ព្រឹត្តិការណ៍ប្រកួតបរវកញ្ញាចក្រវាលកម្ពុជា ២០២១ បិទបញ្ចប់ បេក្ខនារីជាខ្មែរក្រោម ជាប់បវរកញ្ញាឯករងទី ១
ដោយ ស៊ឺន ចែងចើន
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់ជាច្រើនសប្ដាហ៍រួចមកនោះ តាមរយៈការប្រកួតវគ្គជម្រុះបេក្ខនារីជាច្រើនរូបជាបន្តបន្ទាប់ រហូតនៅសល់ត្រឹមតែបេក្ខភាព ១៩ ចុងក្រោយ ។ កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021) បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី ២៨ ខែតុលា ដោយធ្វើការផ្សាយផ្ទាល់ នៅលើស្ថានីយទូរទស្សន៍បាយ័ន ។ ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ១៩ រូប មានតែ ៣ រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ជាម្ចាស់ទទួលជ័យលាភី ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំរបស់កម្ពុជា ។ ចំណែកបេក្ខនារីខ្មែរក្រោម មកពីដែនដីកម្ពុជាក្រោម ទទួលបានចំណាត់ថ្នាក់លេខ ២ ឬកញ្ញាឯករងទី ១ (1st Runner Up) ។ សហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយនឹង អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខនារីខ្មែរក្រោម ក្រោយបញ្ចប់ការប្រកួតរបស់ខ្លួន ដោយជោគជ័យ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ល្បីល្បាញរបស់កម្ពុជា និងលំដាប់អន្តរជាតិមួយនេះ ។

ក្រោយពីបានឆ្លងកាត់វគ្គជម្រុះអស់ជាច្រើនដំណាក់កាលរួចមក កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់កញ្ញាឯក ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំរបស់កម្ពុជា គឺកម្មវិធី Miss Universe Cambodia 2021 ឬបវរកញ្ញាឯកចក្រវាលកម្ពុជា ២០២១ បានបញ្ចប់ការប្រកួតរបស់ខ្លួន ប្រកបដោយជោគជ័យ ។ ម្ចាស់មកុដ បានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៥ កញ្ញា ងិន ម៉ារ៉ាឌី ដែលនាង គឺជាតារាសម្តែង ពិធីការិនី និងអ្នកបង្ហាញម៉ូត ។ ក្រៅពីរកឃើញម្ចាស់មកុដ តំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ នៅពេលខាងមុខនេះ បេក្ខនារី ២ រូបផ្សេងទៀត បានក្លាយជម្ចាស់ជ័យលាភីលំដាប់រងផងដែរ ដោយក្នុងនោះ កញ្ញា ឆន ស្រីណេត ជាប់ជ័យលាភីរងទី ១ (1st Runner Up) និង កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ ជាប់ជ័យលាភីរងទី ២ (2st Runner Up) ។
ងាកមកចាប់អាមរម្មណ៍ កញ្ញា ឆន ស្រីណេត ដែលមានស្រុកកំណើត នៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣ ឆ្នាំហើយនោះ បើទោះបីជាមិនបានក្លាយជាម្ចាស់មកុដ ក៏កញ្ញា ឆន ស្រីណេត ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ។
បេក្ខនារីខ្មែរក្រោម មានឈ្មោះដើម សឺន ស៊ីណេត វ័យ ២៤ ឆ្នាំ ដែលអាចឆក់យកបេះដូង ពីអ្នកគាំទ្របានគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបង្ហាញទេពកោសល្យ កំលុងពេលបង្ហាញសមត្ថភាព នៅលើឆាក ។ ជាការកត់សម្គាល់ កញ្ញាឯករងទី ១ ដែលមានប្រជាប្រិយភាពរូបនេះ តែងធ្វើឲ្យគណៈកម្មាការ តាមដានយ៉ាងយកចិត្តទុកដាក់ នៅរាល់ការបង្ហាញខ្លួនលើវិញ្ញាសានីមួយៗ ។ ជាពិសេស ការបង្ហាញទៅលើវិញ្ញាសា «បទពិសោធន៍» នៅក្នុងវគ្គ Top 3 នាងបាននិយាយរៀបរាប់ទៅកាន់មហាជន ដោយទម្លាយអំពីរឿងរ៉ាវ ដែលធ្លាប់កើតឡើងមកលើរូបនាង ធ្វើឲ្យនាងអស់សង្ឃឹមក្នុងជីវិត នោះ គឺជំងឺមហារីកលើឆ្អឹងខ្មងជើងដ៏ធ្ងន់ធ្ងូរ ដែលពេលនោះ ក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ជើងរបស់នាងម្ខាងចោល ។ ប៉ុន្តែ កញ្ញាបានខិតខំតស៊ូប្រឹងប្រែង លើកទឹកចិត្តខ្លួនឯង បន្តក្ដីស្រមៃ ដើម្បីជម្នះជំងឺមួយនេះ ដោយបង្ហាញអារម្មណ៍ជឿជាក់ នៅលើវេទិកានោះថា ខ្លួនពិតជាអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះបាន ។ នាងបានបន្ដទៀតថា តាមរយៈបទពិសោធន៍ជីវិត ដែលធ្លាប់បានឆ្លងកាត់នេះហើយ ទើបធ្វើឲ្យនាងមានភាពរឹងមាំ និងកម្លាំងចិត្ត ដើម្បីមកប្រឡងកម្មវិធីបវរកញ្ញា រហូតទួលបានរង្វាន់ជាទីគាប់ចិត្ត ។

ក្រោយពីកម្មវិធីប្រកួត Miss Universe Cambodia 2021 ត្រូវបានបញ្ចប់ជាស្ថាពរ បេក្ខនារីតំណាងឲ្យខ្មែរក្រោម រាប់លាននាក់ ដែលគ្មានសំឡេង កំពុងរស់នៅដែនដីកម្ពុជាក្រោម ទទួលលទ្ធផលល្អត្រចះត្រចង់ ពោលគឺទទួលបានជ័យលាភីលេខ ២ នោះ ពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទី ចូលរួមអបអរសាទរ ចំពោះលទ្ធផលជាវិជ្ជមាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខនារីខ្មែរក្រោមដោយផ្ទាល់ និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះពលរដ្ឋខ្មែរកណ្ដាល ដែលផ្តល់ឱកាសដល់ខ្មែរក្រោម មានឈ្មោះ បោះសំឡេង នៅកម្ពុជា និងទូទាំងពិភពលោក បានស្គាល់កាន់តែច្បាស់ថា «ខ្មែរក្រោម ជានរណា» ផង ។
ដោយឡែក នៅរសៀលថ្ងៃទី ២៩ ខែតុលានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម និងគណៈកម្មការស្រ្តីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋាអាមេរិក រួមជាមួយនឹង លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានសមាជិកចំនួន ៩ ស្ថាប័ន ជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ និងផ្ដល់ជាកម្លាំងចិត្តដល់បេក្ខនារីខ្មែរក្រោម ក្រោយបញ្ចប់ការប្រកួតរបស់ខ្លួន ដោយជោគជ័យ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ល្បីល្បាញរបស់កម្ពុជា និងលំដាប់អន្តរជាតិមួយនេះ ។
ថ្លែងទៅកាន់អ្នកចូលរួម ប្រមាណជាង ៣០ នាក់ ក្រោមវត្តមានបេក្ខនារីខ្មែរក្រោម កញ្ញា ឆន ស្រីណេត លោក តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានពាំនាំនូវសារអបអរសាទរ ពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ជូនដល់ កញ្ញា ឆន ស្រីណេត ចំពោះ ភាពតស៊ូ អត់ធ្មត់ ការលះបង់ ហើយប្រឹងប្រែងចូលរួមប្រកួតដោយសមត្ថភាពពិត រហូតសម្រេចក្តីបំណង ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី Miss Universe Cambodia 2021 ។
បើតាមលោក តាំង សារៈ កត់សម្គាល់ឃើញថា បេក្ខនារីខ្មែរក្រោម តែមួយរូបគត់ ដែលបានចូលរួមប្រឡងបវរកញ្ញាឯកចក្កវាលកម្ពុជា ឆ្នាំ ២០២១ នេះ ក្លាយជាមនុស្សទី ២ ហើយ បន្ទាប់ពីនៅឆ្នាំ ១៩៧៣ ក្នុងសម័យសាធារណរដ្ឋខ្មែរ ក៏មានបេក្ខនារីខ្មែរក្រោមម្នាក់ដែរ ឈ្មោះ លី ធី វណ្ណា មកពីខេត្តឃ្លាំង បានចូលរួមកម្មវិធីប្រឡងចម្រៀង ដែលរៀបចំដោយវិទ្យុជាតិកម្ពុជា ហើយនាពេលនោះ នាងជាប់ចំណាត់ថ្នាក់លេខ ២ ផង ។

លោក តាំង សារៈ ក៏បានថ្លែងកោតសរសើរ ចំពោះឆន្ទះ និងភាពក្លាហានរបស់កញ្ញា ឆន ស្រីណេត ទៅលើចំណុចមួយចំនួន ដូចជា កញ្ញារស់នៅស្រុកកំណើតឯកម្ពុជាក្រោម ដែលជាតំបន់ នៅភូមិជនបទដាច់ស្រយាល ហើយតាំងតែពីមុនមក គេកម្រឃើញមានអ្នកចាប់អារម្មណ៍ដាក់ពាក្យចុះឈ្មោះចូលប្រឡងកម្មវិធីបែបនេះឡើយ ។ លោកលើកឡើងបន្ថែមទៀតថា កញ្ញា ឆន ស្រីណេត បានបង្ហាញនូវភាពអង់អាច ក្លាហាន ម៉ឺងម៉ាត់ ខិតខំប្រឹងប្រែងក្នុងការជម្នះរាល់ឧបសគ្គចំពោះមុខ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណរបស់ខ្លួន ដោយបំណងឲ្យមានឈ្មោះខ្មែរកម្ពុជាក្រោម នៅលើវេទិកាដ៏ធំមួយនេះ ដើម្បីឲ្យខ្មែរទូទៅ និងពិភពលោកស្គាល់ខ្មែរក្រោម កាន់តែច្បាស់ផងដែរ ។ បន្ថែមពីលើនេះ លោក តាំង សារៈ ក៏សង្កេតឃើញដែរថា កញ្ញា ឆន ស្រីណេត មានមនសិការ និងសម្បជញ្ញៈជាតិ ចូលរួមការពារថែរក្សាវប្បធម៌ ប្រពៃណីដ៏ប្រពៃរបស់ខ្មែរក្រោម ដោយនាងបានជ្រើសរើសយកនិមិត្តសញ្ញា «រាហូចាប់ចន្ទ» ជា «ឈុតតំណាងជាតិ» គឺជាការបង្ហាញថា ខ្លួនក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ដែលនៅតែគោរព និងរក្សានូវវប្បធម៌ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ រក្សាបាននូវវត្តព្រះពុទ្ធសាសនា អក្សរសាស្ត្រ សិល្បៈ សម្លៀកបំពាក់ ដូចពលរដ្ឋខ្មែរ នៅកម្ពុជា ដែរ ។ ពីព្រោះ និមិត្តសញ្ញា «រាហូចាប់ចន្ទ» ជានិមិត្តសញ្ញាជាតិរបស់ខ្មែរក្រោម ទូទាំងពិភពលោក ។ ដែលថា ជានិមិត្តសញ្ញាជាតិកម្ពុជាក្រោមនោះ ដោយសារ វត្តអារាម អង្គការ សមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម បានយកសញ្ញា «រាហូចាប់ចន្ទ» នេះ មកធ្វើជាសញ្ញាសម្គាល់ ឬធ្វើជាត្រា របស់ខ្លួន ។ ចំណុចចុងក្រោយ ជាមោទនភាពសម្រាប់កម្ពុជាក្រោមទាំងមូល ដែលមាននារីខ្មែរក្រោមជាប់បវរកញ្ញាឯករងទី ១ ដែលនេះ នឹងធ្វើពិភពលោកបានស្គាល់កាន់តែច្បាស់ពីខ្មែរក្រោម ថែមទៀត ។
គួរជម្រាបជូនថា ក្រៅតែពីទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២ ក្នុងព្រឹត្តិការណ៍ Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត ទទួលពានរង្វាន់ បន្ទាប់បន្សំផ្សេងៗ ម្នាក់ឯង ចំនួន ៣ ទៀត ដែលនេះ ធ្វើឲ្យនាងក្លាយជាបេក្ខនារីតំណាងឲ្យខ្មែរក្រោម ទទួលបានកិត្តិយសច្រើនជាងគេ បើធៀបនឹងបេក្ខនារីផ្សេងទៀត បើទោះបីជានាងមិនទទួលបានម្កុដ ក្រោយការប្រកួតត្រូវបញ្ចប់ក៏ដោយ ។ ពានរង្វាន់ស្ទួនៗ គ្នានោះ មានជាអាទិ៍ ពានរង្វាន់ «Beauty of Face» ពានរង្វាន់ «Best In Editorial Look» និងពានរង្វាន់ Best In Evening Gown ជាដើម ៕