សារជូនពរឆ្នាំថ្មីរបស់ក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន
មេដឹកនាំអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម មួយចំនួន នៅក្នុងប្រទេសកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស ២០១៩ ដែល នឹងឈានមកដល់នៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ បានផ្ញើសារជូនពរដល់ពលរដ្ឋខ្មែរនៅគ្រប់ទិសទី ។ ជាពិសេសបងប្អូនជនរួមឈាមខ្មែរក្រោម ដែលកំពុងតែនៅក្រោមនឹមត្រួតត្រារបស់រដ្ឋាភិបាលយួនកម្មុយនិស្ត សព្វថ្ងៃ សូមនាំមកនូវសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងរុងរឿងក្នុងឆ្នាំកុរនេះ និងឆ្នាំខាងមុខៗ ទៀត ។
នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំកុរនេះ លោក ថាច់ ឡែន ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម បានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួមទាំងខ្មែរក្រោម រស់នៅជុំវិញពិភពលោក ឲ្យទទួលបាននូវសិរីសួស្តី និងចំរើនរុងរឿងជានិរន្ត ។ លោកក៏មានពាក្យពេចន៍ថ្លែងបួងសួងជូនពរសម្រាប់ឆ្នាំថ្មីទៅដល់ពលរដ្ឋខ្មែរក្រោម ដែលបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួននោះ សូមទេវតាឆ្នាំថ្មីជួយបន្ទន់ចិត្តរដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិសេរីភាពខ្មែរក្រោម ដែលជាម្ចាស់ស្រុកឲ្យបានពេញលេញ ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តាំង សារៈ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរក្រោមទាំងក្នុងស្រុក និងក្រៅប្រទេស ដោយប្រសិទ្ធិពរជ័យសិរីសួស្តីដល់ពួកគាត់ ឲ្យជួបតែសុខសន្តិភាព សេចក្ដីរុងរឿង និងសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំ ។ លោក តាំង សារៈ ក៏ឆ្លៀតក្នុងឱកាសនេះ រៀបរាប់ពីសមិទ្ធផលនៃសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ដែលសម្រេចបាននៅក្នុងឆ្នាំចាស់ ។ ទន្ទឹមគ្នានោះ លោកក៏បានលើកបង្ហាញនូវបេសកកម្មមួយចំនួន នៅក្រោយពីបុណ្យឆ្នាំថ្មីនេះ ផងដែរ ។
ចំណែកលោក សឺន យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានផ្ញើសារប្រសិទ្ធិពរជ័យ សេរីសួស្តី ជ័យមង្គល វិបលសុខ បវរមហាប្រសើរ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនដល់បងប្អូនជនរួមជាតិខ្មែរក្រោម ទាំងអស់ ព្រមទាំងក្រុមគ្រួសារ ។ ក្រៅពីជូនពរសព្វសាធុការ លោកក៏បានលើកកោតសរសើរ ចំពោះប្រជាពលរដ្ឋខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សវប្បធម៌ សាសនា អក្សរសាស្ត្រ និងភាសាខ្មែរ ដែលជាអត្តសញ្ញាណខ្មែរឲ្យបានស្ថិតស្ថេរគង់វង្ស ។
ដោយឡែក ព្រះតេជព្រះគុណ សឺន សុផារិន្ទ ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានអំពាវទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ត្រូវអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម បានឈប់សម្រាករយៈពេលបីថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីឲ្យពួកគេមានឱកាសជួបជុំគ្រួសារ សាច់ញាតិ មិត្តភក្តិ ។ ព្រះអង្គយល់ឃើញថា ជារៀងរាល់ឆ្នាំ ពរលដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវជួបការលំបាកក្នុងការអបអរ និងចូលរួមពិធីបុណ្យជាតិរបស់ខ្លួន ដោយមូលហេតុរដ្ឋាភិបាលវៀតណាមមិនចេញសារាចរណ៍ ឬបទបញ្ជាណាមួយជាផ្លូវការ ស្តីពីការឈប់សម្រាកក្នុងថ្ងៃបុណ្យប្រពៃណីជាតិរបស់ជនជាតិខ្មែរ ។
ឆ្លៀតក្នុងពេលនេះដែរ លោក ស៊ឺន ចែងចើន ជាចាងហ្វាងនៃសារព័ត៌មាន ព្រៃនគរ ក៏មានសារជូនពរសម្រាប់ឱកាសចូលឆ្នាំថ្មី និងថ្លែងអំណរគុណដល់លោកអ្នកនាង មិត្តអ្នកអាន ចំពោះការគាំទ្រសារព័ត៌មាន ព្រៃនគរ និងចាត់ទុកសារព័ត៌មានមួយនេះ ជាប្រភពផ្តល់ព័ត៌មាន ទាក់ទង នឹងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង នៅដែនដីកម្ពុជាក្រោម ។ បន្ថែមពីលើនេះ លោកក៏បង្ហាញជូននូវវត្ថុបំណង ព្រមទាំងបេសកកម្មសម្រាប់ឆ្នាំថ្មីនេះដែរ ។
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹងប្រារព្ធឡើងរយៈពេលបីថ្ងៃតាមទំនៀមទម្លាប់ ចាប់ពីថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ខាងមុខនេះ ។ រីឯមហាសង្ក្រាន្តឆ្នាំនេះ នឹងចូលមកដល់ នៅថ្ងៃអាទិត្យ ១០ កើត ខែចែត្រ ត្រូវ នឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៩ វេលាម៉ោង ១៥ និង ១២ នាទីរសៀល ៕