សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​កម្ពុជា ប្រារព្ធ​ខួប ១០៩ ឆ្នាំ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​

0 501

ដោយ ស៊ឺន ចែងចើន

លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ នឹងប្រារព្វ​ពិធី​អបអរ​សាទរទិវា​សិទ្ធិនារី​អន្តរជាតិ​ ៨ មីនា នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​ ស្ថិតនៅ​ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែនសុខ រាជធានីភ្នំ​ពេញ ដោយ​គ្រោង​មាន​អ្នក​ចូល​រួម​ពីប្រជា​ពល​រដ្ឋ​ខ្មែរក្រោម​ ប្រមាណ​ជាង ១៥០ នាក់ ។

ក្រុមស្រ្តីខ្មែរក្រោម នៅកម្ពុជា ថតរូបអនុស្សាវរិយ​ ក្នុងឱកាសជួបសំណេះសំណាលជាមួយ អ្នកស្រី សឺ​ង ធី និ​ត ជា​ប្រធាន​ស្ត្រីនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
ក្រុមស្រ្តីខ្មែរក្រោម នៅកម្ពុជា ថតរូបអនុស្សាវរិយ​ ក្នុងឱកាសជួបសំណេះសំណាលជាមួយ អ្នកស្រី សឺ​ង ធី និ​ត ជា​ប្រធាន​ស្ត្រីនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

ពិធី​រៀបចំ​ខួបលើកទី ១០៩ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មិនា ក្រោម​ប្រធានបទ​ “ស្រ្តី​ខ្មែរ​កម្ពុជា​ក្រោម និង​ការ​អប់រំ​” ។ បើតាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម​ កម្មវិធី​នេះ ក៏​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​នៃ​ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក​ បង្កើន​ការ​គាំទ្រ​ដល់​ស្ត្រី​ខ្មែរក្រោម ដោយ​រួម​សហការ​រួម​គ្នា​ជាធ្លុងមួយ​ ធ្វើ​ការ​តស៊ូ​តាម​គ្រប់​មធ្យោបាយ ក្នុង​ការ​ជួយ​ស្វែង​រកកិច្ច​អន្តរាគមន៍​ដល់​ស្រ្តី​ខ្មែរក្រោម​ ដែល​រស់​នៅ​លើទឹក​ដីកំណើត ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម កំពុង​តែ​ទទួល​រង​នូវ​ការ​រំលោភបំពាន​យ៉ាង​ធ្ង​ន​ធ្ងូរ​ ដើម្បី​ឲ្យ​ពួក​គេ​រួចផុត​ពី​ការ​គាបសង្កត់ ការ​រើសអើង និង​កា​រំលោភ​សិទ្ធិសេរីភាព ពីសំណាក់​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន​សព្វថ្ងៃ​ ។

នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំគ្នា​នេះដែរ​ ក៏​ផ្តោត​សំខាន់​ទៅ​លើការ​ផ្តល់​ឱកាស សម្រាប់​អ្នក​ចូល​រួម ដើម្បី​ស្វែងយល់ពី​ស្ថាន​ភាព​ស្ត្រី​ខ្មែរក្រោម​ នៅ​កម្ពុជា​កំពុង​ជួបប្រទះ ដូចជា គ្មានឱកាស​សិក្សា​រៀនសូត្រ​ភាសាខ្មែរ​ ការ​អើ​ស​អើង​ក្នុង​ការ​ផ្តល់​ការងារ​ក្នុង​វិស័យ​រដ្ឋ និង​ឯក​ជន កង្វះ​សេវាសុខភាព​ និង​ទាមទារ​ឲ្យ​មាន​សិទ្ធិសេរីភាព​ស្ត្រី​ឲ្យ​ស្មើ នឹង​បុរស​ជាដើម ។ ជាពិសេស​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរក្រោម​ យល់ដឹង​កាន់​តែច្បាស់ អំ​ពីសិទ្ធិ​របស់​ខ្លួន ។

គួរជម្រាប​ជូន​ថា​ បើតាម​របាយការណ៍​ស្រាវជ្រាវ​មួយ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣១ មករា ២០២០ ដោយ​សិក្សា​ផ្តោត​សំខាន់​ទៅ​លើ​ស្ថាន​ភាព​រស់​នៅ​ និង​អន​ក​្ខរ​កម្ម​នៃ​ស្រ្តី​ខ្មែរក្រោម នៅ​កម្ពុជា បានបង្ហាញថា ស្ត្រី​ខ្មែរក្រោម​នៅ​កម្ពុជា​ ប្រមាណ ៩៥ ភាគរយ​មិន​ចេះអក្សរ ។ ប្រការ​នេះ ធ្វើ​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ ដែល​មិនចេះ​អាន និង​សរសេរ​អក្សរខ្មែរ ប្រឈម និង​ផល​លំបាក​ជា​ច្រើន ។ បញ្ហា​មួយ​ចំនួន ដែល​ស្រាវជ្រាវ​រកឃើញ​តាម​រយៈ​ការ​ស្ទង់មតិ​ទាក់​ទង​ នឹង​អន​ក​្ខរ​កម្ម​នៃ​ស្រ្តី​ខ្មែរក្រោម នោះ រួមមាន ពិបាក​រកការងារ​ធ្វើ​ គ្មាន​ជំនាញ​វិជ្ជាជីវៈ ភាព​ក្រីក្រ មុខរបរ​មិន​ពិតប្រាកដ ជាកសិករ កម្មករ​ តាម​រដូវ​កាល លក់ដូរ​តាមចិញ្ចើម​​ថ្ន​ល ។

តាម​របាយការណ៍​ដដែល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ខ្មែរក្រោម ឲ្យ​មានប្រសិទ្ធភាព ដោយសារ​តែ​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​មិនសូវ​យក​ចិត្ត​ទុក​ដាក់លើ​ពល​រដ្ឋ​ខ្មែរក្រោម ។

របាយការណ៍ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បញ្ជាក់​ថា បច្ចុប្បន្ន​ ខ្មែរក្រោម​រស់​នៅ​កម្ពុជា មាន​ចំនួនជា​ង ១ លាននាក់ ហើយ​ប្រមាណ ពី ២០ ភាគរយ ទៅ ៣០ ភាគរយ​មិនទាន់​មាន​លិខិត​ស្នាម​ស្នាក់ នៅ​កម្ពុជា​ត្រឹម​ត្រូវ នៅឡើយ​ទេ ។ របាយការណ៍​ដ​ដែល​នេះ ក៏​បានបញ្ជាក់​ពីមូលហេតុ ដែល​ពល​រដ្ឋ​ខ្មែរក្រោម បានភៀសខ្លួន​មករស់នៅ​លើ​ទឹកដី​កម្ពុជា​ គឺ​ដោយសារ​តែពួក​គេមិនអាច​ទ្រាំ​បាន នឹង​ការ​គាបសង្កត់​របស់​អាជ្ញាធរ​វៀតណាម​ លើ​សិទ្ធិសេរីភាព និង​សាសនា ។ ចំណែក​ពល​រដ្ឋ​ខ្មែរក្រោម​ខ្លះទៀត​ ក៏​បានភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែង​រកសិទ្ធិជ្រកកោន នៅ​ប្រទេស​ទី ៣ ផងដែរ ដោយសារ​តែ​មិនអាច​រស់ នៅ​ស្រុកខ្មែរ​បាន ។

សូម​បញ្ជាក់​ថា​ ទិវា​នារី​អន្តរជាតិ ឬ​ទិវា​អង្គការ​សហប្រជាជាតិ ដើម្បី​សិទ្ធិស្ត្រី​ និង​សន្តិភាព​អន្តរជាតិ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ ចាត់ទុកជា​ថ្ងៃ​ផ្លូវ​ការ​ចាប់​ពីឆ្នាំ ១៩៧៧ មក ។ ជាង​មួយ​សតវត្សរ៍​កន្លង​មកនេះ​ ស្ត្រី​បាន​ទទួល​នូវ​សមភាព នៅ​ចំពោះ​មុខច្បាប់​គ្រប់​វិស័យ​នៅ​ក្នុង​ពិភពលោក​ តែទោះជាយ៉ាងណា​ក៏​ដោយ ក៏​មាន​ស្ត្រីជា​ច្រើន​នៅ​ក្នុង​ប្រទេស​នានា ជុំវិញ​ពិភពលោក​ កំពុង​តែប្រឈម នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស មាន​ការ​រើសអើង និង​រង​នូវ​អំពើហិង្សា​ ហើយ​ពួក​គេកំពុងតែ​ធ្វើ​ការ​តស៊ូ​មិនឈប់​ឈរ ដើម្បី​សិទ្ធិ​សមភាព​របស់​នារី​ឲ្យ​ស្មើ​ នឹង​បុរស ៕

Leave A Reply

Your email address will not be published.