មើលទង់ជ័យពុទ្ធសាសនា ឃើញទង់ជាតិកម្ពុជាក្រោម

457

អត្ថបទវិភាគរបស់វិទ្យុសំឡេងកម្ពុជាក្រោម
ចេញផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧
ដោយ ថាច់ ប្រីជា គឿន

ទាញយកអត្ថបទនេះ ជា PDF

នៅថ្ងៃទី ៧, ៨ និងទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ គណៈមន្ត្រីសង្ឃខេត្ត ព្រះត្រពាំង បានចាត់តាំងកម្មវិធីប្រឡងរួមខេត្ត បញ្ចប់ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ និង ទុតិយភូមិ នាវត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល) ឋិតនៅក្នុងស្រុកថ្កូវ ខេត្ត ព្រះត្រពាំង ។ ឆ្នាំសិក្សាពុទ្ធសករាជ ២៥៦០ គ្រឹស្តសករាជ ២០១៦-២០១៧ នេះ វត្តរំដួល បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំមណ្ឌលប្រឡងសម្រាប់ទទួលសមណសិស្ស និងសិស្ស ប្រុសស្រីដែលជាយុវជនមកពីវត្តនានានៅក្នុងខេត្តព្រះត្រពាំង ។ កម្មវិធីនេះ គណៈកម្មការ រៀបចំមណ្ឌលប្រឡងបានរៀបចំ និងតុបតែងវេទិកាប្រកាសលទ្ធផលយ៉ាងស្រស់ស្អាតប្រ កបលក្ខណៈជាតិ និងសាសនា ដែលមានទ្រង់ទ្រាយប្រាសាទបន្ទាយស្រី ហើយមានដាក់ ទង់ជ័យពុទ្ធសាសនានៅចំកណ្ដាលវេទិកា បានធ្វើឲ្យរំលេចនូវពណ៌ ខៀវ លឿង ក្រហម ដែលជាពណ៌នៃទង់ជាតិកម្ពុជាក្រោមយ៉ាងច្បាស់ក្រឡែតគួរជាទីមោទនៈពន់ពេក ។ ពេល បានឃើញរូបភាព នៃវេទិកាប្រកាសលទ្ធផល មនុស្សម្នារំភើបចិត្តគ្រប់គ្នា ប៉ុន្តែក្រោយមក មានព័ត៌មានតាមបណ្ដាញសង្គម Facebook ផ្សាយថា មានមនុស្សឲ្យរុះរើចេញដោយសារ វេទិកានេះ មើលទៅឃើញទង់ជាតិកម្ពុជាក្រោមច្បាស់ពេក បណ្ដាលឲ្យមន្ត្រីសង្ឃគ្រប់អង្គ មិនហ៊ានឡើងគង់នៅលើវេទិកានេះ ហើយនាំគ្នាគង់នៅខាងក្រោមមុខវេទិកាវិញ ព្រោះ ខ្លាចរដ្ឋាភិបាលយួនចោទប្រកាន់បញ្ហាផ្សេងៗជាដើម ។ ក្រោយមក គណៈកម្មការរៀប ចំបានរើតុផ្កាសម្រាប់តម្កល់ពុទ្ធបដិមាចេញពីមុខទង់ជ័យពុទ្ធសាសនា ដើម្បីឲ្យមើលឃើញ ច្បាស់ ពណ៌ទាំង ៦ នៃទង់ជ័យពុទ្ធសាសនា គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ភ្លឺផ្លេក ទើបមន្ត្រីសង្ឃហ៊ានឡើងគង់លើវេទិកានោះ ។

1-kampuchea-krom-flag-2017
កម្មវិធីប្រឡងរួមខេត្ត បញ្ចប់ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ និង ទុតិយភូមិ នាវត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល) ឋិតនៅក្នុងស្រុកថ្កូវ ខេត្ត ព្រះត្រពាំង ថ្ងៃទី ៧, ៨, ៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ។ រូបថត Facebook

តើការណ៍ដែលគណៈមន្រ្តីសង្ឃខ្លាចពណ៌ ខៀវ លឿង ក្រហម នេះ វាមានអត្ថន័យ យ៉ាងណាសម្រាប់ “សិទ្ធិសម្រេចវាសនាខ្លួនដោយឯង” របស់ប្រជាជាតិខ្មែរក្រោមនៅដែន ដីកម្ពុជាក្រោម នាពេលបច្ចុប្បន្ន និងអនាគត ?

ខ្មែរក្រោមនៅមិនទាន់មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន៖

ទង់ជាតិកម្ពុជាក្រោម មានការទទួលស្គាល់ពីសំណាក់ខ្មែរក្រោមទូទាំងពិភពលោក និងពីអង្គការប្រជាជាតិគ្មានតំណាង (UNPO) បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នៃអង្គការមួយនេះ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ មក ។ សព្វថ្ងៃ ទង់ជាតិកម្ពុជាក្រោមប្រជាជាតិខ្មែរក្រោមនៅក្រៅប្រទេសទូទាំងពិភពលោក ដូចជា សហ រដ្ឋអាមេរិក កាណាដា អូស្ត្រលី នីវ-ស៊ីឡែន ប្រទេសនៅអ៊ឺរ៉ុប កម្ពុជា និង ថៃ ជាដើម មានសិទ្ធិពេលលេញក្នុងការប្រើប្រាស់ជាផ្លូវការ ដោយមិនមានរដ្ឋាភិបាល ឬ បុគ្គលណា ម្នាក់ហាមឃាត់ឡើយ ។ ផ្ទុយទៅវិញ ទង់ជាតិកម្ពុជាក្រោមជាតំណាងជាតិខ្មែរក្រោម បែរជាមិនមានសិទ្ធិបង្ហូតឡើងនៅលើដែនដីកម្ពុជាក្រោមរបស់ខ្លួនទៅវិញ ។ ម្យ៉ាងទៀត សូម្បីតែទង់ជ័យពុទ្ធសាសនាសោះ ដែលមានពណ៌ ខៀវ លឿង និង ក្រហម ជាពណ៌ នៃទង់ជាតិកម្ពុជាក្រោម ក៏បានធ្វើឲ្យគណៈមន្ត្រីសង្ឃខ្មែរខ្លះ នៅខេត្តព្រះត្រពាំង ខ្លាចផង ដែរ ។ នេះឆ្លុះបញ្ចាំងឲ្យឃើញថា ទម្ងន់នៃការគាបសង្កត់ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្ត យួនលើជនជាតិដើមខ្មែរក្រោម នៅតែធ្ងន់សាហៅយង់ឃ្នងដដែល ។

2-kampuchea-krom-flag-2017
កម្មវិធីប្រឡងរួមខេត្ត បញ្ចប់ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ និង ទុតិយភូមិ នាវត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល) ឋិតនៅក្នុងស្រុកថ្កូវ ខេត្ត ព្រះត្រពាំង ថ្ងៃទី ៧, ៨, ៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ។ រូបថត Facebook

ដោយសារទ្រាំលែងបាននឹងការឈឺចាប់ ព្រោះបានឃើញប្រជាជាតិខ្មែរក្រោមកំពុង តែរស់នៅក្នុងភាពភ័យខ្លាចរងទុក្ខខ្លោចផ្សានៅក្រោមនឹងអាណានិគមយួននោះ ព្រះសង្ឃ មួយអង្គ បានសរសេរអត្ថបទកំណាព្យមួយមានចំណងជើងថា “វេទិកាអភ័ព្វ” ហើយ បង្ហោះនៅលើបណ្ដាញសង្គម Facebook ដើម្បីសម្ដែងពីព្រះទ័យព្រួយបារម្ភរបស់ព្រះអង្គ ចំពោះទង្វើដែលបុគ្គល មន្រ្តីសង្ឃខេត្តអង្គខ្លះបានបញ្ជាឲ្យរុះរើវេទិកានោះចេញ ។ កំណាព្យ នោះមានសេចក្ដីថា៖

“វេទិកាល្អស្រស់សម្រស់មានជ័យ
តែបាត់សេរីអប្រិយកំព្រា
ពណ៌ស្រស់ឆើតឆាយប្រាយប្រាប់រាល់គ្នា
វេទិការងាមានពៀរនឹងពណ៌ ។
ខៀលឿងក្រហមសហង្សបាទនិងផ្លេក
តែអ្នកមានភ្នែកមើលខ្មៅជាស
ឃើញបានតែបីនាំឲ្យវឹកវរ
ថាទង់មិនល្អថាខុសអាស្នា “ ” ។
វេទិកាបានគេតុបតែងចែងចាំងសមរម្យ
តែទាស់អ្នកធំឲ្យរើឲ្យសា
កន្លែងឲ្យគង់ទ្រង់មិនជ្រះថ្លា
បែរយកហេតុការណ៍ថាលើក្តៅពេក ។
នាំគ្នាចុះគង់លង់ក្រោមទាំងអស់
ចោលវេទិកាស្រស់ច្រាល់ពណ៌ភ្លឺផ្លេក
កូនចៅបៀមមាត់សង្កត់ទឹកភ្នែក
បេះដូងស្ទើបែកស្តាយខ្លួនជាខ្មែរ ។
វេទិកាអូនអឺយកុំឡើយសោកា
កុំយំជីវ៉ាបាស្ងួនមាសស្នេហ៍
គេស្អប់អ្នកហើយត្រាណត្រើយមាសមេ
អភ័ព្វម្ល៉េះទេវេទិការំដួល ៕៚

រដ្ឋាភិបាលយួនជាប្រទេសហត្ថលេខីមួយ បានចុះហត្ថលេខាលើសេចក្ដីប្រកាសជា សកលនៃអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ ២០០៧ ដោយបាន សន្យាថា នឹងផ្ដល់សិទ្ធិ ដល់ជនជាតិដើមគ្រប់រូបនៅក្នុងប្រទេសវៀតណាម ក្នុងនោះមាន ខ្មែរក្រោមនៃដែនដីកម្ពុជាក្រោមផងដែរ ឲ្យបានទទួលនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដោយ គ្មានការគំរាមកំហែង ពីសំណាក់អាជ្ញាធរឡើយ ។ ផ្ទុយទៅវិញសេចក្ដីប្រកាសជាសកល នៃ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សចំនួន ៣០ មាត្រា និងសិទ្ធិជនជាតិដើមចំនួន ៤៦ មាត្រា ក្នុងនោះមានមាត្រាចែងអំពី “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជាដើម មិនត្រូវបានរដ្ឋាភិបាលយួនអនុវត្តតាមឡើយ ហើយរដ្ឋាភិបាលយួនមានតែការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ លើជនជាតិដើមខ្មែរក្រោម កាន់តែខ្លាំងជាងមុន ថែមទៀត ។

ខ្យល់ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” បានបក់ដល់កម្ពុជាក្រោម៖

ទោះបី គណៈមន្ត្រីសង្ឃនៅកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោមខ្លះនៅមានការខ្លាច ចំពោះទង់ជាតិកម្ពុជាក្រោម យ៉ាងណាក៏ដោយ តែវាជាចំណុចវិជ្ជមានមួយ នៃការតស៊ូមតិរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យ អន្តរជាតិ ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា និងប្រជាជាតិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម បានដឹងយ៉ាងច្បាស់ អំពីទង់ជាតិរបស់ខ្លួន ។

កាលពី ២៣ ឆ្នាំមុន គឺនៅខែធ្នូ ឆ្នាំ ១៩៩៤ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រជុំគ្នានៅ Tampa រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីបង្កើតទង់ជាតិកម្ពុជាក្រោម ហើយ ៧ ឆ្នាំក្រោយមក គឺនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ អង្គការប្រជាជាតិគ្មាន តំណាងហៅកាត់ថា UNPO បានទទួលស្គាល់ទង់ជាតិកម្ពុជាក្រោមជាផ្លូវការ ស្របពេល ដែលអង្គការនេះ បានទទួលស្គាល់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកពេញសិទ្ធិរបស់ខ្លួន នាទីក្រុង Philadelphia សហរដ្ឋអាមេរិក ។ កាលពី ២៣ ឆ្នាំមុន ក្រៅពីសមាជិកនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មិនសូវមាននរណាបានដឹងថា ខ្មែរក្រោមមានទង់ជាតិរបស់ខ្លួន ឡើយ ប៉ុន្តែបន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិ និង ព្យាយាមផ្សព្វផ្សាយនូវសកម្មភាពរបស់ខ្លួន តាមរយៈវិទ្យុ ទូរទស្សន៍ ព្រឹត្តិបត្រ កាសែត ស៊ីឌី (CD) ចម្រៀងជាតិនិយម ល្ខោននិយាយរឿង ចៅហ្វាយ គុយ វីស៊ីឌី (VCD) និង ឌីវីដី (DVD) ទៅដល់ដែនដីកម្ពុជាក្រោមជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋខ្មែរក្រោមបាន នាំគ្នាគាំទ្រជ្រោងទង់ជាតិរបស់ខ្លួនឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក ក្នុងនោះ មានការ ធ្វើបាតុកម្ម ជាដើម បានធ្វើឲ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក បានស្គាល់នូវទង់ជាតិរបស់ ខ្លួន បានឮពាក្យ “សិទ្ធិមនុស្ស” និងជាពិេសសបានឮពាក្យថា “សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង” ជាគោលដៅមួយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើដំណើរឆ្ពោះ ទៅកាន់មាតុភូមិកម្ពុជាក្រោម សព្វថ្ងៃ ។ ពីមុន ពេលដែលពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក មិនទាន់មានអិនធើណិត និង Facebook នោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានព្យាយាម រកគ្រប់មធ្យោបាយក្នុងការបញ្ជូនព័ត៌មានរបស់ខ្លួនទៅដែនដីកម្ពុជាក្រោម តាមរយៈច្រក ព្រំដែននៃប្រទេសកម្ពុជា ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមបានជ្រាប ។ មកដល់ឆ្នាំ ២០១៧ នេះ លទ្ធផលនៃការតស៊ូនោះទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ ។ ផ្លែផ្កាដែលយើងបាន និង កំពុងតែមើលឃើញនោះ គឺបុន្មានឆ្នាំមកនេះ រដ្ឋាភិបាលយួនបានចាប់ផ្ដើមផ្អើលនឹងពណ៌ ខៀវ លឿង ក្រហម ហើយដើរគំរាមព្រះសង្ឃខ្មែរក្រោមគ្រប់ទីកន្លែង ។ ម៉្យាងទៀត ពីធី ប្រឡងយកសញ្ញាបត្រថ្នាក់ពុទ្ធិកវិទ្យាល័យបឋមភូមិ និងទុតិយភូមិ នៅខេត្តព្រះត្រពាំង កាលពីសប្ដាហ៍កន្លងទៅនេះ គណៈមន្រ្តីសង្ឃបាននាំគ្នាចុះពីវេទិកាដោយសារផ្អើលនឹង ពណ៌ ខៀវ លឿង ក្រហម នៅក្នុងទង់ជ័យពុទ្ធសាសនា ជាសញ្ញាមួយបញ្ជាក់ឲ្យឃើញថា មន្ត្រីសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់អង្គ និងរូបបានដឹងហើយថា ខ្មែរក្រោមខ្លួនឯងមាន ទង់ជាតិតំណាងជាតិខ្លួននឹងគេដែរ គឺមិនមែនទង់ពណ៌ក្រហមផ្កាយលឿងរបស់យួននោះ ទេ ។ ទោះបីពេលនេះ ពលរដ្ឋនៅក្នុងស្រុកខ្លះ នៅផ្អើលនឹងទង់ជាតិរបស់ខ្លួនយ៉ាងណាក៏ ដោយ តែសហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលជោគជ័យនៅលើដំណាក់កាលមួយ គឺបាន ធ្វើឲ្យពលរដ្ឋខ្មែរក្រោមក្នុងស្រុកបានដឹងអំពីអ្វី ដែលជាតិរបស់ខ្លួនចង់បាននាពេលអនាគត ហើយ ។

ធម្មតា ការធ្វើបដិវត្តដើម្បីផ្ដួលរំលំរបបផ្ដាច់ការអ្វីមួយ ឬការតស៊ូមតិដើម្បីផ្លាស់ ប្ដូរសង្គមណាមួយ ឬក៏ការធ្វើចលនាដើម្បីផ្លាស់ប្ដូរគំនិតអ្វីមួយ វាត្រូវចំណាយពេលវេលាយូរណាស់ ដើម្បីបានឈាន ដល់គោលដៅ ។ ដូចជាស្ថានភាពកម្ពុជាក្រោម សព្វថ្ងៃ ប្រជា ជាតិខ្មែរក្រោមនៅក្នុងស្រុកកំពុងតែនៅក្រោមនឹមត្រួតត្រារបស់អាណានិគមយួន ហើយរដ្ឋាភិបាលយួន កំពុងតែលាងខួរក្បាល យុវជនខ្មែរក្រោម ឲ្យភ្លេចនូវប្រវត្តិរបស់ខ្លួនតាមរយៈការសិក្សានៅតាមសាលារៀនយួន ដើម្បីធ្វើឲ្យកូនចៅខ្មែរក្រោមជំនាន់ក្រោយក្លាយទៅ ជាយួនតាមគំនិតរបស់ ហូ ជី មិញ ថា “ដប់ឆ្នាំដាំដើមឈើ មួយរយឆ្នាំដាំមនុស្ស” ។ ដូច្នេះ ដើម្បីបានឈានដល់គោលដៅ “សិទ្ធិសម្រចវាសនាខ្លួនដោយខ្លួនឯង” នោះ គឺយើង ត្រូវការប្រើពេលវេលាមួយ សម្រាប់ធ្វើបដិវត្ត ផ្លាស់ប្ដូរគំនិតយុវជន ព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមគ្រប់រូបឲ្យប្ដូរគំនិតពីការភ័យខ្លាចទៅជាក្លាហាន ក្នុងការប្រើប្រាស់នូវសិទ្ធិជា មូលដ្ឋានរបស់ខ្លួនស្របតាមច្បាប់ និងតាមសេចក្ដីប្រកាស ជាសកលស្ដីពី សិទ្ធិជនជាតិដើម និង សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិក្នុងនាមខ្លួនជាម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោមជាមុនសិន ។ ពេលដែលពលរដ្ឋខ្មែរក្រោមម្នាក់ៗ បានស្គាល់នូវសិទ្ធិរបស់ខ្លួន និង បានស្គាល់នូវពង្សាវតាររបស់ខ្លួនហើយ ពួកគេនឹងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វហេតុការ ពារនូវជាតិរបស់ខ្លួន ឲ្យបានគង់វង្ស ដោយមិនមានអំណាចអ្វីមកទប់ស្កាត់ បានឡើយ ៕

Comments are closed.