ស្ថានភាពការរំលោភសិទ្ធិលើខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាម និងកម្ពុជា ឆ្នាំ ២០១៣
នៅឆ្នាំ ២០១៣ នេះ ស្ថានភាពនៃការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ទាំងនៅឯដែនដីកម្ពុជាក្រោមនិងទាំងនៅក្នុងប្រទេសកម្ពុជា មិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ។ រដ្ឋាភិបាលវៀតណាម នៅតែបន្តរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម នៅពេលដែលពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ឯណេះវិញ រដ្ឋាភិបាលខ្មែរ បានផ្តល់ការគាំពារដល់ពួកគេតិចតួចនៅឡើយ ។

ស្ថានភាពរស់នៅ និងស្ថានភាពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម នៅកំពុងប្រឈមនឹងការយាយីធ្វើបាប និង បំបិទ សិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលវៀតណាម នៅឡើយ ពិសេសសិទ្ធិសេរីភាពក្នុងការវប្រតិបត្តិ ឲ្យ បានពេញលេញនូវសិទ្ធិវប្បធម៌ ប្រពៃណី សិទ្ធិជំនឿសាសនា និងសិទ្ធិសេរីភាពក្នុង ការបញ្ចេញមតិ និងទទួលព័ត៌មាន ។
នៅក្នុងរបាយការណ៍សង្ខេបចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៣ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ខ្មែរក្រោមនៅ ប្រទេស កម្ពុជា និង នៅដែនដីកម្ពុជាក្រោម លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បាន បង្ហាញ ថា ករណីរំលោភសិទ្ធិសេរីភាពលើពលរដ្ឋខ្មែរក្រោម ដែលបានប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាល វៀតណាម មានដូចជា ករណីចាប់ផ្សឹកព្រះសង្ឃដោយបង្ខំ ការធ្វើទារុណកម្មលើព្រះសង្ឃ និងពលរដ្ឋ ខ្មែរ ក្រោម ការគាបសង្កត់លើសិទ្ធិប្រតិបត្តិវប្បធម៌ និងសាសនា ការបំបិទសិទ្ធិសេរីភាពក្នុងការ បញ្ចេញ មតិ និងទទួលព័ត៌មានជាដើម។
របាយការណ៍បានលើកឡើងអំពីករណីព្រះតេជព្រះគុណ លី ចិន្តា នៅវត្តព្រៃជាប់ ក្នុងខេត្តឃ្លាំង ។ របាយ ការណ៍ថា ដោយសារតែបុព្វហេតុនៃការបើកសាលារៀនអក្សរសាស្ត្រខ្មែរ សម្រាប់ពលរដ្ឋខ្មែរ ក្រោម កងកម្លាំងនគរបាលវៀតណាម បានផ្សឹកព្រះអង្គដោយបង្ខំ រួចចាប់ចងព្រះអង្គច្រកបាវ បោះឡើង រថយន្ត បញ្ជូនទៅទីរួមស្រុក។
ក្រោយមក ព្រះអង្គត្រូវបានសមត្ថកិច្ចដោះលែង តែអាការៈរបស់ព្រះអង្គខុសប្លែកពីធម្មតា។ ព្រះអង្គបាន បាត់ បង់ស្មារតី បាត់ការចងចាំ និងបែកពពុះមាត់ជាប្រចាំ។ អាការៈបែបនេះ ត្រូវបានគេសង្ស័យថា ព្រះតេជព្រះគុណ លី ចិន្តា ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទារុណកម្ម និងប្រើថ្នាំបំបាត់ស្មារតី។ របាយ ការណ៍ថា នៅក្នុងព្រឹត្តិការណ៍នោះ ពុទ្ធបរិស័ទខ្មែរក្រោមនៅវត្តព្រៃជាប់ ចំនួន ៥ នាក់ផ្សេងទៀត ក៏ត្រូវបាន អាជ្ញាធរ ចាប់ខ្លួន ដោយសារពួកគាត់បានចូលរួមការពារមិនឲ្យចាប់ព្រះសង្ឃក្នុងវត្ត។ ក្រោយ មក ពួកគាត់ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារពី ១០ ខែទៅ ១ ឆ្នាំ ពីបទ បង្ក ឲ្យ ខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ។
ស្រដៀងគ្នានេះដែរ កងកម្លាំងនគរបាលវៀតណាម រាប់រយនាក់ បានទៅឡោមព័ទ្ធវត្តសេរីតាសេក ក្នុងខេត្តឃ្លាំង ដើម្បីចាប់ផ្សឹកព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ដោយសារតែការបើក សាលារៀន អក្សរ សាស្ត្រខ្មែរ។ របាយការណ៍បន្តថា ព្រោះតែមានការភ័យខ្លាច ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងធ្វើទារុណកម្មដូចព្រះតេជព្រះគុណ លី ចិន្តា ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី បានភៀស ព្រះកាយមកកាន់ប្រទេសកម្ពុជា តែព្រះអង្គទាំងពីរត្រូវបានប៉ូលិសការពារព្រំដែនវៀតណាម ចាប់ខ្លួននៅ ព្រំ ដែនកម្ពុជា-វៀតណាម បញ្ជូនត្រឡប់ក្រោយវិញ ។
ក្នុងព្រឹត្តិការណ៍នេះ ពលរដ្ឋខ្មែរក្រោម ២ នាក់ផ្សេងទៀត ដែលរួមដំណើរជាមួយព្រះអង្គទាំងពីរ ក៏ត្រូវ បាន ប៉ូលិស ព្រំដែនវៀតណាម ចាប់ខ្លួន។ ក្រោយមក ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូប ត្រូវបានតុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៦ ឆ្នាំ ។ ពួកគាត់ ត្រូវបានចោទពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ ការផ្តល់ព័ត៌មានទៅឲ្យអង្គ ការ សមាគម ខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និងបណ្ដាញសារព័ត៌មានក្រៅស្រុក ។
ទាក់ទងនឹងការផ្តល់ព័ត៌មានទៅឲ្យអង្គការសមាគមខ្មែរក្រោមនៅក្រៅប្រទេសនេះដែរ របាយការណ៍ ដដែល បាន លើកឡើង ថា ពលរដ្ឋខ្មែរក្រោមម្នាក់នៅស្រុកកញ្ចោងភ្នំពេញ ខេត្តព្រះត្រពាំាង លោក គឹម ង៉ៃ ត្រូវបានអាជ្ញាធរវៀតណាម គំរាមកំហែងជាបន្តបន្ទាប់។ ពួកគេចោទប្រកាន់លោកថា រួមគំនិតលួច ផ្តល់ព័ត៌មានអំពីបញ្ហាដីធ្លី និងថតរូបអំពីការគាបសង្កត់នានាទៅឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអាមេរិក និងមានទំនាក់ទំនងជាមួយអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅស្រុកខ្មែរ។ របាយការណ៍បន្តថា លោក គឹម ង៉ៃ តែងត្រូវបានអាជ្ញាធរហៅទៅសួរចម្លើយនៅសាលាខេត្ត ស្រុក ឃុំ និងត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរ លុះត្រាតែលោកជម្រាប អាជ្ញាធរ ដឹង ជាមុន។ លោកក៏ត្រូវបានអាជ្ញាធរ ហាមឃាត់មិន ឲ្យប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ។
ក្រៅពីនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួនដែលបាននិមន្ត និងធ្វើដំណើរទៅកម្ពុជាក្រោម ពួកគាត់ត្រូវបានរដ្ឋអំណាចវៀតណាម ឃាត់ និងឃុំខ្លួននៅព្រំដែន ដូចជា ករណីឧត្ដមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងជាកូនប្រុសរបស់ លោកតា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ និងករណីចាងហ្វាង កាសែតព្រៃនគរ លោក លី ឈូន ជាដើម ។ លើសពីនេះ នៅមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មួយចំនួនទៀត ត្រូវបានអាជ្ញាធរវៀតណាម នៅមូលដ្ឋានចុះមកសួរចម្លើយ គំរាមកំហែង ហើយខ្លះទៀត ត្រូវ បានអាជ្ញាធររឹបអូសយកលិខិតឆ្លងដែន ព្រមទាំងចាប់បង្ខំឲ្យធ្វើជាគិញសម្ងាត់ ដើម្បីរាយការណ៍អំពី ស្ថានភាពខ្មែរក្រោមនៅក្រៅប្រទេសឲ្យអាជ្ញាធរវៀតណាម ទៅវិញ ។
ស្រដៀងនឹងការលើកឡើងក្នុងរបាយការណ៍របស់លេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម សេច ក្តីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិជនជាតិភាគតិច ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៣ លើក ឡើងថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាញឹកញយត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួន និងកាត់ទោស ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំ ដោយគ្មានការស៊ើបអង្កេត និងគ្មានតំណាង ផ្នែកច្បាប់ឲ្យបាន ត្រឹម ត្រូវ ដូចជាករណីកាត់ទោសព្រះសង្ឃចំនួន ៥ អង្គ នៅឆ្នាំ ២០០៧ ហើយព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម ៨អង្គនិងនាក់ទៀត ត្រូវបានកាត់ទោសនៅពេលនេះ ដោយសារពួកគាត់ដឹកនាំ បាតុកម្មអហិង្សា ទាមទារសេរីភាពសាសនា និងការសិក្សាអក្សរសាស្ត្រខ្មែរ ។
ក្រៅពីការលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្ស ពលរដ្ឋខ្មែរក្រោមនៅវៀតណាម របាយការណ៍លេខា ធិការដ្ឋាន ខ្មែរកម្ពុជាក្រោម ក៏បានលើកឡើងអំពីស្ថាន ភាពលំបាកដែលពលរដ្ឋខ្មែរក្រោមមួយ ចំនួននៅកម្ពុជា ជួបប្រទះ។
ការលំបាកទាំងនោះមានដូចជា អាជ្ញាធរកម្ពុជា មិនផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យពួកគេ និងការ ខ្វះ ឱកាសក្នុងការទទួលបានការអប់រំ ។ ពួកគេក៏ប្រឈមនឹងការយាយីរំខានពីកម្លាំងសមត្ថកិច្ច និងអាជ្ញា ធរ មូលដ្ឋាននៅពេលដែលចូលរួមចំណែកក្នុងកិច្ចការនយោបាយ ឬការប្រមូលផ្តុំក្នុងលក្ខណៈ ជាអង្គ ប្រជុំ សិក្ខាសាលាពិគ្រោះយោបល់ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ ហើយពេលខ្លះពួក គេមិនត្រូវ បានកម្លាំងសមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋាន អនុញ្ញាតឲ្យធ្វើសកម្មភាពតែម្តង។
ជុំវិញស្ថានភាពលំបាករបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា នេះដែរ សេចក្តីប្រកាសព័ត៌មានរបស់ អង្គការ ការពារសិទ្ធិជនជាតិភាគតិច ក៏បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបំពេញ កាតព្វកិច្ច របស់ខ្លួន ក្នុងការគោរពសិទ្ធិពលរដ្ឋខ្មែរ ពិសេសសិទ្ធិពលរដ្ឋខ្មែរក្រោមដែលរស់នៅកម្ពុជា នៅឡើយ ។
សេចក្តីប្រកាសព័ត៌មានសរសេរថា ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលស្នើសុំអត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ត្រូវបានអាជ្ញាធរតម្រូវឲ្យផ្លាស់ប្ដូរទីកន្លែងកំណើតរបស់ពួកគេ។ របាយការណ៍ថា អំពើពុករលួយក៏ ជាឧបសគ្គ សម្រាប់ខ្មែរក្រោមក្រីក្រ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែរ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា ហាក់បានយកចិត្តទុកដាក់តិចតួចអំពីស្ថានភាពរស់នៅអំពីការអប់រំ និងការចូលរួមក្នុង សកម្មភាពនយោបាយរបស់ពួកគេ។ លើសពីនេះ ខ្មែរក្រោមនៅកម្ពុជា ក៏នៅមានការភ័យខ្លាចក្រែង រដ្ឋាភិបាលកម្ពុជា ចាប់បញ្ជូនខ្លួនពួកគេប្រគល់ឲ្យរដ្ឋាភិបាលវៀតណាម វិញ ដូចជាករណីអតីតព្រះសង្ឃ ខ្មែរក្រោម ឈ្មោះ ទឹម សាខន ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់បញ្ជូនខ្លួនឲ្យអាជ្ញាធរវៀតណាម កាលពីឆ្នាំ ២០០៧ ដោយចោទប្រកាន់ពីបទធ្វើឲ្យខូចទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងវៀតណាម ។
អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំង ១២ នៅកម្ពុជា បានដាក់ញត្តិទៅក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ទៅ រដ្ឋាភិបាល វៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលត្រូវតុលាការកាត់ទោស។ តែមក ទល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិនៅឡើយ ៕