ករណី​ទន្ទ្រាន​រាន​យក​ដី​វត្ត ​ប្រ​ឈម​​ពាក្យ​​សម្តី​​ដាក់​គ្នា​វាង​ព្រះសង្ឃ និង​ក្រុម​អាជ្ញាធរ​យួន​

0 2,674

ដោយ ស៊ឺន ចែងចើន | VOKK

​បញ្ហា​បង្ក​ជា​ជម្លោះដីធ្លី រវាង​វត្ត​ពោធិ​ភិរម្យ​រង្សី នៅ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង នៃ​ដែន​សី​កម្ពុជា​ក្រោម ជាមួយ នឹង​អាជ្ញាធរ​យួន បាន​ឈានដល់​ប៉ះទង្គិច​សម្តី​ដាក់គ្នា ក្នុងខណៈ​អាជ្ញាធរ​យួន​អះអាងថា ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ចំណែក​ព្រះសង្ឃ​បញ្ជាក់ថា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​កំពុងមាន​ជម្លោះ​នោះ ។​

ហេតុការណ៍ ដែល​បង្ក​ឲ្យ​មានទំនាស់​ពាក្យសម្តី​ដាក់គ្នា បានកើត​ឡើង​នៅ​ថ្ងៃទី ២៨ វិច្ឆិកា ២០១៧ ក្នុងពេលដែល​ព្រះសង្ឃ​វត្ត​ពោធិ​ភិរម្យ​រង្សី បាននាំគ្នា​ទៅ​បោះបង្គោល​ព្រំ​ដែនដី ដែល​ព្រះសង្ឃ​ចាត់ទុកថា ជា​ដី​របស់​វត្ត តាំងពី​យូរយារ​ណាស់​មកហើយ​នោះ ។​

​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ស្ថិតក្នុង​ហេតុការណ៍​នោះ បាន​មាន​សង្ឃដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ព្រះនាម​ថា ដី​វត្ត​ពោធិ​ភិរម្យ​រង្សី​ចាស់ (​ឈ្មោះ​ដើម​ថា វត្ត​កោះ​កៀនស្វាយ​) ដែលមាន​ផ្ទៃដី​ទំហំ​សរុប​ចំនួន​ជាង ៦ កុង (​ជាង ៥០០ ម៉ែត្រក្រឡា​) ។ ក្រោយមក វត្ត​កោះ​កៀនស្វាយ បាន​ប្តូរ​ទៅ​កសាងនៅ​ទីកន្លែង​ផ្សេង ហើយ​ប្រសិទ្ធិ​នាម​ថ្មី​ថា «​វត្ត​ពោធិ​ភិរម្យ​រង្សី​» ដែល​បច្ចុប្បន្ន ស្ថិតនៅ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។​

ព្រះសង្ឃ​ខ្មែរក្រោម​ដដែល​អង្គ​នេះ បាន​រៀបរាប់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​ដំណើរ​ដើមទង​ប្រវត្តិ​របស់​ដី​វត្ត​ពោធិ​ភិរម្យ​រង្សី ដែល​កំពុងមាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​យួន យ៉ាង​ដូច្នេះ ៖

​ព្រះអង្គ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ២៨ វិច្ឆិកា ម្សិលមិញ​នេះ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ បាន​ប្រមូល​ផ្តុំគ្នា ក្នុង​គោលបំណង​ទៅ​បោះបង្គោល​ការពារ​ព្រំ​ដែនដី​វត្ត ប៉ុន្តែ ត្រូវបាន​អាជ្ញាធរ​ប្រមាណ​ជាង ៥០ នាក់មក​រារាំង មិន​អនុញ្ញាត​ឲ្យ​បោះបង្គោល​ឡើយ ។​

​ក្រោយ​ការរារាំង​មិន​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បោះបង្គោល ជម្លោះ​ពាក្យសម្តី ក៏បាន​ផ្ទុះឡើង ប៉ុន្តែ មិន​ឈានដល់​ការផ្ទុះ​អំពើហិង្សា​ដាក់គ្នា​ឡើយ ។ បន្ទាប់ពី​តឹង​ស​សៃ​ក​ដាក់គ្នា​មួយ​ប្រាវ​ស្ថានការណ៍​ក៏​ស្ងប់ស្ងាត់​ទៅវិញ ក្រោយ​អាជ្ញាធរ​យួន​សន្យាថា នឹង​ចុះមក​វាស់វែង​បែងចែក​ដី​ជូន​វត្ត​វិញ ។

​គួររំឭកថា ជម្លោះ​បញ្ហាដីធ្លី​នៅតាម​វត្ត​អារាម នៅ​កម្ពុជា​ក្រោម តែង​កើតមានឡើង​ជារឿយៗ ដោយ​ពលរដ្ឋ​ជា​ជនជាតិ​យួន តែងតែ​ទៅ​រំលោភ​រឹបអូស​យក​ដី​វត្ត ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​យួន លួច​ធ្វើបញ្ជី​កម្មសិទ្ធិ​ដីធ្លី ។ ជាក់ស្តែង ដូច​ករណី​ជម្លោះ​បញ្ហាដីធ្លី នៅ​វត្ត​មុនី​រង្សី (​មេ​ពាំង​) ជាមួយ នឹង​ជនជាតិ​យួន​បានអូសបន្លាយ​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ ។ ប៉ុន្តែ រហូតរ​មកដល់ពេលនេះ ដ្ឋា​ភិ​បាល​យួន​នៅតែ​ធ្វើ​ព្រងើយ ដោយ​មិន​ព្រម​ដោះស្រាយ​ឲ្យ​បាន​ដាច់ស្រេច​នៅឡើយ ៕

Leave A Reply

Your email address will not be published.