មេធាវីស្នើឱ្យតុលាការដោះលែងអតីតបុគ្គលិកអាស៊ីសេរី នៅក្រៅឃុំជាបណ្ដោះអាសន្ន
អ្នកច្បាប់អះអាងថា ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបពីបទឧក្រិដ្ឋ ជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ។ មេធាវីការពារក្ដីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ទាមទារឱ្យដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ។

មេធាវីការពារក្ដីឱ្យអតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក កែវ វ៉ាន្នី បានឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ថា លោកបានដាក់ពាក្យស្នើសុំឱ្យតុលាការដោះលែងកូនក្ដីរបស់លោកនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ។ លោកមេធាវីបន្តថា គ្មានហេតុផលចាំបាច់ណាមួយដែលចៅក្រមស៊ើបសួរត្រូវឃុំខ្លួនកូនក្តីលោកទាល់តែសោះ ដោយហេតុថា កូនក្តីរបស់លោកទាំងពីរមានទីលំនៅច្បាស់លាស់ ។ លោកអះអាងថា កូនក្ដីរបស់លោកនៅក្រៅឃុំ នឹងមិនបង្កបញ្ហាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឱ្យមានការច្របូកច្របល់ឡើយ ។ លោកមេធាវីបញ្ជាក់ថា ជាគោលការណ៍ច្បាប់ ជនត្រូវចោទត្រូវតែមានសេរីភាព ។
លោកមេធាវីបានឱ្យដឹងបន្តថា ចៅក្រមស៊ើបសួរនឹងឆ្លើយតបតាមពាក្យស្នើសុំរបស់លោកនៅចុងសប្ដាហ៍នេះ ថាឱ្យកូនក្តីលោកទាំងពីរនៅក្រៅឃុំ ឬបន្តការឃុំខ្លួន ។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឬហៅ យាង សុជាមេត្តា ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ។ អ្នកទាំងពីរត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិត ព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ ។
ដើមហេតុនៃការចោទប្រកាន់នេះ ក្រោយសមត្ថកិច្ចចុះឆែកឆេរ រកឃើញភស្តុតាងមួយចំនួនដូចជា មានបន្ទប់ស្ទូឌីយោ និងកុំព្យូទ័រជាដើម ។ ប៉ុន្តែលោក អ៊ួន ឈិន បានឆ្លើយបដិសេធ នឹងការចោទប្រកាន់នេះ តាំងពីដំណាក់កាលដំបូងថា ឧបករណ៍ទាំងនេះ លោករៀបចំឡើងសម្រាប់បម្រើការថតចម្រៀង ដើម្បីរកកម្រៃជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។ ហើយលោក យាង សុធារិន្ទ ក៏បានបដិសេធដែរថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះឡើយ ។
លោកមេធាវី កែវ វ៉ាន្នី បានឱ្យដឹងបន្តថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានកោះហៅកូនក្ដីទាំងពីររបស់លោកមកឆ្លើយបំភ្លឺបន្ថែម ។ លោកមេធាវីបញ្ជាក់ថា លោក យាង សុធារិន្ទ ស្លៀកសំលៀកបំពាក់ជាជនត្រូវចោទពណ៌ទឹកក្រូចចាស់ដៃជាប់ខ្នោះ អមដោយមន្ត្រីពន្ធនាគារនាំមកឆ្លើយនៅពេលព្រឹក ។ ចំណែកលោក អ៊ួន ឈិន ក៏ស្លៀកសំលៀកបំពាក់ជាជនត្រូវចោទពណ៌ទឹកក្រូចចាស់ដៃជាប់ខ្នោះដែរ អមដោយមន្ត្រីពន្ធនាគារនាំមកឆ្លើយនៅពេលរសៀល ។
លោកមេធាវី កែវ វ៉ាន្នី អះអាងថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ ។ លោកមេធាវីបញ្ជាក់ថា អង្គហេតុនេះ គ្មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់កូនក្ដីលោកឡើយ ។ «»
លោកមេធាវី កែវ វ៉ាន្នី បានលើកឡើងថា តុលាការអាចចោទប្រកាន់ជនណាម្នាក់តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ លុះត្រាតែអ្នកបុគ្គលនោះបានប្រព្រឹត្តិយកព័ត៌មានសម្ងាត់របស់ជាតិ ទៅប្រគល់ឱ្យខ្មាំងសត្រូវ ដែលពួកគេកំពុងតែឈ្លានពានបូរណភាពដែនដីរបស់កម្ពុជា ហើយព័ត៌មានដែលទម្លាយចេញនោះ បានធ្វើឱ្យជាតិអន្តរាយ ទើបចាត់ទុកថា បុគ្គលនោះបានប្រព្រឹត្តនូវបទឧក្រិដ្ឋនេះ ។ «»
លោកបញ្ជាក់ថា មកទល់ពេលនេះ លោកពុំឃើញមាន រដ្ឋាភិបាលបានប្រកាសអាសន្នជាផ្លូវការប្រាប់ដល់សាធារណជន ថាកម្ពុជាកំពុងរងការអន្តរាយ ដោយសារអំពីផ្ដល់ព័ត៌មានសម្ងាត់របស់ជាតិ ឬប្រទេសជាតិជិតអន្តរាយ ឬជិតត្រូវបានបរទេសឈ្លានពាន ដោយសារការផ្ដល់ព័ត៌មានរបស់អ្នកទាំងពីរនេះទេ ។
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ក្រុមអ្នកច្បាប់បានរិះគន់សមត្ថកិច្ច និងតុលាការដែលបានឃាត់ខ្លួនអតីតអ្នករាយការណ៍អាស៊ីសេរី លើសរយៈពេលកំណត់មិនព្រមដោះលែង ។ លោកមេធាវី ហែម សុជាតិ បានពន្យល់ថា សមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យបានតែ ៤៨ ម៉ោង ហើយអាចបន្ថែម ២៤ ម៉ោងទៀត ក្នុងករណីដែលមានតម្រុយដែលបង្ហាញឱ្យឃើញថា មានពិរុទ្ធលើបុគ្គលដែលឃាត់ខ្លួន បើមិនដូច្នោះ គឺត្រូវដោះលែងបុគ្គលទាំងនោះ ។ សមត្ថកិច្ចមិនបានដោះលែង លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នោះទេ ទោះបីកាលនោះ តំណាងអយ្យការ មិនទាន់បានចោទប្រកាន់អ្នកទាំងពីរពីបទល្មើសព្រហ្មទណ្ឌអ្វីមួយនៅឡើយ ក្រោយការឃាត់ខ្លួនលើសរយៈ៧២ ម៉ោង ។
មាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញចែងថា៖ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។
លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវបានកម្លាំងនគរបាលក្រុងភ្នំពេញ ចាប់ខ្លួនកាលព្រលប់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅក្នុងផ្ទះសំណាក់ ម៉ារ៉ាឌី ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ ។ គិតមកដល់ថ្ងៃទី ២៨ វិច្ឆិកា មានរយៈពេល ១៥ ថ្ងៃហើយ ដែលតុលាការបានឃុំខ្លួនអ្នកទាំងពីរ ៕ RFA