ក្រឡេកមើល កម្ពុជាក្រោម ឆ្នាំ ២០១៩
ដោយ ថាច់ ប្រីជា គឿន
នៅក្នុងខែមេសា កម្មករខ្មែរក្រោមដែលធ្វើការនៅក្នុងទីក្រុងព្រៃនគរ បានរួមគ្នាចុះហត្ថលេខានៅលើញត្តិរួមមួយ ស្នើទៅក្រុមហ៊ុន និង រោងចក្រដែលខ្លួនកំពុងធ្វើការ ដើម្បីសុំឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំរបស់ខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ តែកម្មករទាំងនោះ មិនត្រូវបានរោងចក្រអនុញ្ញាតឲ្យឈប់តាមសំណូមពរឡើយ ។
យោងតាមញត្តិរួមមួយ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ តំណាងដោយ លោក ថាច់ កឿង បានផ្ញើទៅ ប្រធានសហជីពពលកម្មវៀតណាម នៅទីក្រុងព្រៃនគរ ឲ្យស្នើទៅក្រុមហ៊ុន និង រោងចក្រទាំងអស់នៅក្នុងទីក្រុងព្រៃនគរ និង នៅទូទាំងដែនដីកម្ពុជាក្រោម អនុញ្ញាតឲ្យកម្មករខ្មែរក្រោម បានឈប់សម្រាក ៤ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ជារៀងរាល់ឆ្នាំ ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានដំណោះស្រាយពីរដ្ឋាភិបាលវៀតណាម និង ក្រុមហ៊ុន នៅឡើយ ។ តំណាងកម្មករនៅកម្ពុជាក្រោម បានប្រកាសថា ពួកគេនឹងបន្តទាមទាររហូតដល់រដ្ឋាភិបាលវៀតណាមចេញច្បាប់ឲ្យមានថ្ងៃឈប់សម្រាកក្នុងថ្ងៃបុណ្យឆ្នាំខ្មែរ និង ថ្ងៃបុណ្យសែនដូនតា របស់ខ្លួន ។
នៅថ្ងៃទី ១៥ និង ១៦ ខែឧសភា អាជ្ញាធរយួន នៃ ខេត្តព្រះត្រពាំង បានចេញលិខិតកោះហៅ លោក តូ ហ្វាង ចឿង ជាយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ឃុំមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ទៅសួរចម្លើយ បន្ទាប់ពីយុវជនរូបនេះ និង យុវជនផ្សេងទៀត បានពាក់អាវយឺតខ្មែរក្រោម ដែលមានដាក់អក្សរ «៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» ដើម្បីរំឭកដល់ថ្ងៃដែលបារាំង បានផ្ទេរ ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ដែលមានទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ឲ្យទៅយួនបន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
លោក តូ ហ្វាង ចឿង បានយល់ព្រមទៅទីស្នាក់ការនគរបាលយួន បន្ទាប់ពីគាត់បានបដិសេធជាច្រើនលើក ។ អាជ្ញាធរយួនបានគំរាម និង បង្ខំឲ្យ លោក តូ ហ្វាង ចឿង ចុះហត្ថលេខាសន្យាថា នឹងឈប់ពាក់អាវយឺត ដែលមានដាក់អក្សរ «៧០ ឆ្នាំ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន» តទៅទៀត ។
នៅថ្ងៃទី ២១ ខែឧសភា ព្រះតេជព្រះគុណ ថាច់ ធឿន ជាអតីត ព្រះគ្រូពហូស្សូត នៃ វត្តសិរីតាសេក ឋិតនៅក្នុង ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរយួនដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីព្រះអង្គ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់ពន្ធនាគារអស់រយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ មក ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះសង្ឃខ្មែរក្រោមមួយអង្គទៀត ជាព្រះចៅអធិការ វត្តសិរីតាសេក ព្រះតេជព្រះគុណ លីវ នី ត្រូវអាជ្ញាធរយួន ចាប់ផ្សឹក នៅក្នុងព្រឹត្តិការណ៍មួយ ដែលអាជ្ញាធរយួនបានបង្ក្រាបព្រះសង្ឃខ្មែរក្រោមយ៉ាងព្រៃផ្សៃ កាលពីឆ្នាំ ២០១៣ ។ ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទទាក់ទងខ្មែរក្រោម នៅក្រៅប្រទេស និងផ្ដល់ព័ត៌មានឲ្យ វិទ្យុអាស៊ីសេរី និងសមាគមខ្មែរកម្ពុជាក្រោមនៅបរទេស មានសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ។ ចំណែក ព្រះតេជព្រះគុណ លីវ នី ជាព្រះចៅអធិការវត្តសេរីតាសេក ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទមិនព្រមផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន តាមបញ្ជារបស់អាជ្ញាធរយួន ។ ក្រៅពីនេះ ពលរដ្ឋខ្មែរក្រោម ២ រូបទៀត គឺលោក ថាច់ ភូមិរិទ្ធ ត្រូវជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង លោក ត្រា វណ្ណថា ត្រូវជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ «ចាត់តាំងនាំមនុស្សរត់ភៀសខ្លួនចេញទៅប្រទេសកម្ពុជា» គឺបាននាំ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី គេចចេញពី វត្តសិរីតាសេក ដើម្បីឆ្លងដែនចូលប្រទេសកម្ពុជា ខណៈដែលអាជ្ញាធរយួនកំពុងឡោមព័ទ្ធ វត្តសិរីតាសេក កាលពីឆ្នាំ ២០១៣ ។
នៅក្នុងខែមិថុនា ពលរដ្ឋខ្មែរក្រោម នៅទីរួមខេត្តព្រះត្រពាំង បានទាមទារឲ្យអាជ្ញាធរយួនសងសំណងថ្លៃដីស្រែចម្ការរបស់ខ្លួន ដែលពួកគាត់ចាត់ទុកថា អាជ្ញាធរយួនបានរឹបយកទៅធ្វើជាព្រែកសាធារណៈ កាលពីឆ្នាំ ១៩៨៤ ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរយួន នាពេលបច្ចុប្បន្ន បានលុបព្រែកនេះ ហើយពុះជាដីឡូត៍លក់ដើម្បីយកលុយ ។ អាជ្ញាធរយួនបានឆ្លើយតបថា ខ្លួននឹងមិនពិនិត្យឡើងវិញនូវសំណើរបស់ម្ចាស់ដីទេ ។
យោងតាមលិខិតស្នើលើកទី ៣ របស់ លោកយាយ ស៊ើង ធី ព្រឹក្ស (Son Thi Pruc) អាយុ ៧៨ ឆ្នាំ នៅ ភូមិម៉ីកឹង (My Can) ឃុំង្វៀកហ្វា (Nguyet Hoa) ស្រុកកំពង់ធំ ដែលយួនហៅថា ស្រុកចូវថាញ់ (Chau Thanh) ខេត្តព្រះត្រពាំង បច្ចុប្បន្ន ជា សង្កាត់ទី ៩ ទីក្រុង ព្រះត្រពាំង ដែលបានផ្ញើទៅអាជ្ញាធរយួនឲ្យសងសំណងថ្លៃដីនោះ បានរៀបរាប់ថា អាជ្ញាធរយួនបានរឹបយកដីរបស់គាត់ប្រមាណ ២.២០០ ម៉ែត្រការ៉េ ទៅធ្វើជាព្រែកសាធារណៈ ។ លិខិតរបស់លោកយាយ ស៊ើង ធី ព្រឹក្ស បានបញ្ជាក់ថា គាត់ឈឺចាប់យ៉ាងខ្លាំង ដោយបានឃើញអាជ្ញាធរយួន នាពេលបច្ចុប្បន្ន បានលុបព្រែកនេះ ហើយពុះដីជាឡូត៍លក់ តែមិនបានសងសំណងថ្លៃដីឲ្យគាត់ឡើយ ។
អាជ្ញាធរយួនខេត្តព្រះត្រពាំង បានឆ្លើយតបថា គេ នឹងមិនពិនិត្យឡើងវិញនូវសំណើរបស់ម្ចាស់ដីទេ ។ យោងតាមលិខិតរបស់គណៈកម្មការប្រជាជនទីក្រុងព្រះត្រពាំង របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ ឆ្លើយតបទៅ លោកយាយ ស៊ើង ធី ព្រឹក្ស ថា អាជ្ញាធរយួនពិតជាបានរឹបយកដីស្រែប្រមាណ ២.២០០ ម៉ែត្រការ៉េ របស់ លោកយាយ ស៊ើង ធី ព្រឹក្ស មែន ដើម្បីជីកជាព្រែកសាធារណៈ កាលពីឆ្នាំ ១៩៨៤ ។ លិខិតឆ្លើយតបនេះដដែល បានបញ្ជាក់ថា ក្រៅពីបានយកដីរបស់លោកយាយ ស៊ើង ធី ព្រឹក្ស អាជ្ញាធរយួនក៏បានរឹបយកដីរបស់ពលរដ្ឋខ្មែរក្រោមប្រមាណ ៥៥ គ្រួសារផ្សេងទៀត ដែលសរុបផ្ទៃដីប្រមាណជាង ៤៨.០០០ ម៉ែត្រការ៉េ ។
អាជ្ញាធរយួនបានបញ្ជាក់នៅក្នុងលិខិតដដែលថា គេ នឹងមិនសងសំណងថ្លៃដីធ្លីទៅលោកយាយ ស៊ើង ធី ព្រឹក្ស ទេ ដោយសំអាងលើច្បាប់ដីធ្លី ឆ្នាំ ២០០៣ របស់រដ្ឋាភិបាលវៀតណាម បានចែងថា រដ្ឋមានសិទ្ធិដកហូតដីធ្លីពីប្រជាជន ដើម្បីយកទៅធ្វើជាសម្បត្តិសាធារណៈ និងរដ្ឋមានសិទ្ធិលុបព្រែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមបាន ដោយមិនខុសច្បាប់អ្វីឡើយ ។
នៅថ្ងៃទី ១១ ខែកក្កដា ពលរដ្ឋខ្មែរក្រោមប្រមាណ ២០ គ្រួសារ ដែលរស់នៅជាប់របងវត្តនាគវនារាម (ខ្ទឹង) ឋិតនៅភូមិប្រាសាទ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បច្ចុប្បន្ន ជាសង្កាត់ទី ៧ ទីក្រុងព្រះត្រពាំង បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះស្រាយបញ្ហាដីធ្លី ដែលរងការខូចខាតពីគម្រោងសាងសង់អគារសុខាភិបាលថ្មីមួយ នៅក្នុងតំបន់មួយនេះ ។ ករណីនេះ ពលរដ្ឋខ្មែរក្រោមអះអាងថា រដ្ឋាភិបាលវៀតណាម មិនបានដោះស្រាយជូនពួកគាត់ ដែលរងផលប៉ះពាល់ឡើយ មុនពេលចាប់ផ្ដើមអនុវត្ដនូវគម្រោងនេះ ។
ការតវ៉ារបស់តំណាងប្រជាពលរដ្ឋខខ្មែរក្រោម ធ្វើឡើងតាមរយៈវីដេអូឃ្លិប បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ធ្វើសកម្មភាពចាក់ដី និងបូមខ្សាច់លប់ដីស្រែចំការ ព្រមទាំងយកគ្រឿងចក្រមកឈូសកម្ទេចផលដំណាំស្រូវរបស់ពួកគេផង ។ បន្ថែមពីលើនេះ អាជ្ញាធរយួនក៏បានចុះទៅដកបង្គោលកំណត់ព្រំដីរបស់ពួកគេ និងដកបដារតវ៉ាដាក់ជាអក្សរខ្មែរថា «សូមរដ្ឋាភិបាលវៀតណាមដោះស្រាយដីធ្លីឲ្យយើងខ្ញុំ» និង «ដីប្រឡាយមិនទាន់ដោះស្រាយ កុំអាលធ្វើ» ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើសុំឲ្យថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ជួយអន្តរាគមន៍ដោះស្រាយឲ្យបានសមស្រប ។
គួរជម្រាបជូនថា គម្រោងសាងសង់មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមថ្មី នៅខេត្តព្រះត្រពាំងនេះ ត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីវៀតណាម កាលពីឆ្នាំ ២០១៧ ។ មន្ទីរពេទ្យនេះ បានចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០១៩ និងគ្រោងបើកដំណើរការនៅឆ្នាំ ២០២០ ដោយត្រូវចំណាយថវិកាក្នុងការសាងសង់នេះ ចំនួន ១.៦០០ ពាន់លានដុង លើផ្ទៃដីទំហំ ៨,៩ ហិកតា មាន ៩ ជាន់ និងមានចំនួន ៧០០ គ្រែ ។
នៅថ្ងៃទី ១៥ ខែតុលា អ្នកស្រី ត្រឹង ធី សោភា (Tran Thi So Phia) ជាស្ត្រីខ្មែរក្រោម នៅភូមិព្រៃជាប់ ឃុំទឹកសាប ស្រុកជ្រោយ ញ ខេត្តឃ្លាំង ត្រូវអាជ្ញាធរអាណានិគមយួន ហៅទៅសួរចម្លើយ ចោទពីបទទាក់ទង នឹងសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅក្រៅប្រទេស ។
យោងតាមលិខិតកោះហៅមួយច្បាប់ ចេញដោយការិយាល័យនគរបាលយួន ឃុំឡាយហ្វា (Lai Hoa) ស្រុកវិញចូវ (Vinh Chau) នៃ ខេត្តឃ្លាំង ចុះហត្ថលេខាដោយ លោក វិន ថាន់ ហ្វឹក វៀត បានបញ្ជាក់អំពីមូលហេតុនៃការកោះហៅថា ដើម្បី “សួរនាំនូវរឿងរ៉ាវមួយចំនួន ដែលជាប់ទាក់ទង” នឹងសាមីខ្លួន ។
យោងតាមប្រភពពី ទំព័រ Facebook របស់ នបាលយួននៃស្រុកជ្រោយញ ឬ ស្រុកវិញចូវ បានផ្សាយថា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ការិយាល័យនគរបាលយួនបានកោះហៅអ្នកស្រី ត្រឹង ធី សោភា កើតឆ្នាំ ១៩៨៥ ទៅសួរចម្លើយពីបទអ្វីមួយដែលអាជ្ញាធរយួនហៅ “ចែករំលែកព័ត៌មានអាក្រក់នៅលើបណ្ដាញសង្គម Facebook” ។ ការចែករំលែកព័ត៌មានដែលអាជ្ញាធរយួនចាត់ទុកថា ព័ត៌មានអាក្រក់នោះ គឺជាដំណឹង និង អត្ថបទ ដែលបានផ្សព្វផ្សាយដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ នគរបាលយួន ក៏បានចោទប្រកាន់ អ្នកស្រី សោភា ថា ត្រូវជាក្មួយរបស់ លោក ត្រឹង ម៉ាន់ រិន្ទ ដែលជាប្រធានផែនការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាមេដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេស តែងតែធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ដូចជា បំផុសឲ្យមានបាតុកម្មប្រឆាំងវៀតណាមនៅក្នុងនិងក្រៅប្រទេស ជាដើម ។ យោងតាមប្រភពពីនគរបាលយួនស្រុកជ្រោយញដដែល បានបញ្ជាក់ថា ពួកគេកំពុងតែសន្សំសំណុំរឿង ដើម្បីចាត់វិធានការ អ្នកស្រី សោភា តាមច្បាប់នៃរបបកុម្មុយនិស្តអាណានិគមយួន ។
ប្រធានផែនការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់ រិន្ទ បានអះអាងថា អ្នកស្រី សោភា ;គ្មានទោសកំហុសអ្វីទេ ព្រោះថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូដោយសន្តិវិធី និងអហិង្សា នៅលើឆាកអន្តរជាតិ ហើយពលរដ្ឋខ្មែរក្រោមម្នាក់ៗមានសិទ្ធិបញ្ចេញមតិស្នើនូវអ្វីមួយដែលខ្លួនចង់បាន ។
នៅថ្ងៃទី ២៧ ខែវិច្ឆិកា អ្នកប្រើបណ្ដាញសង្គម Facebook ខ្មែរក្រោម បានរំឭក ខួប ៥ ឆ្នាំ ដែលពួកគេចាត់ទុកថា ជាថ្ងៃដែលអាជ្ញាធរយួន បានរំលាយខ្លោងទ្វារស្វាគមន៍ចូលខេត្តព្រះត្រពាំង ជាសំណង់បុរាណមួយមានរចនាបទ្មខ្មែរ ឋិតនៅក្នុងខេត្តព្រះត្រពាំង ។
នៅក្នុងឱកាសខួប ៥ ឆ្នាំនេះ ទំព័រ Facebook ឈ្មោះ Indigenous Khmer live in Vietnam បានបង្ហោះបដាពាក្យស្លោក ដើម្បីរំឭកដល់ថ្ងៃដែលខ្លោងទ្វារនេះ ត្រូវអាជ្ញាធរយួនរំលាយថា “ ខួប ៥ ឆ្នាំ នៃការបាត់បង់ខ្លោងទ្វារ ខេត្តព្រះត្រពាំង ២៧ វិច្ឆិកា ២០១៤ – ២៧ វិច្ឆិកា ២០១៩” ។ អ្នកប្រើបណ្ដាញសង្គម Facebook ផ្សេងទៀត បានចែករំលែក (Share) នូវដំណឹងនេះ ហើយបានសម្ដែងនូវការសោកស្ដាយរៀងៗខ្លួន ។
ខ្លោងទ្វារខេត្តព្រះត្រពាំង ឋិតនៅលើបណ្ដោយផ្លូវជាតិលេខ ៥៣ ចូលទៅកាន់ផ្សារ ខេត្តព្រះត្រពាំង ឬ ផ្សារកំពង់ បានកសាងឡើងដោយបុព្វបុរសខ្មែរនៅកម្ពុជាក្រោម តាមលំនាំរចនាបទ្មខ្មែរជាយូរលង់មកហើយ ។ ក្រោយមក ខ្លោងទ្វារនេះ ត្រូវរដ្ឋាភិបាលយួននៃរបបសាធារណរដ្ឋវៀតណាម កម្ទេចចោលជាលើកទីមួយ ហើយបានសាងសង់ឡើងវិញតាមលំនាំរចនាបទ្មកាត់បីសាសន៍ ខ្មែរ ចិន និង យួន បន្ទាប់ពីមានការតវ៉ាពីពលរដ្ឋខ្មែរក្រោមជំនាន់នោះ ។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ អាជ្ញាធរយួនខេត្តព្រះត្រពាំង បានកម្ទេចខ្លោងទ្វារនេះជាលើកទីពីរ ហើយបានសន្យាថា នឹងធ្វើថ្មីតាមលំនាំរចនាបទ្មខ្មែរមកវិញ តែមកដល់ពេលនេះ គេនៅមិនទាន់ឃើញសាងសង់ឡើងវិញនៅឡើយ ។
ក្រៅពីមានការតវ៉ាតិចតួចនៅលើបណ្ដាញសង្គម Facebook រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានព្រះសង្ឃ, ពលរដ្ឋ និង តំណាងរាស្ត្រដើមកំណើតខ្មែរក្រោម ដែលធ្វើការនៅក្នុងរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន នៅកម្ពុជាក្រោម ហ៊ានចេញមុខតវ៉ាជាសាធារណៈទៅរដ្ឋាភិបាលវៀតណាមនៅឡើយ ។
កន្លងមករដ្ឋាភិបាលយួន ក៏ធ្លាប់បានកោះហៅយុវជនខ្មែរក្រោម ទៅសួរចម្លើយ និងគំរាមកំហែងផងដែរ ចំពោះអ្នកដែលហ៊ានបង្ហោះពាក្យតវ៉ារឿងខ្លោងទ្វារនេះតាមបណ្ដាញសង្គម Facebook ។ ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសវិញ ក៏បានយកសំណុំរឿងនេះ ទៅជម្រាបដល់ក្រសួងការបរទេសមហាអំណាចនានា និង អង្គការសហប្រជាជាតិ ដើម្បីដាក់គំនាបលើរដ្ឋាភិបាលវៀតណាម អំពីការលុបបំបាត់វប្បធម៌ខ្មែររបស់ជនជាតិដើមខ្មែរក្រោម ផងដែរ ។
នៅថ្ងៃទី ២៩ ខែវិច្ឆិកា យុវជនខ្មែរក្រោមម្នាក់ឈ្មោះ ហ្វិញ ចុង (Huynh Chung) ដែលបានចូលបម្រើនៅក្នុងជួរទាហានយួន ត្រូវស្លាប់យ៉ាងចម្រូងចម្រាស ។ ;សាកសពជនរងគ្រោះ ត្រូវទាហានយួនវះកាត់ពីពោះដល់ក និងក្បាល ព្រមទាំងមានស្នាមជាំពេញដងខ្លួន ។ ក្រុមគ្រួសារសព និងអ្នកប្រើបណ្ដាញសង្គម Facebook បានដាក់ការសង្ស័យថា យុវជនរូបនេះ អាចត្រូវគេសម្លាប់ ហើយបានថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានយួន និង ទាមទារឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបានច្បាស់លាស់នូវករណីស្លាប់ដ៏អាថ៌កំបាំងនេះ ។
យុវជន ហ្វិញ ចុង កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០០០ អាយុ ១៩ ឆ្នាំ នៅភូមិអូរត្បាង ឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ត្រូវរដ្ឋាភិបាលយួនចាប់ទៅធ្វើជាទាហានក្នុងគោលនយោបាយបំពេញកាតព្វកិច្ចយោធានា អស់រយៈពេលមួយឆ្នាំកន្លងទៅនេះ ។
ខណៈដែលយុត្តិធម៌នៅមិនទាន់មានពន្លឺ សពរបស់យុវជន ហ្វិញ ចុង ត្រូវបានគ្រួសារសពដង្ហែទៅបូជានៅ វត្តចម្ប៉ីសោភ័ណ ហៅ វត្តត្រោកកើត ជាវត្តពុទ្ធសាសនាខ្មែរមួយឋិតនៅជិតផ្ទះគ្រួសារសព នាឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩ នេះ ។
នៅថ្ងៃទី ៧ ខែធ្នូ សង្គ្រាមពាក្យសម្ដីរវាងពលរដ្ឋខ្មែរក្រោម និង ជនជាតិយួនបានផ្ទុះឡើងតាមបណ្ដាញសង្គម Facebook ខណៈដែលក្រុមបាល់ទាត់នៃប្រទេសកម្ពុជា និងវៀតណាម បានប្រកួតជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ។ ការប្រកួតនេះ កម្ពុជាបានចាញ់វៀតណាម ០ ទល់ ៤ ។
សង្គ្រាមពាក្យសម្ដីទាំងនេះបានផ្ទុះឡើង ដោយសារពលរដ្ឋខ្មែរក្រោមបានគាំទ្រក្រុមបាល់ទាត់នៃប្រទេសកម្ពុជា និងជនជាតិយួនបានគាំទ្រក្រុមបាល់ទាត់នៃប្រទេសវៀតណាម ។ ដោយមើលឃើញ ក្រុមជនជាតិយួនខ្លះបានជេរប្រមាថមាក់ងាយតិះដៀលពូជអម្បូរខ្មែរ ពលរដ្ឋខ្មែរក្រោមក៏នាំគ្នាចូលបញ្ចេញមតិតតាំងជាមួយនឹងយួនយ៉ាងក្ដៅគគុកនៅលើទីលានសមរភូមិនៃបណ្ដាញសង្គម Facebook ។ ពេលឃើញពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម បានសរសេរនៅលើ Facebook របស់ខ្លួន សម្ដែងការគាំទ្រក្រុមបាល់ទាត់នៃប្រទេសកម្ពុជា ក្រុមជនជាតិយួនក្ដៅក្រហាយយ៉ាងខ្លាំង និងបាននាំគ្នាចូលបញ្ចេញមតិតិះដៀលពលរដ្ឋខ្មែរក្រោមថា ខ្លួននៅប្រទេសវៀតណាមទេ ; ហេតុអ្វីបែរជាទៅគាំទ្រប្រទេសកម្ពុជា ឯណោះទៅវិញ ។