នាយករដ្ឋមន្ត្រី​កាណាដា ជូនពរ​ពលរដ្ឋ​ខ្មែរក្រោម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

0 818

ដោយ ស៊ឺន ចែងចើន

​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បានចេញ​សារលិខិត​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​ប្រទេស​កាណាដា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ២០១៩ ខាងមុខនេះ ។

​លិខិត​របស់ លោកនាយក​រដ្ឋមន្ដ្រី​វ័យក្មេង កាណាដា ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) ចេញផ្សាយ​កាលពី​ថ្ងៃទី ៦ មេសា កន្លងទៅនេះ សម្ដែង​ការអបអរសាទរ និង​ជូនពរ​ឆ្នាំ​ថ្មី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។ សារលិខិត​របស់លោក​នាយករដ្ឋមន្ដ្រី​រូបនេះ បាន​ផ្ញើជូន​ចំពោះ​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​មួយ នៅ​ទីក្រុង Hamilton ដែលមាន​ឈ្មោះថា វត្ត​ខ្មែរក្រោម​ហា​មិ​ល​តុ​ន (Wat Khmer Krom Hamilton) ។

​យោងតាម​ខ្លឹមសារ​នៃ​លិខិត​ជូនពរ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

ជូន​ចំពោះ​មិត្តភក្តិ​ជាទី​រាប់អាន ខ្ញុំ​មាន​សេចក្ដី​រីករាយ ក្នុងការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​សមាជិក​វត្ត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Hamilton ក្នុងឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ខាងមុខនេះ ។ នេះ​ជា​ឱកាស​ដ៏​ពិសេស ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​មិត្តភក្តិ ពិភាក្សា​ពី​ការងារ​ក្នុងឆ្នាំ​ចាស់​កន្លង ព្រមទាំង​សម្លឹង​ទៅមុខ​ដោយ​ក្ដី​អំណរ និង​សុទិដ្ឋិនិយម ។ នៅ​ទូទាំងប្រទេស​កាណាដា និង​ជុំវិញ​ពិភពលោក សហគមន៍​ទាំងឡាយ នឹង​សាទរ​ឆ្នាំ​ថ្មី ឆ្នាំកុរ ដែលជា​សត្វ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ និង​វិបុលភាព ។

សារលិខិត​ដដែល បាន​រៀបរាប់​បន្តថា​៖

វិស្សមកាល​នេះ ក៏​ផ្ដល់នូវ​ឱកាស​ដ៏​សំខាន់ ដើម្បី​ទទួលស្គាល់​នូវ​ការរួមចំណែក​ដ៏​ធំធេង​របស់​ពលរដ្ឋ​កា​ណា​ដា ដែលមាន​ដើមកំណើត​ពី​បុព្វបុរស​ខ្មែរ និង​ការបន្ត​ធ្វើ​របស់​ពួកគេ សម្រាប់​ប្រទេស​របស់​យើង ។ យើង​ក៏​សូម​ឆ្លៀតឱកាស​នេះ ដើម្បី​ផ្ដល់​កិត្តិយស​ដល់​បងប្អូន​ចម្រុះ​ជាតិ​សាសន៍ ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ ជាទី​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​ការរស់នៅ​ផងដែរ ។

​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹង​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ​តាម​ទំនៀមទម្លាប់ ចាប់ពី​ថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ខាងមុខនេះ ។​

​មហាសង្ក្រាន្ត ឆ្នាំនេះ នឹង​ចូល​មកដល់ នៅ​ថ្ងៃអាទិត្យ ១០ កើត​ខែ ចែ​ត្រ ត្រូវ នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៩ វេលា​ម៉ោង ១៥ និង ១២ នាទី​រសៀល ។​

​ពលរដ្ឋ​ខ្មែរ​-​កាណាដា ខ្មែរក្រោម និង​អ្នកតាមដាន​បញ្ហាសង្គម​នានា ថ្លែងអំណរគុណ​តប​ទៅវិញ​ចំពោះ​សន្ដាន​ចិត្ត​របស់​នាយករដ្ឋមន្ដ្រី​វ័យក្មេង​រូបនេះ ដែល​តែងតែ​ផ្សាភ្ជាប់​ទំនាក់ទំនង​នៃ​ភាពជា​អ្នកដឹកនាំ​ខ្លួន​គ្រប់​ជ្រុងជ្រោយ​នៃ​បណ្ដា​ជាតិ​សាសន៍​ទាំងអស់ ។ បើតាម​​អ្នកវិភាគ​ខ្លះ​ហៅ​លិខិត​ជូនពរ​របស់​នាយករ​ដ្ឋ​មន្ត្រី​កាណាដា គឺជា​ការទទួលស្គាល់​ព​ល​រដ្ឋ​ខ្មែរក្រោម ជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ៕

ខាងក្រោមនេះ សារលិខិត​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ របស់លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau)

Leave A Reply

Your email address will not be published.