ព្រះ​មេគណ​រង​ខេត្ត​ព្រះ​ត្រពាំង ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ អនិច្ចធម្ម​ក្នុង​ព្រះ​ជន្មាយុ ៦៨ ឆ្នាំ​

156

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ជា​ព្រះចៅអធិការ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម និង​ជា​ព្រះ​មេគណ​រង​ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បានទទួល​អនិច្ចធម្ម នៅវេលា​ម៉ោង ៥ : ១៥ នាទី​ល្ងាច ថ្ងៃអាទិត្យ ១២ កើត​ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ១ មីនា គ្រិស្តសករាជ ២០១៥ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៦៨ ឆ្នាំ​, វស្សា​ផ្នួស ៥៥ វស្សា ។​

សព ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ តម្កល់នៅវត្តវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម  ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៥ ។
សព ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ តម្កល់នៅវត្តវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៥ ។

​កម្មវិធី​បុណ្យឈាបនកិច្ច​របស់​ព្រះអង្គ ត្រូវបាន​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត និង​ស្រុក​នានា ព្រមទាំង​សិស្សគណ មួយអន្លើ​ដោយ​ពុទ្ធបរិស័ទ​ទាំងឡាយ បាន​ប្រារព្ធ​កិច្ច​ប្រតិបត្តិ​សព​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ តាម​ពុទ្ធ​សាសន​និយម​កិច្ច និង​ជាតិ​ប្បវេណី​និយម​កិច្ច នៅពេល​រាត្រី ថ្ងៃអាទិត្យ បន្ទាប់ពី​ព្រះអង្គ​បានទទួល​អនិច្ចធម្ម​ភ្លាម ។​

យោងតាម​គណៈកម្មការ​ចាត់តាំង​បុណ្យ នៅ​ថ្ងៃ​ចន្ទ ១៣ កើត ត្រូវ​នឹង​ថ្ងៃទី ២ ខែមីនា វេលា​ម៉ោង ៩ : ១៥ នាទី​ព្រឹក ប្រារព្ធ​កិច្ច​លើក​ព្រះ​សព​ដាក់​មឈូស តម្កល់​ក្នុង​មហា​កុដិ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ធ្វើ​ទ​ក្ខិ​ណា​នុប្ប ទាន​ចំនួន ៣ ថ្ងៃ ដើម្បី​ឧទ្ទិស​បុណ្យ​ប្រគេន​ព្រះអង្គ​តាម​ពុទ្ធឱវាទ ។​

​លុះដល់​ថ្ងៃ​ពុធ ពេញបូណ៌មី ខែផល្គុណ ឆ្នាំមមី ឆស័ក ព​. ស​. ២៥៥៨ ត្រូវ​ថ្ងៃទី ៤ មីនា គ​. ស​. ២០១៥ ដង្ហែ​ព្រះ​សព​ប្រទក្សិណ​វិហារ ៣ ជុំ រួចហើយ​ដង្ហែ​ទៅកាន់​ព្រះមេរុ​ដើម្បី​បូជាព្រះសព ក្រោយពី​បញ្ចប់​សាសន​និយម​កិច្ច​នៅ​ទី​ព្រះមេរុ ។​

ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ  (រូបកណ្ដាល) កាលព្រះនិមន្តទៅទស្សនកិច្ចនៅប្រទេសថៃ ។
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ (រូបកណ្ដាល) កាលព្រះនិមន្តទៅទស្សនកិច្ចនៅប្រទេសថៃ ។

​សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ សព្វថ្ងៃ ជា​ព្រះចៅអធិការ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​, ព្រះ​អង្គជា​ព្រះ​ស្ថាបនិក​វត្ត​រតន​សាគរ (​ព្រើម​) នៅ​ឆ្នាំ ១៩៧២, ជា​ព្រះ​ឧបជ្ឈាយ៍​ដែលមាន​វត្ត​ចំណុះ​ចំនួន ១៨ វត្ត ស្ថិតនៅក្នុង​ស្រុក​ទាំង ២ គឺ​ស្រុក​កញ្ចោង​ចំនួន ៩ វត្ត និង​ស្រុក​កំពង់​ស្ពាន​ចំនួន ៩ វត្ត រួមមាន​សិទ្ធិ​វិហា​រិ​ក និង​អន្តេវាសិក​រាប់រយ​អង្គ កំពុង​បន្ត​ការសិក្សា និង​បំពេញ​សកម្មភាព​សាសនកិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស​, ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ស្រុក​កំពង់​ស្ពាន ក្នុងឋានៈ​ជា​ព្រះ​អនុគណ​ស្រុក​កំពង់​ស្ពាន និង​ជា​ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង ផងដែរ ។​

ព្រះវិហារវត្តអូរទទឹង ។
ព្រះវិហារវត្តអូរទទឹង ។

​ទន្ទឹមនឹង​ដំណឹង​អនិច្ចធម្ម​របស់​ព្រះ​មេគណ​រង ឡឹម ពៅ ត្រូវ​បានដាក់​ប្រកាស​ផ្សាយ​តាម​បណ្តាញ​សង្គម Facebook មហាជន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ ជាពិសេស ព្រះសង្ឃ​និង​យុវជន ជាច្រើន​បាន​ផ្លាស់ profile របស់ខ្លួន ដោយ​ដាក់​ព្រះ​ឆាយា​លក្ខណ៍​ព្រះ ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ក្រប​ដោយ​ស៊ុម​ដែល​រចនា​ដោយ​កម្រងផ្កា និង​បូ​កំណាន់​មរណទុក្ខ​ពណ៌​ខ្មៅ​កាច់​ជា​ស្រទាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​រីក ដោយ​ពាក្យ​ថា “​កាន់​ព្រះ​មរណទុក្ខ ព្រះ​ឧបជ្ឈាយ៍ ឡឹម ពៅ​” ភ្ជាប់​ដោយ​ការបញ្ចេញ​ជា​ទស្សនៈ ជា​មតិ​ផ្សេង ៗ គ្នា ខ្លះ​បាន​រៀបរាប់​គុណូបការៈ​របស់​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ ខ្លះ​បានលើកឡើង​នូវ​គុណសម្បត្តិ​របស់​ព្រះអង្គ ខ្លះ​ប្រៀបប្រដូច​ព្រះ​ឧបជ្ឈាយ៍​ទៅនឹង​ព្រះអាទិត្យ ខ្លះ​លើក​ពី​វីរភាព ពី​ព្រះទ័យ​ស្នេហា​ជាតិ​សាសនា​របស់​ព្រះ​ឧបជ្ឈាយ៍ ខ្លះ​លើក​ពី​សន្តាន​ព្រះទ័យ​របស់​ព្រះ​ឧបជ្ឈាយ៍ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដែល​កម្ររ​កមាន​បុគ្គល​ប្រៀបផ្ទឹម​បានជា​ដើម ដើម្បី​សំដែង​នូវ​ទុក្ខសោក និង​កតញ្ញុតាធម៌​រប​ស់​ខ្លួន​ចំពោះ​ព្រះ​ឧបជ្ឈាយ៍ ។​

Facebook ដែល​ប្រើ​ឈ្មោះ Thach Khmer បាន​សរសេរ​នៅលើ​ទំព័រ​របស់ខ្លួន លាតត្រដាង​នូវ​គុណធម៌​របស់​ព្រះតេជព្រះគុណ ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម​ពៅ ថា​៖

“​ព្រះ​ឧ​ប្ឈា​យ៍​ដែលមាន​ប្រជាប្រិយភាព​ជាងគេ ក្នុង​ខេត្ត​ព្រះ​ត្រពាំង​មាន​តែមួយ​ព្រះអង្គ​គឺ ព្រះ​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម​ពៅ វត្ត​សង្វរ​ថ្ម​មាស អូរទទឹង ស្រុក​កំពង់​ស្ពាន «​ព្រះ​មេគណ​រង​ខេត្ត​ព្រះ​ត្រពាំង​” ។​

Facebook ឈ្មោះ Khmer Sante Pheap សរសេរថា​៖

“​ព្រះ​អង្គជា​ព្រះ​ឧបជ្ឈាយ៍​ដ៏​ល្អ​របស់ខ្ញុំ​, ខ្ញុំ​សូម​ប្រាថ្នា ជាតិ​ក្រោយ​ជា​សិស្ស​របស់​ព្រះ ឧបជ្ឈាយ៍​ទៀត​” ។​

Facebook ឈ្មោះ Khmer Ekareach សរសេរថា​៖

“​ព្រះអង្គ​បាន​ឃ្លាតឆ្ងាយ​ហើយ គ្មាន​ពេល​វិល វិញទៀត​ឡើយ ។ ព្រះអង្គ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់​សិស្សគណ ។ ព្រះ​គម្រូ​វីរភាព​ជាច្រើន​ទុកអោយ​យើង​គេ​ទាំងឡាយ​ពិចារណា​សិក្សា​តាម ដើម្បី​អនុវត្ត​ក្នុង​ការបំរើ​សង្គមជាតិ​ខ្មែរ និង​ព្រះពុទ្ធសាសនា វប្បធម៌ ខ្មែរ ។ សូម​វិញ្ញាណក្ខន្ធ​ព្រះអង្គ​បាន​ទៅកាន់​សុគតិភព​” ។​

Facebook ឈ្មោះ ផានី សុ បានសរសេរថា​៖

“​ថ្ងៃនេះ​ជា​ថ្ងៃអាទិត្យ ១២ កើត​ខែផល្គុន ឆ្នាំមមី ឆស័ក ព​.​ស​. ២៥៥៨ គ​.​ស​. ២០១៥ ព្រះ​ឧបជ្ឈាយ៍​ព្រះនាម វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះអង្គ​គង់នៅ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ភូមិ​អូរទទឹង ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ដែល​ព្រះអង្គ​បាន​អនិច្ចធម្ម​នៅវេលា​រសៀល​ថ្ងៃ​នេះហើយ​ព្រះ​អង្គជា​ព្រះ​ឧបជ្ឈាយ៍​មួយ​ព្រះអង្គ ធ្លាប់​ល្បីល្បាញ​ខាង​រក្សា​ទំនៀមទម្លាប់​ខាង​ព្រះពុទ្ធសាសនា និង​វប្បធម៌ អរិយធម៌​ខ្មែរ នៅ​កម្ពុជា​ក្រោម រឹងប៉ឹង​បំផុត ឥឡូវ​ព្រះអង្គ​ទបាន​ទួល​អនិច្ចធម្ម​ទៅហើយ ។ ពួកយើង​ខ្ញុំព្រះករុណាខ្ញុំ​បាទ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​មហា​ក្រៀមក្រំ​នេះ​ផង​” ។​

Facebook ឈ្មោះ Tranthach Dung បានសរសេរថា​៖

” ឱះ ឱ ! អនិច្ចា​ព្រះ​ឧបជ្ឈាយ៍ ព្រះអង្គ​សុគត ប្រៀប​ដូច​ព្រះអាទិត្យ​អស្តង្គត​រលត់​រស្មី កូនចៅ​រស់​អាស្រ័យ​មុខតែ​ជួប​ទុក្ខភ័យ សត្រូវ​យួន​អប្រិយ​ប្រាកដជា​លបលួច​សាទរ​អរ​ពេក​ក្រៃ ។​

ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ប្រៀបដូចជា​ព្រះអាទិត្យ ខេត្ត​ព្រះ​ត្រពាំង​មួយ​ដួង ដែល​ធ្លាប់តែ​រះ​បំភ្លឺ​ជនានុជន អស់​វារៈ​ជាច្រើន​ទសវត្សរ៍​មកហើយ ។ ឥឡូវនេះ ព្រះអាទិត្យ​នោះបាន​ចរ​មកដល់​យាម​អស្តង្គត​រលត់​សូរ្យសែង​លែង​បាន​បំភ្លឺ​ផ្លូវ​ព្រះសង្ឃ​ជា​សិស្សគណ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង​តទៅទៀត​ហើយ តែ​វីរ​ធម៌ គុណធម៌ ព្រហ្ម​វិហារធម៌ របស់​ព្រះអង្គ​នៅតែ​បន្ត​បំភ្លឺ​ផ្លូវ​ជន​ដែលមាន​ភ្កី​ភាព និង​កតញ្ញុតាធម៌​ចំពោះ​ព្រះ​អង្គជា​អមតៈ ។​

ការ​អនិច្ចធម្ម​របស់​ព្រះ​ឧបជ្ឈាយ៍​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះ​អនុគណ​ស្រុក​កំពង់​ស្ពាន និង​ជា​ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម នៅពេល​ល្ងាច​ខណៈដែល​ព្រះអាទិត្យ​ទោរ​ទាប​ហៀ​ប​អស្តង្គត ថ្ងៃអាទិត្យ ១២ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ព​. ស​. ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ១ ខែមីនា គ​.​ស​. ២០១៥ ក្នុង​មហា​កុដិ វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) កណ្តាលចំណោម​សិស្សគណ​ទាំងឡាយ ប្រៀបដូចជា​ព្រះអាទិត្យ​អស្តង្គត​រលត់​រស្មី​ទុក​ឲ្យ​លោកិយ​ងងឹត​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​សិស្សគណ​និង​ពុទ្ធបរិស័ទ​តក់ស្លុតរ​ន្ធ​ត់​ភិតភ័យ ដូច​អ្នក​វង្វេងព្រៃ​កណ្តាលអធ្រាត្រ​កាឡ​បក្ស​” ។​

Facebook ឈ្មោះ Khmer Sroksrea បានសរសេរថា​៖

“​ព្រះតេជព្រះគុណ​មាន​ព្រះទ័យ​ល្អ​ណាស់ មិន​ប្រកាន់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ម្តេចក៏​ព្រះអង្គ សុគត​ឆាប់​ម្ល៉េះ ? ចំណែក ឯ​អ្នក​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ម្តេចក៏​រស់​យូរ​ទៅវិញ ? ដឹង​ហើយ​ថា ជីវិត​កើត​ហើយ តែងតែ​ស្លាប់​ទៅវិញ​ជាធម្មតា​ក៏ពិតមែន តែ​ខ្ញុំ​នៅតែ​ស្តាយ​ព្រះតេជព្រះគុណ​ណាស់​” ។​

Facebook ឈ្មោះ Duong Thach បា​នស​សេ​រថា​៖

“​លោក​បង​អើយ​យើង​បាត់បង់​ព្រះ​ឧ​ប​ជ្ឃា​យ៍​របស់​យើង​ហើយ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទួញ​យំទួញ​សោកសៅ និយាយ​លែងចេញ​ហើយ ហាក់បីដូចជា​ថ្ម​មាន​ទំហំ​ធំ​មក​គ្រប​សង្កត់ពីលើ​ទ្រូង​ស្រែកហៅ​អ្នក​ជួយ ក៏​ហៅ​លែង​ឮ​អ៊ីចឹង​” ៕

 

Comments are closed.