អង្គការការពារសិទ្ធិជនជាតិភាគតិច ជម្រុញរដ្ឋាភិបាលកម្ពុជា ពង្រឹងការពារសិទ្ធិពលរដ្ឋខ្មែរក្រោម
អង្គការការពារសិទ្ធិជនជាតិភាគតិច នៅថ្ងៃសៅរ៍ ទី ០៧ ខែធ្នូ ឆ្នាំ ២០១៣ នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តការសន្យារបស់ខ្លួនឲ្យមានប្រសិទ្ធិភាព ក្នុងកិច្ចការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរ ក្រោម ឲ្យដូចពលរដ្ឋខ្មែរទូទៅ ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិជនជាតិភាគតិច ចុះថ្ងៃទី ០៧ ខែធ្នូនេះ ថ្កោសទោស រដ្ឋាភិបាលកម្ពុជា មិនបំពេញការសន្យារបស់ខ្លួន មិនបានបំពេញកាតព្វកិច្ចពេញលេញ ក្នុងការគោរពសិទ្ធិ មនុស្ស ជាពិសេស ពលរដ្ឋខ្មែរក្រោម និងជនជាតិដើមភាគតិចផ្សេងៗទៀត ។ សេចក្តីប្រកាសព័ត៌មាននេះ ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមជាញឹកញយ ត្រូវបានរដ្ឋាភិបាលវៀតណាម ឃាត់ខ្លួនចាប់ខ្លួន និងឃុំខ្លួនអស់ជាច្រើនឆ្នាំ ដោយមិនមានស៊ើបអង្កេត ឬ ត្រូវបានអើពើពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលនេះបង្ហាញពីការមិនយកចិត្តទុកដាក់ធានា ការពារសិទ្ធិមនុស្សនៅកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានបន្តឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរក្រោម និងជនជាតិដើមភាគតិចវៀតណាម បច្ចុប្បន្ន រស់នៅក្នុងភាពភ័យខ្លាច ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ដែលតែងចាប់ខ្លួនពួកគេ និងផ្តន្ទាទោសដាក់ពន្ធធនាគារ ដោយមិនមានមូលហេតុសមរម្យ ។

អង្គការការពារសិទ្ធិជនជាតិភាគតិច ជំរុញឲ្យរដ្ឋាភិបាល អនុវត្តតាមការសន្យារបស់ខ្លួន ធានាការពារសិទ្ធិមនុស្សឲ្យបានពេញលេញ ក្នុងនាមជាប្រទេសសមាជិក នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិ និងរដ្ឋធម្មកម្ពុជាជាដើម ។
គួររំឭកដែរថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន អតីត ព្រះចៅអធិការ វត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានស្តេចសង្ឃ ទេព វង្ស ចាប់ផ្សឹក ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅក្នុងគុកយួន នៅដែនដីកម្ពុជាក្រោម ដោយចោទពីបទ “បំបែកបំបាក់មិត្តភាពវៀតណាម កម្ពុជា” ។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ប៉ូលិស្តរបស់រដ្ឋាភិបាល ហ៊ុន សែន បានបង្ក្រាបព្រះ សង្ឃខ្មែរ ក្រោមនៅមុខស្ថានទូតយួននាទីក្រុងភ្នំពេញ ខណៈដែលព្រះសង្ឃខ្មែរក្រោម ប្រមាណជាង ៥០ អង្គយក ញាតិទៅជូនស្ថានទូតយួនដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្នែរក្រោម នៅកម្ពុជាក្រោម ក្នុងនោះ មានសុំឲ្យដោះលែងអតីត ព្រះចៅអធិការវត្ត ភ្នំដិន ខាងជើង ទឹម សាខន នៃខេត្តតាកែវ និង ព្រះសង្ឃទាំង ៥ នៅខេត្តឃ្លាំង ។
មាត្រា ២, ១៨, ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុម័តនៅឆ្នាំ១៩៤៨ ដោយអង្គការ សហ ប្រជាជាតិ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិ និងសិទ្ធិសេរីភាពគ្រប់យ៉ាងទាំងអស់ ដោយគ្មានការបែងចែកជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដោយគ្មានការជ្រៀតជ្រែក ប្រភពជាតិ ឬ សង្គមជាដើម ៕