សាលារាជធានីកោះហៅមេបក្សប្រឆាំង ប្រជុំរឿងគ្រប់គ្រងបាតុកម្ម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាលារាជធានីភ្នំពេញ បានផ្ញើរលិខិតមួយជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធាន លោក កឹម សុខា ចូលរួមប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការដង្ហែរក្បួនបាតុកម្មដោយសន្តិវិធីនៅព្រឹកថ្ងៃទី ២១ ធ្នូ នេះ ។

លិខិតចុះថ្ងៃទី ២០ ធ្នូនេះ បានឲ្យដឹងថា ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ ក្នុង ការធានាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈស្របទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី សាលារាជ ធានី ភ្នំពេញយល់ឃើញថា ការរៀបចំសំដែងមតិដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ នៅមានប្រការមិនប្រក្រតីជាច្រើនដែលចាំបាច់ត្រូវតែកែលម្អបន្ទាន់ ។
កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីបញ្ហាបរិស្ថាន អនាម័យនៅទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ ការងារសន្តិ សុខ និងសណ្តាប់ធ្នាប់ចរាចរ តាមដងផ្លូវ ការគ្រប់គ្រងកម្លាំងអ្នកចូលរួមបាតុកម្ម និងការសំដែងមតិនិងប្រើពាក្យសំដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយប្រាសចាកពីពំ្រដែននៃសិទ្ធិសំដែងមតិដែលមានចែងក្នុងច្បាប់ ។
នៅថ្ងៃទី ២១ ខែធ្នូ ជាថ្ងៃទី ៧ នៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដោយបាតុករគាំទ្រ គណបក្សនឹងដង្ហែ ក្បួន ដូច សព្វថ្ងៃដែរ ។ បាតុករបានចេញដើរក្បួនការតវ៉ាតាមដងផ្លូវនានា នៅរាជធានី ភ្នំពេញ ដើម្បីទាក់ទាញការ ចាប់ អារម្មណ៍ របស់ អ្នកធ្វើ ដំណើរ អ្នករស់នៅក្នុងក្រុងភ្នំពេញ ដើម្បីចូល រួមគាំទ្រចលនាមហាបាតុកម្ម ទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ខណៈគណបក្សប្រឆាំងនេះ មិនទទួលស្គាល់លទ្ធផល បោះឆោ្នតនៅថ្ងៃទី ២៨ ខែកក្កដា ដោយចោទថា មានការលួចបន្លំតួលេខ សន្លឹកឆ្នោតពីគណ បក្សកាន់អំណាច ។
សេចក្ដីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដែលមាន ការបង្ហាញ ផែនទីជាមួយដែរនោះ បានឲ្យដឹងថា ផ្លូវដែលក្បួន បាតុករ ត្រូវធ្វើដំណើរ ចេញពីទីលានប្រជាធិបតេយ្យនៅម៉ោង ៣ រសៀល ថ្ងៃសៅរ៍ ទី ២១ ធ្នូនេះ គឺចាប់ ផ្តើមពីទីលាន ប្រជា ធិបតេយ្យ តាមផ្លូវ ១០៨ ដល់កែងមហាវិថីព្រះមុនីវង្ស បត់ឆ្វេង រហូតដល់កែង មហាវិថីមុន្នីរ៉េត (២១៧) បត់ស្តាំ រហូតដល់ស្តុបអាងទឹក បត់ឆ្វេង តាមមហាវិថីព្រះសីហនុ រហូតដល់ កែង ផ្លូវ១៧៣ (ក្រោយវត្តមហាមន្រ្តី) បត់ស្តាំ រហូតដល់ផ្លូវបំបែក បត់តាមផ្លូវ ១៩៣ (ខាងកើតផ្សារអូឡាំពិក) រហូតដល់កែងផ្លូវ ២៩៨ (ខាងត្បូងផ្សារអូឡាំពិក) បត់ស្តាំ រហូតដល់ កែងផ្លូវ ១៩៩ បត់ឆ្វេង រហូតដល់ កែង ផ្លូវម៉ៅសេទុង បត់ឆ្វេង រហូតដល់ស្តុបទួលទំពូង បត់ស្តាំ តាមផ្លូវ ១៦៣ (ផ្លូវមុខផ្សារទួល ទំពូង) រហូតដល់រង្វង់មូលផ្សារដើមថ្កូវ បត់ឆ្វេង តាមផ្លូវ ៤៨៨ រហូតដល់ផ្លូវ ១០៥ (ផ្លូវប្រឡាយ ទឹក ស្អុយ) បត់ឆ្វេង រហូតដល់ផ្លូវភ្លោះផ្សារអូរឬស្សី (២១៤)បត់ស្តាំ រហូតដល់កែង ផ្លូវព្រះ មុនីវង្ស បត់ឆ្វេង រហូតដល់ កែងផ្លូវ ក្រមួនស បត់ស្តាំ ដល់កែងផ្លូវ ៦១ បត់ឆ្វេងចូលទីលានប្រជាធិបតេយ្យ ៕