អ្នកឃ្លាំមើលស្ថានការណ៍មើលឃើញថា វៀតណាមហាក់បារម្ភ នឹងរឿងខ្មែរក្រោម យល់ដឹងពីសិទ្ធិរបស់ខ្លួន
ដោយ គឹម សាវតា
អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ខេត្តឃ្លាំង សហការជាមួយខេត្តដូនណៃ ប្រមាណជាង ១០០ នាក់ កាលពីថ្ងៃទី ១៣ មេសា បានឆែកឆេរផ្ទះយុវជនខ្មែរក្រោម មួយរូបឈ្មោះ យឿង ខាយ ព្រមទាំងបានចាប់លោកទៅសួរចម្លើយ ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រ និងសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើម មិនតិចជាង ១០០ ក្បាល ណៈដែលយុវជនរូបនេះ បានបោះពុម្ពចំលងសៀវភៅ ដើម្បីចែកជូនពលរដ្ឋខ្មែរក្រោម បានអាន និងយល់ដឹង ។ ករណីនេះ អ្នកឃ្លាំមើលស្ថានការណ៍ និងអ្នកច្បាប់យល់ឃើញថា វៀតណាមមានក្តីបារម្ភ និងខ្លាចញញឺត ពីការយល់ដឹងនូវច្បាប់ និងសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ។ បើទោះជាក្រុមយុវជនទាំងនោះ ព្យាយាមផ្សព្វផ្សាយសៀវភៅ ស្តីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលវៀតណាមជាហត្ថលេខីក្តី ។

លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មើលឃើញថា នៅពេលពលរដ្ឋខ្មែរក្រោម បានដឹងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម គឺពលរដ្ឋខ្មែរក្រោម នឹងដឹងថា ខ្មែរក្រោម មានសិទ្ធិអ្វីខ្លះ ដូចនេះ រដ្ឋាភិបាលវៀតណាម ព្រួយបារម្ភថា ចលនាទាមទារសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជានឹងកាន់តែច្រើនឡើង ហើយជារឿយៗ វៀតណាមមិនទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើមនោះទេ ។
លោក សឺន ជុំជួន «វៀតណាម តែងតែជំទាស់ នៅពេលដែលយើង (ខ្មែរក្រោម) ប្រើពាក្យថា ជនជាតិដើម មិនត្រឹមតែជំទាស់ នៅក្នុងអង្គការសហប្រជាជាតិ ឬមហាសនិ្នបាតអង្គការសហប្រជាជាតិ ដែលយើងលើកឡើង ពីជនជាតិដើមហ្នឹង វៀតណាមតែងតែបដិសេដ ហើយលើកឡើង អំពីប្រវត្តិសាស្ត្រ ដែលលជាការកាឡៃប្រវត្តិសាស្ត្រថា ខ្មែរក្រោមមិនមែនជាជនជាតិដើមទេ ដោយចាត់ទុកថា យើងជាជនជាតិភាគតិច ម្លោះហើយយើងផ្អែកលើឯកសារប្រវត្តិសាស្ត្រ គឺយើងមិនអាចទទួលយកអ្វី ដែលជាការលើកឡើងរបស់វៀតណាមនោះទេ» ។
លោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា ចាប់ពីរដ្ឋាភិបាលវៀតណាម ចុះហត្ថលេខាទទួលស្គាល់សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើម ជាមួយអង្គការសហប្រជាជាតិមក រដ្ឋាភិបាលវៀតណាម មិនបានផ្សព្វផ្សាយពីអ្វី ដែលបានទទួលស្គាល់នោះទេ ហើយថែមទាំងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលផ្សព្វផ្សយពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនេះទៅវិញ ដោយព្យាយាមលាក់បាំងសេចក្តីប្រកាសទាំងនេះអស់រយៈពេល ជាង ១០ ឆ្នាំទៅហើយ ។ លោកបន្តថា ករណីដែលសមត្ថកិច្ច និងអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម ដែលផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើរបាយការណ៍ដាក់ទៅអង្គការសហប្រជាជាតិរួចហើយ ដើម្បីចាត់វិធានការ ។
លោក ទៀ ថេន «គេខំប្រឹងរាំងខ្ទប់បែបហ្នឹង គីគ្មានអ្វីក្រៅពីខំប្រឹងបិទបាំងមិនឲ្យខ្មែរក្រោម បានដឹងច្បាស់ហ្នឹងឯង ពីព្រោះការរំលោភបំពានវាមានច្រើនករណីពេកទៅហើយ ពិសេសគឺការឈានចូលមកត្រួតត្រាព្រះពុទ្ធសាសនាផ្នែកគណៈថេរវាទរបស់ខ្មែរក្រោមហ្នឹងឯង រឿងនេះ ខុសធ្ងន់ណាស់ ។ ពលរដ្ឋខ្មែរក្រោមដាច់ខាត ត្រូវតែមានសិទ្ធិពិសេសច្រើនណាស់ នៅក្នុងច្បាប់ហ្នឹង (សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម) បានការពារយើង ។ អ៊ីចឹងទើបគេមិនព្រមឲ្យយើងដឹង» ។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានអនុម័តដោយមហាសន្និបាតរបស់អង្គការសហប្រជាតិ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានសម្លេងបោះឆ្នោតគាំទ្រពីរដ្ឋសមាជិកចំនួន ១៤៤ ក្នុងនោះក៏មាន រដ្ឋាភិបាលវៀតណាមផងដែរ ។
ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម គឺមាន ៣ មាត្រាដែលមានចែងពីសិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមផងដែរ ក្នុងនោះ មាត្រា ៣ ចែងថា ជនជាតិដើម មានសិទ្ធិស្វ័យសម្រេច ។ តាមស្មារតីនៃសិទ្ធិនេះ ជនជាតិដើមធ្វើសេចក្តីសម្រេចចិត្ត អំពីស្ថានភាពនយោបាយរបស់ខ្លួន ដោយសេរី និងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី ។ មាត្រា ៤ ចែងថា ជនជាតិដើម ក្នុងការអភិវឌ្ឍសិទ្ធិស្វ័យសម្រេចរបស់ខ្លួន មានសិទ្ធិគ្រប់គ្រង ដោយខ្លួនឯង ឬដោយស្វ័យភាព លើបញ្ហាទាំងឡាយ ដែលទាក់ទងដល់កិច្ចការផ្ទៃក្នុង និងកិច្ចការមូលដ្ឋានរបស់ខ្លួន ព្រមទាំងវិធីសាស្ត្រនយោបាយផ្សេងៗ សម្រាប់ផ្ដល់ហិរញ្ញវត្ថុដល់ដំណើរការស្វ័យភាពរបស់ខ្លួន និងមាត្រា ៥ ចែងថា ជនជាតិដើមមានសិទ្ធិរក្សា និងពង្រឹងនយោបាយច្បាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់រដ្ឋផងដែរ តាមការជ្រើសរើសរបស់ពួកគេ ។
សម្រាប់លោក យឿង ខាយ ដែលជាជនរងគ្រោះ ដោយសារតែការឃាត់ខ្លួន និងដកហូតសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដោយសមត្ថកិច្ច និងអាជ្ញាធរវៀតណាម នោះអះអាងថា លោកនៅតែបន្តផ្សព្វផ្សាយនូវអ្វី ដែលជាចំណេះដឹងដែលពលរដ្ឋខ្មែរក្រោម ត្រូវតែដឹងព្រោះអ្វី ដែលលោកធ្វើនោះមិនខុសច្បាប់របស់រដ្ឋាភិបាលវៀតណាម នោះទេ ។
លោក យឿង ខាយ «និយាយរួមទៅ ទោះបីគេគំរាមកំហែងយ៉ាងណា ខ្ញុំបាទ យឿង ខាយ នៅតែខិតខំផ្សព្វផ្សាយដែរ ទោះបីគេចោទថាសៀវភៅហ្នឹង មិនទាន់មានចេញពីរោងពុម្ពឬមួយគ្មានបង់ពន្ធក្តី» ៕