ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមស្រណោះអាល័យពេលថ្វាយព្រះភ្លើងសពព្រះចៅអធិការខ្មែរក្រោម ព្រះតេជព្រះគុណ តាង៉ុក កោ
ដោយ យន់ សាមៀន | RFA
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដំបងពាក់ ខេត្តព្រះត្រពាំង សម្រេចថ្វាយព្រះភ្លើងសព ព្រះតេជព្រះគុណ តាង៉ុក កោ នៅរាត្រីទី ១២ ខែមេសា ។ ព្រះចៅអធិការ ព្រះអង្គ តាង៉ុក កោ បានកសាងស្នាដៃជាច្រើន ក្នុងការថែរក្សាប្រពៃណីវប្បធម៌ អក្សរសាស្ត្រខ្មែរ នៅលើទឹកដីកំណើត ដែលវៀតណាមកំពុងត្រួតត្រា ។

ព្រះសង្ឃខ្មែរក្រោម ថ្លែងក្នុងវិយោគកថា ពេលថ្វាយព្រះភ្លើងសព បានបង្ហាញការសោកស្តាយទាំងអាឡោះអាល័យ ចំពោះសពព្រះតេជព្រះគុណ តាង៉ុក កោ ។ ថ្លែងក្នុងសំឡេងទួញសោកក្ដុកក្ដួល ព្រះសង្ឃខ្មែរក្រោមមានថេរដីកាថា ដ្បិតរូបរាងកាយព្រះអង្គត្រូវរំលាយដោយអំណាចព្រះអគ្គីក្តី ប៉ុន្តែស្នាព្រះហស្ត ដែលព្រះអង្គបានកសាងនៅតែគង់វង្ស ស្ថិតស្ថេរ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ។
ព្រះចៅអធិការវត្តដំបងពាក់ ភូមិដំបងពាក់ ឃុំផ្សារឆេះ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ តាង៉ុក កោ បានសុគតកាលពីថ្ងៃទី ៩ ខែមេសា ដោយអាថ៌កំបាំង និងមិនទាន់ដឹងមូលហេតុច្បាស់លាស់ ក្នុងព្រះជន្ម ៤ ២ព្រះវស្សា ។
ព្រះតេជព្រះគុណ តា ង៉ុកកោ ក៏ជាអ្នកចលនាក្នុងការថែរក្សាវប្បធម៌ ប្រពៃណីយ៉ាងសកម្ មនៅដែនដីកម្ពុជាក្រោម ។ ព្រះអង្គ បានស្រាវជ្រាវ តំបន់ភូមិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ដែលមានឈ្មោះភូមិ ឃុំ ស្រុកជាភាសាខ្មែរ ហើយនិពន្ធទៅជាបទចម្រៀង ដើម្បីថែរក្សាវប្បធម៌ខ្មែរក្រោមផង និងរក្សាឈ្មោះភូមិសាស្ត្រជាភាសាខ្មែរផង ។ ព្រះអង្គបានបង្ហោះចម្រៀងទាំងនោះតាមបណ្ដាញសង្គមយូធូប ដោយប្រើឈ្មោះ គឹម ខាយ ។ ក្នុងមួយឆ្នាំៗ មានព្រះសង្ឃ និងកុមារខ្មែរក្រោមប្រមាណ ២០០ នាក់ និងអង្គ បានចូលរៀនសូត្រអក្សរខ្មែរ និងធម៌វិន័យនៅវត្តដំបងពាក់ ។ ព្រះតេជព្រះគុណ តា ង៉ុកកោ បានចាប់ផ្តើមកសាងព្រះពុទ្ធរូបកម្ពស់ជាង ៣០ ម៉ែត្រ ប៉ុន្តែគួរឲ្យសោកស្ដាយព្រះពុទ្ធរូបនេះ មិនទាន់សាងសង់បញ្ចប់ផង ព្រះតេព្រះគុណ តា ង៉ុកកោ ក៏ត្រូវសុគត ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ស្នាដៃរបស់ព្រះ តេជគុណ តា ង៉ុកកោ ក្នុងការថែរក្សាវប្បធម៌ និងអក្សរសាស្ត្រខ្មែរ ជាស្នាដៃដ៏កម្រមួយ៖ «អាត្មាភាពសោកស្ដាយជាខ្លាំងដោយសារតែព្រះអង្គ លោកមានស្នាដៃ ក្នុងការកសាងវត្តជាមួយនឹងការពង្រឹង និងពង្រីកវប្បធម៌សិល្បៈនៅកម្ពុជាក្រោម» ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋ (California) អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមទាំងអស់ចូលរួមកសាងព្រះពុទ្ធរូប និងស្នាដៃផ្សេងទៀត ដែល ព្រះ តេជគុណ តា ង៉ុកកោ មិនទាន់កសាងចប់សព្វគ្រប់៖ «ញាតិមិត្តនៅក្នុងពិភពលោក និងចំណុះវត្តខំរួបរួមសាមគ្គីគ្នា ធ្វើយ៉ាងណាបន្តការចូលរួមចំណែកការកសាងសមិទ្ធផល និងព្រះពុទ្ធរូប ឲ្យបានរួចរាល់ជាស្ថាពរ» ។
កន្លងទៅមានព្រះសង្ឃខ្មែរក្រោម ជាច្រើនអង្គត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយដាក់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែព្រះសង្ឃខ្មែរក្រោមទាំងនោះ បានបង្រៀនប្រវត្តិសាស្ត្រខ្មែរដល់កូនក្មេងជំនាន់ក្រោយ ។
ព្រះតេជព្រះគុណ តា ង៉ុកកោ ធ្លាប់មានថេរដីកា មុនសុគតថា អាជ្ញាធរវៀតណាមមិនចូលចិត្ត នឹងសកម្មភាពរបស់ព្រះអង្ គដែលបានបណ្ដុះគំនិតខ្មែរក្រោម ឲ្យចេះថែរក្សាអត្តសញ្ញាណជាខ្មែរ នៅលើទឹកដីកំណើតដែលវៀតណាម កំពុងត្រួតត្រានោះទេ ។ ព្រះអង្គធ្លាប់គិតថា ថ្ងៃណាមួយវៀតណាម នឹងចាប់ព្រះអង្គដាក់ពន្ធនាគារជាមិនខាន ។ ព្រះអង្គធ្លាប់ ចោទសួរកូនសិស្សព្រះអង្គថា ប្រសិនបើព្រះអង្គជាប់ពន្ធនាគារ ថ្ងៃណាមួយ តើព្រះសង្ឃទាំងនោះហ៊ានជូនចង្ហាន់ព្រះអង្គទេ? ត្រង់នេះ កូនសិស្ស ព្រះអង្គបញ្ជាក់ថា ព្រះអង្គ តាង៉ុក កោ ចង់ពញ្ញាក់ស្មារតីខ្មែរក្រោម ឲ្យក្លាហាន ការពារ និងថែរក្សាអត្តសញ្ញាណខ្មែរ ៕