ប្រវត្តិលោក កង ហៀងរតនា តារាសម្ដែងមានដើមកំណើតខ្មែរក្រោម
ដោយ គឹម សាវតា
ប្រសិនបើលោក អ្នកជាអ្នកចូលចិត្តតាមដានរឿងភាគខ្មែរ ក្នុងស្ថានីយ៍ទូរទស្សន៍ស៊ី ធី អ៊ីន (CTN) ក្នុងអំឡុងឆ្នាំ ២០០៨ នោះ លោកអ្នកប្រហែលជាបានឃើញ រឿងភាគមួយដែលនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា «ឧត្តមភរិយា» ដែលក្នុងនោះ តួឯកប្រុស គឺជាកូនខ្មែរ ដែលមានឈាមជ័រមកពីដែនដីកម្ពុជាក្រោម ។ លោកមានឈ្មោះ ថា កង ហៀងរតនា ។ តើលោក កង ហៀងរតនា មានដើមកំណើតមកពីតំបន់ណានៃដែនដីកម្ពុជាក្រោម? តើមូលហេតុអ្វី បានជាលោកចាប់យកអាជីពជាតារាសម្ដែង? តើពេលនេះជីវិតតារាសម្តែង ដែលមានដើមកំណើត នៅកម្ពុជាក្រោមរូបនេះ រស់នៅយ៉ាងដូចម្តេច? ។

សំឡេងរបស់លោក កង ហៀងរតនា ៖ «ដំបូងៗ គេហៅចេះតែទៅតាមគេទៅ ផលិតកម្មតូចៗ ហើយផលិតកម្មហ្នឹង គេបើកតែនៅស្រុកក្រៅ (បរទេស) ទេ គេអត់លក់ហ្មង ហើយចេះតែតាមគេទៅ ។ តាហ្នឹងគាត់ចូលចិត្តថតរឿងបុរាណ ហើយរឿងគាត់ថតហ្នឹងអត់ដែលលក់ នៅស្រុកខ្មែរទេ ហើយដំបូងៗ យើងចង់ដឹងគេថតយ៉ាងម៉េច ចេះតែទៅទៅ គេឲ្យថតយ៉ាងម៉េច ចេះតែថតទៅ» ។
លោក កង ហៀងរតនា ជាសិល្បករ ដែលមានស្រុកកំណើត នៅភូមិព្រៃជាប់ ឃុំទឹកសាប ទីរួមខេត្តជ្រោយញ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម បានរំលឹកពីប្រវត្តនៃការសម្ដែងរបស់លោកយ៉ាងដូច្នេះ នៅពេលដែលអ្នកយកព័ត៌មានរបស់ វិទ្យុសំឡេងកម្ពុជាក្រោម បានចុះទៅសំភាសដោយផ្ទាល់ នៅផ្ទះរបស់លោកក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក កង ហៀងរតនា ដែលមានឈ្មោះដើមថា លី ហាយ បានចាកចេញពីស្រុកកំណើត នៅដែនដីកម្ពុជាក្រោមមករស់នៅកម្ពុជា ដើម្បីបន្តការសិក្សាកាលពីឆ្នាំ ១៩៩៥ ខណៈដែលលោកនៅជាសង្ឃ ដោយស្នាក់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សំឡេងលោក កង ហៀងរតនា ៖ « កាលដំបូងគឺមានមិត្តភក្តិម្នាក់ទៀត គាត់មកជាមួយដែរ តែឥឡូវគាត់ទៅអាមេរិកបាត់ គាត់បបួលខ្ញុំមក តាមពិតអត់ដឹងថា ភ្នំពេញមុខបែរទៅណាទេ អ៊ីចឹងទៅគាត់បបួលទៅក៏មកតាមគាត់ថាមករៀន មករៀនៅភ្នំពេញហ្នឹង» ។
កូនចៅខ្មែរក្រោម អ្នកខេត្តឃ្លាំង ដែលបច្ចុប្បន្នមានអាយុជាង ៤០ ឆ្នាំទៅហើយនោះ បន្តថា បន្ទាប់ពីលោកបានរៀនក្នុងនាមជាព្រះសង្ឃ មិនបានប៉ុន្មានឆ្នាំលោក ក៏លាចាកសិក្ខាបទ ហើយបានធ្វើការ នៅក្នុងក្រុមហ៊ុនមួយ តែដោយចិត្តស្រលាញ់វិស័យសិល្បៈតាំងពីក្មេងមកនោះ លោកក៏ឆ្លៀតទៅហាត់រៀន នៅក្លឹបសិល្បៈមួយ បន្ទាប់ពីសម្រាកពីការងារ ។
សំឡេងលោក កង ហៀងរតនា ៖ «ដំបូងក៏បានទៅហាត់ នៅក្លឹបគេដែរ ហាត់ហើយក៏បានដើរដាក់ពាក្យ ឬក៏ដើរតាមផលិតកម្មមួយចំនួនគេចាប់អារម្មណ៍ គេហៅបណ្ដើរៗ ទៅ ដូចជាមានក្រុមហ៊ុនថតស្ពតពាណិជ្ចកម្ម ក៏ខ្ញុំដាក ផលិតកម្មថតចម្រៀង ជាលក្ខណៈចំរៀងរបៀប Show របៀបគេច្រៀងផង រាំលើឆាក ថតជាឌីសអីចឹងទៅណ៎ា ហើយក្រោយមកខ្ញុំក៏បានដាក់ទៅ CTN អ៊ីចឹងទៅណ៎ា» ។
ក្រោយពីបានសម្ដែងខ្សែភាពយន្ត សម្រាប់ស្ថានីយ៍ទូរទស្សន៍ CTN ហើយដោយសារតែទីផ្សារសម្ដែងរបស់លោក ហាក់មានជាបន្តបន្ទាប់ជាពិសេសគឺអំឡុងឆ្នាំ ២០០៨ ទៅ ២០០៩ លោកក៏បានផ្អាកពីការងារផ្សេង ដើម្បីយកពេលមកបម្រើផ្នែកវិស័យសិល្បៈ ។
សំឡេងលោក កង ហៀងរតនា ៖ «កាលហ្នឹងខារ៉ាអូខេ អត់សូវទេ អត់សូវចាប់អារម្មណ៍ ចាប់អារម្មណ៍ជាងគេ គឺថតរឿងភាគ ហើយ និងស្ពតពាណិជ្ចកម្ម ។ ផលិតកម្មផ្សេងៗ ខ្ញុំអត់សូវបានផលិតដែរខាងខារ៉ាអូខេអីចឹង ចង់បានឡើងប៉ុស្តិ៍ទៅឆាប់ល្បី» ។
ក្នុងចំណោមខ្សែភាពយន្ត ដែលលោកបានសម្ដែងទាំងអស់ គឺមានរឿងភាគមួយមានចំណងជើងថា «ឧត្ដមភរិយា» គឺជារឿងដែលលោកពេញចិត្ត និងចងចាំជាងគេ ដែលខ្សែភាពយន្ដនេះ និពន្ធ ដោយលោកស្រីពាន់ ភួងបុប្ផា ។
ជីវិតគូស្រកររបស់លោក កង ហៀងរតនា ៖
តែទោះជាយ៉ាងណា ក្រោយពីការមមាញឹកក្នុងការងារវិស័យសិល្បៈមិនបានប៉ុន្មាន លោកបានចាប់ចិត្តស្រលាញ់នារីម្នាក់ ដែលមានស្រុកកំណើតនៅកម្ពុជា ពោលគឺនៅខេត្តពោធិ៍សាត់ និងបានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ ២០១៤ ដែលរហូតមកដល់ពេលនេះ លោកមានកូនប្រុសចំនួន ២ រូប ។ ស្របពេលដែលលោក បានរៀបអាពាហ៍ពិពាហ៍ ការងារសិល្បៈហាក់ថមថយបន្តិច លោកក៏បានចាប់អាជីពថ្មីជាអ្នកលក់អចលនទ្រព្យ និងលក់ផលិតផលតាមប្រព័ន្ធអ៉ីនធឺណិតបន្ថែម ។

បើទោះជាលោកហាក់មិនសូវមានការងារសម្ដែងរឿងដូចមុនក្តី បុរសមានរាងខ្ពស់សម្បុរស រូបនេះ នៅតែស្រមៃចង់សម្ដែងដូចមុន និងចង់បង្កើតផលិតកម្មដោយខ្លួនឯង ដើម្បីផលិតស្នាដៃដោយខ្លួនឯង ព្រោះវាជាចំណង់ចំណូលចិត្តតាំងពីក្មេងមក ។
សំឡេងលោកកង ហៀងរតនា ៖ «កាលពីសកម្មការងារហ្នឹងមានអារម្មណ៍ថា ចង់ឈានទៅខាង Director តែម្ដង តាមពិតចង់បង្កើតផលិតកម្មអីមួយដើម្បីបង្កើតជាស្នាដៃដែរ» ។
ជីវិតសិល្បៈក្រោយជំងឺកូវីដ-១៩ ហាក់ថមថយ ៖
ផ្ទះរបស់លោក កង ហៀងរតនា មានទទឹងប្រមាណ ៤ ម៉ែត្រ និងមានកន្លែងទទួលភ្ញៀវតូចល្មម ។ នៅលើតុរបស់លោកមានឯកសារមួយចំនួន ដែលលោកកំពុងតែរៀបចំ ដើម្បីផ្ញើជូនម្ចាស់ផលិតកម្ម និងអ្នកដឹកនាំរឿងផ្សេងៗ ធ្វើយ៉ាងណាឲ្យបានបន្តអាជីពជាតារាសម្ដែងឡើងវិញ ព្រោះថា អាជីពដែលត្រូវប្រើកាយវិការ ទឹកមុខមួយនេះ ហាក់ស្ទើរតែគ្មានសោះ ក្នុងអំឡុងពេល ដែលជំងឺកូវីដ-១៩ បានរាតត្បាត នៅកម្ពុជា ។ ជាមួយនឹងក្រដាស ដែលមានរៀបជាប្លង់ថតនានា កូនប្រុសទាំង ២ របស់លោក ក៏កំពុងដេកលេងទូរសព្ទ នៅជិតឪពុកផងដែរ ។ បើតាមលោកកង ហៀងរតនា ក្នុងចំណោមកូនប្រុសទាំង ២ របស់លោក គឺមានទេពកោសល្យក្នុងការសម្ដែងផងដែរ ដែលលោកគិតថា អាចបន្តអាជីពជាអ្នកសំដែងពីលោកបាន ។ យ៉ាងនេះក្តី លោកត្រូវទុកពេលឲ្យកូនបានរៀនសូត្រសិន ព្រោះថាបើគ្មានចំណេះដឹងនោះទេ គឺពិបាកបូករួមទាំងការសម្ដែងរឿងផងដែរ ។
ក្នុងនាមជាតារាសម្ដែង ដែលមានបទពិសោធន៍ច្រើនគួរសម លោក កង ហៀងរតនា បានចែករំលែកអំពីការសម្ដែងយ៉ាងដូច្នេះថា ៖ «ដាច់ខាតត្រូវមានដុង (ទេពកោសល្យ) បើអត់មានដុងសម្តែងវាអត់ Logic (រលូន) ហើយទី ២ ចំណូលចិត្ត ការសម្ដែអគឺត្រូវតែមាន២ហ្នឹង ដាច់ខាងតែម្ដង ហើយគួបផ្សំនឹងយើងទៅហាត់រៀនដើម្បីយកជាមេរៀន ជាទ្រឹស្ដីខ្លះផង បើសិនជាយើងឆៅៗ ពេកក៏យើងមិនសូវល្អដែរ» ៕