គណៈកម្មការវត្តសាមគ្គីរង្សី ហៅវត្តខ្មែរក្រោម តែងតាំងព្រះចៅអធិការថ្មី

130

ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សាមគ្គី​រង្សី​ ​កាលពី​ថ្ងៃអាទិត្យ ១៤ មិថុនា ២០១៥ ម្សិលមិញ​នេះ បានរៀបចំ​ពិធីចងដៃ​ព្រះចៅអធិការ ព្រះ​ពហុស្សូត​ឆ្វេង​-​ស្តាំ និង​តែងតាំង​គណៈកម្មការ​ថ្មី ដើម្បី​មើល​ខុសត្រូវ​ក្នុង​វត្ត​សាមគ្គី​រង្សី ។​

ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ មានការ​ចូលរួម​ពី​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង តំណាង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមយុវជន ប្រមាណ​ជាង ១០០ នាក់ ។​

ព្រះតេជព្រះគុណ ថាច់ ហា​សំអាង ជា​ព្រះចៅអធិការ​ស្តីទី ជំនួស​ឲ្យ​ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ដែលមាន​ភារកិច្ច​នៅក្រៅ​ប្រទេស​នោះ ។ នៅពេលនេះ ត្រូវបាន​ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សាមគ្គី​រង្សី តែងតាំង​ជា​ព្រះចៅអធិការ​ពេញសិទ្ធិ និង​ស្របច្បាប់ ដោយមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ដែនដី ។​

ជាមួយគ្នា ស្ថាប័ន​ខ្មែរក្រោម​ធំៗ ចំនួន ៣ មានដូចជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក និង​នាយកដ្ឋាន​អន្តរ​សាសនា បានចេញ​លិខិត​ទទួលស្គាល់​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ទាំង ៣ ព្រះអង្គ​ដែល​ត្រូ​វបានតែងតាំង​ថ្មី​នេះ​ផងដែរ ។​

Comments are closed.