អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិ​ជនជាតិដើម​

0 511

ដោយ ស៊ឺន ចែងចើន

​នៅ​ថ្ងៃទី ៩ ខែកញ្ញា​ម្សិលមិញ​នេះ លេខាធិការដ្ឋាន​នៃ​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​ប្រារព្ធ​ទិវា ១៣ កញ្ញា ដែលជា​ខួប​ទី ១១ នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ស្ដីពី​សិទ្ធិ​ជនជាតិដើម ។

វាគ្មិន​មកពី​ថ្នាក់ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស ចូលរួមធ្វើបទបង្ហាញ ពាក់ព័ន្ធ នឹង​សិទ្ធិ​ជនជាតិដើម ។​ រូបថតៈ ស៊ឺន ចែងចើន
វាគ្មិន​មកពី​ថ្នាក់ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស ចូលរួមធ្វើបទបង្ហាញ ពាក់ព័ន្ធ នឹង​សិទ្ធិ​ជនជាតិដើម ។​ រូបថតៈ ស៊ឺន ចែងចើន

​លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​ទិវា ១៣ កញ្ញា ដែលជា​ថ្ងៃ​អង្គការសហប្រជាជាតិ ចេញ​សេចក្ដីប្រកាស​ជាស​កល ស្ដីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។ ពិធី​អបអរសាទរ​ទិវា​នេះ ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្តាល​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដោយមាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ១០០ អង្គ​/​នាក់ ចូលរួម ក្នុងនោះ​ក៏មាន​តំណាង​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ផង ។

​ប្រធានបទ ដែល​ខ្មែរក្រោម​លើកឡើង នៅ​ឆ្នាំនេះ គឺ «​ខ្មែរក្រោម ជា​ជនជាតិដើម នៅ​ដែនដី​កម្ពុជា​ក្រោម​»​។ ការ​ជ្រើស​យក​ប្រធានបទ​នេះ ដោយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មើលឃើញថា ខ្មែរក្រោម គឺជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅលើ​ទឹកដី​កម្ពុជា​ក្រោម​ពិតប្រាកដ បើទោះជា​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​វៀតណាម ចាត់ទុក​ពួកគេ​ថា ជា​ជនជាតិភាគតិច នៅក្នុង​ប្រទេស​ខ្លួន និង​មិនបានរ​គោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ ។​

​ថ្លែង​នៅក្នុង​កម្មវិធី​ខួប ១១ ឆ្នាំនេះ ប្រធាន​លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ឲ្យ​ដឹងថា គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​កាន់តែ​ទូលំទូលាយ អំពី​សារៈសំខាន់​នៃ​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស ស្តីពី​សិទ្ធិ​ជនជាតិដើម ដែលជា​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជាពិសេស​សិទ្ធិ​របស់​ខ្មែរក្រោម ដែលជា​ម្ចាស់​ទឹកដី នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ក្នុង​ពិធី​នោះដែរ ក៏មាន​ការឡើង​ធ្វើ​បទ​បង្ហាញ ស្តីពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម និង​បទ​បង្ហាញ​របស់​វាគ្មិន​ផ្សេងទៀត ដែល​ពាក់ព័ន្ធ នឹង​សិទ្ធិ​ជនជាតិដើម ដោយ​វាគ្មិន​មកពី​ថ្នាក់ដឹកនាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស ។​
​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បទ​បង្ហាញ ដោយ​លើកឡើង អំពី​ដំណើរ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ជនជាតិដើម​ខ្មែរក្រោម ។ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ បាន​លើកយក​ភស្តុតាង​ជាច្រើន​មក​បញ្ជាក់ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ខ្មែរ មិនអាច​ប្រកែក​បាន ដោយ​លោក​ផ្អែកទៅលើ​អត្ថបទ​ជា​ឯកសារ និង​ភស្តុតាង សំអាង​ទៅលើ​ផែនទី ដែល​លោក​បាន​ទៅ​ស្រាវជ្រាវ និង​ប្រមូល​ឯកសារ​ភស្តុតាង​នានា ពាក់ព័ន្ធ នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ពី​ប្រទេស​បារាំង កាលពី​ឆ្នាំ ២០១៤ ។ លោក​បញ្ជាក់​បន្ថែមថា ការប្រមូល​ឯកសារ​ភស្តុតាង​បន្ថែម​ទៅលើ​ឯកសារ ដែលមាន​ស្រាប់ ដើម្បី​ធ្វើជា​មូលដ្ឋាន​បង្ហាញថា ទឹកដី​កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​របស់​ខ្មែរ ដែល​ត្រូវបាន​បារាំង​កាត់​ឲ្យ​ប្រទេស​វៀតណាម នៅ​ឆ្នាំ ១៩៤៩ ពោល គឺ​មិនមែនជា​ទឹកដី​របស់​វៀតណាម​ឡើយ ។​

​មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក លោក សឺ​ន សែន​ករុណា បាន​លើកយក​បទ​បង្ហាញ អំពី​មូលដ្ឋាន​គតិយុត្តិ​ជាតិ អន្តរជាតិ បញ្ជាក់ថា ខ្មែរក្រោម​ជា​ជនជាតិដើម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ។ លោក​បាន​លើកយក​ច្បប់ ស្តីពី​សញ្ជាតិ​ខ្មែរ ដោយ​ក្នុងនោះ ជំពូក​ទី ១ បទបញ្ញត្តិ​ទូទៅ មាត្រា ៣ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស ត្រូវបាន​រដ្ឋ​គាំពារ តាម​គ្រប់​មធ្យោបាយ​ការទូត និង​មិនអាច​បាត់បង់​សញ្ជាតិ​ដោយ​ឯកឯង ។ លោក​បញ្ជាក់ថា បើទោះបីជា​ពលរដ្ឋ​ខ្មែរក្រោម ដែល​កើត​នៅ​កម្ពុជា​ក្រោម ឬ​ពលរដ្ឋ​ខ្មែរ ដែល​កើត​នៅក្នុង​ប្រទេស​វៀតណាម គឺមាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ​ស្របច្បាប់ ប្រសិនបើ​ពួកគេ​ចង់​មក​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ។

​ចំណែក លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ ជូន​អ្នកចូលរួម ឲ្យ​បាន​ជ្រាប អំពី «​សមិទ្ធផល​នៃ​ជនជាតិដើម លើ​ពិភពលោក ដែល​ទទួលបាន​សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង​» ។ លោក​លើកឡើងថា ជនជាតិដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០ លាន​នាក់ រស់នៅក្នុង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ប្រមាណ​ជាង ៥០ ប្រទេស ។

​លោក តាំង សារៈ បាន​ក៏បាន​លើក​បង្ហាញ ប្រទេស​ចំនួន​ប្រាំ ដែល​ធ្លាប់ធ្វើ​អាណានិគម​មកលើ​ជនជាតិដើម ជា​ម្ចាស់​ទឹកដី បាន​យល់ព្រម​ប្រគល់​សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង ពោលគឺ ផ្តល់​ឯករាជ្យ​ឲ្យ​ជនជាតិដើម​ទាំងនោះ ក្លាយទៅជា​ប្រទេសមួយ ដែល​មិន​ស្ថិតនៅក្រោម​ការត្រួតត្រា​នៃ​ប្រទេស​របស់ខ្លួន​តទៅទៀត ។

​ក្រៅតែពី​ការធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​នីមួយៗ វេទិការ​មួយ​នេះ ក៏បាន​បើកឱកាស​ឲ្យ​អ្នកចូលរួម​សួរ​សំនួរ​ទៅកាន់​វាគ្មិន ដើម្បី​ស្វែងយល់​ពី​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ផង ។​

គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ នេះ គឺមាន​រយៈពេល ១១ ឆ្នាំ​ហើយ ដែល​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីប្រកាស ស្តីពី​ការទទួលស្គាល់​សិទ្ធិ​ជនជាតិដើម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ។ សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម មាន ៤៦ មាត្រា ក្នុង នោះ មាត្រា​ទី ៣ និង​ទី ៤ បាន​ចែងថា រាល់​ជនជាតិដើម មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ៕

រូបថតខ្លះៗ នៃសកម្មភាពអង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិ​ជនជាតិដើម​ ។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.