វេង) និង នាង Licia Tran យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសអ៊ីតាលី តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍នៅក្នុង កិច្ចប្រជុំ CEDAW កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៥ ។

​គណៈប្រតិភូ​វៀតណាម​មកពី​ហាណូយ​មាន ១២ រូប ដឹកនាំ​ដោយ លោក យ៉ង មៅ យ៉េ​ប (Doãn Mậu Diệp) រដ្ឋមន្ត្រី ក្រសួង​ពលកម្ម និង​យុទ្ធជន​សង្គម​ពិការ ព្រមទាំង​តំណាង​ក្រសួងការបរទេស​, ក្រសួងយុត្តិធម៌​, សុខាភិបាល​, អប់រំ​, និង​ក្រសួងផែនកា​រវិន​យោគ ។ នេះ​ជា​របាយការណ៍​លើក​ទី ៧ និង​ទី ៨ ដែល​វៀតណាម​ដាក់ចូល​ទៅ​គណៈកម្មការ សី​-​ដ ឲ្យ​បាន​មុនពេល​ប្រជុំ ។​

អ្នកជំនាញ​នៃ​អង្គការសហប្រជាជាតិ​ចំនួន ២៣ រូប នៃ​គណៈកម្មការ សី​-​ដ ជា​អ្នក​ចោទសួរ​រដ្ឋាភិបាល​វៀតណាម ពេញ​មួយថ្ងៃ ទី ១០ ខែកក្កដា លើ​វិស័យ​ដែល​អង្គការសហប្រជាជាតិ​មាន​ក្ដីបារម្ភ ដូចជា ការប្រើ​អំពើហិង្សា​នៅក្នុង គ្រូ​សារ​, ការជួញដូរ​ស្ត្រី និង​កុមារ​, ស្ត្រីភេទ​ដែល​កើត​ជំងឺអេដស៍​, ការបំពាន​លើ​សិទ្ធិ​បង្កើត​ទារក​, ការរើសអើង​ភេទ​នៅ ក្នុង​សៀវភៅ​សិក្សា​, សិទ្ធិ​ពលកម្ម​, គំលាត​មាន​ក្រ​, ជាពិសេស ក្រុម​ជនជាតិដើម ដូចជា Dega, ម៉ុង​តៃ​ញ៉ា នៅ​តំបន់​ខ្ពង់ រាប​ភាគ​កណ្ដាល​វៀតណាម និង​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ជាដើម ។​

​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ គឺ​ថ្ងៃទី ៦ ខែកក្កដា តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកជំនាញ អង្គការសហប្រជាជាតិ​ថា ស្ត្រី​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម រង​ការរើសអើង ២ ជាន់ និង​បានស្នើ​ឲ្យ​វៀតណាម អញ្ជើញ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ខាង​សេរីភាព ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​ជីវភាព​របស់​ស្ត្រី​ខ្មែរ នៅ​កម្ពុជា​ក្រោម ។​

​អ្នកស្រី កៀង សុធី តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អំពី​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។​

យោងតាម​គេហទំព័រ​អង្គការសហប្រជាជាតិ​ដែល​បានចេញ​ផ្សាយ​ថ្ងៃទី ៦ ខែកក្កដា ដោយ​ស្រង់​តាម​សេចក្ដីថ្លែងការណ៍ និង​អនុសាសន៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា “​ស្ត្រី​ជនជាតិដើម​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម រង​ការរើសអើង​ពីរ​តម្រួត ឬ ពីរ​ជាន់​ពី​រដ្ឋាភិបាល​វៀតណាម ។ ការរើសអើង​ពីរ​ជាន់​នោះ គឺ ទីមួយ ព្រោះ​ពួកគេ​ជា​ខ្មែរក្រោម និង ទី​ពីរ​ព្រោះ​ពួក គេ​ជា​ស្ត្រី​” ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​វៀតណាម​និង​អង្គប្រជុំ​ថា ” វៀតណាម គួរតែ​អញ្ជើញ​អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព​នៃ​ការជួបជុំ​ដោយ​សន្តិវិធី ដើម្បី​ចុះទៅ​ស៊ើបអង្កេត​លើ​សិទ្ធិ​របស់​ស្ត្រី​ខ្មែរក្រោម និង​ការបង្កើត​សមាគម នៅ​កម្ពុជា​ក្រោម​” ។​

​គេហទំព័រ​អង្គការសហប្រជាជាតិ​ក៏បាន​ស្រង់​អនុសាសន៍​របស់​វាគ្មិន​មកពី​អង្គការសិទ្ធិមនុស្ស​ដែលមាន​ឈ្មោះថា វេទិកា សេរីភាព​ទាំង​បួន (Four Freedoms Forum) ដែល​បាន​ថ្លែង​ដោយ នាង Licia Tran យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​មកពី​ប្រទេស​អ៊ីតាលី អំពី​ការរើសអើង​ផ្នែក​អប់រំ​លើ​ស្ត្រី​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ថា ” ការរើសអើង​ខាង​វិស័យ អប់រំ​លើ​ស្ត្រី​មាន​ភាសា​កំណើត​ជាដើម ខ្មែរក្រោម​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ដក​ហូត​នូវ​សិទ្ធិ​រៀន​ភាសា​កំណើត​របស់ខ្លួន ព្រោះតែ​ជីវភាព​ក្រីក្រ​, សិស្សស្រី​ជាច្រើន​បាន​បញ្ឈប់​ការសិក្សា​ដើម្បី​ទៅ​ស៊ីឈ្នួល​គេ​ចិញ្ចឹម​គ្រួសារ​” ។​

បន្ទាប់ពី តំណាង​អង្គការក្រៅរដ្ឋាភិបាល​ផ្ដល់​អនុសាសន៍​ដល់​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ មាន​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើតឡើង​ក្ដៅគគុក​នៅក្នុង​កិច្ចប្រជុំ​នោះ គឺ អ្នកជំនាញ​អង្គការសហប្រជាជាតិ​បាន​សួរ​ទៅ​តំណាង​រដ្ឋាភិបាល វៀតណាម​ម្ដងវិញ ។ សំនួរ​ដំបូង ទាក់ទង​នឹង​ស្ថានភាព​អង្គការក្រៅរដ្ឋាភិបាល​ឯករាជ្យ​នៅ​វៀតណាម និង​ស្ត្រី​ការពារ សិទ្ធិមនុស្ស​ដែល​ត្រូវធ្វើ​ទារុណកម្ម និង​ការគំរាមកំហែង​ដែល​បានផ្ដល់​របាយការណ៍​ដោយ​អង្គការក្រៅរដ្ឋាភិបាល ។​

​អ្នកស្រី Leinarte អ្នកជំនាញ​មកពី​ប្រទេស Lithuani សួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា​៖

“​សូម​អស់លោក ជួយ​ជម្រាប​អំពី​ស្ថានភាព​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​វៀតណាម​, តើ​សកម្មភាព​របស់​ពួកគេ ប្រព្រឹត្តទៅ​យ៉ាងណាដែរ​? ” ។​

​បន្ទាប់មកទៀត អ្នកស្រី Patten អ្នកជំនាញ​មកពី​ប្រទេស Mauritius បាន​លើកឡើងថា ៖

“​ខ្ញុំ​ចង់ដឹងថា តើ​វៀតណាម​មានបាន​បង្កើត​ច្បាប់​អ្វី​សម្រាប់​លើកកម្ពស់​សិទ្ធិ​យែ​ន​ឌ័​រ និង​មាន​គោលនយោបាយ​សម្រាប់ ការពារ​ស្ត្រី​ដែល​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ដែរឬទេ ? ជាពិសេស ច្បាប់​សម្រាប់​ការពារ​ពួកគេ​ចំពោះ​ការបង្ក្រាប និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាចធ្វើ​ការរកស៊ី​នៅក្នុង​សហគមន៍​ដោយ​មិនមាន​ការភ័យខ្លាច​នឹង​ការសង​សឹក ? ពីព្រោះ យើងខ្ញុំ បាន​អាន​នូវ​របាយការណ៍​ជាច្រើន​ស្ដីអំពី​ស្ត្រី​ការពារ​សិទ្ធិមនុស្ស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​សព្វថ្ងៃ ពួកគេ​កំពុងតែ​ត្រូវ​ឃុំ ឃាំង​នៅក្នុង​ពន្ធនាគារ​នៅឡើយ ។ ខ្ញុំ​សូម​អស់លោក​ជួយផ្ដល់​ព័ត៌មាន​លម្អិត​ស្ដីពី​ស្ថានភាព​ជាក់ស្ដែង​នៃ​មនុស្ស​ដែល កំពុងតែ​ត្រូវ​ឃុំឃាំង​ផង​” ។​

​លោក យ៉ង មៅ យ៉េ​ប (Doãn Mậu Diệp) ប្រធាន​ប្រតិភូ​វៀតណាម​បាន​ឆ្លើយថា​៖

“​នៅ​ប្រទេស​វៀតណាម គ្មាន​ការហាម​ប្រាម​ណាមួយ​ស្ដីពី​ការការពារ​សិទ្ធិមនុស្ស​នោះទេ ។ អ្នក​ដែល​ធ្វើ​សកម្មភាព​នៅ ក្នុង​ក្របខណ្ឌ​ច្បាប់​ត្រូវបាន​ការពារ ។ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ។ ខ្ញុំ​មិនដែល​បានទទួល​ដំណឹង​ថា ករណី​ធ្វើ​សកម្មភាព ការពារ​សិទ្ធិមនុស្ស​ណាមួយ​ត្រូវ​ចាប់ខ្លួន​នោះឡើយ​” ។​

​អ្នកស្រី Leinarte អ្នកជំនាញ​មកពី​ប្រទេស Lithuani បាន​តប​ទៅ​តំណាង​វៀតណាម​ភ្លាមៗ ដោយ​លើកយក​ករណី​ស្ត្រី ជនជាតិ​យួន​ម្នាក់ ឈ្មោះ ត្រឹង ធី ង៉ា (Trần thị Nga) ដែល​ត្រូវ​នគរបាល​វៀតណាម​វាយដំ​កាលពីពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​ប្រតិភូ​វៀតណាម​ឆ្លើយ​ភ្លាម​វិញ​ថា ពួកគេ​មិនដែល​បានទទួល​ដំណឹង​អំពី​ករណីនេះ​ទេ ។ គណៈកម្មការ សី​-​ដ បាន​ទុក ឱកាស​ឲ្យ​ប្រតិភូ​វៀតណាម​ចំនួន ៤៨ ម៉ោង ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​ឆ្លើយតប​នឹង​អ្នកជំនាញ ។​

​អ្នកជំនាញ Lilian Hofmeister មកពី​ប្រទេស​អូស្ត្រាលី បាន​លើកឡើងថា​៖

” ស្ត្រី និង​កុមារី​នៅ​វៀតណាម ត្រូវគេ​ចាត់ទុកជា​ពលរដ្ឋ​លំដាប់​ទី ២ តាម​ប្រពៃណី និង​វប្បធម៌ ជាការ​បំពាន​ផ្នែក​សិទ្ធិ មនុស្ស ។ ៣០ ឆ្នាំ ក្រោយពី​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​ជាមួយ ស៊ី​-​ដ (CEDAW) ការ​ឲ្យ​តម្លៃ​លើ​កូន ប្រុស​នៅតែមាន​នៅក្នុង​សង្គម​វៀតណាម ដែល​ធ្វើ​ឲ្យ​មិនមាន​តុល្យភាព​នៅក្នុង​ការជ្រើសរើស​កូនប្រុស​ស្រី​ក្នុងករណី​រំលូត ទារក​នៅក្នុង​ផ្ទៃ ។ វា​មិនមាន​អ្វី​សង្ស័យ​ទៀត​ទេ ចំពោះ​ការដែល​កូនប្រុស​មាន​សិទ្ធិអំណាច​នៅក្នុង​ស្រុក​របស់​អស់ លោក​នោះ ។ តើ​អស់លោក​មាន​គោលនយោបាយ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ចំពោះ​អាកប្បកិរិយា បិតា​ធិបតេយ្យ ដែល​វា​កំពុងតែ​គំរាម​រាល់ថ្ងៃ​ដល់​ការរស់នៅ​របស់​កុមារី និង​ស្ត្រី ? តើ​អស់លោក​មាន​នយោបាយ​អ្វីខ្លះ​ដើម្បី​ទប់ស្កាត់​ការ រំលូត​កូនស្រី​, ការបង្ខំ​ឲ្យ​កុមារី​រៀបការ​, ការជួញដូរ​ផ្លូវភេទ និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារី​” ។​

​ក្នុង​រយៈពេល ៥ ម៉ោង អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​ចោទសួរ បានធ្វើ​ឲ្យ​តំណាង​រដ្ឋាភិបាល​វៀតណាម ខ្មាស់អៀន​យ៉ាងខ្លាំង​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ ។ ជាក់ស្ដែង ដូចជា​អ្នកស្រី Acosta អ្នកជំនាញ​មកពី Peru បាន​សួរ​អំពី​ច្បាប់​ដីធ្លី ។ អ្នកស្រី​បានលើកឡើង​អំពី​ច្បាប់​ដីធ្លី​ឆ្នាំ ២០១៣ បានអនុញ្ញាត​ស្ត្រី​ជាមួយនឹង​ប្ដី​ឈរឈ្មោះ នៅលើ​សៀវភៅ​កម្មសិទ្ធិ​ដីធ្លី ។ តែ​ជាក់ស្ដែង​វា​យ៉ាងណា ? មាន​ស្ត្រី​ប៉ុន្មាន​ភាគរយ​ដែល​បាន​ឈរឈ្មោះ​ជាមួយ​ប្ដី ? និង មាន​ស្ដ្រី​មេម៉ាយ​ប៉ុន្មាន​នាក់​បាន​បាត់​ដី​កេរ​ពេល​ប្ដី​ស្លាប់ទៅ​?

លោក យ៉េ​ប បាន​ឆ្លើយថា​៖

“​យន្តការ និង​ការស៊ើបអង្កេត​លើ​បញ្ហាដីធ្លី វា​ជា​យន្តការ​មួយ​សំពីងសំពោង​ខ្លាំងណាស់ ។ អឺ​… មិនមែន​សំពីងសំពោង ទេ តែ​វា​សែន​ស្មុគស្មាញ​អំពី​ច្បាប់​កម្មសិទ្ធិ​ដីធ្លី ។ គឺ​វា​ស្មុគស្មាញ​ខ្លាំងណាស់ ។ ចំពោះ​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់ ..​ប៉ុន្មាន នាក់ ព័ត៌មាន​នេះ វា​ច្បាស់លាស់​ណាស់​ថា វា​មានការ​ប្រែប្រួល​រាល់ថ្ងៃ ។ ការងារ​នៅ​យូរអង្វែង​ណាស់ ។ អំពី​ព័ត៌មាន នេះ យើងខ្ញុំ​សូមទោស ព្រោះ​យើងខ្ញុំ​ក្ដាប់​មិនបាន​ទេ ។​

សំនួ​រណា​ដែល​តំណាង​វៀតណាម​ឆ្លើយ​មិនបាន គណៈកម្មការ​បាន​ទុក​ឱកាស​ឲ្យ ៤៨ ម៉ោង ដើម្បី​តំណាង​វៀតណាម ឆ្លើយ​នៅពេល​ក្រោយ ។​

នៅ​ថ្ងៃទី ២៤ ខែកក្កដា ខាង​មុននេះ គណៈកម្មការ សី​-​ដ (CEDAW) នឹង​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្ដីពី​ការពិនិត្យ មើល​លើ​របាយការណ៍​របស់​ប្រទេស​វៀតណាម និង​ដាក់ចេញ​នូវ​អនុសាសន៍​សម្រាប់​ការអនុវត្ត​ជាក់ស្ដែង ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី នៃ​អង្គការសហប្រជាជាតិ ៕​

Comments are closed.