យុវជនខ្មែរក្រោម យឿង ខាយ ដាក់ញត្តិសុំអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ករណីអាជ្ញាធរវៀតណាម ដកហូតសៀវភៅសិទ្ធិជនជាតិដើម
ដោយ យាង សុធារិន្ទ
យុវជនខ្មែរក្រោម យឿង ខាយ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បានដាក់ញត្តិទៅកាន់ ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្នើសុំស្ថាប័នកំពូលអន្តរជាតិមួយនេះ ជួយធ្វើអន្តរាគមន៍ទៅកាន់រដ្ឋាភិបាល នៃបក្សកុម្មុយនិស្តវៀតណាម ករណីអាជ្ញាធរវៀតណាម ខេត្តដូនណៃ ដែលកាលពីថ្ងៃទី ១៣ ខែមេសា បានចាប់ខ្លួនលោកទៅសួរចំលើយយ៉ាងកំរោល ដោយគ្មានដីកាបង្គាប់ពីតុលាការ និងបានដកហូត សៀវភៅស្តីពីសិទ្ធិជនជាតិដើមភាគតិចរបស់អង្គការសហប្រជាជាតិ ដែលលោកបានបោះពុម្ពចំលង ដើម្បីចែកចាយដល់ពលរដ្ឋខ្មែរក្រោម ។

ករណីរំលោភបំពានលើយុវជន យឿង ខាយ នេះ កន្លងទៅ ក៏ត្រូវបានអង្គការឃ្លាំមើលសិទ្ធិ មនុស្សអន្តរជាតិ Human Rights Watch ទាមទារឱ្យអាជ្ញាធរសមត្ថកិច្ចវៀតណាម សុំទោស លោក យឿង ខាយ ជាសាធារណៈ និងសងសៀវភៅសិទ្ធិជនជាតិដើមមកឱ្យលោកវិញ ផងដែរ ។
ដោយមិនរំពឹងថារដ្ឋាភិបាលវៀតណាម មានឆន្ទៈរកយុត្តិធម៌ឱ្យខ្លួន យុវជនខ្មែរក្រោម យឿង ខាយ បានងាកទៅរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិប្រចាំ នៅប្រទេសវៀតណាមវិញម្តង ។
នៅក្នុងញត្តិចំនួន ៣ ទំព័រជាភាសាវៀតណាម ដាក់ទៅកាន់អង្គការសហប្រជាជាតិ លោក យឿង ខាយ បានជម្រាបអង្គការសហប្រជាជាតិ ពីករណីអាជ្ញាធរវៀតណាមខេត្តដូនណៃ និងខេត្តឃ្លាំងសហការគ្នាចុះលបឆ្មក់ទម្លុះចូលផ្ទះរបស់លោកទំាងបំពាន កាលពីថ្ងៃទី ១៣ ខែមេសា និងបានរឹបអូសយកសៀវភៅសិទ្ធិជនជាតិដើមអង្គការសហប្រជាជាតិជាង ១០០ ក្បាល ព្រមទាំងនាំខ្លួនលោកទៅកាន់អធិការដា្ឋននគរបាលសួរចំលើយអស់មួយយប់ មុននឹងដោះលែងលោកឱ្យមកផ្ទះវិញនៅថ្ងៃបន្ទាប់ ។
យុវជន យឿង ខាយ រៀបរាប់ថា ៖
ញត្តិនេះត្រូវបានលោក យឿង ខាយ ផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដែលមានការិយាល័យ នៅទីក្រុងហាណូយ តាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េលផង តាមប្រៃសណីយ៍ផង និងតាមប្រព័ន្ធទំនាក់ទំនងសង្គមផង ។
ការិយាល័យអង្គការសហប្រជាជាតិបានឆ្លើយសារតបមកលោក យឿង ខាយ វិញថា ពួកគេ បានទទួលសាររបស់លោក យឿង ខាយ រួចហើយ និងបានអរគុណលោក យឿង ខាយ ដែលបានផ្ញើសារទៅកាន់អង្គការសហប្រជាជាតិនៅវៀតណាម ។
លោក យឿង ខាយ ស្នើអង្គការសហប្រជាជាតិអន្តរាគមន៍ទៅអាជ្ញាធរវៀតណាម ឱ្យសងសៀវភៅសិទ្ធិជនជាតិដើម អង្គការសហប្រជាជាតិទាំងអស់មកឱ្យលោកវិញ និងឱ្យអាជ្ញាធរបញ្ឈប់ ការធ្វើទុក្ខបុកម្នេញមកលើរូបលោក និងខ្មែរក្រោមផ្សេងទៀតដែលកំពុងតែតស៊ូមតិអនុវត្ត សិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ។
អាជ្ញាធររដ្ឋាភិបាលវៀតណាម បានចោទប្រកាន់យុវជន យឿង ខាយ ថាបានបោះពុម្ពចំលង សៀវភៅសិទ្ធិជនជាតិដើមអង្គការសហប្រជាជាតិ ដោយមិនបានបង់ពន្ធឱ្យរដ្ឋវៀតណាម គឺជារឿងខុសច្បាប់ ។ ប៉ុន្តែ លោក យឿង ខាយ ប្តេជ្ញាថានឹងនៅតែបន្តបោះពុម្ពចំលងសៀវភៅនេះ ចែកចាយដល់ពលរដ្ឋខ្មែរក្រោម ព្រោះលោកថា វាមិនមែនជាសកម្មភាពខុសច្បាប់ ។ ម្យ៉ាង សៀវភៅនេះ គឺលោកចែកចាយដោយមិនគិតថ្លៃ ដើម្បីឱ្យខ្មែរក្រោមបានយល់ដឹងពីសិទ្ធិ ជនជាតិដើមរបស់ខ្លួន ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន ពន្យល់ថា ការបញ្ចេញសកម្មភាពតស៊ូមតិ របស់យុវជនខ្មែរក្រោម ដើម្បីទាមទារសិទ្ធិជាជនជាតិដើម គឺជារឿងស្របច្បាប់ ហើយដែលរដ្ឋាភិបាលវៀតណាម ត្រូវតែគោរព ។ លោកលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរក្រោម ចូលរួមអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនទាំងអស់គ្នា ។
សព្វថ្ងៃនេះ យុវជន យឿង ខាយ កំពុងត្រូវបានអាជ្ញាធរសមត្ថកិច្ចវៀតណាម ខេត្តដូនណៃ បន្តតាមដានឃ្លាំមើលសកម្មភាពរបស់លោកយ៉ាងតឹងតែង ក្នុងចេតនាគំរាមកំហែងយុវជនខ្មែរក្រោមរូបនេះ ។
លោក ទៀ ថេន យល់ថា ក្នុងស្ថានភាពបែបនេះ មានតែអង្គការសហប្រជាជាតិ និង ស្ថានទូតប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងសហភាពអឺរ៉ុបនោះទេ ទើបអាចជួយយុវជនខ្មែរក្រោម ពីការរំលោភបំពានសិទ្ធិមនុស្សបាន ។ លោកគាំទ្រយុវជនខ្មែរក្រោម ដែលស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ។
ករណីយុវជន យឿង ខាយ នេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានទាមទាមឱ្យអាជ្ញាធរសមត្ថកិច្ចវៀតណាម បញ្ឈប់នូវសកម្មភាពបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញមកលើយុវជនខ្មែរក្រោម ។ លោក ហ្វីល រ៉ូប៊ែសន (Phil Robertson) ដែលជាអនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការនេះ បានចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរវៀតណាម មកលើយុវជនខ្មែរក្រោម ថា បោះពុម្ពចំលងសៀវភៅសិទ្ធិជនជាតិដើមរបស់អង្គការ សហប្រជាជាតិ ទាល់តែបង់ពន្ធឱ្យរដ្ឋនោះ គឺជាលេសក្លែងបន្លំទាំងស្រុង ។
លោកទាមទារឱ្យអាជ្ញាធរវៀតណាម ត្រូវសងសៀវភៅសិទ្ធិជនជាតិដើមឱ្យយុវជន យឿង ខាយ វិញ និងត្រូវសុំទោសយុវជនរូបនេះ ជាសាធារណៈ ចំពោះទង្វើលបឆ្មក់ចូល និងចាប់ខ្លួន សួរចំលើយដោយបំពាន ។
សេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិបោះឆ្នោតអនុម័តកាលពីឆ្នាំ ២០០៧ ។ ប្រទេសវៀតណាម ដែលជាសមាជិក របស់អង្គការសហប្រជាជាតិ ក៏បានចូលរួមបោះឆ្នោតគាំទ្រ និងចុះហត្ថលេខា អនុវត្តសេចក្តីប្រកាសនេះ ។

ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ១៦ ខែមេសា លើករណីយុវជន យឿង ខាយ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងថា វៀតណាមមិនបាន គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុកនោះទេ ហើយថែមទាំងមិនទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមថែមទៀត ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើង នៅក្នុងរបាយការណ៍ថា «ដោយមិនបានព្យាយាម ការពារ និងលើកកំពស់សិទ្ធិជនជាតិដើម វៀតណាមបែរជាបានព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីលាក់កំបំាងវត្តមានជនជាតិដើម នៅលើទឹកដីកំណើត តាមរយៈការមិនទទួលស្គាល់ជនជាតិដើម ។ ពលរដ្ឋខ្មែរក្រោម មិនត្រូវបានអនុញ្ញាតឱ្យបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាខ្មែរក្រោម តែត្រូវបានរដ្ឋាភិបាលវៀតណាមហៅថាជា «Khmer Nam Bo» ទៅវិញ» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលវៀតណាម ប្រគល់សងសៀវភៅសិទ្ធិជនជាតិដើមទាំងអស់ឱ្យយុវជន យឿង ខាយ វិញ ត្រូវចូលរួមបោះពុម្ពសៀវភៅផ្សព្វផ្សាយ ពីសិទ្ធិជនជាតិដើមក្នុងនាមវៀតណាម ជារដ្ឋហត្ថលេខី ត្រូវបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋខ្មែរក្រោម ត្រូវផ្តល់សំណងចំពោះទារុណកម្មផ្លូវចិត្ត ដែលអាជ្ញាធរវៀតណាម បានធ្វើមកលើយុវជន យឿង ខាយ និងត្រូវអនុវត្តនូវកតិកាសញ្ញា និងអនុសញ្ញា សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀតដែលវៀតណាមជារដ្ឋហត្ថលេខី ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន ផ្តល់មតិថា ពលរដ្ឋខ្មែរក្រោមត្រូវតែមាន ជំនឿចំពោះការទាមទាររបស់ខ្លួន ដោយហេតុថា រដ្ឋាភិបាលវៀតណាម មិនអាចធ្វើអ្វីស្រេចតែចិត្តបាន ដូចពីកាលមុនទៀតទេ ។