អ្នកបុរាណវិទ្យាលើកឡើងថា មិនត្រូវស្ដារ និងចាក់ច្រាំងថ្ម នៅស្រះគូ

153

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អ្នក​បុរាណវិទ្យា​បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាម​មិនត្រូវ​ចាក់​ប៉េ​តុង ឬ ថ្ម​ដើម្បី​ធ្វើជា​ច្រាំង​នៅ ជុំវិញ​ស្រះ​គូ ដែលជា​ស្រះ​បុរាណ​មួយ​របស់​ខ្មែរ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ទេ និង មិនត្រូវ​ស្ដារ​ស្រះ​នេះ ឡើងវិញ ឡើយ ព្រោះ​វា​នឹង​នាំ​ឲ្យ​បាត់​ទ្រង់ទ្រាយ​ដើម​នៃ​បុរាណ​ដ្ឋា​ន ប្រសិនបើ​ពលរដ្ឋ​ខ្មែរក្រោម ចង់​ស្នើ​ដាក់​ស្រះ​គូ​ឲ្យ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ UNESCO ។

​លោក លឹម ថេ​ង ហាក់ ​​អតីត​និស្សិត​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រមហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សា​កល​វិទ្យាល័​យភូមិន្ទ​វិចិត្រ​សិល្បៈ​​ ​។ រូបថតៈ ស៊ឺន ចែងចើន
​លោក លឹម ថេ​ង ហាក់ ​​អតីត​និស្សិត​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រមហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សា​កល​វិទ្យាល័​យភូមិន្ទ​វិចិត្រ​សិល្បៈ​​ ​។ រូបថតៈ ស៊ឺន ចែងចើន

​លោក លឹម ថេ​ង ហាក់ ជា​អ្នក​បុរាណវិទ្យា​ខ្មែរក្រោម​ម្នាក់​នៅ​ប្រទេស​កម្ពុជា និង​សព្វថ្ងៃ​កំពុងតែ​ធ្វើ ការ​នៅ​ប្រទេស​កូរ៉េ បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា រដ្ឋាភិបាល​វៀតណាម​មិនត្រូវ​ធ្វើ ច្រាំង​ប៉េ​តុង ឬ​ថ្ម​នៅ​ជុំវិញ​ស្រះ​គូ​ទេ ។ លោក​ថា ការធ្វើ​បែបនេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​បុរាណ និង​ថា ក្រោយពី​ការចាក់​ប៉េ​តុង ឬ ថ្ម​នៅ​ជុំវិញ ស្រះ​គូ​នឹងត្រូវ​ក្លាយទៅជា​របស់​កែច្នៃ ឬ​ជា​ស្រះ កាឡៃ លែង​នៅ​ជា​របស់បុរាណ​ទៀតហើយ ។

​ករណី​ស្រះ​គូ​ត្រូវ​គោក​វិញ អ្នក​បុរាណវិទ្យា​រូបនេះ​លើកឡើងថា មិនត្រូវ​ស្ដារឡើងវិញ​ឡើយ មុនពេល ដាក់​សំណុំរឿង​ទៅ​អង្គការ UNESCO ធ្វើការ​សិក្សា​ដើម្បី​ទទួលស្គាល់ថា​ជា​សម្បត្តិ​បេតិកភណ្ឌ របស់​មនុស្សជាតិ ។ លោក​លើកឡើងថា វត្ថុ​នីមួយៗ​ដែល​អង្គការ UNESCO ទទួលស្គាល់ថា​ជា សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នោះ ត្រូវមាន​លក្ខណសម្បត្តិ​ជាច្រើន ក្នុងនោះ ទីមួយ​ត្រូវ​រក្សា នូវ​ទ្រង់ទ្រាយ​ដើម ទី​ពីរ មិនត្រូវ​កែ​ច្ឆៃ ឬ ធ្វើ​ឲ្យ​ខូច​នូវ​ទ្រង់ទ្រាយ​ដើម ព្រោះថា កាលណា​ខូច​ទ្រង់ ទ្រាយ​ដើម វា​លែង​ទៅជា​របស់បុរាណ​ទៀតហើយ ។

​សូម​អញ្ជើញ​ស្ដាប់​ការបកស្រាយ​របស់ លោក លឹម ថេ​ង ហាក់ ៖

សូមបញ្ជាក់ថា អង្គការ​សិក្សា​វិទ្យាសាស្ត្រ​អប់រំ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ជា ភាសា​អង់គ្លេស​ថា UNESCO ជាទី​ភ្នាក់ងារ​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​បាន​បង្កើត ឡើង​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ក្នុងគោលបំណង​បង្រួបបង្រួម​ឲ្យ​មាន​សន្តិភាព ស្ថេរភាព ដោយ​លើកកម្ពស់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ អប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ ជាពិសេស ការគោរព​ជាស​កល ដើម្បី​ឲ្យ​មាន​យុត្តិធម៌ មានការ​គោរព​ច្បាប់ និង​សិទ្ធិមនុស្ស​សម្រាប់​មនុស្ស​ជាតិ ទូទាំង​ពិភពលោក ដោយ​មិន​ប្រកាន់ពូជសាសន៍ ភេទ ភាសា និង សាសនា ។ នេះ​បើ​យោងតាម អនុសញ្ញា​នៃ​ការបង្កើត​អង្គការ UNESCO ។​

សព្វថ្ងៃ UNESCO មាន​ប្រទេស​ចំនួន ១៩៥ ជា​សមាជិក និង ប្រទេស​ចំនួន ៩ ជា អ្នក​សង្កេត ការណ៍ ។ ទីស្នាក់ការ​កណ្ដាល​រប​ស់ UNESCO នៅ​ទីក្រុង Paris ប្រទេស​បារាំង និង​មានកា​រិ​យា ល័យ វិទ្យាស្ថាន និង​មជ្ឈមណ្ឌល​ប្រមាណ​ជាង ៥០ នៅ​ទូទាំង​ពិភពលោក ។ ការិយាល័យ នីមួយៗ​របស់ UNESCO ធ្វើការ​ជាមួយ​ប្រទេស​ចំនួន ៣ ឬ​ច្រើនជាង​នេះ នៅតាម​តំបន់​នីមួយៗ ។​

​គម្រោងការ​ដ៏​ល្បី​របស់ UNESCO គឺ​ការ​ដាក់ចូល​បញ្ជី​នូវ​បេតិកភណ្ឌ​ពិភពលោក​ដូចជា ជីវ​មណ្ឌល បម្រុង បេតិកភណ្ឌ​ឯកសារ​ពិភពលោក រមណីយដ្ឋាន​ភូមិសាស្ត្រ​សកល និង​បេតិកភណ្ឌ​អរូបី ជាដើម របស់​មនុស្សជាតិ ។​

​សព្វថ្ងៃ​ប្រទេស​វៀតណាម វត្ថុ និង​ទីតាំង​ចំនួន ៨ ដែល​អង្គការ UNESCO បាន​ទទួលស្គាល់ថា បេតិកភណ្ឌ​ពិភពលោក ក្នុងនោះ មាន​ល្បែង​ទាញ​ប្រាត់​មួយ​ដែរ ដែល​ពលរដ្ឋ​ខ្មែរក្រោម តែងតែ​លេង ក្នុង​ថ្ងៃ​បុ​ណ្យ​ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល​វៀតណាម​ថា នោះ​ជា​របស់​ជនជាតិ​យួន​ទៅវិញ ។​

សូម​បញ្ជាក់ដែរថា នៅពេល​ថ្មីៗ​នេះ មន្ទីរ​វប្បធម៌​ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​វៀតណាម បាន​លើក ឡើង​ថា ខ្លួន​មាន​គម្រោង​ស្ដារ​ស្រះ​គូ ឡើងវិញ ហើយនឹង​ធ្វើ​ច្រាំង​ថ្ម​នៅ​ជុំវិញ​ស្រះ បន្ទាប់ពី​ស្រះ បុរាណ​របស់​ខ្មែរ​មួយ​នេះ ត្រូវ​រីង​គោក​នៅក្នុង​ខែមីនា​នេះ ។​

​កាលពី​ថ្ងៃទី ១៣ ខែមីនា ព្រះសង្ឃ និង​ក្រុមយុវជន​ខ្មែរក្រោម​មួយក្រុម​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រះ​គូ និង​បានដាក់​ញត្តិ​មួយ​ទៅ​មន្ទីរ​វប្បធម៌​យួន​ខេត្ត​ព្រះ​ត្រពាំង សំណូមពរ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ស្ដារ ស្រះ​ឡើងវិញ និង​មិន​ឲ្យ​ធ្វើ​ច្រាំង​ថ្ម​ជុំវិញ​ស្រះ ។​

​សូមបញ្ជាក់ ស្រះ​គូ ឬ គូ​ស្រះស្រី បាន​ជីក​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងសម័យ​ចេនឡា ជា រមណី យ​ដ្ឋា​ន​ល្បី ឈ្មោះ​មួយ​ស្ថិតនៅ​ក្នុងភូមិ​តា​គូ ឃុំ​សំរោង ស្រុក កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដី​កម្ពុជា​ក្រោម ។ សព្វថ្ងៃ ទីតាំង​របស់​ស្រះ​គូ ត្រូវ​រដ្ឋា ភិ​បាល​វៀតណាម​ប្ដូរ​អាសយដ្ឋាន​ថ្មី​ទៅជា សង្កា​ត់ទី ៣ ខណ្ឌ​ទី ៨ ទីក្រុង ព្រះ​ត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះ​គូ នៅជាប់​នឹង​វត្ត​អង្គរ​រាជបុរី (​អង្គ​) និង​សារមន្ទីរ​ខ្មែរ ខេត្ត ព្រះ​ត្រពាំង ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ព្រះ​ត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយ​ជាតិ លេខ ៥៣ ។ ស្រះ​គូ មាន​ទំហំ​ទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េ​ត្រ ក្នុង​បរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដី​ស្រះ​ប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅ​ជុំវិញ​បរិវេណ​ស្រះ មាន​ដើម ឈើទាល និង​គគីរ​ដែលមាន​អាយុកាល​រាប់រយ​ឆ្នាំ ដោយមាន​ឫស​គង​នៅ​លើដី​កម្ពស់​ជិត ២ ម៉េ​ត្រ បង្កើត ទៅជា​ទេសភាព​ធម្មជាតិ​មួយ​យ៉ាង​ស្រស់ត្រកាល ។​

​ឆ្នាំ ១៩៩៦ បរិវេណ​វត្ត​អង្គ និង​ស្រះ​គូ ត្រូវបាន​ក្រសួង​វប្បធម៌ និង​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត វៀត ណា​ម​ទទួលស្គាល់ថា​ជា “​កេរដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិ​” របស់​ប្រ​ទេ​វៀតណាម ។ ស្រះ​គូ ជាទី​កំសាន្ត និង​កន្លែង​សម្រាប់​ចាត់តាំង​បុណ្យជាតិ សំខាន់ៗ​របស់​ពលរដ្ឋ ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ដូចជា ពិធីបុណ្យ​អកអំបុក និង ពិធីបុណ្យ​ចូលឆ្នាំ ជាដើម ៕

Comments are closed.