លិខិត​របស់​ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​ជូន​ចំពោះ​យុវជន ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​

0 95

​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារ​ចំហ មួយច្បាប់ ជា ៣ ភាសា (​ខ្មែរ – អង់គ្លេស និង យួន​) ជូន​ដល់​ក្រុមយុវជន​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ដាស់ ស្មារតី​ពួកគេ មិន​ឲ្យ​បោះបង់​អត្ដ​សញ្ញាណ​ជាតិ​ខ្លួន និង​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​វៀតណាម​រើសអើង ពូជសាសន៍ លើ​ពលរដ្ឋ​ខ្មែរក្រោម ។​

លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​សារលិខិត​នេះ មាន​សេចក្ដី​ដូចខាងក្រោម​៖

Washington ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៤៖ សារលិខិត​ជូន​ចំពោះ​យុវជន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ នៅតែ​ប៉ុន្មាន ថ្ងៃ​ទៀត​ទេ ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង និង​ក្រៅ​ស្រុក​នឹង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​របស់ខ្លួន ។ ខ្ញុំបាទ ចៅ រៀប សូម​តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ជូនពរ​ដល់​បង​ប្អូន​កូនក្មួយ​ក្រុមយុវជន​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម រីករាយ ជាមួយ បុណ្យចូលឆ្នាំថ្មី និង​សូម​ឲ្យ​សម្រេច​នូវ​អ្វីដែល​កូនចៅ​ប៉ុនប៉ង​ប្រាថ្នា ។​

​នៅក្នុង​ពិធី​មួយ​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​នឹក​គុណ​ដល់​បុព្វបុរស​របស់​យើង​គ្រប់​ជំនាន់ ដែល​បាន​បូជាជីវិត សាច់ ស្រស់ ឈាម​ស្រស់​ដើម្បី​រក្សា​នូវ​ឃ្លាំង​វប្បធម៌​ខ្មែរ​ដ៏​មានតម្លៃ​សម្រាប់​ពួកយើង​រាល់គ្នា​នៅថ្ងៃនេះ ។ សូម​ក្មួយៗ សួរ​ខ្លួន ឯង​មើលថា តើ​យើង​អាច​នៅ​ឈរ​ឱបដៃ​ស្ងៀម​ចំពោះ​ការបាត់បង់​អត្តសញ្ញាណ​ជាតិ​ដូចជា​ជនជាតិ​ចាម​នៅ ភាគ កណ្ដាល​ប្រទេស​វៀតណាម​ដែរឬទេ ដែល​កាលនោះ​ធ្លាប់ជា​អតីត​អាណាចក្រ​ចម្ប៉ា តែ​បច្ចុប្បន្ន ពលរដ្ឋ ជាតិ​នេះ​នៅ មិនបាន​ប្រហែល​មួយ​សែន​នាក់​ផង ។​

​ខ្ញុំ​មានការ​ឈឺចាប់​ខ្លាំងណាស់​ពេល​បានទទួល​ដំណឹង​មក​ថា មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​កំពុងធ្វើការ​នៅ​ទីក្រុង ព្រៃនគរ ក៏ដូចជា​នៅតាម​សកល​វិទ្យាល័យ​នានា មិនបាន​ត្រឡប់​ទៅ​ស្រុក​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​របស់ខ្លួន ។ សង្ឃឹមថា ក្មួយ​នឹង​បានទទួល​ឆ្នាំ​ថ្មី​នៅក្នុង​វត្ត​ខ្មែរ​ដែល​នៅ​ជិត​កន្លែង​ដែល​ក្មួយៗ​រស់នៅ ។​

​ក្មួយៗ​មានការ​ឈឺចាប់​ទេ ខណៈដែល​ក្មួយៗ​កំពុង​រស់​នៅលើ​ដែនដី​កំណើត​របស់ខ្លួន តែ​មិនមាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់ខ្លួន ។ មាន​និស្សិត​មួយចំនួន​បាន​សុំច្បាប់​ដើម្បី​ចាត់តាំង​ពិធីបុណ្យ​ចូល ឆ្នាំ នៅតាម សកលវិទ្យា​ល័យ តែ​គេ​មិន​អនុញ្ញាត ។ ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្លួន​ជា​សិទ្ធិ​មួយ​ដែល​មនុស្ស គ្រប់គ្នា ត្រូវតែ​បានទទួល ។ មិន​នឹកស្មានថា ក្មួយៗ​មិនមាន​សិទ្ធិ​ដើម្បី​ទទួលបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំងនេះ ។ ព្រោះតែ​សិទ្ធិ មនុស្ស​ជា​មូលដ្ឋាន​ទាំងនោះ​របស់​ក្មួយ​ត្រូវបាន​បាត់ ទើប​ខ្មែរក្រោម នៅក្រៅ​ប្រទេស ក្រោម​ការដឹកនាំ របស់​សហ​ព័​ន្ ធ​ខ្មែរ​កម្ពុជា​ក្រោម បានទាមទារ​មិន​ឈប់​មិន​ឈរ ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ក្មួយៗ ។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ ពលរដ្ឋ​ខ្មែរក្រោម​ចេះ​ប្រើប្រាស់​អិន​ធើ​ណិ​ត និង​បណ្ដាញ​សង្គម ក្មួយៗ​បាន​បាន​ជ្រាប​អំពី សកម្មភាព របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កាន់តែច្បាស់ ។​

​មាន​ក្មួយ​មួយចំនួន​មាន​សេចក្ដីក្លាហាន​បាន​ផ្ញើ​សេចក្ដីរាយការណ៍​តាម​បណ្ដាញ​សង្គម​ស្ដីអំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​របស់​យើង ។ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​យក​ព័ត៌មាន​ទាំងនោះ ទៅជូន​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​អង្គ ការ​សហប្រជាជាតិ និង​ប្រទេស​ដែល​ស្រឡាញ់ យុត្តិធម៌ នៅលើ​ពិភពលោក ។ រដ្ឋាភិបាល​វៀតណាម​គ្មាន​វិធី សាស្ត្រ​សម្រាប់​បិទបាំង​នូវ​ការរំលោភ​សិទ្ធិមនុស្ស​លើ ពលរដ្ឋ​ខ្មែរក្រោម​ទៀត​ទេ និង​មិន​ចាត់ទុក​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ថា​ជា​ជា​ក្រុម​ប្រតិកិរិយា​ដើម្បី​បំបែកបំបាក់​រវាង ជនជាតិ​និង​ជនជាតិ នៅក្នុង​វៀតណាម​បានទេ ។

​ប្រសិនបើ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ​ដែល​មិន​ស្របច្បាប់ ដូច​អ្វីដែល​វៀតណាម​បាន​និយាយ នោះ ម្ល៉ោះ​សម ប្រទេស​មហាអំណាច​នានា ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង សហភាព​អ៊ឺរ៉ុប ជាពិសេស អង្គការសហប្រជាជាតិ នឹងមិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​បាន​ថ្លែងការណ៍ ស្ដីពី​បញ្ហា​វៀតណាម​រំលោភ​សិទ្ធិមនុស្ស លើ ខ្មែរក្រោម​ទេ ។ នោះ​ជាការ​ពិត​ដែល​បក្សកុម្មុយនិស្ត​វៀត​ណា​ម​មិន​ចង់ឃើញ​ទេ ។ រដ្ឋាភិបាល​វៀតណាមរ​ក គ្រប់ មធ្យោបាយ​ដើម្បី​រារាំង​មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ថ្លែងការណ៍​នៅ ក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ សហ ប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នា​បុរី New York ជា​រឿង​រាល់​ឆ្នាំ ។ វៀតណាម​បាន​បដិសេធ​ខ្មែរ ក្រោម​នៅ​កម្ពុជា​ក្រោម​ថា មិនមែនជា​ជនជាតិដើម​ទេ ហើយ​បាន​ប្រឆាំង​ចំពោះ​វត្តមាន​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា ក្រោម​ថា មិនមាន​សិទ្ធិ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម នៅក្នុង​អង្គការសហប្រជាជាតិ​ឡើយ ។ ទោះបី​ភាគី​វៀតណាម​ប្រឆាំង​ដោយ​គ្មាន​មូលហេតុ​យ៉ាងណាក៏ដោយ តែ​អង្គការសហប្រជាជាតិ​នៅតែ​អនុញ្ញាត​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែងការណ៍​ជា​រៀងរាល់ឆ្នាំ ព្រោះ​វៀតណាម​បំបិទមាត់​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម មិន ឲ្យ​មាន​សំឡេង ហើយ​មានតែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅក្រៅ​ប្រទេស​ទេ ដែលមាន​អាចមាន​លទ្ធភាព ពាំនាំ បញ្ហា ដែល​វៀតណាម​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ ។​

​ក្មួយៗ​មានការ​សង្ស័យថា ហេតុអ្វី​បានជា​ប៉ុន្មាន​ឆ្នាំ​មកនេះ វៀតណាម​មានការ​យក​ចិត្ត​ទុកដាក់​លើ​ខ្មែរក្រោម​ទេ ? ហេតុអ្វី​ពួកគេ​ត្រូវ​ចំណាយលុយ​រាប់លាន​ដូ​ល្លារ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​យើង ។ នោះ​មកពី​ពួកគេ​ខ្លា​ចការ ពិត ។ វៀតណាម​គិតថា ប្រសិនបើ​ពួកគេ​ឲ្យ​លុយ ឲ្យ​បុណ្យ​សក្ដិ៍​ប​ន្តិ​បន្តួច​ដល់​ពលរដ្ឋ​ខ្មែរក្រោម​យើង ៗ​នឹង​ភ្លេច​នូវ អ្វីដែល​បាន​ពួកគេ​បានធ្វើ​មកលើ​ខ្មែរក្រោម​យើង ។ គេ​គិតថា យើង​នឹង​ជាប់ជំពាក់​គុណ​គេ ។ ដូច្នេះហើយ បានជា ប៉ុន្មាន​ឆ្នាំ​មកនេះ ក្មួយៗ​ពិតជា​បានឮ​នូវ​ពាក្យឃោសនា​របស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ច្រំ​ដែលៗ​ថា ៖

• ជីវភាព​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​យើង​មានការ​រីកចម្រើន​ជា​លំដាប ។​
• រដ្ឋាភិបាល​បាន​សង់ផ្ទះ​មេត្តាធម៌​ជូន​ដល់​គ្រូ​សារ​ក្រីក្រ ។​
• រដ្ឋាភិបាល​ចាត់តាំង​ពិធី​ប្រណាំងទូក ង នៅ​ខេត្ត​ឃ្លាំង និង​មាត់ជ្រូក ។​
• និង ចាត់តាំង​កម្មវិធី​បុណ្យប្រពៃណី​ខ្មែរ​មួយចំនួនទៀត ។​

​ក្មួយៗ​គិត​មើល ប្រសិនបើ ក្មួយៗ​មាន​សេរីភាព​ដូច​ប្រទេស​នៅ​លោកខាងលិច ក្មួយៗ​នឹងមាន​សិទ្ធិ​សម្រេច​វាសនា ធ្វើ​នូវ​អ្វីដែល​ក្មួយ​ចង់​ធ្វើ ក្មួយៗ​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​រៀបចំ​ពិធីបុណ្យ​ប្រពៃណី​ផ្សេងៗ ដោយ មិនចាំបាច់​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​វៀតណាម​ឡើយ ដែល​វា​ធ្វើ​ឲ្យ​ក្មួយៗ​មាន​សេចក្ដី​រីករាយ​ខ្លាំង​ជាង​អ្វី ដែល​រដ្ឋាភិបាល​វៀតណាម​រៀបចំ​សព្វថ្ងៃ​រាប់ពាន់​ដង ។ កាលពី​សម័យ​ដើម ពលរដ្ឋ​ខ្មែរក្រោម​មិនចាំបាច់​មាន​អ្នក ណា​មក​ដឹកនាំ​រៀបចំ​កម្មវិធី​បុណ្យប្រពៃណី​ជំនួស​យើង​ទេ យើង​ធ្វើ​ដោយ​ខ្លួន​យើង មិនចាំបាច់​សុំច្បាប់​អ្នកណា​ទេ ទោះបី​ពេលនោះ នៅ​មិនទាន់មាន​មធ្យោបាយ​ប្រើប្រាស់​ទំនើប​ដូច​សព្វថ្ងៃ​នេះ ក៏ដោយ តែ​រាល់​កម្មវិធី​បុណ្យ ប្រពៃណី​របស់​ខ្មែរក្រោម​យើង​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ។ ម្យ៉ាងទៀត ពលរដ្ឋ​ខ្មែរក្រោម​យើង ធ្វើ​ដោយ ខ្លួនឯង មិនចាំបាច់​មាន​អ្នក​ជួយ​ទេ ហើយ​ជីវភាព​រស់នៅ​វិញ ក៏​សម្បូរ​ណ៍ស​ប្បាយ​ផងដែរ ។​

​បច្ចុប្បន្ននេះ ទោះបី​រដ្ឋាភិបាល​វៀតណាម​អះអាងថា ខ្លួន​បាន​យកចិត្តទុកដាក់​លើ​ខ្មែរក្រោម​យ៉ាងណាក៏ដោយ មានតែ​ក្មួយៗ​មួយចំនួន​ដែល​គ្រួសារ​ធូរធា​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ចូលរៀន​នៅ​សាលា​មហាវិទ្យាល័យ ពេល រៀន​ចប់​រក​ការងារ​ធ្វើ​មិនបាន​ទៀត ។ មួយ​ភាគ​ធំ នៃ​សិស្ស​ខ្មែរក្រោម​ត្រូវ​បោះបង់ចោល​សាលា ឆ្ងាយ​ពី​ម្ដាយ​ឱ​ពុក ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការធ្វើ​នៅតាម​រោងចក្រ ។ ពី​ហេតុ​នោះ​ហើយ បានធ្វើ​ឲ្យ​ក្មួយៗ​ឆ្ងាយ​ពី​វប្បធម៌ ប្រពៃណី ជាតិ​ខ្លួន​បន្តិច​ម្ដងៗ និង​ភាសា​របស់ខ្លួន​ក៏​និយាយ​លែង​បានដែរ ។ អ៊ំ​ឈឺចាប់​ណាស់ ពេលដែល​សរសេរ​លិខិត នេះ​ជូន​ដល់​ក្មួយៗ ចាំបាច់​ត្រូវ​សរសេរ​ប្រែ​ទៅជា​ភាសា​យួន​មួយទៀត ។​

​ក្មួយៗ​ជាទី​មេត្រី ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់​នៅក្រៅ​ប្រទេស​បាន​ចូលរួម​ជាមួយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ក្មួយៗ និង​ពលរដ្ឋ​ខ្មែរក្រោម​បានទទួល​សិទ្ធិ​ជា​មូលដ្ឋាន ដែល​បានដាក់​បញ្ចូល​ក្នុង សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​រដ្ឋាភិបាល​វៀតណាម​ជា​ប្រទេស​ហត្ថ លេ​ខី ។ ដូច្នេះ ក្មួយៗ​ទាំងអស់​ត្រូវ​ប្រកបដោយ​គំនិត​ភ្លឺស្វាង​ដឹង​ច្បាស់​ការពិត ចៀសវាង​លង់​ក្នុង​គោលនយោបាយ ឃោសនា​បំភ័ន្ត​សតិ​មនុស្សជាតិ ។ ក្មួយៗ​គួរ​ពន្យល់​ដល់​ម​ន្រី្ត​ខ្មែរក្រោម​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម អំពី អ្វីដែល​អ៊ំ​បាន​សរសេរ​ក្នុង​សារលិខិត​នេះ ដើម្បី​ពួកគាត់​យល់ថា ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​បាន ចូលរួម ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្មាន​នរណាម្នាក់​មានគំនិត​ដណ្ដើម​អំណាច ដូច​ពួកគេ​បាន​ឃោសនា នោះទេ ។​

​ក្នុងនាម​យើង​ជា​ខ្មែរក្រោម​ទាំងអស់ ប្រសិនបើ​មិនបាន​ជួយ​អ្វី​សោះ​ដល់​ពលរដ្ឋ​យើង មេត្តា​កុំ​ជួយ​ដល់​គេ​ធ្វើការ គាបសង្កត់​មកលើ​ពលរដ្ឋ​ខ្លួនឯង ។ ផ្ទុយទៅវិញ ប្រសិនបើជា​បក្សកុម្មុយនិស្ត​យួន​ពិតជា​ល្អ ជាមួយ​ពួក​មន្ត្រី​ដែល មានកំណើត​ជា​ខ្មែរក្រោម​នោះ ពេលដែល​មន្ត្រី​វៀតណាម​កំណើត​ខ្មែរក្រោម​ចេញទៅ​ធ្វើ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស រដ្ឋាភិបាល​វៀតណាម​មិនចាំបាច់​ដាក់​មនុស្ស​តាមឃ្លាំមើល​ជាប់​មិន​ដាច់​នោះទេ ។ ក្មួយៗ​និយាយប្រាប់​ពួកគេ​ទៅ គាត់​នឹង​យល់ ហើយ​ពួកគេ​អាច​និយាយ​កុហក់​យើង ប៉ុន្តែ​មិនអាច​កុហក់​ខ្លួនឯង​បានឡើយ ជាពិសេស​ពួកគាត់ ក៏​ជា​ខ្មែរក្រោម ដែរ ។​

​ក្មួយៗ​ត្រូវ​ចាំ​ថា ជាទូទៅ​ខ្មែរក្រោម​យើង គោរព​ជំនឿ​ព្រះពុទ្ធសាសនា យើង​មិន​ប្រព្រឹត្ត​អំពើហិង្សា មិន​ប្រើ​កម្លាំង បាយ មិន​ចងគំនុំ យើង​គ្រាន់តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិមនុស្ស ។ ដូច្នេះ ក្មួយៗ​មិនត្រូវ ភ័យខ្លាច ពី​ការ បញ្ចេញមតិ​របស់ខ្លួន​ឡើយ ។ វៀតណាម​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ សហ​ប្រជា ជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស ហើយក៏​ជា​ពេលវេលា​ដែល​វៀតណាម​ត្រូវតែ​គោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស វៀត ណា​ម ។​

​ជា​អវសាន អ៊ំ​សូម​ប្រសិទ្ធិ​ពរ​ជូន​ដល់​ក្មួយៗ ព្រមទាំង​គ្រួសារ​បានទទួល​នូវ​សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មី និង​សិទ្ធិមនុស្ស ពេញលេញ​នៅលើ​ដែនដី​កំណើត​របស់ខ្លួន ។​

​ពី​ខ្ញុំ​
​ចៅ រៀប​
​ប្រធានសភា​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​

Leave A Reply

Your email address will not be published.