សាររបស់ជនរងគ្រោះខ្មែរក្រោម ក្នុងបញ្ហារំលោភសិទ្ធិមនុស្ស សម្រាប់ឆ្នាំថ្មី ២០២១
ដោយ ស៊ឺន ចែងចើន និង យាង សុធារិន្ទ
នៅក្នុងឆ្នាំ ២០២០ នៅដែនដីកម្ពុជាក្រោម មានករណីរំលោភបំពានសិទ្ធិមនុស្សជាច្រើន បាន កើតឡើងចំពោះព្រះសង្ឃ យុវជន ដែលជាសកម្មជនសង្គម និងពលរដ្ឋខ្មែរក្រោម ។ ទោះបីជាឆ្នាំចាស់ឆ្នាំ ២០២០ បានបិទបញ្ចប់ទៅហើយក្តី ប៉ុន្តែ ភាពអយុត្តិធម៌ ការធ្វើ ទុក្ខបុកម្នេញ និងភាពទុក្ខលំបាករបស់ពលរដ្ឋខ្មែរក្រោមមួយចំនួន នៅមិនទាន់បានបិទបញ្ចប់ នៅឡើយទេ ហើយដែលតម្រូវឱ្យមានដំណោះស្រាយ សម្រាប់ពួកគេនៅក្នុងឆ្នាំថ្មី និងឆ្នាំបន្ត បន្ទាប់ទៅខាងមុខទៀត ។ ស្របពេលនៃការឈានចូលឆ្នាំថ្មីនេះ ពលរដ្ឋខ្មែរក្រោម ដែលជាជនរងគ្រោះទាំងអស់នោះ បានផ្ញើសារទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីសម្តែងនូវក្តីប្រាថ្នា ដែលពួកគេចង់ឃើញកើតមានឡើង នៅក្នុងឆ្នាំថ្មី ២០២១ និងឆ្នាំខាងមុខៗ ទៀត ។ តើពលរដ្ឋខ្មែរក្រោម ទាំងនោះ បានថ្លែងសារអ្វីខ្លះ? ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ ពលរដ្ឋនិងយុវជនខ្មែរក្រោម ដែលជាជនរងគ្រោះដោយអំពើអយុត្តិធម៌ ដោយសារការរឹបអូសដីធ្លី ផ្ទះសម្បែង ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន ការឃុំខ្លួន ការកាត់ទោសដាក់ពន្ធនាគារ ការកោះហៅចោទសួរ ការពិន័យ និងចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសផ្សេងៗ បានផ្ញើសារបង្ហាញនូវក្ដីប្រាថ្នាមួយចំនួន សម្រាប់ឆ្នាំថ្មីនេះ ។ ពួកគេលើកឡើងថា ក្នុងឆ្នាំថ្មីនេះ ពួកគេចង់ឃើញនូវពន្លឺសេរីភាពពិត ប្រាកដ និងការរស់នៅប្រកបដោយសុខសន្តិភាព និងវិបុលភាពនៅទូទាំងដែនដី កម្ពុជាក្រោម ដែលជាទឹកដីកំណើតរបស់ខ្លួន ។
ព្រះតេជព្រះគុណ សឺន ទី ដែលជាព្រះសង្ឃខ្មែរក្រោម ហើយបច្ចុប្បន្នកំពុងគង់នៅក្នុងប្រទេសកម្ពុជា ។ ព្រះអង្គធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាម កោះហៅទៅសួរនាំ និង ដកហូតលិខិតឆ្លងដែន ក្នុងពេលព្រះអង្គនិមន្តទៅលេងស្រុកកំណើត នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិរបស់ព្រះអង្គ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ។ អាជ្ញាធរវៀតណាមនៅពេលនោះ បានចោទព្រះអង្គថា បានធ្វើសកម្មភាពខុសច្បាប់របស់ប្រទេសវៀតណាម ដោយបានចែករំលែកព័ត៌មាន ស្តីពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចុះផ្សាយនៅលើសារព័ត៌មានព្រៃនគរ វិទ្យុសំឡេងកម្ពុជាក្រោម និងវិទ្យុបរទេសមានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ។ សម្រាប់ឆ្នាំថ្មីនេះ ព្រះតេជព្រះគុណ សឺន ទី ដែលជា ព្រះសង្ឃរងគ្រោះ ក្នុងការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀតណាម ព្រះអង្គមានដីកាយ៉ាង ដូច្នេះថា ៖
ចំណែកយុវជនខ្មែរក្រោមឈ្មោះ តោ ហ្វាងចឿង ។ លោកគឺជាសកម្មជនតស៊ូមតិខ្មែរក្រោម ប៉ុន្តែ កំពុងមានរឿងក្តីក្តាំជាមួយអាជ្ញាធរវៀតណាម ដោយសារតែលោកមិនព្រមបង់ប្រាក់ពិន័យទៅតាមការកំណត់របស់អាជ្ញាធរវៀតណាម ក្រោយពីលោករងការចោទប្រកាន់ពីបទបង្ហោះព័ត៌មានមិនពិតទាក់ទងនឹងសារលិខិតរបស់លោក ហូ ជីមិញ ដែលជាអតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ផ្ញើជូនប្រជាជាតិខ្មែរក្រោមនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។ យុវជន តោ ហ្វាងចឿង ឲ្យដឹងថាក្នុងឆ្នាំ ២០២០ លោកបានប្រឈមបញ្ហាខ្លាំងជាមួយអាជ្ញាធរវៀតណាម ។ ទោះជាយ៉ាងណា សម្រាប់ឆ្នាំថ្មីឆ្នាំ ២០២១ នេះ យុវជនរូបនេះ នៅតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនថានឹងនៅតែបន្តធ្វើសកម្មភាពទាំងឡាយណា ដែលមិនខុសច្បាប់ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរក្រោម ជាពិសេសនៅតែបន្តប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប និង ដែលមានចែងនៅក្នុងច្បាប់ជាតិ និង ច្បាប់អន្តរជាតិនោះ ៖
ទាក់ទងនឹងរឿងរ៉ាវយុវជនខ្មែរក្រោមនេះដែរ យុវជនខ្មែរក្រោមឈ្មោះ យឿង ខាយ ដែលតែងចេញមុខទាមទារសិទ្ធិការងារជូនកម្មករខ្មែរក្រោម ហើយត្រូវបានអាជ្ញាធរវៀតណាមកោះហៅទៅសម្លុត និង គំរាមកំហែងដាក់គុកមិនតិចជាង ១០ ដង ក្នុងឆ្នាំ ២០២០ នោះ លោកក៏មានពាក្យពេចន៍ថ្លែង ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដោយលោកជំរុញលើកទឹកចិត្តដល់យុវជនខ្មែរក្រោម ចូលរួមឲ្យបានច្រើនក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីតស៊ូមតិទាមទារយុត្តិធម៌ដល់កម្មករខ្មែរក្រោម ដែលរងការំលោភបំពាន និង រើសអើងពីសំណាក់ថៅកែរោងចក្រនិងក្រុមហ៊ុន ។ យុវជន យឿង ខាយ ថ្លែងថា ៖
ចំណែកកសិករខ្មែរក្រោម ដែលជាជនរងគ្រោះក្នុងបញ្ហារំលោភបំពានដីធ្លី លោក ហ្វិន វ៉ាំងឌែប ដែលត្រូវតុលាការវៀតណាម នៅខេត្តក្រមួនសកាត់ទោសធ្ងន់ធ្ងរជាងគេក្នុងចំណោមកសិករខ្មែរក្រោម ៤ នាក់ ដោយឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះ បានថ្លែងសារសម្រាប់ឆ្នាំថ្មី ២០២១ ដោយអំពាវនាវឲ្យតុលាការវៀតណាម ទម្លាក់ចោលទាំងអស់រាល់បទចោទមកលើរូបលោក ។ លោកទទូចថា ៖
រីឯពលរដ្ឋរងគ្រោះដីធ្លីខ្មែរក្រោមម្នាក់ទៀត គឺលោក គឹម សុខន ។ លោកមានបញ្ហាដីធ្លីជាមួយឈ្មួញមានអំណាចជាជនជាតិយួន នៅខេត្តព្រះត្រពាំង ដែលបានបិទទ្វាររបងផ្ទះរបស់លោកមិនអាចឲ្យគ្រួសារលោកធ្វើដំណើរចេញចូល ទៅកាន់ផ្លូវសាធារណៈបាន ។ ក្នុងឆ្នាំថ្មី ២០២១ នេះ លោកស្នើទៅដល់ស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយបញ្ហាដីធ្លី និង រកយុត្តិធម៌ជូនគ្រួសារលោក ដែលជាជនរងគ្រោះពីសំណាក់អ្នកមានលុយ និងមានអំណាចជនជាតិយួន ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt) យ៉ាងដូច្នេះថា ៖