គណៈ​មន្ត្រី​សង្ឃ រៀបចំ​កម្មវិធី​ប្រឡង​រួម​ថ្នាក់​បាលី​ទី ១ ទូទាំង​ស្រុក​កំពង់ធំ នៃ​ខេត្ត​ព្រះ​ត្រពាំង​

0 161

ដោយ ស៊ឺន ចែងចើន

សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ នៅ​ស្រុក​កំពង់ធំ​នៃ​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែមករា ២០១៩ ម្សិលមិញ​នេះ បាន​ចាត់តាំង​ពិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ១ ឬ​បាលី​ទី ១ ប្រចាំឆ្នាំ ២០១៩ នៅ​វត្ត​ពោធិ​ទេព​ចេ​តិ​យា​រាម (​ផ្នោ​រ​អណ្ដែត​) ឋិត​នៅ​ភូមិ​ផ្នោ​អណ្តែត ឃុំ​កំពង់ទូក ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង ។​

ទិដ្ឋភាពបេក្ខសមណសិស្ស និងយុវសិស្ស ត្រៀមចូលប្រឡងរួម​ថ្នាក់​បាលី​ទី ១ ។ រូបថតៈ ហ្វេសប៊ុក
ទិដ្ឋភាពបេក្ខសមណសិស្ស និងយុវសិស្ស ត្រៀមចូលប្រឡងរួម​ថ្នាក់​បាលី​ទី ១ ។ រូបថតៈ ហ្វេសប៊ុក

​បេក្ខសមណ​សិស្ស​-​សិស្ស​ទាំង​ខ្មែរក្រោម នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​ទី ១ នៅ​ទូទាំង​ស្រុក​កំពង់ធំ ដែល​បាន​និមន្ត​មក​សិក្សា នៅតាម​វត្ត​អារាម​នានា ក្នុងស្រុក​មួយ​នេះ និង​គណៈមេប្រយោគ គ្រូបង្រៀន គណៈកម្មការ​វត្ត បានមក​ជួបជុំគ្នា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ៥ កើត ដល់​ថ្ងៃ​សៅរ៍ ៧ កើត​ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ នឹង​ថ្ងៃទី ១០ ខែមករា ដល់​ថ្ងៃទី ១២ ខែមករា គ្រិស្តសករាជ ២០១៩ នេះ ។​

​ព្រះសង្ឃ​ខ្មែរក្រោម ដែលជា​សមាជិក​គណៈកម្មកា​រ​មេ​ប្រយោគ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ព្រះនាម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ពី​មណ្ឌល​ប្រឡង អំពី​ទិដ្ឋភាព​ទូទៅ​ថ្ងៃ ប្រឡង​របស់​សមណ​សិស្ស និង​សិស្ស​នៅ​ឆ្នាំនេះ នា​វត្ត​ពោធិ​ទេព​ចេ​តិ​យា​រាម (​ផ្នោ​រ​អណ្ដែត​) និង​អំពី​រដូវ​កាល​នៃ​ការរៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​កម្មវិធីសិក្សា​រប​ស់​សមណ​សិស្ស​ទូទាំង​ស្រុក និង​ខេត្ត ដែល​បាន​សិក្សា​រយៈពេល ៩ ខែ នៅក្នុង​ឆ្នាំ​សិក្សា ២០១៨ ក្រោម​ការចាត់​តាំងរបស់ អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត យ៉ាងនេះ​ថា​៖

​ប្រភពពី​ព្រះសង្ឃ​ខ្មែរក្រោម​ដដែល​ឲ្យ​ដឹង​បន្ថែមទៀតថា សមណ​សិស្ស និង​សិស្ស មកពី​វត្ត​អារាម​នានា នៅ​ទូទាំង​ស្រុក​កំពង់ធំ ដែល​បាន​ចូល​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​ពុទ្ធសករាជ ២៥៦២ សរុប​ទាំងអស់​មាន​ចំនួន ១៥៥ អង្គ និង​រូប ក្នុងនោះ ក៏មាន​មាន​យុវ័ន យុវតី កុមារា កុមារី ចូលរួម​ប្រឡង​ផងដែរ ។ ចំណែក​គណៈកម្មការ​មេ​ប្រយោគ ដែល​បាន​និមន្ត និង​អញ្ជើញ​មកពី​វត្ត​នានា ដើម្បី​កែ​វិញ្ញាសា និង​សម្រេច​លទ្ធផល​ប្រឡង មាន​ចំនួន ១៣២ អង្គ និង​រូប ។​

​ចំពោះ​វិញ្ញាសា ដែល​សមណ​សិស្ស បាន​សិក្សា​នៅក្នុង​ថ្នាក់​នីមួយៗ ហើយ​ត្រូវបាន​លើក​យកមក​ប្រឡង​នោះ មាន​ចំនួន ១៣ វិញ្ញាសា គឺ សរសេរ​តាម​អាន តែងសេចក្ដី វប្បធម៌​ខ្មែរ វៀតណាម​ប្រែ​ខ្មែរ ពុទ្ធប្បវត្តិ សាមណេរ​វិន័យ អង់គ្លេស បែប​ប្រែ​បាលី វេយ្យាករណ៍​ខ្មែរ វេ​យ្យក​រណ៍​បាលី ចំណោទ ភាសា​ខ្មែរ និង​គតិ​សាសនា ។​

​កម្មវិធី​ប្រឡង​នេះ នឹង​ប្រកាស​លទ្ធផល និង​មាន​ប្រគេន​រង្វាន់​លើកទឹកចិត្ត​ដល់​សមណ​សិស្ស​ពី​គណៈកម្មការ​ប្រឡង នៅ​រាត្រី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ នេះ នា​មណ្ឌល​ប្រឡង​វត្ត​ពោធិ​ទេព​ចេ​តិ​យា​រាម (​ផ្នោ​រ​អណ្ដែត​) ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ប្រលង​រួម​ថ្នាក់ស្រុក ។ គណៈកម្មការ​ប្រឡង​បាន​ឲ្យ​ដឹងថា រយៈពេល ៣ ថ្ងៃ​ដែល​ព្រះសង្ឃ​កំពុង​ប្រឡង​នេះ មាន​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​នានា​ក្នុងស្រុក​មួយ​នេះ បាន​ចូលរួម​ជួយឧបត្ថម្ភ​ដល់​កម្មវិធី​ប្រឡង​នេះ​ផង ។ បន្ថែម​ពីលើ​នេះ ក៏មាន​ពុទ្ធបរិស័ទ​ជាច្រើន បាន​ចុះឈ្មោះ​ធ្វើជា​រង្វាន់​ទៅតាម​លេខ​រៀង ចាប់ពី​លេខ ១ ដល់​លេខ​ចុងបញ្ចប់ ដើម្បី​ឡើង​វេទិកា​ប្រគេន​សមណ​សិស្ស នៅ​រាត្រី​ថ្ងៃ​ដដែល​នោះដែរ ។​

​នេះ​ជា​កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា​ជា​ភាសា​ខ្មែរ ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ប្រចាំ​ស្រុក​កំពង់ធំ បន្ទាប់ពី​សមណ​សិស្ស​បាន​សិក្សា​ក្នុង​វត្ត​នីមួយៗ អស់​រយៈពេល ៩ ខែ គឺ​ចាប់​ពីថ្ងៃ ១ រោច ខែវិសាខ រហូតដល់​ខែបុស្ស នៃ​ចន្ទគតិ​រៀងរាល់ឆ្នាំ ។​

​សូមបញ្ជាក់ថា កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ក្រោម​ការចាត់​តាំងរបស់​សមាគម​សង្ឃ​ស្រុក​ទាំង ៨ រួមមាន​៖ ស្រុក​កំពង់​ស្ពាន ស្រុក​ផ្នោ​ដាច់ ស្រុក​ថ្កូវ ស្រុក​ញ្ចោ​ង ស្រុក​កន្លង់ ស្រុក​មាត់សមុទ្រ ស្រុក​កំពង់ធំ និង​ទី​រួម​ខេត្ត ។ ស្រុក នីមួយៗ បានរៀបចំ​កម្មវិធី​ប្រឡង​រួម នៅក្នុង​មណ្ឌល​ប្រឡង​នៅក្នុង​វត្ត​ណាមួយ ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​ទទួល​សមណ​សិស្ស និង​សិស្ស​មកពី​វត្ត​នានា​ទូទាំង​ស្រុក ។ ចំណែក​កម្មវិធីសិក្សា​ថ្នាក់​ពុទ្ធិកសិក្សា នៅ​ថ្នាក់​ខេត្ត​វិញ គឺ​រួមបញ្ចូល​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៤ (​បាលី​រង​) និង​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ១ (​គរុកោសល្យ​ទី ១) រហូតដល់​គរុកោសល្យ​ទី ៣ ។ កម្មវិធីសិក្សា​ថ្នាក់​ខេត្ត ផ្ដោតលើ​ការរៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី ក្រោម​ការចាត់​តាំងរបស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ឈ្មោះថា “​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​” ។ សមាគម​មួយ​នេះ ដើរតួនាទី​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។​

​គួ​រំឭក​ផងដែរ​ថា នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មិនទាន់មាន​សាលា​មហាវិទ្យាល័យ ឬ​សកល​វិទ្យាល័យ​ណាមួយ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​បង្កើតឡើង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅឡើយ​ទេ ។ ដូច្នេះ ព្រះសង្ឃ​ខ្មែរក្រោម​អង្គណា ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ត្រូវតែ​និមន្ត​ចេញទៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​ថៃ ។ ចំណែក​ព្រះសង្ឃ ដែល​ចង់​និមន្ត​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​កម្ពុជា ត្រូវ​ចុះឈ្មោះ​រៀន​ថ្នាក់​អនុ​វ​ទ្យា​ល័យ ឬ​វិទ្យាល័យ​សា​ឡើងវិញ ព្រោះ​វិញ្ញាបនបត្រ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចេញ​ដោយ​អាគារ​ធិ​ការសិក្សា​នៃ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង នៃ​ដែនដី​កម្ពុជា​ក្រោម មិនត្រូវ​បានទទួល​ស្គាល់ ដោយ​ក្រសួងអប់រំជាតិ​របស់​ប្រទេស​កម្ពុជា​ឡើយ ។ ផ្ទុយ​ពី​ប្រទេស​កម្ពុជា នៅឯ​ប្រទេស​ថៃ​វិញ ក្នុងនាម​ជា​ប្រទេសមួយ ដែល​មិនមែនជា​ជាតិខ្មែរ​ឈាម​ខ្មែរ​ដូចគ្នា​ផង តែ​សាកលវិទ្យាល័យ​របស់គេ បានទទួល​ស្គាល់​សមមូល​វិញ្ញាបនបត្រ មកពី​ដែនដី​កម្ពុជា​ក្រោម ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​សមណ​សិស្ស​ខ្មែរក្រោម​រាប់រយ​អង្គ មានឱកាស​ចូល​បន្ត​ការសិក្សា​នៅតាម​មហាវិទ្យាល័យ​នានា​យ៉ាងច្រើន ដូចជា មហាវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​អយុធ្យា និង​ទីក្រុង​បាំង​កក់​ជាដើម ។​

​គួរ​ជម្រាបជូន​ថា នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មាន​វត្ត​ចំនួន ៤៦១ វត្ត (​ក្នុងនោះ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤៣ វត្ត​) និង​មាន​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ កំពុងតែ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀន​ទម្លាប់ វប្បធម៌ អរិយធម៌ និង​សិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ បាន​គង់វង្ស​ត​រហូតមកដល់​ឥឡូវ ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព បេក្ខសមណសិស្ស និងយុវសិស្ស ក្នុងពិធីប្រឡងរួម​ថ្នាក់​បាលី​ទី ១ ទូទាំងស្រុកកំពង់ធំ នៅវត្តពោធិទេពចេតិយារាម (ផ្នោអណ្តែត) ។ រូបថតៈ ហ្វេសប៊ុក​

Leave A Reply

Your email address will not be published.