សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដាក់​លិខិត​ទៅកាន់​ស្ថាន​ប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍​ ករណី​អាជ្ញាធរ​យួន​ដកហូត​លិខិតឆ្លងដែន​ពលរដ្ឋ​កម្ពុជា ដើម​កំ​ណើត​ខ្មែរ​ក្រោម

0 343

ដោយ ស៊ឺន ចែងចើន

សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​ នេះ​ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ ស្ថានទូត​វៀតណាម​ ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ (OHCHR​) និង​ដាក់​ទៅកាន់​បណ្តា​ស្ថានទូត​មួយចំនួន​ទៀត​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ តែ​ត្រូវ​បាន​ដកហូត​ដោយ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​ ។

ការ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅកាន់​ស្ថាន​ប័ន​ពាក់ព័ន្ធ​ទាំងនោះ​ បន្ទាប់ពី​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ព្រះនាម​ សឺន​ ទី​ គង់នៅ​វត្ត​សិរីសោភា​ (អង្គ​តា​ម៉ិញ​) នា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៤​ មករា​ បាន​និមន្ត​ទៅ​ស្រុកកំណើត​ ដើម្បី​សួរសុខទុក្ខ​ញាតិញោម​របស់​ព្រះអង្គ​ នៅ​ខេត្ត​សុក​ត្រាំង​ (ខេត្ត​ឃ្លាំង​) សា​ធារ​ដ្ឋ​សង្គមនិយម​វៀតណាម​ (អតី​តៈ​ទឹកដី​កម្ពុជាក្រោម​) ដោយ​កាន់​លិខិតឆ្លងដែន​ខ្មែរ​ លេខ​ N01803511​ ចុះ​ថ្ងៃទី​ ០១​ ខែ​ ១១​ ឆ្នាំ​ ២០១៩​ ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ លោក​ សឺន​ យឿង​ ដែល​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ ស្ថានទូត​វៀតណាម​ និង​ផ្ញើ​ទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​អង្គទូត​នានា​ប្រចាំ​កម្ពុជា​ បាន​សរសេរ​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា​៖ «នៅ​ថ្ងៃទី​ ០២​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ អាជ្ញាធរ​វៀតណាម​ ខេត្ត​សុក​ត្រាំង​ បាន​និមន្ត​ព្រះអង្គ​ទៅ​សួរនាំ​ពី​ព័ត៌មាន​ផេ្សង​ៗ ហើយ​បន្ទាប់មក​ចោទប្រកាន់​ព្រះអង្គ​ អំពី​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កពាក់ព័ន្ធ​ នឹង​រឿង​ខ្មែរក្រោម​ ។ ក្រោយពី​សួរនាំ​ករណី​ពាក់ព័ន្ធ​ ព្រះអង្គ​ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន​ ថែមទាំង​មាន​លក្ខ័​ណ្ឌ​ផេ្សង​ៗ ដែល​ជា​ការ​បង្ខំឲ្យ​ព្រះ​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​គេ​ ។ ដោយ​យល់ថា​ ព្រះអង្គ​ជា​ប្រជា​ពល​រដ្ឌ​ខ្មែរ​ ដោយ​កាន់​លិខិតឆ្លងដែន​ដែល​ចេញ​ដោយ​សមត្ថកិច្ច​កម្ពុជា​ ដូច្នេះ​ព្រះអង្គ​មិនបាន​អនុវត្ត​តាម​ ជាហេតុ​អាជ្ញាធរ​វៀតណាម​ ខេត្ត​ឃ្លាំង​ នៅតែ​បន្ត​រដក​ហូត​ទុក​លិខិតឆ្លងដែន​រក្សាទុក​រហូតមកដល់​បច្ចុប្បន្ន​។»

នៅក្នុង​លិខិត​ដដែល​នោះ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ បាន​ស្នើ​យ៉ាង​ទទូច​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា​ និង​ស្ថានទូត​វៀតណាម​ ប្រចាំ​កម្ពុជា​ជួយ​អន្តរាគមន៍​ឲ្យ​ព្រះសង្ឃ​ដើមកំណើត​ខ្មែរក្រោម​ ព្រះនាម​ សឺន​ ទី​ ទទួល​បាន​លិខិតឆ្លងដែន​ ដើម្បី​ត្រ​ឡបម​កប្រទេស​កម្ពុជា​វិញ​ ។

ទាក់ទង​ទៅ​ និង​រឿង​នេះ​ដែរ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ក៏បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ និង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ចំពោះ​ករណីនេះ​ ។ បន្ថែម​ពីលើ​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​ជូនដំណឹង​នេះ​ ទៅកាន់​ស្ថានទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​ប្រទេស​វៀតណាម​ អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ (Human​ Rights​ Watch​) និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​តាមដាន​ និង​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅលើ​បញ្ហា​នេះ​ ៕

Leave A Reply

Your email address will not be published.