សិប្បកម្ម​តម្បាញ​សូត្រ​របស់​អ្នកស្រុក​ក្របៅ នៅ​ខេត្ត​មាត់ជ្រូក​

0 270

អត្ថបទ និង​រូបថត​ផ្ដល់​ដោយ​ពលរដ្ឋ​​ ពី​កម្ពុជាក្រោម

អ្នក​ប្រកបរបរ​តម្បាញ​ក្រមា កន្សែង សំពត់ និង​ផលិត​ផល​ផ្សេង​ៗ ទៀត ធ្វើ​ពី​សូត្រ​ដែល​ជារ​បរ​ប្រពៃណី​បន្សល់ទុក​តាំងពីដើមមក​របស់​អ្នកភូមិ​ត្រ​ពាំង​ជ្រូវ​ ឃុំ​វាំង​យ៉ាវ ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក នៃ​ដែនដី​កម្ពុជាក្រោម ។ បើ​ទោះជា ពេលនេះ​កំពុង​ប្រឈម​ នឹង​ការ​ខ្វះខាត​ខាង​វត្ថុធាតុដើម និង​មិនសូវ​មាន​ទីផ្សារ​ក្តី ក៏​អ្នក​ប្រកបមុខរបរ​តម្បាញ​មួយ​នេះ​ នៅតែ​ខិតខំ​បន្ត​រក្សា​កេរ​តំណែ​លដូន​តា​បន្ស​លទុក​មក និង​ដើម្បី​ជួយ​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ ទើប​ខំព្យាយាម​ធ្វើការ​នេះ ។

សិប្បកម្ម​តម្បាញ​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ភូមិ​ត្រ​ពាំង​ជ្រូវ​ ឃុំ​វាំង​យ៉ាវ ស្រុក​ក្របៅ​ខេត្ត​មាត់ជ្រូក មាន​តាំងពី​យូរយារណាស់មកហើយ ដែល​ជារ​បរ​ប្រពៃណី​បន្សល់ទុក​តាំងពីដើមមក​ ។ គ្រួសារ​អ្នកភូមិ​ត្រ​ពាំង​ជ្រូវ​ ដែល​ប្រកបមុខរបរ​មួយ​នេះ បាន​បង្ហាត់បង្រៀន​ទៅ​ដល់់​ក្រុម​ស្រ្តី​ក្មេង​ នៅក្នុង​ភូមិ​ឲ្យ​ចេះ​ធ្វើ​របរ​មួយ​នេះ​តៗ គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ មករ​ហូត​ដល់ពេល​បច្ចប្បន្ន​នេះ ។ ចំណែក​ផលិតផល​ដែល​ពួក​គាត់​​ផលិត​នោះ មាន​ដូចជា ​ស្រុង ក្រ​ម៉ា សំពត់ និង​ផលិត​ផល​ផ្សេង​ៗ ទៀត​ធ្វើ​ពី​សូត្រ សម្រាប់​កាត់​ជា​ស្លៀក​បំពាក់​បុរស នារី​ តាម​បែប​ប្រពៃណី​ខ្មែរ​ជាដើម ។

ស្ត្រីជា​ជាងតម្បាញ​ម្នាក់ បាន​ឲ្យដឹង​ថា របៀប​ត្បាញ​មានការ​លំបាក​ច្រើន និង​ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​ ទម្រាំ​បានសម្រេច ត្រូវ​ចំណាយពេល​វេលា​យូរថ្ងៃ ។ ចំណែក​វត្ថុធាតុដើម ដែល​ពួក​គាត់​បាន​ជ្រើស​យក​ធ្វើជា​គ្រឿង​តម្បាញ​មាន​ ដូចជា​សូត្រ ទឹក​ពណ៌​គ្រប់​ប្រភេទ​ជាដើម ។ ហើយ​វត្ថុធាតុដើម​អស់ទាំង​នោះ គឺ​ពួក​គាត់​បាន​ទិញ​ពីទី​ក្រុង​ព្រៃនគរ​ ។

ជាដំបូង​ពួក​គាត់​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​សូត្រ និង​ទឹក​ពណ៌​ជ្រលក់​ដែល​មានគុណ​ភាព​ខ្ពស់​ ទៅតាម​បំណង​របស់​ពួក​គាត់ ដែល​ចង់​ផលិត​ឲ្យ​ចេញ​ជា ផលិតផល​ណាមួយ បន្ទាប់មក​ពួក​គាត់​បាន​យក​សូត្រ​អស់ទាំង​នោះ​ ទៅ​ជ្រលក់​ពណ៌ ។ រី​ឯការ​ជ្រលក់​ពណ៌​បាន​រៀប​ជា ៣ ​ពណ៌​ផ្សេង​ពីគ្នា ក្រោយពេល​បាន​ជ្រលក់​ពណ៌​រួច ពួក​គាត់​យក​សូត្រ​ទាំងអស់​ទៅ​ហាលឲ្យស្ងួត​ ហើយ​ចាប់ផ្តើម​យក​មក​ត្បាញ​ឲ្យ​ទៅជា​ផ្ទាំង​សំពត់​ធំ​មួយ ដែល​មាន​រូបភាព និង​ក្បាច់រចនា​ដ៏​ស្រស់​ស្អាត​ទៅតាម​លក្ខណៈ​ប្រពៃណី​ និង​វប្បធម៌​ខ្មែរ ។

សំពត់​នោះ​មួយ​ផ្ទាំង​មាន​ទទឹង ៩ តឹក និង​បណ្តោយ​បី​ម៉ែត្រ​ ២ ​តឹក​ គឺ​ពួក​គាត់​ត្រូវ​ចំណាយពេល​ចន្លោះ​ពី ៣ ទៅ ៥ ថ្ងៃ​ទើប​ត្បាញ​ហើយ​ក្នុង​សំពត់​មួយ​ផ្ទាំង​ ។ ចំពោះ​ការ​ដាក់​លក់​ចេញទៅ​កាន់​ទីផ្សារ​មានតម្លៃ ចាប់ពី ១ លាន​ទៅដល់ ១ លាន ២០ ម៉ឺន​ដុង​ ក្នុង ១ ផ្ទាំង​សំពត់ ។

ស្ត្រីជា​ជាងតម្បាញ​ម្នាក់ទៀត ឈ្មោះ នាង សាវើ​ន ឲ្យដឹង​ថា តម្លៃ​ដែល​អាច​លក់​បាន​ថ្លៃ​នោះ​ អាស្រ័យ​ទៅលើ​គុណភាពនៃ​សាច់សំពត់​ និង​ក្បូរក្បាច់​រចនា ដែល​ពួក​គាត់​បាន​ត្បាញ នៅ​លើ​ផ្ទាំង​សំពត់​នោះ មាន​ពណ៌​ស្រស់​ល្អ​ ​ពួក​គាត់​អាច​លក់​បាន​តម្លៃ ២ លាន​ដល់ ៣ លាន​ដុង ស្មើ និង ២០០​$ ដល់ ២៥០​$ ។ ស្រ្តី​រូប​នេះ បាន​ត្អូញ​ត្អែ​ផងដែរ ​អំពី​រឿង​ទីផ្សារ​លក់​ចេញ​ផលិតផល​របស់​ពួក​គាត់​ ដោយ​ថា ការ​តម្បាញ​ដោយដៃ ប្រើប្រាស់​កម្លាំង​ពលកម្ម និង​ចំណាយពេល​វេលា​ច្រើន​ រី​ឯប្រាក់ចំណូល​បាន​តិច គួបផ្សំ​មិនសូវ​មាន​ទីផ្សារ​ផង ។ ចំណែក​វត្ថុធាតុដើម ដែល​ពួក​គាត់​បាន​ទិញ​មក​តម្បាញ​នោះ​ គឺ​មានតម្លៃ​ថ្លៃ ។

ក្រៅពី​ការ​លក់​ផលិតផល​ជា​ផ្ទាំង​សំពត់ គឺ​ពួក​គាត់​បាន​យក​ផ្ទាំង​សំពត់​ផ្សេង​ មក​កាត់​ធ្វើជា​ស្រុង​ ក្រ​ម៉ា និង​អាវ​បុរស និង​នារី​ខ្មែរ​គ្រប់​ប្រភេទ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ និង​ក្រៅ​ស្រុក ។ ផលិតផល​របស់​អ្នកភូមិ​ត្រ​ពាំង​ជ្រូវ ក៏ត្រូវបាន​គេ​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេសមួយ​ចំនួនផង​ ដូចជា ​កម្ពុជា បារាំង សហ​រដ្ធ​អាមេរិក និង​អឺរ៉ុប តា​មរ​យៈភ្ងៀវ ​ដែល​បាន​អញ្ជើញ​មក​ទេសចរណ៍​ នៅ​តាម​បណ្តា​ខេត្តនានា នៅ​ដែនដី​កម្ពុជាក្រោម ។

បើ​តាម នាង​ សាវើ​ន ស្ត្រីជា​ជាងតម្បាញ​ដដែល​រូប​នេះ​ ឲ្យដឹង​ទៀត​ថា ក្រៅពី​ការងារ​ជាជាង​តម្បាញ​ អ្នកស្រី​ក៏​ជា​គ្រូបង្ហាត់​បង្រៀន​នូវ​ជំនាញ​ជា​អ្នក​តម្បាញ​ដល់​ស្រ្តី​ខ្មែរ​ជាច្រើន​នាក់​ នៅក្នុង​ភូមិ​នេះ​ផង​ដែរ ។ យ៉ាងនេះ​ក្តី អ្នកស្រី​បន្ត​ថា ស្ត្រី​សម័យ​បច្ចុប្បន្ន​ខុសពី​មុន​ ​ពួក​គាត់​មិនសូវ​ចាប់អារម្មណ៍​ទេ​ទៅលើ​ការ​តម្បាញ ។ ដូច្នេះហើយ ទើប​ពួក​គេ​​ភាគច្រើន​ត្រូវ​បង្ខំចិត្ត​បោះបង់​របរ​មួយ​នេះ ហើយទៅ​ចាប់​យក​របរ​ផ្សេង​ជំនួស​វិញ ។ ទោះបី​យ៉ាងណា ដោយសារតែ​ចំណង់​ចំណូលចិត្ត និង​ជា​កេរ​តំណែ​លដូនតា​របស់​អ្នកស្រី​បន្សល់ទុក​មក​ និង​ជួយ​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ទើប​អ្នកស្រី​ខំព្យាយាម​ធ្វើការ​នេះ ។

សិប្បកម្ម​តម្បាញ​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ភូមិ​ត្រ​ពាំង​ជ្រូវ​ បើ​ទោះជា​ពុំ​មាន​ចំណូល​ខ្ពស់​ក៏​ពិតមែន ប៉ុន្តែ មុខរបរ​មួយ​នេះ បានចូល​រួម​ចំ​ណែក​​ជួយ​ដោះស្រាយដល់​បញ្ហា​ភាព​ក្រីក្រ​ របស់​ពលរដ្ឋខ្មែរ​ក្រោម បាន​ច្រើនគ្រួ​សារផងដែរ​ ហើយ​ពួក​គាត់​នៅតែ​តាំងចិត្ត​ថា នឹង​ថែរក្សា​នូវ​របរ​ប្រពៃណី​មួយ​នេះ​ ឲ្យ​ឋិតថេរគង់​វង់​តរៀងទៅ ៕

​;

Leave A Reply

Your email address will not be published.