សាររបស់គណៈកម្មការទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅពេលថ្មីៗនេះ មានបញ្ហាមួយចំនួននៅក្នុងសង្គមខ្មែរក្រោមតាមបណ្ដាញសង្គម Facebook ដោយមាន ការឡែបខាយពាក្យសម្ដីដាក់គ្នាទាក់ទងនឹងរឿងទង់ជាតិកម្ពុជាក្រោម ព្រោះដំបូងកើតចេញពីអង្គការខ្មែរក្រោមមួយនៅភ្នំពេញ បានលើកឡើងថា “ខ្មែរតែមួយ ទង់ជាតិតែមួយ និងប្រវត្តិសាស្ត្រតែមួយ” ខណៈ ដែលពាក្យនេះ វាប៉ះលើសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទង់ជាតិដាច់ដោយឡែករបស់ខ្លួនសម្រាប់ តំណាងឲ្យពលរដ្ឋខ្មែរក្រោមក្នុងការតស៊ូនៅលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវសនាខ្លួនដោយ ខ្លួនឯងជូនពលរដ្ឋខ្មែរក្រោមក្នុងស្រុក ។ ក្រោយពីពាក្យថា “ខ្មែរតែមួយ ទង់ជាតិតែមួយ និងប្រវត្តិសាស្ត្រ តែមួយ” បានលេចចេញមក មានក្រុមអនាមិកមួយបានប្រតិកម្មតបវិញថា “អ្នកដែលមិនមានមោទនភាព ចំពោះទង់ជាតិខ្មែរក្រោម វាជាយួនបន្លំខ្លួននៅស្រុកខ្មែរ ដើម្បីប្រឆាំងវត្តមានខ្មែរសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហប្រជាជាតិ” ។

បន្ទាប់ពីបានឃើញមានការឡែបខាយពាក្យដាក់គ្នាធ្ងន់ៗនៅលើបណ្ដាញសង្គម ទើប លោក តោ គិម ថុង និង លោក សឺង សម្រេច គណៈកម្មការទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសារលិខិតមួយ ផ្ញើដល់គណៈកម្មការសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រប់លំដាប់ថ្នាក់ ឲ្យរក្សាស្មារតីនឹងនរ កុំចាញ់ល្បិចខ្មាំង មកបំបែកបំបាក់ក្នុងសង្គមខ្មែរក្រោមតាមរយៈការវៃប្រហារគ្នានេះ ។
លោក សឺន ថាយ ធន អានជូនខ្លឹមសារដើមនៃលិខិតនេះ ដូចតទៅ៖ សាររបស់គណៈកម្មការទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម
សាររបស់
គណៈកម្មការទីប្រឹក្សា
ក្នុងឱកាសខួបទី ១០ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ចួលរួមក្នុង “វេទិកាសហប្រជាជាតិ សម្រាប់ជនជាតិដើម”
២០១៤ ជាគម្រប់ខួបទី១០ឆ្នាំ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ផ្តើម យុទ្ធនាការ ជាប្រវត្តិសាស្ត្រមួយ គឺការចួលរួមក្នុង “ វេទិកាសហប្រជាជាតិ សម្រាប់ជនជាតិដើម” ។ ក្នុងកំឡុងពេល ១០ ឆ្នាំមកនេះ សហព័ន្ធបានទួល លទ្ធផលដ៏ប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្ត្រ “ដំណើរទៅកាន់មាតុភូមិ”
សហព័ន្ធបានបណ្តុះបណ្ដាលចលនាជាតិនិយម ឲ្យផុសផុលពាសពេញ ទាំងនៅក្រៅប្រទេស ទាំងនៅក្នុងព្រះរាជណាចក្រកម្ពុជា និងជាពិសេស ក្នុងទឹកដី កម្ពុជាក្រោម តែម្តង ។ សេចក្តី ដកស្រង់ នៃសារលិខិតមួយ ដែលប្រជាពលរដ្ឋមា្នក់ ផ្ញើមកពីក្នុងទឹកដីនៃមាតុភូមិ ដូចមានចុះ ខាងក្រោមនេះ ក៏ល្មមបង្ហាញច្បាស់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានក្លាយជាទីសង្ឃឹម ដែលជា សារធាតុសំខាន់ចាំបាច់បំផុត ក្នុងចលនាតស៊ូ ។ ចំណុចសំខាន់ក្នុងលិខិតដែលយើងទទួល បានចែងថា “ ខ្មែរក្រោមកាន់តែច្រើន នៅក្នុង មាតុភូមិ, ពិសេស បញ្ញវន្ត មានមោទនភាពណាស់ ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម។ បើទោះបីជាពួក គាត់មិនហ៊ានបញ្ចេញមតិ , បន្តែដួងចិត្តរបស់ពួកគាត់គាំទ្រ និងកោតសរសើរ KKF, KKFYC ពេញទំហឹង” ។
ដើមហេតុនៃជ័យជំនះទាំងឡាយ គឺអាស្រ័យមកអំពីយើងមាន ចរិត, យុទ្ធសាស្ត្រ, និង បញ្ញា ដ៏សមរម្យ ។
ផ្នែកនៃចរិត ជាអាទិ៍ គឺទាំងថ្នាក់ដឹកនាំ ទាំងសមាជិកសកម្ម មិនប្រកាន់គំនិតអាត្មានិយម ។ ម្នាក់ៗ ខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់ស្មារតីទទួលខុសត្រួវរួម (TEAM WORK) ។ យុទ្ធសាស្ត្រ សមរម្យ មានន័យថា យើងបានកំណត់មាគ៌ាច្បាស់ លាស់ នោះគឺ “ពង្រឹងពង្រីកកម្លាំង អ្នកជាតិនិយម តស៊ូជានិច្ចនិរន្តរ៍ ទាមទារអោយ រដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយ សុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី នឹង “សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង” របស់ខ្មែរក្រោម ដែលជា ជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម” ។ បញ្ញា (KNOW-HOW)សមរម្យ គឺរាល់វិធីប្រតិបត្តិ ត្រូវបាន ណែនាំនិងសិក្សា ពីបទពិសោធន៍នៃមេរៀន ប្រវត្តិសាស្ត្រជាតិ និងចរន្តចលនាអន្តរជាតិនានា មិនមែនដោយ ការយល់សប្តិ៍រសើប រសាល់នោះទេ។
សមិទ្ធិផលដែលយើងបានមកទល់សព្វថ្ងៃ ជាកម្លាំងចលករដ៏ថ្លៃថ្លា សម្រាប់ សកម្មភាពរបស់ យើងទៅអនាគត ។ សមិទ្ធិផលដែលយើងបានមកទល់សព្វថ្ងៃ មិនមែនបានមកដោយងាយៗនោះទេ គឺបានមក ដោយការចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងថវិកាយ៉ាងធំធេង។ ដូច្នេះ យើងមិនត្រូវធ្វេស ប្រហែស ហើយបណ្តោយឲ្យការបរិច្ចាគទាំងឡាយក្លាយជាអត់ន័យនោះឡើយ ។
បើយើងប្រមាណមើលទៅមុខ យួននឹងប្រើនយាបាយច្រើនបែបថ្មីទៀត ប្រកបដោយពិសពុល កាន់តែខ្លាំង ដើម្បីវាយកំទេច សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការជាតិនិយមខ្មែរនានា ទាំងអស់។ តាមពិត នយោបាយដ៏ពិសពុលបំផុតរបស់ យួននេះ ជានយោបាយដ៏ចាស់គម្រឹល ប៉ុន្តែ ក៏នៅតែមានប្រសិទ្ធិភាពបំផុតដែរ ដែលគេហៅថា “nồi da xáo thịt” បកប្រែថា “ចៀនប៉ាន់សាច់” មានន័យថាបំផុស ការវាយប្រហារវាងគ្នាឯងក្នុងសង្គមមនុស្ស ឬប្រទេសជាតិតែមួយ។
ខ្មែរយើងសឹងតែរាល់គ្នាបានដឹងហើយ នូវកលល្បិចនេះ។ ប៉ុន្តែជួនកាល យើងនៅតែបំរើ កលល្បិច នេះដោយមិនដឹងខ្លួន។ ការចោទប្រកាន់គ្នាដោយគ្មាន មូលហេតុត្រឹមត្រូវ ឬការលាបពណ៌ គ្នាដោយបញ្ហា ផ្ទាល់ខ្លួន សុទ្ធតែជាអំពើចូលដៃ រំលាយជាតិ ដោយមិនដឹងខ្លួន។
ក្នុងសង្គមប្រជាធិបតេយ្យ ជាការពិតណាស់ ម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ ។ ជាការពិតដែរ សមាសភាពក្នុងបណ្តាអង្គការ ឬក្នុងសង្គមនិមួយៗ បុគ្គលម្នាក់ៗ មានបុគ្គលិកលក្ខណៈ មិនដូចគ្នា ទេ ។ បើគិតជាអាយុ យើងមានចាស់ និង មានក្មេង។ គិតពីអត្តចារិក យើងអាចចូលចិត្ត អ្នកនេះ មិនចូលចិត្តអ្នកនោះ។ ប៉ុន្តែ បើគិតពីរឿងជាតិ គឺវាធំជាងរឿងអ្វីៗទាំងអស់ ហើយប្រាកដ ណាស់ វាត្រូវតែធំជាង “អាត្មាអញ” និងធំជាង egos ។ បុគ្គលម្នាក់ ទោះបីពូកែយ៉ាងណា ក៏មិនអាច ដោះស្រាយ បញ្ហាជាតិតែឯក ឯងបានឡើយ។ មានន័យថាយើងត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា មិនថាសមាជិកថ្មីឬសមាជិកចាស់ មិនថាស្រីឬប្រុស ធំឬតូច មានឬក្រ សឬខ្មៅ នោះទេ ។
ការត្រឹមតែដើរខ្សឹបខ្សៀវ ឬបង្ហាញការស្អប់គុំគួនជេរយួនតាមហ្វេសប៊ុក ឬវាយ ប្រហារខ្មែរ ដែលមិនមែនបក្សពួកខ្លួន មិនអាចដោះស្រាយបញ្ហាជាតិបានទេ ។ រីឯការ ដែលត្រឹមតែត្អូញត្អែរ ពីវាសនាកំសត់ របស់ ខ្មែរ ការសោកស្តាយមត៌កកេរដូនតា ការសំដែងទុក្ខសោកស្រណោះ អាឡោះ អាល័យចំពោះ អតីតកាល ដ៏រុងរឿងនៃមហានគរ ក៏មិនអាចដោះស្រាយបញ្ហាបានដែរ។
ដោយសង្ខេប ការងារចំពោះមុខ ដែលយើងទាំងអស់គ្នាត្រូវប្រឈម គឺ៖
១/សហព័ន្ធខ្មែរកម្អុជាក្រោមត្រូវប្រកាន់ខ្ជាប់ នូវគោលជំហ៊រដូចតទៅ៖
ក) ជៀសវាងការបែកបាក់កម្លាំងសាមគ្គីជាតិ ដោយគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុ ទស្សនៈ ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អង្គការ នយោបាយខែ្មរក្រោមផ្សេងៗ ក្រៅពីសហព័ន្ធ ។
ខ)មិនចូលរួម ឬបំរើគណបក្សនយោបាយណាមួយនៅកម្ពុជាឡើយ ។ ប៉ុន្តែសហព័ន្ធនឹងធ្វើការ ទំនាក់ទំនងជាមួយរដ្ឋាភិបាល និងសហគមន៍ខ្មែរទូទៅ ក្នុងវិស័យលើកតំកើងសាសនា វប្បធម៌ អក្សរសាស្ត្រ ភាសាសាស្ត្រ និងសិក្សាអប់រំ ដោយប្រកាន់ថា យើងមានអំបូរជាមួយគ្នា ។
២/ដើម្បីបន្តផ្តល់សេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរក្រោម សហព័ន្ធមិនអាចព្រងើយកន្តើយ ដោយមានមោទនភាពហួសហេតុ ចំពោះអ្វីៗដែលយើងធ្វើបាននោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវ យកចិត្តទុកដាក់លើការងារអ្វីដែលយើងធ្វើមិនទាន់បាន និងខិតខំរកវិធីដោះស្រាយឱ្យទាន់ពេលវេលា។ យើងរាល់គ្នាក្នុងគ្រួសារសហព័ន្ធ ប្រាកដជាមានមានឆន្ទះ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដោះស្រាយ បញ្ហា និង ឧបសគ្គនានាដែលមានចំពោះមុខ ។ ការងារនេះ ទាមទារការរក្សាទំនាក់ទំនងឱ្យបាន ជិតស្និទ្ធ និងស្មារតីការងារជាក្រុម គឺ TEAM WORK ។
The past is history.
The future is a mystery.
The present is to stay alert.
Keep moving on, and stay strong.
ខែ សីហា ឆ្នាំ ២០១៤
គណៈកម្មការទីប្រឹក្សា
តោ គិមថុង សឺង សម្រច
(ប្រធាន)
Comments are closed.