អ្នកលីពូថៅដើរចូលវត្ត
វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម | ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៣
ក្នុងបទអត្ថាធិប្បាយលើកមុន ខ្ញុំបានលើកឡើងអំពី អ្នកលីពូថៅដើរកាត់ផ្សារ ព្រោះថា នេះ ជារឿងដ៏ចំលែកពេកក្រៃ ។ ធម្មតាកាលណាអ្នកណាម្នាក់លីពូថៅ គឺប្រាកដជាដើរតម្រង់ចូលព្រៃ រក កាប់ប្ញស្សី ឬកាប់ឈើ ឬតម្រង់គល់ឳសដើម្បីពូសបំបែក។ ហើយក៏មិនដែលឃើញអ្នកណាលីពូថៅ ដើរចូលផ្សារទេ ព្រោះទីផ្សារជាកន្លែងមានមនុស្សច្រើនដើរប្រជ្រៀតគ្នានោះ ផ្លែពូថៅប្រាកដជាធ្វើ ឲ្យមុតគេមុតឯងពេញទឹកពេញដីជាមិនខានឡើយ។ ក្នុងករណីដែលមានព្រឹត្តការណ៍បែបនេះ មនុស្សម្នានឹងសម្លឹងផ្តោតអារម្មណ៍ និងស្រែកឡូឡាចំពោះអ្នកលីពូថៅ ដែលអាចថាជាមនុស្សព្រៃ មិនស្គាល់ច្បាប់ទម្លាប់អ្វីឡើយ ។ យ៉ាងណាមិញ ចំពោះនយោបាយដែលរដ្ឋាភិបាលយួនសព្វថ្ងៃ ដែលធ្វើការគាបសង្កត់បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលជាម្ចាស់ដើមនៃទឹកដី ដែលភាគច្រើនជាអ្នកស្រែចំការ និងជាអ្នកគោរពព្រះពុទ្ធសាសនាថេរវាទដ៏ទៀងត្រង់ស្លូតបូតនោះ វាជារឿងមួយលេចធ្លោលើផ្ទៃរាបអន្តរជាតិ ដែលស្រែកថ្កោលទោសយួនយ៉ាងទ្រហឹងអឺងកង។ ប៉ុន្តែ រដ្ឋាភិបាលវៀតណាមមិនគ្រាន់តែធ្វើមិនដឹងមិនឮ ចំពោះច្បាប់អន្តរជាតិ និងការផ្តល់ជាអនុសាសន៍ ជួយកែលំអប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្គើនដល់មតិពិភពលោក ដោយថ្មីៗ នេះ បានចាប់ព្រះតេជព្រះគុណ ថាច់ ធឿន និងព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃវត្តសេរីតាសេកផ្សឹកនិងដាក់ពន្ធនាគារ និងចាប់ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ វត្តព្រៃជាប់ ផ្សឹក និងយកទៅធ្វើទារុណកម្មទៀតផង ។ គឺទង្វើទាំងនេះហើយ ដែលចាត់ទុកថារដ្ឋាភិបាលយួនបាន លីពូថៅ ដើរកាត់ផ្សារនោះ ។

ក្រៅពីផ្សារ វត្តអារាមក៏ពុំដែលឃើញនរណាលីពូថៅដើរចូលដែរ ។ បើត្រូវការយកពូថៅទៅ ធ្វើការក្នុងវត្ត គឺគេកាន់ផ្លែវារបៀបថ្នមទម្លាក់ចុះ ដោយមិនបង្ហាញអាការៈ គម្រាមកំហែងដល់ ព្រះសង្ឃ ឬជនណាម្នាក់ឡើយ។
មកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមស្រាប់តែប្តូរទិសនយោបាយថ្មី គឺមើលទៅមិនខុសពីការ លីពូថៅដើរចូលតាមវត្តនោះទេ ។
ក្រោយពីធ្វើការចោទប្រកាន់ព្រះសង្ឃខ្មែរ ទាំងពានត្រោកពានត្រាំង ដើម្បីចាប់ផ្សឹក ដាក់គុក ច្រវាក់ និងធ្វើទារុណកម្ម ពួករដ្ឋអំណាចផ្តាច់ការបានដើរប្រមូលព្រះសង្ឃប្រជុំឃោសនាតាមវត្តខ្មែរ នៅទួទាំងទឹកដីកម្ពុជាក្រោម ដើម្បីផ្សព្វផ្សាយប្រវត្តិសាស្ត្រ ដែលគេសរសេរតាមគំនិតរបស់គេ ដើម្បី លប់លាងប្រវត្តិសាស្ត្រពិត ដែលចែងថាកម្ពុជាក្រោម ជាអតីតទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ រឿងដែលចំលែក គឺអ្នកដឹកនាំយួនសព្វថ្ងៃ ដែលជាអ្នកបន្តវេននយោបាយទុច្ចរិតក្រឡិចក្រឡុច មិនគួររាប់ជាមិត្តនេះ បានប្រើពាក្យឃោសនាពាំរបៀបត្រណោត ម្តងថាទឹកដីកម្ពុជាក្រោមនោះ គឺយួនជាអ្នករុករានកាប់ឆ្ការដោយខ្លួនឯង ព្រោះជាដីទំនេរគ្មានមនុស្សនៅ ម្តងថាខ្លួនបានទឹកដីនោះ ដោយសារបារាំងកាត់ឲ្យ ម្តងថាមកដោយសារស្តេចខ្មែរ ព្រះនាមជ័យជេដ្ឋាទី២រៀបអភិសេកជាមួយ ក្សត្រី ង្វៀង ង៉ុក វ៉ាន (Nguyen Ngoc Van) ជាបុត្រីស្តេចយួន ។
ជាជាងពេលណាទាំងអស់ យើងបានឃើញច្បាស់ នូវឥរិយាបថរបស់អ្នកដឹកនាំយួននាពេល នេះ គឺភ័យខ្លាចចំពោះការដែលខ្មែរក្រោមក្តី ខ្មែរនៅកម្ពុជាក្តី ដឹងថា ទឹកដីភាគខាងត្បូងនៃប្រទេស វៀតណាម គឺដែនដីសណ្តនៃទន្លេមេគង្គដែលខ្លួនកំពុងតែគ្រប់គ្រងនោះ ធ្លាប់នៅក្នុងបូរណភាពដែន ដីនៃព្រះរាជណាចក្រកម្ពុជា។ រឿងនេះមិនខុសពីចោរម្នាក់ ដែលបានលួចគោរបស់គេយកទៅចង បង្ខាំងទុកមួយរយៈពេលយូរ ស្រាប់តែដឹកគោនោះមកបង្ហាញម្ចាស់ដើមគេ ហើយអាស់អាងថា គោ នេះជារបស់អញទេ ដូច្នោះដែរ។ រឿងនេះមិនជាប្លែកដែរទេ ធម្មតាអ្នកដែលលួចរបស់គេ គឺតែង រសាប់រសល់គ្មានសេចក្តីសុខ ព្រោះទោះជាកាលលួចនោះគ្មានអ្នកណាឃើញ ក៏ដឹងខ្លួនតែម្នាក់ឯង ថាខ្លួនបានលួចគេ។ ហើយបើជនទុច្ចរិតនោះត្រូវបកស្រាយឆ្លើយអំពីប្រវត្តិពិតនៃសាច់រឿង គឺវាតែង ភ្លេចមុខភ្លេចក្រោយត្រឡប់ត្រលិនអំពីទង្វើរបស់ខ្លួនឯង ម្តងថាអញ្ចេះ ម្តងថាអ៊ីចុះ…។
ហើយអ្នកដែលមិនងាយវង្វេងផ្តាស់ គឺប្រជាពលរដ្ឋខ្មែរម្ពុជាក្រោមជាម្ចាស់ដើមនៃទឹកដីនោះ តែម្តង ដែលមានប្រវត្តិសាស្ត្រ វប្បធម៌ អារិយធម៌ ទំនៀមទម្លាប់ប្រពៃណីសាសនា បុរាណវត្ថុ រមណីយដ្ឋានបុរាណនានា វត្តអារាមដែលមានអាយុកាលជាពាន់ឆ្នាំជាសក្ខីភាពស្រាប់។ ហើយក្រៅ ពីខ្មែរ ពិភពលោកទាំងមូលក៏មានឯកសារប្រវត្តិសាស្ត្របង្អែកនេះយ៉ាងគ្រប់គ្រាន់បរិបូណ៌ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងជាខ្មែរក្រោមសូមជំរាបទៅរដ្ឋាភិបាលយួនឲ្យភ្លឺភ្នែកនៅ ពេលនេះថា សូមកុំភ័យពេក សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលរដ្ឋាភិបាលយួនដាក់ងារឲ្យ ថាជាពួក ក្រុមប្រតិកិរិយាស្អីគេនោះ គ្មានផែនការអ្វីក្រៅពីសុំឲ្យតែយួនព្រមគោរពតាមមាត្រាទាំង៤៦ ដែល មានចែងដោយអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ចំពោះខ្មែរនៅលើទឹកដីកម្ពុជាក្រោម ហើយដែលយួនខ្លួនឯងបានចុះហត្ថលេខាទទួលស្គាល់នោះទៅ បានហើយ ។
រឿងផ្សេងពីនោះ គឺប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាអ្នកសម្រេចវាសនាខ្លួន ដោយខ្លួនឯង ៕