ក្រ​ឡេក​មើល​កម្ពុជា​ក្រោម​ឆ្នាំ ២០១៤

120

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ តើ​មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​ខ្លះ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង​នៅក្រៅ​ប្រទេស ។ ខាងក្រោម​នេះ ជា​សេចក្ដីរាយការណ៍​សង្ខេប​ស្ដីពី ព្រឹត្តិការណ៍​ដែល​បាន កើតឡើង ក្នុង​រយៈពេល ១ ឆ្នាំ កន្លងទៅនេះ ។​

ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

ខែមករា​

​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា ៥ អង្គ ត្រូវ​ឃាត់​ព្រះកាយ និង​ដោះលែង​មកវិញ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​លើក​ម្មករ នៅ​រោងចក្រ​ចុង​ជី​ញ នា​សង្កាត់​ដំបូល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ នោះ​ជាស​ង្ឃ​នៃ​វត្ត​សាមគ្គី​រង្សី ដែល​ត្រូវបាន​កងកម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រយោង ៩១១ ចាប់ឃុំខ្លួន​នៅ​បន្ទាយ កាលពី​ថ្ងៃទី ២ ខែមករា ហើយ​ត្រូវបាន​ដោះលែង​មកវិញ​នៅ​ម៉ោង​ប្រមាណ ១២ អា​ធ្រា​ត្រ​ចូល​ថ្ងៃទី ៣ បន្ទាប់ពី​ឃុំខ្លួន​ប្រមាណ​ជាង ១០ ម៉ោង​រួចមក ។​

​ការដោះលែង​នោះ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក​ជាច្រើន​ទៀត និង​មាន​ការតវ៉ា​ពី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ជា​ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី ។​

ព្រះសង្ឃ​ទាំង ៥ អង្គ​ដែល​ត្រូវ​ចាប់​នោះ រួមមាន ភិក្ខុ មាស វិចិត្រ​, ភិក្ខុ ថាច់ ហា​សំអាង គ្រូសូត្រ​វត្ត​សាមគ្គី​រង្សី និង​ជា លេខា​សមាគម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​, ភិក្ខុ គង់ រតនៈ​សា​រ៉ា​យ​, ភិក្ខុ ឡាយ ឡា​ត អតីត​ចៅអធិការ​វត្ត​ដូន​ទ្រូ នៅ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដែល​ទើបតែ​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា និង ភិក្ខុ គឹម ចាន់ ថន ។​

ខែកុម្ភៈ​

នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ សៀវភៅ​សិក្សា​មួយ​ដែលមាន​ចំណងជើង​ថា “​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​” ដែល​បាន​រៀបរៀង​ដោយ លោក ថាច់ ឯក នៅ​ភូមិ​សំ​ណឹ​ង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​បាន​បោះពុម្ព​ដោយ ភិក្ខុ ថាច់ ចន្ទ​តារា សមណ​និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​រឹប​យក ពេលដែល​ព្រះអង្គ​បាន​ផ្ញើ​សៀវភៅ​នេះ​ទៅ​ចែក​ដល់​សមណ​សិស្ស និង​គ្រូបង្រៀន​នៅ​កម្ពុជា​ក្រោម ។​

​អាជ្ញាធរ វៀតណាម​បាន​ចោទ​ម្ចាស់​រៀបរៀង​សៀវភៅ​នេះ​ថា បាន​បោះពុម្ព​សៀវភៅ​ខុសច្បាប់ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល តែ​ម្ចាស់​ទទួលខុសត្រូវ​ក្នុងការ​បោះពុម្ព​សៀវភៅ​បាន​លើកឡើងថា ទង្វើ​នេះ​មិន​ខុសច្បាប់​អ្វី​ទេ តែ​រដ្ឋាភិបាល​វៀតណាម​វិញ​ទេ ដែល​បំពាន​លើ​សិទ្ធិ​របស់​ជនជាតិដើម ក្នុងការ​រក្សា និង​ផ្សព្វផ្សាយ​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ ។​

ខែមេសា​

​នៅ​ថ្ងៃទី ៣០ ខែមេសា គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ បានចេញ​របាយ ការណ៍​ប្រចាំ ឆ្នាំ ២០១៤ ស្ដីពី​សេរីភាព​សាសនា​ក្នុង​ពិភពលោក ក៏មាន​សេចក្ដីរាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ពី​រដ្ឋាភិបាល​វៀតណាម ផងដែរ ។ គណៈកម្មការ​មួយ​នេះ ក៏បាន​ស្នើ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដាក់​ប្រទេស​ចំនួន ៨ ក្នុងនោះ មាន​វៀតណាម ផងដែរ ឲ្យ​ចូលក្នុង​បញ្ជីខ្មៅ​នៃ “​ប្រទេស​ដែលមាន​ក្ដីបារម្ភ​ពិសេស​” ហៅ​កាត់​ជា​ភាសា អង់គ្លេស ថា PPC ឬ Countries of Particular Concern ខាង​រំលោភសិទ្ធិ​សាសនា​យ៉ាង​ធ្ងន់ ឡើងវិញ ។​

​នៅក្នុង​របាយការណ៍​កម្រាស់ ២០៩ ទំព័រ ស្ដីពី​ការរំលោភ​សិទ្ធិ​សាសនា​នៅក្នុង​ពិភពលោក បាន​រាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម​ថា​៖ “​អាជ្ញាធរ​វៀតណាម​បាន​ចូល​អុកឡុក​នៅក្នុង​វត្ត​តាសេក និង វត្ត​ព្រៃ​ជាប់ ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ដោយ​ការ​ឃុំឃាំង និង​ចាប់​ផ្សឹក​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នោះបាន​ភៀសខ្លួន​ចេញ ទៅសុំ​សិទ្ធិ​ជ្រកកោន នៅ​ប្រទេស​ទី ៣ [​គឺ ប្រទេស​ថៃ​] ។ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបាន​ចាប់ខ្លួន និង​ផ្សឹក​ចោទ​ពីបទ​ថា បាន​ទង​ទង​នឹង​អង្គការ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ព្រះសង្ឃ​មួយចំនួនទៀត កំពុងតែ​រងចាំ​ជំនុំ​ជម្រះក្ដី ។ ចំណែក​ព្រះសង្ឃ លី ចិន្ដា កំពុងតែ​បាត់​ព្រះកាយ ហើយ​អ្នកភូមិ​ព្រៃ​ជាប់​អ្នក​ដែល​តវ៉ា​បិទផ្លូវ​ប៉ូលិស​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ខែ​កន្លងមកនេះ​” ។​

​ខែឧសភា​

​អង្គការសហប្រជាជាតិ​បានរៀបចំ​មហាសន្និបាត​វិសាខបូជា​អន្តរជាតិ លើក​ទី ១១ រយៈពេល ៤ ថ្ងៃ នៅ​ប្រទេស វៀតណាម ខណៈដែល​ព្រះសង្ឃ​ពីរ​អង្គ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ៦ រូប​កំពុងតែ ជាប់ពន្ធនាគារ នៅ​ខេត្ត​ឃ្លាំង ។ មហាសន្និបាត វិសាខបូជា​នេះ ប្រារព្ធ​នៅក្នុង​វត្ត​យួន​មួយ​ឈ្មោះ​បាយ​ដិ​ន ឋិត​នៅក្នុង​ខេត្ត​និ​ញ​បិ​ន ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៧ ដល់ ទី ១១ ខែឧសភា ដែលមាន​មនុស្ស ចូលរួម ប្រមាណ ១០.០០០ នាក់ ក្នុងនោះ មាន​ប្រតិភូ​ប្រមាណ ១.៥០០ រូប តំណាង​ឲ្យ​ស្ថាប័ន ព្រះពុទ្ធសាសនា នៅក្នុង​ប្រទេស​ចំនួន ៩៥ ចូលរួម ផងដែរ ។​

មហាសន្និបាត​នេះ មន្ត្រី​តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន នៅក្រៅ​ប្រទេស មិន​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ ។ ចំណែក មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា ក្រោម ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​អញ្ជើញ​ទៅ​ចូលរួម​នោះ គ្មាន​ឱកាស​ឡើង​ថ្លែង​សារ​ទៅកាន់​ភ្ញៀវ អន្តរជាតិ​ឡើយ ។​

នៅ​ថ្ងៃទី ២២ ខែឧសភា នាង អម វិជ្ជា តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឡើង​ថ្លែង​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ។ សេចក្ដី​ថ្លែង ការណ៍​របស់​នាង​ស្ដីអំពី​កិច្ចការ​អនាគត របស់​វេទិកា​នេះ និង​បាន​ជម្រុញ​ឲ្យ​ប្រទេស​វៀតណាម​ប្ដូរ​ឥរិយាបទ​ពី​ការប្រើ​ភាសា​ក្នុង​ការហៅ “​ជនជាតិភាគតិច​” មកជា “​ជនជាតិដើម​” វិញ ។​
​ចាប់ពី​ឆ្នាំ ២០០៤ មក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​តែង​ចូល​ថ្លែងការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម នៅក្នុង​អង្គការសហប្រជាជាតិ​ជា​រៀងរាល់ឆ្នាំ ។​

​ខែមិថុនា​

ពលរដ្ឋ​ខ្មែរក្រោម​នៅ​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង​កាត់ “​កម្ពុជា​ក្រោម​” ឲ្យ​ឋិត​នៅ ក្រោម​រដ្ឋ​ចំណុះ​វៀតណាម ។ ពិធី​នេះ​ធ្វើ​នៅ​វត្ត​សាមគ្គី​រង្សី នា​ព្រឹក​ថ្ងៃទី ០៤ ខែមិថុនា ដោយមាន​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​យ៉ាងច្រើន​កុះករ ក្រោម​ព្រះរាជអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ជា​ព្រះរាជតំណាង ព្រះមហាក្សត្រ​ខ្មែរ និង​មានការ​ចូលរួម​ពី លោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះ​ជាតិ ផងដែរ ។ ក្រៅពី​ប្រទេស​កម្ពុជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក ក៏បាន រៀបចំ​កម្មវិធី​នេះ ផងដែរ ។​

​ក្រោយពី​ពលរដ្ឋ​ប្រារព្ធ​ខួប ៦៥ ឆ្នាំ នេះ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ថ្លែង នៅ​ថ្ងៃទី ០៦ ខែមិថុនា ថា “​ដែនដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​” ដែល​ធ្វើ​ឲ្យ​មាន ការខឹង​សំបា​ពី​ពលរដ្ឋ​ខ្មែរ​យ៉ាងខ្លាំង ហើយ​ពួកគេ​បាន​ក្រោក​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀត ណា​ម ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​រូបនេះ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ។​

អ្នកភូមិ​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ៤ រូប ត្រូវបាន​អាជ្ញាធរ​វៀតណាម​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី ១៧ ខែម​ថុ​នា បន្ទាប់ពី​ពួកគេ​បាន​ជាប់​នៅក្នុង​ពន្ធនាគារ អស់​រយៈពេល​ជាង​មួយឆ្នាំ​តាម​សាលក្រម​ដែល​តុលាការ​បក្សកុម្មុយនិស្ត វៀតណាម​បានប្រកាស កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ។​

សូមបញ្ជាក់ថា នៅ​ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​សាលាដំបូង​ខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ឲ្យ​អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង​ករណី ភិក្ខុ លី ចិន្ដា នៃ វត្ត​ព្រៃ​ជាប់​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់​ព្រហ្ម ទណ្ឌ​របស់​ប្រទេស​វៀតណាម ។

​អ្នក​ទាំង ៤ ដែល​ត្រូវបាន​ដោះលែង​នោះ រួមមាន ទី ១ អ្នកស្រី លី ធី​យន់ ជាប់គុក ១ ឆ្នាំ​, ទី ២ អ្នកស្រី ឡឹម ធី​ឡង ១ ឆ្នាំ​, ទី ៣ លោក លី មិញ​ហាយ ១១ ខែ​, ទី ៤ លោក តាំង ផល្លា ១០ ខែ ។​

​ខែកក្កដា​

នៅ​ថ្ងៃទី ០៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ជាច្រើន​រយ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​ខ្លួន​ធ្លាប់បាន​អះអាងថា “​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​” មិនមែន​បានមកពី​ការ កាត់​ទឹកដី ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះទេ ។ បាតុកម្ម​នេះ មាន​មនុស្ស​យ៉ាងតិច​ប្រមាណ ១០ នាក់ ត្រូវបាន​កម្លាំង​សន្តិសុខ នៃ​ប្រទេស​កម្ពុជា វាយ​ឱ្យ​របួសស្រាល​ក្នុងខណៈពេល​ពួក​បាតុករ​ព្យាយាម បុក​របាំង​ការពារ​របស់​ប៉ូលិស ឆ្ពោះទៅកាន់​ស្ថានទូត​វៀត ណា​ម ។​

​បន្ទាប់ពី​បាតុកម្ម​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន (Lê Hải Bình) បាន​ថ្កោល ទោស​សកម្មភាព បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ​ថា បានធ្វើ​ឡើង​ដោយ “​ក្រុម​ជ្រុលនិយម មួយ​ក្ដាប់​តូច​” និង​ថា វៀតណាម​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់ ។​

​ក្រោយពី​ការ​ថ្លែង​បែបនេះ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​មក នៅ​ថ្ងៃទី ១០ ខែ​កក្ដ​ដា គ្រប់​កាសែត រដ្ឋ​របស់​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម​ទូទាំងប្រទេស​បាន​ចុះផ្សាយ “​រឿង​បាតុកម្ម​នៅមុខ ស្ថានទូត​វៀតណាម​ប្រចាំ ប្រទេស​កម្ពុជា​” ។ កាសែត​ទាំងនេះ បាន​ស្រង់​សម្ដី​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដោយ​ប្រើពាក្យ​ថា “Khmer Kampuchea Krom” ដែលជា​ពាក្យ​មួយ​ដ៏​រសើប សម្រាប់​រដ្ឋាភិបាល​វៀត​ណា​ម ។​

ទោះបី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​ថ្លែងថា បាតុកម្ម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្ត ភាព​រវាង កម្ពុជា​និង​វៀតណាម​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បាន ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នាពេល​កន្លងមក គឺ​មិន​ប៉ះពាល់​ដល់ ទំនាក់ ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ទេ ។​

ខេត្ត​ព្រះ​ត្រពាំង​មាន​វត្ត​ថ្មី​ថែម​មួយទៀត ឋិត​នៅក្នុង​ភូមិ​អូរ​តា​ពៅ ឃុំ​កំពង់ទូក ស្រុក​កំពង់ធំ ។ វត្ត​នេះ ឈ្មោះថា វត្ត​សុវណ្ណ​នទី​សិរី​ឧត្ដម (​អូរ​តា​ពៅ​) ដែល​ទើបតែ​បានធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​ថ្ងៃទី ៩ និង​ទី ១០ ខែកក្កដា ឆ្នាំ ២០១៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ១៣ កើត និង​ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែអាសាឍ ឆ្នាំ មមី ឆស័ក ពុទ្ធ​សា​សរាជ ២៥៥៨ ។​

​វត្ត​នេះ បានក្លាយ​ជាវ​ត្ត​ផ្លូវការ​ចាប់ពី​ថ្ងៃបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នេះ​តទៅ ក្រោយពី​ទីតាំង​កសាង​វត្ត ធ្លាប់ជា​សាលា​ឆ ទាន ធ្វើបុណ្យ​សុន្ទរទាន​របស់​ពុទ្ធប​រិ​ស័​ទ​ខ្មែរក្រោម​នៅក្នុង​តំបន់​មួយ​នេះ​អស់​ជាច្រើន​ឆ្នាំកន្លងមក ។ វត្ត​សុវណ្ណ នទី​សិរី​ឧត្ដម (​អូរ​តា​ពៅ​) ជា​វត្ត​ទី ១៤២ របស់​ខេត្ត​ព្រះ​ត្រពាំង ដែល​ពីមុនមក​ខេត្ត​នេះ​មានតែ ១៤១ វត្ត​ប៉ុណ្ណោះ ។​

​ខែសីហា​

​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​សមាគម​ព្រះសង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង រឹប​យក​ត្រា​វត្ត​ដែលមាន​ឆ្លាក់​អក្សរ​ខ្មែរ​ថា “​កម្ពុជា​ក្រោម​” ពី ព្រះតេជព្រះគុណ គឹម ហាន់ ព្រះចៅអធិការ​វត្ត​ដីក្រហម ។ បញ្ហា​នេះ គណៈ​មន្ត្រី​សង្ឃ​ខេត្ត​បាន និមន្ត​ព្រះតេជព្រះគុណ គឹម ហាន់ ទៅ​សាលា​គណ​ខេត្ត ដែល​ឋិត​នៅក្នុង វត្ត​ពោធិ​សាល​រាជ (​កំពង់​) ដើម្បី​បង្ខំ​ឲ្យ ព្រះអង្គ​ប្រគល់​ត្រា​វត្ត​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ។​

​ព្រះចៅអធិការ​វត្ត​ដីក្រហម​មិនបាន​ប្រគល់​ត្រា​នេះ​ឲ្យ​ទៅ​គណៈ​មន្ត្រី​សង្ឃ​ទេ ដោយ​ព្រះអង្គ​បានធ្វើ​សេចក្ដី​រាយ ការណ៍​មួយ​ជូនទៅ​អាជ្ញាធរ​វៀតណាម​តាមរយៈ​មន្ត្រី​សង្ឃ​ថា ព្រះអង្គ​បាន​ចោល​ត្រា​នេះ​ទៅក្នុង​ទន្លេ​រួចហើយ ។​

ការដែល​អាជ្ញាធរ​វៀតណាម​ចង់​រឹប​យក​ត្រា ព្រោះ​នៅពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម​បានដឹងថា វត្ត​ដីក្រហម​បាន រក្សាទុក​នូវ​ត្រា​របស់​វត្ត​មួយ​ដែល​បាន​ឆ្លាក់​អក្សរ​ថា “​កម្ពុជា​ក្រោម​” ។ ត្រា​នេះ ជា​កេរ​ដំ​ណែ​ករ​បស់ ព្រះតេជព្រះគុណ មហា ត្រឹង យន់ ជា​អតីត​ព្រះចៅអធិការ​ទី ២៧ នៃ​វត្ត​ដីក្រហម និង​ជា​អតីត​ព្រះ​មេគណ​ទី ១០ នៃ​ខេត្ត​ព្រះ​ត្រពាំង ដែល​ទើបតែ​អនិច្ចធម្ម កាលពី​ឆ្នាំ ២០០៩ ។​

​លោក Heiner Bielefeldt អ្នករាយការណ៍​ពិសេស​របស់ អ​. ស​. ប​. ទទួលបន្ទុក​ផ្នែក​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ៣១ ខែកក្កដា ទៅ តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​វៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បានធ្វើ​ដំណើរ​ចុះទៅ​ដែនដី​កម្ពុជា ក្រោម​ដើម្បី​ជួប​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មួយ ចំនួន​ដែល​បាន​រងគ្រោះ​ដោយ​ការរំលោភ សិទ្ធិមនុស្ស​ពីរ​ដ្ឋា ភិ​បាល​វៀតណាម ផងដែរ ។​

ក្រោយពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣១ ខែកក្កដា លោក​បានធ្វើ​សេចក្តី​សន្និដ្ឋានថា អាជ្ញា ធរ​វៀតណាម​នៅតែ​បន្ត​រំលោភ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា​របស់​ប្រជាជន ។ លោក​ក៏បាន រិះគន់​ផងដែរ​ចំពោះ អាជ្ញាធរ​វៀតណាម​ដែល​បាន​ព្យាយាម​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​លោក ។ លោក​បានចេញ​របាយការណ៍ ស្ដីពី បញ្ហា​រំលោភសិទ្ធិ​សាសនា​នៅ​វៀតណាម​កម្រាស់ ១៣ ទំព័រ ដោយបាន បញ្ជាក់​អំពី​ស្ថានភាព​សិទ្ធិសេរីភាព សាសនា​នៅ​កម្ពុជា​ក្រោម​ថា ៖ “​នៅក្នុង​កិច្ច​ជួប​សន្ទនា​ជាមួយនឹង​តំណាង​សមាគម​ពុទ្ធសាសនា​ឯករាជ្យ ខ្ញុំ​បាន ឮ​នូវ​ពាក្យ​ត្អូញត្អែរ​អំពី​ស្ថានភាព ការបង្ក្រាប នៅតែ​កើតមាន ដូចជា នគរបាល​បានមក​ប្រមូលផ្ដុំ ចាប់​ពលរដ្ឋ​ឃុំ ឃាំង​នៅក្នុង​ផ្ទះ ចាប់​ដាក់គុក និង រឹប​យក​របស់ទ្រព្យ ជាដើម …​។ ទង្វើ​ដែល​រដ្ឋាភិបាល​វៀតណាម បដិសេធ ការប្រតិបត្តិ​សាសនា​របស់​ក្រុម ដែល​រដ្ឋ​មិនបាន​ទទួលស្គាល់​ដែល​ខ្ញុំ​បាន​ជួប​សន្ទនា​ជាមួយ ជា​សញ្ញា​មួយ​បង្ហាញ ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដែលមាន​ជំហរ ឯករាជ​ពី​រដ្ឋាភិបាល​មិនអាច​អនុវត្ត​នូវ សេរីភាព​ក្នុងការ​ប្រតិបត្តិ សាសនា បានទេ ។ ក្នុងនោះ ព្រះសង្ឃ​ខ្មែរក្រោម ក៏​ចង់បាន​នូវ​សិទ្ធិ​ម្ចាស់​ការមិន​ត្រឹមតែ ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​តែប៉ុណ្ណោះ​ទេ ថែមទាំង​ចង់បាន​សិទ្ធិ​ម្ចាស់ការ​នៅលើ​វិស័យ​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា នេះដែរ​” ។​

វៀតណាម​តែងតាំង​អគ្គរដ្ឋទូត​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា មាន​ដើមកំណើត​ជា​ខ្មែរក្រោម​ដែលជា​មន្ត្រី​នៅក្នុង​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម ។ ពេល​បាន​ចូលកាន់​មុខតំណែង​ភ្លាម លោក ថាច់ យឺ អគ្គរដ្ឋទូត​ថ្មី របស់​ស្ថានទូត​វៀតណាម ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ បាន​ចូល​ថ្វាយ​សារ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ សម្ដេច ន​រោ​ត្ដម សីហមុនី នៅ​ថ្ងៃទី ២១ ខែសីហា ។ ការចូល​កាន់​មុខតំណែង​របស់ លោក ថាច់ យឺ ស្រប​ពេលដែល​ស្ថានទូត​វៀតណាម កំពុងតែ​ប្រឈម​នឹង​បញ្ហា​តានតឹង ដែល​កើតឡើង​អំពី​ការធ្វើ​បាតុកម្ម​របស់​ព​ល​រដ្ឋ​ប្រឆាំងនឹង​សម្ដី​អ្នកនាំពាក្យ ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាំ​ង ថុង ស្ដីពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។​

បើ​យោងតាម​ជីវប្រវត្តិ​សង្ខេប​របស់ លោក ថាច់ យឺ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋសភា​វៀតណាម បាន​បញ្ជាក់ថា លោក ថាច់ យឺ ជា​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ កើត​នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​១៩៥៧ នៅ​ភូមិ​វាល​លាក់ ស្រុក​មាត់​សាមុទ្រ ខេត្ត​ព្រះ​ត្រពាំង (Xã Ngũ Lạc, huyện Duyên Hải , Trà Vinh) ។

យោងតាម​ប្រភព​ដដែល បាន​បញ្ជាក់ថា លោក ថាច់ យឺ បាន​ចូល​ជា​សមាជិក​បក្សកុម្មុយនិស្ត​វៀតណាម ចាប់ពី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ ហើយ​បើ​គិត​មកទល់ពេលនេះ​មាន​រយៈពេល ២៩ ឆ្នាំ ហើយ ។​

ខែតុលា​

​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស បាន​ឃាត់ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣ រូប ខណៈដែល​អ្នក ទាំងនេះ បានធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ទៅធ្វើ​បុណ្យ​កឋិនទាន នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការ ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ច្រកព្រំដែន វៀតណាម​-​កម្ពុជា ពេលដែល​អ្នក​ទាំងនេះ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី ២៨ ខែតុលា បន្ទាប់ពី​ខកខាន​មិនបាន​ធ្វើបុណ្យ​កឋិន ទាន​ដូច​បំណង នៅ​វត្ត​ខ្វែង​ទទឹង ភូមិ​ខ្វែង​ទទឹង (ấp Minh Hưng) ឃុំ ខ្វែង​ទទឹង (Xã Minh Hòa ) ស្រុក ឃ្លាំងមឿង ( Huyện Châu Thành) ខេត្ត ក្រមួនស (Tỉnh Kiên Giang) ។​

​ការឃាត់ខ្លួន​នៅ​ច្រកព្រំដែន អាជ្ញាធរ​វៀតណាម​បាន​គំរាម​ឲ្យ​អ្នក​ទាំង ១៣ រូប​ខាងលើ​ចុះហត្ថលេខា​លើ​លិខិត សន្យា​មួយ​ថា នឹងមិន​ចូលរួម​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​អាជ្ញាធរ វៀតណាម បាន​រឹប យក​សម្ភារៈ​ផ្ទាល់ខ្លួន​ពី​អ្នក​ទាំងនេះ ដូចជា ទូរស័ព្ទដៃ និង​កុំព្យូទ័រ ព្រមទាំង​ប្រាក់​ជាច្រើន ។​

​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង បានប្រកាស​ហាម​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម បង្ហោះគោម នៅក្នុង​ពិធីបុណ្យ​អកអំបុក នៅ​ដែនដី​កម្ពុជា​ក្រោម តាម​សេចក្ដីសម្រេច​របស់ នាយករដ្ឋមន្ត្រី​វៀតណាម ។ ការហាម​ប្រាម​នេះ ធ្វើឡើង​ដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានចេញ​សេចក្ដីប្រកាស​មួយ ចុះ​ថ្ងៃ​សុក្រ ៨ កើត ខែ​ក​ត្កិ​ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០១៤ ហាមប្រាម​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ផលិត និង​បង្ហោះគោម​តាម​សេចក្ដីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម ។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​សេចក្ដីសម្រេច​មួយ​ចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និង​មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់​សព្វថ្ងៃ បាន​ហាម​ពលរដ្ឋ​វៀតណាម ទូទាំងប្រទេស​បង្ហោះគោម​គ្រប់​រូបភាព តាម​អ្វីមួយ​ដែល​លោក​លើកឡើងថា ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ។ ក្រោយ ពី​សេច ក្ដី​សម្រេច​នេះ​ចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម បាន​អះអាងថា រដ្ឋាភិបាល​ធ្វើ​នេះ​ក្នុង​គោល លុបបំបាត់​ប្រពៃណី​បង្ហោះគោម​របស់​ពួកគេ ដែល​ធ្លាប់មាន​តាំងពី​បុរាណកាល​មក នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​បង្ហោះគោម​ជា​ពិធី​ដ៏​សំខាន់​មួយ ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម តែង​តែង​បង្ហោះ​នៅតាម​វត្ត​អារាម នានា នៅក្នុង​ពិធីបុណ្យ​អកអំបុក​រៀងរាល់ឆ្នាំ នា​រាត្រី​ថ្ងៃ ១៥ កើត​ខែ​ក​ត្ដិក ។​

ក្រោយពី​រដ្ឋាភិបាល​វៀត​ណា​ម បានចេញ​សេចក្ដីសម្រេច​ហាម​បង្ហោះគោម​នេះ​មក គេ​សង្កេតឃើញ​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​នៅតាម​វត្ត​អារាម​មួយចំនួន មិនបាន​បង្ហោះគោម​ទៀត​ទេ ព្រោះ​ខ្លាច​ត្រូវ​ពិន័យ ដោយ​អាជ្ញាធរ​វៀត ណា​ម និង​កន្លែង​ខ្លះទៀត​នៅតែ​ព្យាយាម​បង្ហោះ​ធម្មតា​ដោយ​គេ​យល់ឃើញថា នេះ​ជា ប្រពៃណី​របស់​ពួកគេ​ដែល មានមក​តាំង​ពីមុន​សម័យ​ដែល​ជនជាតិ​យួន​មិនទាន់មាន​ប្រទេស​ម្ល៉េះ ។​

​រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ក្រុម​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​ណាមួយ​នៅ​កម្ពុជា​ក្រោម ដែល​ហ៊ាន​ចេញមុខ​មក​តវ៉ា​ចំពោះ​សេចក្ដីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម​ក្នុងការ​លុបបំបាត់​ប្រ ពៃ​ណី​ជាតិ ខ្មែរ​របស់​ពួកគេ​នៅ ឡើយ ។​

​ខែវិច្ឆិកា​

​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា អាជ្ញាធរ​វៀតណាម បាន​វាយកម្ទេច​ខ្លោងទ្វារ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដែលមានរ​ចនាប​ទ្ម​ខ្មែរ ។ ការ​វាយកម្ទេច​នេះ អាជ្ញាធរ​វៀតណាម​មិនបាន​ប្រកាស​ព័ត៌មាន​បញ្ជាក់​អំពី​មូលហេតុ​ណា មួយ​ច្បាស់លាស់​ឡើយ តែមាន​មតិ​ពី​កម្ពុជា​ក្រោម បាន​លើកឡើងថា ខ្លោងទ្វារ​នេះ មាន​សភាព​ទ្រុឌទ្រោម រថយន្ត​ដឹកទំនិញ​ឧស្សាហ៍​បុក​ដំបូល ទើប​អាជ្ញាធរ​សម្រេចចិត្ត​កម្ទេចចោល ហើយ​ថា នឹងធ្វើ​ឡើងវិញ នៅ​កន្លែង​មួយ​ផ្សេងទៀត ។​

ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាននាំគ្នា​បង្ហោះ​រូបថត​ការកម្ទេច​ខ្លោងទ្វារ​នេះ ហើយ​រិះគន់​រដ្ឋាភិបាល​វៀតណាម​ថា បាន​រំលាយ​វប្បធម៌ និង​លុបដាន​ប្រវត្តិសាស្ត្រ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​សកម្មជន​ដីធ្លី​ខ្មែរក្រោម មកពី​ខេត្ត​មាត់ជ្រូក លោក ចៅ ហេន ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ បានផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​បាន​បញ្ជូនទៅ តាំងទី​លំនៅ នៅ​ប្រទេស​ទី ៣ នា​ថ្ងៃទី ១៨ ខែវិច្ឆិកា នៅ​រដ្ឋ North Carolina នៃ​សហរដ្ឋអាមេរិក ។​

​លោក ចៅ ហេន និង​គ្រួ​សារបាន​ភៀសខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ ពី​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ ប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) កាលពី​ឆ្នាំ ២០០៨ ប៉ុន្តែ ត្រូវបាន​អង្គការ​មួយ​នេះ​បដិសេធ ឋានៈ​ជា​ជនភៀសខ្លួន​នយោបាយ ។ នៅក្នុង​ពី​ខែធ្នូ ឆ្នាំ ២០១០ លោក​បាន​ប្រថុយ​ជីវិត​ត្រឡប់​ទៅកាន់​មាតុភូមិ នៅ​កម្ពុជា​ក្រោម វិញ បន្ទាប់ពី​ការអះអាង​របស់​មន្ត្រី UNHCR ថា លោក​នឹង​មិនមាន​បញ្ហា​ប្រឈម​នឹង​សុវត្ថិភាព ផ្ទាល់ខ្លួន​ទេ ។​

​ដំណើរ​មាតុភូមិ​និវត្ត​របស់លោក ត្រូវបាន​អាជ្ញាធរ​បក្សកុម្មុយនិស្ត​វៀតណាម ចាប់​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និង​បានប្រកាស​សាលក្រម​ដោយ​តុលាការ​ប្រជាជន​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម នៃ​ខេត្ត​មាត់ជ្រូក (An Giang ) កាលពី​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា​ទី ១៤៣ និង ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ។​

​ខែធ្នូ​

ពលរដ្ឋ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​ឫស្សី​ម្គុ​ម្ភ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​ប្រទះឃើញ រូបចម្លាក់​ព្រះ​វិស្ណុ ក្នុងសម័យ​អង្គរ នៅ​ថ្ងៃទី ១៧ ខែធ្នូ ដែល​បាន​កប់​នៅក្រោម​ដី​ក្បែរ​គុម្ព​ឫស្សី​មួយកន្លែង ។​
​អ្នកភូមិ​ភ្ញាក់ផ្អើល​បាននាំគ្នា​មក​មើល ហើយ​អុជ​ធូប​បូជា​បន់ស្រន់ បន្ទាប់ពី​ពួកគេ​បានឃើញ​រូបចម្លាក់​នេះ ។ ក្នុង ហេតុការណ៍​នេះ គេ​សង្កេតឃើញ មាន​នគរបាល​វៀតណាម​ជាច្រើន​បានមក​ត្រួតពិនិត្យ ផងដែរ ។​

​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋ និង​ទីក្រុង​នានា​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង ពិភពលោក បានមក​ជួបជុំគ្នា​នៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុង Long Beach រដ្ឋ California ដើម្បី​ចូលរួម​ក្នុង សន្និបាត​ប្រចាំឆ្នាំ ២០១៤ ។ សន្និបាត​ធ្វើឡើង​រៀងរាល់ឆ្នាំ ដើម្បី​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​ចេញ​ផែនការ​ឆ្នាំ​ថ្មី ។​

​ក្រោយពី​កិច្ចប្រជុំ ចាប់ពី​ថ្ងៃទី ១២ ដល់ទី ១៤ ខែធ្នូ គណៈកម្មការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​សេចក្ដី សម្រេច​របស់​សន្និបាត​ប្រចាំ ២០១៤ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០១៥ ផ្ដោតលើ​ផែនការ​ធំៗ​ចំនួន ៣ គឺ កិច្ចការ​អន្តរ ជាតិ , កិច្ចការ​នៅ​កម្ពុជា​ក្រោម និង​កិច្ចការ​នៅ​កម្ពុជា និង​តាម​តំបន់ ៕​

Hire the best Paper Writer Online for a better writing experience.

Comments are closed.