សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​អូ​រេ​ហ្គុ​ន (Oregon) ជ្រើសរើស​មេដឹកនាំ​ថ្មី​

0 511

ដោយ ស៊ឺន ចែងចើន និង សឺង ថាយធន | VOKK

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​រដ្ឋអូរីហ្គិន (Oregon) នៅ​ថ្ងៃទី ១ តុលា កន្លងទៅ​ថ្មីៗ នេះ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ និង​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី បន្ទាប់ពី​ប្រធាន​ប្រធាន​ចាស់​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​នោះ បញ្ចប់​អាណត្តិ​របស់ខ្លួន ។​

គណៈកម្មការនាយកអញ្ជើញមកពីរដ្ឋវ៉ាស៊ីនតោន និងថ្នាក់ដឹកនាំ សមាជិក នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋអូរីហ្គិន ។ រូបថតៈ ព្រះតេជព្រះគុណ យឿង តារា
គណៈកម្មការនាយកអញ្ជើញមកពីរដ្ឋវ៉ាស៊ីនតោន និងថ្នាក់ដឹកនាំ សមាជិក នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋអូរីហ្គិន ។ រូបថតៈ ព្រះតេជព្រះគុណ យឿង តារា

ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាម​ទូរ​សព្ទ លោក ថាច់ សាមី អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អញ្ជើញ​ទៅ​ពីរ​ដ្ឋ Washington ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ រួមមាន លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ លោក ចៅ សារី ប្រធាន​គណៈកម្មាការ​ទទួល​បន្ទុក​ហិរញ្ញវត្ថុ ព្រះតេជព្រះគុណ យឿ​ង តារា អតីត​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និមន្ត​មកពី​ប្រទេស​កម្ពុជា​និង​រូបលោក ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​អូ​រេ​ហ្គុ​ន ជាច្រើនរូប​ទៀត ។​

​លោក ថាច់ សាមី បាន​បញ្ជាក់ថា កិច្ចប្រជុំ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ នៅតាម​មូលដ្ឋាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​តំបន់​នីមួយៗ ក្នុង​គោលបំណង​ពង្រឹងស្មារតី​ដល់​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​យល់ច្បាស់​អំពី​គោលការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អនុវត្ត​ទៅតាម​លក្ខន្តិក​របស់​សាខា និង​តាម​តំបន់​នីមួយៗ ឲ្យ​ស្រប នឹង​ច្បាប់​សកល​របស់​អង្គការសហប្រជាជាតិ ក្នុងការ​ចូលរួម​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម ។

បើតាម​លោក ថាច់ សាមី អង្គប្រជុំ​បានសម្រេច​ប​ង្កើ​ត​គណៈកម្មការ​ថ្មី និង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​មួយចំនួន​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​អូ​រេ​ហ្គុ​ន ដោយ​អង្គ​ប្រជុំបាន​ឯកភាព​តែងតាំង​លោក ត្រឹង ម៉ិ​ន ដែល​ពីមុន​ជា​អនុប្រធាន ជំនួស​លោក សឺ​ង ធន់ ដែលជា​ប្រធាន​ផុត​អាណត្តិ ។ ក្រៅពីនេះ គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ជ្រើសរើស​ប្រធាន​ស្ត្រី ចំនួន ២ រូប​ផងដែរ គឺ​អ្នកស្រី ឡឹម សា​វី ជា​ប្រធាន និង​អ្នកស្រី ឡឹម សា​មីន ជា​អនុប្រធាន ។​

ប្រធានសភា​ព្រឹទ្ធាចារ្យ លោក ចៅ រៀប ដែលជា​គណៈអធិបតី​ក្នុង​ពិធី តែងតាំង​សមាសភាព​គណៈកម្មការ​ថ្មី​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​អូ​រេ​ហ្គុ​ន បានផ្តល់​អនុសាសន៍​ដ​ល់​ថ្នាក់ដឹកនាំ​ថ្មី ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ នឹង​គ្នា គោរព​គោលការណ៍​ច្បាប់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក​បាន​សង្កត់ធ្ងន់​ទៀតថា ត្រូវ​ចូលរួម​អនុវត្ត​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ឯកភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​លើក​កំពស់​កិត្យានុភាព​របស់​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជៀសវាង​ដើរ​ខុស​គន្លង​ផ្លូវ នាំ​ឲ្យ​បែកបាក់​សាមគ្គី​គ្នា ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ជាតិ​កម្ពុជា​ក្រោម ដែល​បាន​បង្កើតឡើង ដោយ​ខ្មែរក្រោម​អ្នកស្នេហាជាតិ នៅ​ជុំវិញ​ពិភពលោក ធ្វើ​ចលនា​តស៊ូ​ដោយ​អហិង្សា​លើ​ឆាក អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ពី​របប​គ្រប់គ្រង​អាណានិគម យួន នៅ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ៕

Leave A Reply

Your email address will not be published.