អតីត​មេបញ្ជាការ​អាមេរិកាំង ខិតខំ​ឱ្យ​សភា​ទទួលស្គាល់​ក្រុម​ខ្មែរក្រោម ក្នុង​សង្គ្រាម​វៀតណាម​

0 2,754

ដោយៈ ម៉ែន គឹមសេង | VOA

​វ៉ាស៊ីនតោន — កាលពី​៥០​ឆ្នាំមុន លោក​អនុសេនីយ៍ឯក ស្ទី​វ យ៉េត​ឌី​ណាក់ (Steve Yedinak) បាន​វិល​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ បន្ទាប់ពី​បំពេញបេសកកម្ម​នៅ​ប្រទេស​វៀតណាម​ដោយ​នៅក្នុង​ចិត្ត​របស់លោក​ជឿជាក់ថា ប្រតិបត្តិការ​សម្ងាត់​ជាច្រើន​ដែល​លោក​បាន​ដឹកនាំ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ក្នុងការ​ទប់ស្កាត់​ការ​ជ្រៀតចូល​របស់​ពួក​វៀតណាម​កុម្មុយនីស្ត​ភាគ​ខាងជើង​ចូលមក​ភាគខាងត្បូង​។​

លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។
លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។

លោក យ៉េត​ឌី​ណាក់ បាន​ចាក​ចេញពី​ទាហាន​របស់គាត់​ចំនួន​ជាង​២០០​នាក់ ដែល​បាន​ចូលរួម​ប្រយុទ្ធ​រួមគ្នា​ជាមួយនឹង​កងទ័ព​សហ​រដ្ឋ​អាមេរិក នៅក្នុង​អង្គភាព​លេខ​៩៥៧ ដែលជា​កងកម្លាំង​ទ័ពព្រៃ​ចល័ត​។ លោក យ៉េត​ឌី​ណាក់ គឺជា​អ្នក​ជ្រើសរើស​ពួកគេ​ដោយផ្ទាល់ ហើយ​យកមក​បង្ហាត់​ហ្វឹកហ្វឺន និង​បំពាក់អាវុធ​ឱ្យ​ព្រមទាំង​ដឹកនាំ​ទាហាន​ទាំងនោះ​ចូល​ប្រយុទ្ធ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​វៀតណាម​។ លោក យ៉េត​ឌី​ណាក់​ដែល​ពេលនេះ​មាន​អាយុ​៧៧​ឆ្នាំ បាន​រំលឹកថា អង្គភាព​របស់លោក​បំ​ពេញការ​ងារ​បាន​លេចធ្លោ​ជាងគេ ដោយសារតែ​ទាហាន​ទាំងនោះ គឺជា​ជនជាតិ​ខ្មែរក្រោម ដែល​រស់នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ហើយ​លោក​បាន​រំលឹក​ឡើងវិញ​ថា «​លោក​សប្បាយរីករាយ​ដែល​ធ្វើការ​ជាមួយនឹង​ពួក​គ‍េ​»​។​

​ប៉ុន្តែ ក្នុងអំឡុងពេល​សង្គ្រាម ពួកគេ​មិនសូវ​ល្បីឈ្មោះ​ទេ ហើយ​លោក យ៉េត​ឌី​ណាក់ បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ឱ្យមាន​ការទទួល​ស្គាល់​ក្រុម​ទាហាន​ខ្មែរក្រោម ដែល​បាន​ចូលរួមចំណែក​នៅក្នុង​បេសកកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​សង្គ្រាម​។ លោក​បានធ្វើការ​ជាមួយនឹង​លោក ស្ក​ត វ៉ក​ឃឺ (Scott Walker) ដែលជា​អ្នកតស៊ូ​មតិ​ទាមទារ​ឱ្យមាន​ការទទួលស្គាល់​ក្រុម​មង និង​ម៉ុង​តា​ញ៉ា​ផងដែរ នៅពេលដែល​សង្គ្រាម​បានបញ្ចប់ ហើយ​កំពុង​រស់នៅក្នុង​រដ្ឋ​មី​នី​សូ​តា​។ សកម្មជន​ទទួលបាន​ជោគជ័យ​ក្នុងការ​ទាមទារ​ឱ្យមាន​ការទទួលស្គាល់​ការចូលរួមចំណែក​រប​ស់ទា​ហាន​ទាំងនោះ ដោយ​សភា​ប្រចាំ​រដ្ឋ​មី​នី​សូ​តា នៅ​ឆ្នាំ​២០១២​។​

លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។
លោក​អនុសេនីយ៍ឯក​ ស្ទីវ យ៉េតឌីណាក់ (Steve Yedinak) បានខិតខំ​ប្រឹងប្រែង​សុំ​ការ​ទទួល​ស្គាល់​ពី​សភាជាតិ​សហរដ្ឋ​អាមេរិកដល់ការចូលរួមប្រយុទ្ធរបស់កងទាហានខ្មែរក្រោមជាមួយអាមេរិក នៅក្នុងអំឡុងសង្គ្រាមវៀតណាម។

ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​សុំ​ការទទួលស្គាល់​ពី​សភាជាតិ​សហរដ្ឋអាមេរិក​នៅ​មិនទាន់​សម្រេចបាន​នៅឡើយ​ទេ​។ សេចក្តីសម្រេច​ចុងក្រោយ​សុំឱ្យ​ទទួលស្គាល់​ក្រុម​ខ្មែរក្រោម និង​ក្រុម​ដទៃទៀត​ត្រូវបាន​ដាក់ជូន​រដ្ឋសភា​ជាតិ​កាលពី​ខែកក្កដា​។​

​បញ្ហា​នៅត្រង់ថា​សមាជិកសភា​និង​បុគ្គលិក​របស់​ពួកគេ​មិនបាន​ដឹង​ច្បាស់លាស់​ពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស្ក​ត វ៉ក​ឃឺ​។​

​លោក​បាន​បន្ថែមថា​៖

«​ប្រព័ន្ធ​អប់រំ​របស់​យើង​មិនបាន​បង្រៀន​ច្រើន​ពី​សង្គ្រាម​វៀតណាម​ទេ ដូច្នេះហើយ​ពលរដ្ឋ​អាមេរិកាំង​បាន​យល់ដឹង​ពី​សង្គ្រាម​នោះ​ក្នុង​លក្ខណៈ​ទូទៅ​តែ​ប៉ុ​ណ្ណ‍ោះ​។ ប៉ុន្តែ ពួកគេ​ពិតជា​មិនបាន​ដឹង​អ្វី​ទាំងអស់​អំពី​អ្វីដែល​បាន​កើតមានឡើង​ដោយ​សម្ងាត់​នៅ​ប្រទេស​ឡាវ​និង​កម្ពុជា​ទេ​។ ដូច្នេះ វា​លំបាក​ណាស់​សម្រាប់​ក្រុម​អតីតយុទ្ធជន​ក្នុងការ​និយាយប្រាប់​នរ​ណា​ម្នាក់​ឱ្យ​យល់ដឹង​ក្នុង​រយៈពេល​តែ​១៥​ឬ​២០​នាទី ហើយ​បន្ទាប់​មកឱ្យ​ជន​នោះ​ទៅ​ពន្យល់​ប្រាប់​អ្នកតំណាងរាស្ត្រ​ពី​តួនាទី​ដែល​ក្រុម​អតីតយុទ្ធជន​បាន​បំពេញ​»​។​

​ទាំង​លោក ស្ក​ត វ៉ក​ឃឺ និង​លោក យ៉េត​ឌី​ណាក់ ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ជួប​បុគ្គលិក​រដ្ឋសភាជាតិ​ដោយ​ពន្យល់​ប្រាប់​ពួកគេ​ពី​តួនាទី​ពិតប្រាកដ​របស់​ទាហាន​ទាំងនោះ​។​

​ក្នុង​ឆ្នាំ​២០១៦ នៅពេលដែល លោក ស្ក​ត វ៉ក​ឃឺ និង​ក្រុមការងារ​បានដឹងថា ផលិតករ​ភាពយន្ត​ឯកសារ ខែ​ន ប៊ឺ​ន (Ken Burns) ផលិតភាព​យន្ត​ឯកសារ​ចំនួន​១០​ភាគ ដែលមាន​រយៈពេល​១៨​ម៉ោង​ស្តីពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម ក្រុមការងារ​របស់លោក​គិតថា ពួកគេ​អាច​ផ្តោតលើ​ការបញ្ចុះ​បញ្ចូល ដើម្បី​ឱ្យមាន​ការទទួល​ស្គាល់​ក្រុម​អតីត​ទាហាន​ទាំង​នោះបាន ដោយសារតែ​ស្នាដៃ​ភាពយន្ត​របស់​ទូរទស្សន៍ PBS ដឹកនាំ​ដោយ​លោក ខែ​ន ប៊ឺ​ន តែងតែមាន​អ្នកទស្សនា​នៅ​សហរដ្ឋអាមេរិក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ បន្ទាប់មក​ក្រុម​របស់លោក ស្ក​ត វ៉ក​ឃឺ​ដឹងថា ភាពយន្ត​ឯកសារ​នោះ​មិន​បញ្ចូល​ពលិកម្ម​របស់​ក្រុម​ខ្មែរក្រោម​នៅក្នុង​នោះទេ​។​

លោក​ ខែន ប៊ឺន ចូលរួម​ពិភាក្សា​ក្នុង​វេទិកាមួយ​ស្តីអំពី​ខ្សែភាពយន្ត​ឯកសារ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា «‍សង្គ្រាម​វៀតណាម» ដែល​កំពុង​ចាក់ផ្សាយ​តាម​ទូរទស្សន៍ PBS នៅ​សណ្ឋាគារ Beverly Hilton Hotel នៅទីក្រុង Beverly Hills រដ្ឋ​កាលីហ្វរញ៉ា កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។
លោក​ ខែន ប៊ឺន ចូលរួម​ពិភាក្សា​ក្នុង​វេទិកាមួយ​ស្តីអំពី​ខ្សែភាពយន្ត​ឯកសារ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា «‍សង្គ្រាម​វៀតណាម» ដែល​កំពុង​ចាក់ផ្សាយ​តាម​ទូរទស្សន៍ PBS នៅ​សណ្ឋាគារ Beverly Hilton Hotel នៅទីក្រុង Beverly Hills រដ្ឋ​កាលីហ្វរញ៉ា កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ភាពយន្ត​ឯកសារ​របស់លោក ខែ​ន ប៊ឺ​ន ផ្តោតលើ​ព្រឹត្តិការណ៍​ធំៗ​នៃ​សង្គ្រាម​នោះ​ហើយ​បាន​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា​តទៅ​នៅតាម​ទូរទស្សន៍ PBS នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​លោក ប្រាយ​អឹ​ន ម៉ូ​រី​យ៉ា​ទី​(Brian Moriarty) អ្នកទទួលបន្ទុក​ផ្នែក​ឃោសនា​ផ្សព្វផ្សាយ​របស់​ភាពយន្ត​ឯកសារ​នេះ បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖

«​យើង​មិនបាន​សម្ភាស​ទាហាន​កម្ពុ​ជា ឬ​ឡាវ​នៅក្នុង​ភាពយន្ត​នេះ​ទេ ព្រោះ​ផ្តោតលើ​តែ​បទពិសោធន៍​របស់​ទាហាន​អាមេរិកាំង និង​វៀតណាម​ក្នុងអំឡុងពេល​សង្គ្រាម​។ ភាពយន្ត​នេះ​បាន​និយាយ​ពី​ការចូល​ឈ្លានពាន​ដោយ​ប្រទេស​វៀតណាម​ចូលក្នុង​ប្រទេស​កម្ពុជា នៅពេលដែល​សង្គ្រាម​បានបញ្ចប់ និង​សកម្មភាព​យោធា​ដទៃទៀត​នៅ​ទីនោះ​ប៉ុន្តែ​យើង​អត់​បាន​ទាក់ទង​ទាហាន​កម្ពុជា​ដែល​បាន​ជួយ​ទាហាន​អាមេរិកាំង​ទ‍េ​»​។​

​លោក ស្ក​ត វ៉ក​ឃឺ បាន​បញ្ជាក់ថា​៖

«​នៅពេលដែល​យើង​បានដឹងថា លោក ខែ​ន ប៊ឺ​ន និង​ទូរទស្សន៍ PBS ផលិតភាព​យន្ត​ឯកសារ​ដែលមាន​រយៈពេល​១៨​ម៉ោង យើង​ពិត​ជាមាន​អារម្មណ៍​ដូច​បាន​ដុះស្លាប​។ យើង​មាន​អារម្មណ៍​រំភើប​ណាស់ ពីព្រោះ​វា​នឹងមាន​ភាពងាយស្រួល​សម្រាប់​សមាជិកសភា និង​បុគ្គលិក​របស់​ពួកគេ​ទស្សនា ហើយ​យល់ដឹង​ពី​តួនាទី ដែល​សម្ព័ន្ធមិត្ត​របស់​យើង​បំពេញ​ក្នុងអំឡុងពេល​សង្គ្រាម​។ ប៉ុន្តែ​នៅពេលដែល​យើង​ដឹងថា គេ​បាន​ដកចេញ​ផ្នែក​ដែល​និយាយ​ពី​ប្រទេស​កម្ពុជា និង​ឡាវ យើង​មាន​អារម្មណ៍​ខកចិត្ត​ខ្លាំង​ស្ទើរតែ​មិន​ជឿ​ស‍ោះ​»​។​

លំហូរ​យោធា​ត្រូវបាន​ផ្អាក នៅ​ពេល​ដែល​វិស្វករ​យោធា​អាមេរិក បាន​បញ្ចប់​ជួសជុល​ស្ពាន​បណ្តែត​ទឹក ដែល​ត្រូវបាន​ខូចខាត​ដោយ​ការ​ដាក់​គ្រាប់បែក​ក្នុង​ទឹក​ដោយ​ពួក​វៀតកុង កាលពី​ខែសីហា ឆ្នាំ១៩៦៨។ ស្ពាន​បណ្តែត​ទឹក​នេះ គឺ​ផ្សារ​ភ្ជាប់​ទីក្រុង​សៃហ្គន ទៅកាន់​តំបន់​ដីសណ្តទន្លេ​មេគង្គ កាត់​ស្ទឹង Oriental ហើយ​ស្ពាន​នេះ​បាន​សាងសង់​ឡើង​ជំនួស​ស្ពាន​ថ្ម ដែល​ត្រូវបាន​កម្ទេច​ដោយ​ពួក​សត្រូវ​អាមេរិក។
លំហូរ​យោធា​ត្រូវបាន​ផ្អាក នៅ​ពេល​ដែល​វិស្វករ​យោធា​អាមេរិក បាន​បញ្ចប់​ជួសជុល​ស្ពាន​បណ្តែត​ទឹក ដែល​ត្រូវបាន​ខូចខាត​ដោយ​ការ​ដាក់​គ្រាប់បែក​ក្នុង​ទឹក​ដោយ​ពួក​វៀតកុង កាលពី​ខែសីហា ឆ្នាំ១៩៦៨។ ស្ពាន​បណ្តែត​ទឹក​នេះ គឺ​ផ្សារ​ភ្ជាប់​ទីក្រុង​សៃហ្គន ទៅកាន់​តំបន់​ដីសណ្តទន្លេ​មេគង្គ កាត់​ស្ទឹង Oriental ហើយ​ស្ពាន​នេះ​បាន​សាងសង់​ឡើង​ជំនួស​ស្ពាន​ថ្ម ដែល​ត្រូវបាន​កម្ទេច​ដោយ​ពួក​សត្រូវ​អាមេរិក។

​ទំនាក់ទំនង​យូរអង្វែង​

​ក្រុម​ខ្មែរក្រោម​មាន​ប្រវត្តិ​ដ៏​យូរលង់ ក្នុង​ការជួយ​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត​វៀតណាម​នៅ​តំបន់​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​ចូលក្នុង​ក្រុម​ការពារ​ស៊ីវិល​ពិសេស (Civilian Irregular Defense Groups – CIDG)​។​

​ក្នុង​កំណត់ហេតុ​ប្រតិបត្តិ​មួយ​កាលពី​ឆ្នាំ​១៩៦២ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​(​សេ​អ៊ី​អា CIA) បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​កង​ស្វ័យការពារ ដែលមាន​ក្រុម​ខ្មែរក្រោម​ប្រឆាំងនឹង​ពួកវៀ​ត​កុង​។​

​កំណត់ហេតុ​នោះ​បញ្ជាក់ថា​៖

«​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​តប​នឹង​ក្រុម​វៀត​កុង ដែលមាន​ក្រុម​តូចៗ​ដោយ​ប្រើប្រាស់​តែ​កង​កម្លាំងយោធា​ធម្មតា​តែមួយ​មុខ គឺ​ប្រៀបដូចជា​ព្យាយាម​ក​ម្ចេ​ច​រុយ​រាប់សែន​ក្បាល​ដោយ​កាំភ្លើង​ផ្លោង​ដូច្នោះ​ដែ​រ‍​»​។ នេះ​បើតាម​កំណត់ហេតុ​សរសេរ​ដោយ​លោក E.H Knoche នាយករង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ផ្ញើជូន​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​លោក ច​ន ម៉ាក់​ខូ​ន (John A. McCone)​។ កំណត់ហេតុ​នេះ​បាន​បន្ថែមថា​៖

«​ជា​ផ្នែក​ដ៏​ធំ​មួយ​គឺ​ក្រុម​ឧទ្ទាម​ត្រូវតែ​បំបែក​ដោយ​ប្រើប្រាស់​កងកម្លាំង​ប្រឆាំង​ឧទ្ទាម​ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផងដែ​រ‍​»​។​

រូបឯកសារ៖ ទាហាន​អាមេរិក​កង US 25th ឈរ​សំយុង​ជើង​នៅពេល​ដែល​ឧទ្ធម្ភាគចក្រ​នាំ​ពួកគេ​ទៅ​កាន់​មូលដ្ឋាន​ប្រតិបត្តិការ នៅ​តំបន់​ដីសណ្តទន្លេ​មេគង្គ នៅ​ភាគ​ខាង​និរតីនៃ​ទីក្រុង​សៃហ្គន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៧។
រូបឯកសារ៖ ទាហាន​អាមេរិក​កង US 25th ឈរ​សំយុង​ជើង​នៅពេល​ដែល​ឧទ្ធម្ភាគចក្រ​នាំ​ពួកគេ​ទៅ​កាន់​មូលដ្ឋាន​ប្រតិបត្តិការ នៅ​តំបន់​ដីសណ្តទន្លេ​មេគង្គ នៅ​ភាគ​ខាង​និរតីនៃ​ទីក្រុង​សៃហ្គន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៧។

នៅ​រាល់​បេសកកម្ម កងកម្លាំង​របស់លោក យ៉េត​ឌី​ណាក់ ធ្វើ​ប្រតិបត្តិ​ការចូល​ជ្រៅ​ក្នុង​តំបន់ ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ភាគ​ខាងជើង​ក្នុង​រយៈពេល​ពី​៤​ដល់​៦​សប្តាហ៍​។ ពួកគេ​ប្រយុទ្ធ​ដោយ​គ្មាន​ទ័ពអាកាស ឬ​កងកាំភ្លើងធំ​ជួយ​គាំទ្រ​ទេ ហើយក៏​មិនមាន​សង្ឃឹមថា នឹងត្រូវ​បាន​កង​ឧ​ទ្ទ​ម្ភា​គ​ចក្រ​សង្គ្រោះ​ដឹក​ចេញ​ដែរ​។ បេសកកម្ម​មួយ​ដែលមាន​ឈ្មោះថា Blackjack 31 ក្រុម​ទ័ពព្រៃ​ចល័ត​នេះ​បាន​ឆ្លងកាត់​ការប្រយុទ្ធ​គ្នា​ចំនួន​៥២​លើក ចាប់បាន​ឈ្លើយសឹក​ជាច្រើន​នាក់ ដាក់​អន្ទាក់​មូលដ្ឋាន​កងទ័ព​វៀតណាម​ភាគ​ខាងជើង និង​បាន​ស៊ើបការណ៍​យក​ព័ត៌មាន​។ ប្រតិបត្តិការ​នេះ​បានចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំ​១៩៦៦ ដល់​ដើមឆ្នាំ​១៩៦៧​។ នេះ​បើតាម​សៀវភៅ​ឯកសារ​ដែលមាន​ចំណងជើង​ថា «​មិនអាច​បំភ្លេច​បា​ន‍​» (Hard to Forget) ដែល​លោក យ៉េត​ឌី​ណាក់ បាន​បោះ​ពុ​ម្ភ​ផ្សាយ​។​

​នៅពេលនេះ​លោក យ៉េត​ឌី​ណាក់ បាន​ចូលនិវត្តន៍ និង​មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ​។ លោក​បាន​បញ្ជាក់ប្រាប់ VOA ក្នុង​បទ​សម្ភាស​កាលពីពេល​ថ្មីៗ​នេះ​ថា​៖

«​យើង​មិនអាច​សម្រេចបាន​ភារៈកិច្ច​ដោយ​គ្មាន​ការគាំទ្រ​ពី​ទាហាន​ទាំងនោះ​ទ‍េ​»​។​

​លោក​បាន​បន្ថែមថា លោក​ខិតខំ​ឱ្យ​រដ្ឋសភា​សហរដ្ឋអាមេរិក​ទទួលស្គាល់​ខ្មែរក្រោម​តាមរយៈ​សេចក្តីសម្រេច​មួយ ដែលជា​ទម្រង់​នៃ​ការទទួលស្គាល់​ដ៏​មាន​កិត្តិយស​។ លោក​យល់ថា ការទទួលស្គាល់​នោះ​គ្មានអ្វី​គួរ​ជាទី​លំបាក​ចំពោះ​រដ្ឋសភា​សោះឡើយ ព្រោះ​វា​គ្រាន់តែ​ជា​ក្រដាស​មួយ​សន្លឹក ឬ​ស្លាក​សញ្ញា​មួយ បើ​ប្រៀបធៀប​នឹង​«​ពលិកម្ម​ដែល​ទាហាន​ទាំង​នោះបាន​លះបង់​ជួសមុខ​ឱ្យ​កងកម្លាំង​របស់​សហរ​ដ្ឋ​អា​មេ​រិ​ក‍​»​។​

​កងទ័ព​ខ្មែរក្រោម​ក៏បាន​ចូលរួម​ប្រយុទ្ធ​ជួយ​ទាហាន​អាមេរិកាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើតាម​ឯកសារ​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា ដោយ​លោក​ប្រធានាធិបតី រី​ឆាដ និក​សុន​(Richard Nixon) កាលពី​ខែមេសា ឆ្នាំ​១៩៧០​។​

​ឯកសារ​សម្ងាត់​របស់​សេ​អ៊ី​អា ដែល​បាន​បញ្ចេញ​ជា​សាធារណៈ​ដាក់​ផ្សាយ​ក្នុង​គេហទំព័រ​របស់​សេ​អ៊ី​អា ក្រោម​ខ្ទង់​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​បង្ហាញថា មាន​ទាហាន​ខ្មែរក្រោម​ចំនួន​២.១០០​នាក់ នៅក្នុង​កងវរៈសេនាតូច​ចំនួន​៤​នៃ​កងទ័ព​ចល័ត​ត្រូវបាន​ផ្ទេរ​ទៅធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​១៩៧០​។ ការផ្ទេរ​នេះ​កើតឡើង​តែ​រយៈពេល​ជាង​មួយខែ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ កាលពី​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​១៩៧០ ហើយ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​កំណត់ហេតុ​មួយ​របស់លោក​ហិន​រី ឃី​ស​ស៊ី​ង​ឃ័​រ (Henry Kissinger) ក្នុងតួនាទី​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​១៩៧០​។​

រូបឯកសារ៖ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៧២ ទាហាន​វៀតណាម​ខាង​ត្បូង ខាំ​សម្ភារៈ​ផ្ទាល់​ខ្លួន នៅ​ក្នុង​ស្បោង​ប្លាស្ទិច​ក្នុង​មាត់ នៅពេល​ដែល​កងពល​របស់​ពួកគេ​ឆ្លងកាត់​អូរ​មួយ​នៅ​តំបន់​ដីសណ្តរទន្លេ​មេគង្គ នៅ​ប្រទេស​វៀតណាម ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា។
រូបឯកសារ៖ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៧២ ទាហាន​វៀតណាម​ខាង​ត្បូង ខាំ​សម្ភារៈ​ផ្ទាល់​ខ្លួន នៅ​ក្នុង​ស្បោង​ប្លាស្ទិច​ក្នុង​មាត់ នៅពេល​ដែល​កងពល​របស់​ពួកគេ​ឆ្លងកាត់​អូរ​មួយ​នៅ​តំបន់​ដីសណ្តរទន្លេ​មេគង្គ នៅ​ប្រទេស​វៀតណាម ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា។

នៅពេលនោះ​ពលរដ្ឋ​អាមេរិកាំង​បាន​ប្រឆាំងនឹង​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​កាន់តែខ្លាំង​ឡើង ហើយ​ការចូល​ឈ្លានពាន​ប្រទេស​កម្ពុជា​បានធ្វើឱ្យ​សាធារណជន​អាមេរិកាំង​ភ្ញាក់ផ្អើល​។ មាន​តំណាងរាស្ត្រ​អាមេរិកាំង​ជាច្រើន​បាន​សាកសួរ​អំពី​ការផ្ទេរ​កងកម្លាំង​ខ្មែរក្រោម​នេះ​។ នៅក្នុង​កំណត់ហេតុ​មួយ​ផ្ញើជូន​លោក រី​ឆាដ ហែល (Richard Helms) នាយក​ថ្មី​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សេ​អ៊ី​អា លោក ច​ន ម៉ូ​រេ​យ (John Mauray) ទីប្រឹក្សា​ច្បាប់​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ និង​ការ​ស្នើឱ្យ​ធានាថា​កងកម្លាំង​ខ្មែរក្រោម ត្រូវ​ប្រើប្រាស់​តែ​សម្រាប់​«​គាំទ្រ​ដល់​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម‍​»​ប៉ុណ្ណោះ​។​

​ដំណឹង​ស្តីពី​«​ការ​ឈ្លា​ន​ពា​ន‍​ដោយ​សម្ងាត់​»​ចូលក្នុង​ប្រទេស​កម្ពុជា បាន​បង្កឱ្យមាន​ការតវ៉ា​យ៉ាង​ធំ​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ឈាន​រហូតដល់​ប្រើប្រាស់​កងកម្លាំង​ឆ្មាំ​ជាតិ ដើម្បី​ទប់ស្កាត់​បាតុកម្ម ហើយ​ក៏បាន​បណ្តាលឱ្យ​និស្សិត​សាកលវិទ្យាល័យ Kent State ចំនួន​៤​នាក់ ស្លាប់បាត់​បង់ជីវិត កាលពី​ថ្ងៃទី​៤ ខែឧសភា ហើយ​ក៏មាន​ព្រឹត្តិការណ៍​ប៉ូលិស​បាញ់​បង្ក្រាប​នៅ​សាកលវិទ្យាល័យ Jackson State នៅ​ថ្ងៃទី​១៥ ខែឧសភា​។ បន្ទាប់ពី​នោះមក លោក និក​សុន បាន​ដក​កងទ័ព​ចេញពី​ប្រទេស​កម្ពុជា​។​

រូបឯកសារ៖ កង​ឆ្មាំជាតិ​រដ្ឋ​អូហៃយ៉ូ ​ចូល​បង្រ្កាប​ការ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ Kent State នៅ​រដ្ឋ​អូហៃយ៉ូ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០។ មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់ ហើយ​១១នាក់​ផ្សេង​ទៀត បាន​រង​របួស​នៅពេល​ដែល​កង​ឆ្មាំជាតិ បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ។
រូបឯកសារ៖ កង​ឆ្មាំជាតិ​រដ្ឋ​អូហៃយ៉ូ ​ចូល​បង្រ្កាប​ការ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ Kent State នៅ​រដ្ឋ​អូហៃយ៉ូ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧០។ មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់ ហើយ​១១នាក់​ផ្សេង​ទៀត បាន​រង​របួស​នៅពេល​ដែល​កង​ឆ្មាំជាតិ បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ។

​លោក ស្ក​ត វ៉ក​ឃឺ បានបញ្ជាក់​ពី​ការលះបង់​របស់​ទាហាន​ខ្មែរក្រោម​ថា​៖

«​ពួកគេ​ធ្វើ​ការងារ​ពីរ​ផ្នែក​។ ទីមួយ គឺ​ពួកគេ​ជួយ​សហរដ្ឋអាមេរិក​ដោយ​សម្ងាត់​ក្នុងនាម​ជា​កងកម្លាំង Mike Force ហើយ​រហូតមកដល់​ឆ្នាំ​១៩៧០ ពួកគេ​មក​បម្រើ​ក្រុម​សាធារណរដ្ឋ​ខ្មែរ ក្នុងនាម​ជា​ទាហាន​សម្ព័ន្ធមិត្ត​ជា​ផ្លូវការ​របស់​សហរដ្ឋ​អា​មេ​រិ​ក‍​»​។​

​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​

​ប៉ុន្តែ ការទទួលស្គាល់​មិនទាន់​ធ្លាក់​មកដល់​ក្រុម​ខ្មែរក្រោម​នៅឡើយ​ទេ​។ មួយផ្នែក​គឺ​ដោយសារ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដែល​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១៧​មក នៅ​គ្រា​ដែល​ពួក​វៀតណាម​បាន​កាន់កាប់​តំបន់​ដែនដី​សណ្ត​ទន្លេមេគង្គ​របស់​កម្ពុជា​។ ប្រទេស​បារាំង​បាន​កាន់កាប់​តំបន់​នោះ​នៅក្នុង​សតវត្សរ៍​ទី​១៩ ហើយ​អាច​ទប់ស្កាត់​អំពើ​ប្រទូសរ៉ាយ រវាង​ជនជាតិ​ខ្មែរក្រោម និង​វៀតណាម បាន​រហូតដល់​ដែនដី​កូសាំងស៊ីន ត្រូវបាន​ប្រគល់​ទៅឱ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩​។​

​នៅពេលនោះ​ខ្មែរក្រោម​បាន​ប្រឆាំងនឹង​វៀតណាម​ហើយ គឺជា​កម្លាំង​ដែល​ប្រឆាំងនឹង​ពួក​កុម្មុយនីស្ត​នៅ​តំបន់​ដែនដី​សណ្ត​ទន្លេមេគង្គ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស្ហ​ន ម៉ាក់​ខេ​ល (Shawn McHale) សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ​ច​ច វ៉ាស៊ីនតោន (George Washington University) ដែលមាន​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍ និង​វៀតណាម​។​

​លោក​បាន​បន្ថែមថា នៅ​ទសវត្សរ៍​១៩៦០ «​នៅពេលដែល​សហរដ្ឋអាមេរិក​ចូលមក ហើយ​ដឹងថា ក្រុម​ខ្មែរក្រោម​គឺជា​កងកម្លាំង​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធភាព ក៏បាន​ជ្រើសរើស​ពួកគេ​ចូលធ្វើ​ជា​ទា​ហា​ន‍​»​។​

ផែនទី​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម។ តំបន់​ដីសណ្ត​ទន្លេ​មេគង្គ គឺជា​តំបន់​ផ្សារភ្ជាប់​រវាង​ភាព​និរតី​នៃ​ប្រទេស​ទាំងពីរ។
ផែនទី​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម។ តំបន់​ដីសណ្ត​ទន្លេ​មេគង្គ គឺជា​តំបន់​ផ្សារភ្ជាប់​រវាង​ភាព​និរតី​នៃ​ប្រទេស​ទាំងពីរ។

​លោក យ៉េត​ឌី​ណាក់ បាន​ប្រើប្រាស់​ឋា​ម​ពល និង​កម្លាំង​ខ្មែរក្រោម ដែល​ចង់បាន​ដែនដី​ដូនតា​របស់​ពួកគេ​វិញ ហើយ​បាន​ហ្វឹកហ្វឺន​ពួកគេ​ជា​កងកម្លាំង​ទ័ពព្រៃ​ចល័ត​។​

​លោក​បាន​បន្ថែមថា​៖

«​ពួកគេ​គិតថា ពួកគេ​ត្រូវបាន​ជ្រើសរើស និង​ហ្វឹកហ្វឺន​ដើម្បី​វាយ​លើ​ពួក​ហូជីមិញ និង​មន្ត្រី​មូលដ្ឋាន​ហើយ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​។ យើង​ក៏​មិនបាន​ធ្វើ​អ្វី​ដើម្បី​ប​ង្ទុ​ច​បង្អាក់​ពួកគេ ពី​ការរក្សា​គោលបំណង​នោះដែរ ដោយសារតែ​យើង​ចង់ឱ្យ​ពួកគេ​មាន​កម្លាំង​នៅក្នុង​ការ​ហ្វឹក​ហា​ត‍់​»​។​

​កលល្បិច​នោះ​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​។ លោក ចៅ រៀប អតីត​មេបញ្ជាការ​ខ្មែរក្រោម​មួយរូប ដែល​កំពុង​រស់នៅ​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា ទាហាន​របស់លោក​បាន​ប្រយុទ្ធ​រួមគ្នា​ជាមួយនឹង​កងទ័ព​អាមេរិកាំង ដោយសារតែ​ពួកគេ​ចង់បាន​ការគ្រប់គ្រង​តំបន់​ទន្លេមេគង្គ​វិញ​។ ការណ៍​នេះ​ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិនសូវ​យកចិត្តទុកដាក់​នឹង​ពួកគេ​ទេ ហើយ​តែងតែ​ធ្វើបាប​។​

​លោក ស្ហ​ន ម៉ាក់​ខេ​ល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រោយពេល​សង្គ្រាម​បាន​ចប់​ទៅ​មាន​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​តូច បានមក​នៅ​សហរដ្ឋអាមេរិក ហើយ​«​មានការ​លំបាក​ក្នុងការ​ឈានឡើង​បាន​ខ្ពស់ ដោយសារ​ពួកគេ​មិនសូវ​ពូកែ​ខាង​ផ្នែក​ទំនាក់ទំនង​ហើយ​ការណ៍​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ពួកគេ​យ៉ាង​ខ្លាំ​ង‍​»​។​

​ការជំរុញឱ្យ​មានការ​ទទួលស្គាល់​

​នៅ​ខែកក្កដា លោក ស្ហ​ន ដា​ហ្វី (Sean Duffy) អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វី​ស​ខោ​ន​សឹ​ន បានដាក់​ស្នើ​សេចក្តីសម្រេច​ថ្មី​លេខ​៤៩១ ដោយមាន​ការគាំទ្រ​ពី​អ្នកតំណាងរាស្ត្រ​ចំនួន​ពីរ​នាក់​ទៀត គឺ​លោក អេ​ដ ភឺ​ល​ម៉ាត់​ថឺ (Ed Perlmutter) អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ និង​លោក ឃ្លឹ​ន គ្រុ​ធ​មែន Glenn Grothman) អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វី​ស​ខោ​ន​សឹ​ន​។​

រូបឯកសារ៖ លោក​ ស្ហន ដាហ្វី (Sean Duffy) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វីសខោនសឹន ថ្លែង​ទៅកាន់​សភាអាមេរិក នៅរដ្ឋ​ធានីវ៉ាស៊ីនតោ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​ ស្ហន ដាហ្វី (Sean Duffy) អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វីសខោនសឹន ថ្លែង​ទៅកាន់​សភាអាមេរិក នៅរដ្ឋ​ធានីវ៉ាស៊ីនតោ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តីសម្រេច​នេះ​«​បញ្ជាក់​និង​ទទួលស្គាល់​ជនជាតិខ្មែរ ឡាវ មង និង​ក្រុម​ដទៃទៀត​ដែល​គេ​ហៅ​ជាទូទៅ​ថា ក្រុម​ម៉ុង​តា​ញ៉ា នៅ​កម្ពុជា​និង​ឡាវ ដែល​បាន​គាំទ្រ​និង​ការពារ​កងកម្លាំង​សហរដ្ឋអាមេរិក និង​សេរីភាព​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ‍៍​»​។ សេចក្តីសម្រេច​នេះ​បាន​ទៅដល់​អនុគណៈកម្មាធិកា​រ​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​របស់​រដ្ឋសភា​ហើយ​។​

​លោក ម៉ាក បេន​ន័​រ (Mark Bednar) មន្ត្រី​ព័ត៌មាន​របស់លោក ដា​ហ្វី បាន​ប្រាប់ VOA កាលពី​សប្តាហ៍​មុន​ថា​៖

«​អ្នកតំណាងរាស្ត្រ​ដា​ហ្វី ជឿជាក់ថា អ្នក​ដែល​បាន​គាំទ្រ​កងកម្លាំង​របស់​យើង​សក្តិសម​នឹង​ទទួលបាន​ការផ្តល់​កិត្តិយស ហើយ​លោក​រំជួលចិត្ត​ខ្លាំងណាស់​ក្នុងការ​ទទួលស្គាល់​ការចូលរួមចំណែក​រប​ស់​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ជាតិ មង ម៉ុង​តា​ញ៉ា និង​ខ្មែរ ដែល​បាន​ជួយ​ដល់​ទាហាន​សហរដ្ឋអាមេរិក បើទោះបីជា​ឯកសារ​របស់​ទូរទស្សន៍ PBS បដិសេធ​មិន​ប​ញ្ជូ​ល​ក្នុង​ភាពយន្ត​ឯកសារ​របស់​ពួកគេ​ក៏​ដោ​យ‍​»៕

Leave A Reply

Your email address will not be published.