សមាជិកសភា ស​.​រ​.​អា​. ដេញដោល​បញ្ហា​សិទ្ធិមនុស្ស​ ​នៅ​វៀតណាម​

0 199

ដោយ សុខ ខេមរា | VOA

​វ៉ាស៊ីនតោន — សមាជិកសភា ស​.​រ​.​អា​.​បាន​កោះហៅ​ជនរងគ្រោះ​ជា​តំណាង​ខ្មែរក្រោម មន្ត្រី​សិទ្ធិមនុស្ស និង មន្ត្រី​ក្រសួងការបរទេស ស​.​រ​.​អា​.​ដើម្បី​សួរដេញដោល​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ។ ក្នុងពេល​សួរដេញដោល​នោះ ភាគី​នីមួយៗ​បាន​បំភ្លឺ​អំពី​បញ្ហា​រំលោភបំពាន​ផ្សេងៗ​គ្នា ហើយ​បាន​ទទូច​ឲ្យ​ស​.​រ​.​អា​.​ចាត់វិធានការ ធ្ងន់ធ្ងរ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​សាសនា ។​

សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក ដើម្បីរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក ដើម្បីរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។

​សមាជិកសភា ស​.​រ​.​អា​. បាន​ចាត់​វិធានការណ៍​ជំហាន​ថ្មី​ទៀត​ដើម្បី​ត្រួត​ពិនិត្យមើល​សេចក្តីរាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិ​សាសនា​ដ៏​ធ្ងន់ធ្ងរ​ក្នុងប្រទេស​វៀតណាម ។ ក្រុម​សមាជិកសភា​ក្នុង​គណៈកម្មាធិការ​ការ​បរទេស​ស​.​រ​.​អា​.​បាន​កោះហៅ​តំណាង​ខ្មែរ​កម្ពុជា​ក្រោម ក្រុមមន្ត្រី​សិទ្ធិមនុស្ស ហើយនឹង​មន្ត្រី ស​.​រ​.​អា​. មក​សួរដេញដោល​នៅក្នុង​សវនាការ​ដាច់ដោយឡែក​ពីគ្នា​ពីរ​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែមិថុនា​នេះ​។​

​ព្រះ​តេជគុណ យ័​ញ តូន (Danh Tol) ព្រះសង្ឃ​ខ្មែរក្រោម​បាន​ភាស​ព្រះកាយ មក​គង់នៅ​ស​.​រ​.​អា​.​នៅ​ឆ្នាំ​២០០៩ ក្រោយពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក ។ ព្រះ​តេជគុណ​បានធ្វើ​សក្ខីកម្ម ឬ​ការបំភ្លឺ​ជូន​សភា​អាមេរិកាំង​អំពី​ការ​រិត​ត្បិត​និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​តាម​ទម្រង់​ជាច្រើន​ទាក់ទង​នឹង​ការចាប់ខ្លួន ចាប់​ផ្សឹក​ព្រះសង្ឃ ការ​បំបិទ​សិទ្ធិសេរីភាព​សាសនា​ជាដើម ។ សក្ខីកម្ម​របស់ ព្រះសង្ឃ​ខ្មែរក្រោម​នេះ​ស្រដៀង​គ្នា​ទៅនឹង​សក្ខីកម្ម​តំណាង​សហគមន៍​វៀតណាម និង​សក្ខីកម្ម​របស់លោក​ច​ន សី​ហ្វ​តុ​ន មន្ត្រី​អង្គការសិទ្ធិមនុស្ស​រប​ស់ ស​.​រ​.​អា​. គឺ​អង្គការ​យូ​មេន​រ៉ៃ​វច (Human Rights Watch) ដែល​បានធ្វើ​សក្ខីកម្ម​ម្តងម្នាក់​អំពី​ស្ថានការណ៍​រំលោភសិទ្ធិ​មនុស្ស ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សាសនា​លើ​ជនជាតិភាគតិច​និង​ សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​វៀតណាម​នៅ​ចំពោះមុខ​អនុគណៈកម្មការ​សភា​ស​.​រ​.​អា​.​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក សុខាភិបាល​ ពិភពលោក​សិទ្ធិមនុស្ស​ពិភពលោក​និង​អង្គការ​អន្តរជាតិ នៅ​ថ្ងៃទី ១ គឺ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៣ ។​

​លោក​គ្រី​ស ស្មី​ត (Chris Smith) សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​ញូ​ជឺ​ស៊ី ជា​ប្រធាន​អង្គប្រជុំ​សវនាការ បាន​អះអាងថា ស្ថានភាព​សិទ្ធិមនុស្ស ក្នុងប្រទេស​វៀតណាម​ពុំបាន​រីកចម្រើន​ទេ ទោះបីជា ស​.​រ​.​អា​. បាន​ពង្រីក​ទំនាក់ទំនង ជាមួយ​វៀតណាម​ក្តី តែ​វៀតណាម​នៅតែ​បន្ត​រំលោភសិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ទ្រង់ទ្រាយ​ធំ​នៅឡើយ​។​

​លោក​និយាយថា​៖ «​នេះ​គឺជា​សវនាការ​សួរដេញដោល​លើក​ទី​ពីរ​អំពី​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ដែល​ធ្វើឡើង​ដោយ​អនុគណៈកម្មការ​នេះ​។ យើង​នឹងធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បំផុត​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ដែល​យើង​ បាន​ពិភាក្សា​ក្នុង​សវនាការ​សួរដេញដោល​លើក​ទី​១​ក្នុង​ខែមេសា ជា ពិសេស​ទៅលើ​ការ​រឹបអូស​យក​ដីធ្លី​ទាក់ទង​នឹង​បរិបទ​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ជន ជាតិ​ភាគតិច​និង​ផ្នែក​សាសនា​» ។​

​លោក​បាន​ដកស្រង់​របាយការណ៍​ឆ្នាំ ២០១២ របស់​គណៈកម្មការ​រ​ដ្ឋា​ភិ​បាល ស​.​រ​.​អា​. ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) មក​បញ្ជាក់ថា ប្រទេស​វៀតណាម​នៅតែ​បន្ត​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រំលោភ​សេរីភាព​សាសនា ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក ដោយ​ការគ្រប់គ្រង​រិត​ត្បិត​លើ​សហគមន៍​សាសនា​ទាំងអស់ និង​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ដល់​ការគោរព​សាសនា​ឯករាជ្យ និង​ក្រុម​ដែល​រដ្ឋាភិបាល​គិតថា ជា​អ្នក​ប្រឆាំងនឹង​អាជ្ញាធរ​របស់ខ្លួន ។​

​លោក​សមាជិកសភា​គណ​បក្ស​សាធារណរដ្ឋ Ed Royce មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ជា​ប្រធាន​គណៈកម្មការ​ការបរទេស​បាន​ចូលរួម​បន្ទរ​ស្រដៀង​គ្នា​នឹង​លោក​គ្រី​ស្ទ​ស្មី​ត​ដែរ​។ លោក​ថ្លែងថា លោក​បានទទួល​ព័ត៌មាន​ពី​ហេតុការណ៍​នានា បន្ទាប់ពី​លោក​បាន​អាន​របាយការណ៍​របស់​អង្គការ​យូ​មេន​រ៉ៃ​វច បាន​អាន​សារព័ត៌មាន បាន​ស្តាប់​ការបកស្រាយ​របស់​ជន​រងគ្រោះ​ក្នុងប្រទេស​វៀតណាម ហើយនឹង​ឮ​ពី​ពលរដ្ឋ​ក្នុង​មណ្ឌល​របស់លោក ។​

​លោក​បាន​ចោទសួរ​លោក​ច​ន សី​ហ្វ​តុ​ន មន្ត្រី​អង្គការសិទ្ធិមនុស្ស​រប​ស់ ស​.​រ​.​អា​. គឺ​អង្គការ​យូ​មេន​រ៉ៃ​វច ថា​តើ​លោក​គិតថា  យើង​គួរ​កំណត់​គោលបំណង​របស់​ក្រសួង​ការបទេស ​ក្នុងការ​និយាយ​មិន​អស់​សេចក្តី​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​ វៀតណាម​យ៉ាង​ណា​?

​ទាំង​លោក​សមាជិកសភា​ស្មី​ត និង​លោក​អេ​ដ​រ៉​យ​បានបង្ហាញ​ក្តីសង្ឃឹម​ថា របាយការណ៍​របស់​ក្រសួងការបរទេស​ស​.​រ​.​អា​.​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ចំពោះ​ប្រទេស​វៀតណាម​ជា​របាយការណ៍​មិន​ត្រឹមត្រូវ ទៅ​ចុះ​។​

​លោក​ច​ន សី​ហ្វ​តុ​ន នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​យូ​មេន​រ៉ៃ​វច បាន​ថ្លែងប្រាប់​សវនាការ​ថា មាន​ពលរដ្ឋ​៥០​នាក់​ត្រូវ​កាត់ទោស​និង​ដាក់ពន្ធនាគារ​ដោយ​ការ កាត់ទោស​តាមបែប​នយោបាយ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ រីឯ​ឆ្នាំទៅ​មានតែ ៤០ នាក់ ។ លោក​បាន​ថ្លែងថា បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​កំពុង​កើតមាន​ក្នុងប្រទេស​វៀតណាម ដូចជា​រឿង​រំលោភសិទ្ធិ​សាសនា បញ្ហា​បណ្តេញ​ចេញពី​លំនៅដ្ឋាន ការរារាំង​មិន​ឲ្យ​មាន​សហជីព និង​អង្គការ​ពលកម្ម មាន​បញ្ហា​កាត់ទោស​លេងសើច គ្មាន​ស្តង់ដារ គ្មាន​ឯករាជ្យភាព មានការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​ក្នុង មន្ទីរឃុំឃាំង ឬ បង្ករ​ឲ្យ​មាន​ស្លាប់​ទៀតផង ។​

​លោក​ច​ន សី​ហ្វ​តុ​ន​បាន​ទទូច​ឲ្យ ស​.​រ​.​អា​. ចាត់​វិធានការណ៍​ខ្លាំង​បន្ថែមទៀត​ដើម្បី​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ។​

​លោក​និយាយថា​៖«​អង្គការ​យូ​មេន​រ៉ៃ​វច​សូម​ជំរុញ​ដល់​អនុគណៈកម្មការ និង​គណៈកម្មការ​ទាំង​មូល​ឲ្យ​សួរ​រដ្ឋបាល​របស់លោក​អូ​បា​ម៉ា​នូវ​សំណួរ​ធ្ងន់ៗ​ចំពោះ​ការបន្ត​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​ថា តើ​ការរំលោភ​សិទ្ធិមនុស្ស​ក​ម្រិ​ត​ណា​ដែល​ រដ្ឋាភិបាល ស​.​រ​.​អា​. ត្រូវ​ចាត់វិធានការ​ទាក់ទង​នឹង​ការបន្ត​រឹងទទឹង​របស់ វៀតណាម​នោះ​? ការរំលោភ​សិទ្ធិមនុស្ស​កម្រិតណា ជា​ឧទាហរណ៍ ទើប ស​.​រ​.​អា​. ពិចារណា​បញ្ជៀ​ស​ប្រទេស​វៀតណាម​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ធី​ភីភី និង​កិច្ចព្រមព្រៀងទ្វេភាគី​ផ្សេងទៀត ហើយ​ចាប់ផ្តើម​ត្រួតពិនិត្យ​មើល​ពី​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ក្នុង​វិស័យ​យោធា​នោះ​? តាម​គំនិត​របស់​អង្គការ យូ​មេន​រ៉ៃ​វច​គឺ​វា​ដល់ពេល​ហើយ​ឥឡូវនេះ​» ។​

​ទោះជា​យ៉ាងណាក៏ដោយ ថ្លែងប្រាប់​វី​អូ​អេ​ផ្នែក​ខេមរភាសា​តាមរយៈ​សារ​អេ​ឡិច ត្រ​និ​ច​គឺ​អ៊ីម៉េល អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ហ្សាំ​ង ង្វៀន បាន​បដិសេធ​ការ ចោទប្រកាន់​នានា ហើយ​បាន​ថ្លែងថា​៖ «​គោលនយោបាយ​ជា​និរន្ត​របស់​វៀតណាម​គឺ​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិមនុស្ស​។ វៀតណាម​បាន​កត់ត្រា​ពី​ការទទួល​សមិទ្ធិផល ជាសំខាន់​ចំពោះ​ការអនុវត្តន៍​សិទ្ធិមនុស្ស​នៅ​គ្រប់​សហគមន៍ ន​យោ បាយ សេដ្ឋកិច្ច វប្បធម៌ វិស័យ​សង្គម ហើយ​សមិទ្ធិផល​ទាំងនោះ​ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។ ប្រទេស​វៀតណាម​ប្រកាន់​គោលនយោបាយ​ស្មើភាព សាមគ្គីភាព និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​ជនជាតិភាគតិច ។ បញ្ហា​នេះ​ត្រូវ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​អនុវត្តន៍​ជាក់ស្តែង​ផង​» ។​
​ព្រះ​តេជគុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម ដែល​ត្រូវ​ជាប់ពន្ធ​ធនាគារ​ក្នុង ប្រទេស​វៀតណាម​កាលពី​ឆ្នាំ ២០០៧ ហើយ​ពេលនេះ​កំពុង​គង់នៅ​ក្នុងប្រទេស​អាមេរិក បានធ្វើ​សក្ខីកម្ម​ក្នុង​សវនាការ​សួរដេញដោល​នេះ ។​

​ព្រះអង្គ​មាន​សង្ឃ​ដិ​កា​ថា​៖«​ព្រះសង្ឃ​ខ្មែរក្រោម​អត់​មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ក្នុងការ​តាមដាន​នូវ​សារព័ត៌មាន​ទេ ដោយហេតុថា ការតាមដាន​នូវ​ព័ត៌មាន​គឺជា​ហេតុ​មួយ​នាំ​ឲ្យ​វៀតណាម​ចាត់ទុកថា ព្រះសង្ឃ​មានការ​បំបះបំបោរ​។ អញ្ចឹងទេ រដ្ឋអំណាច​កុម្មុយនីស្ត​វៀតណាម​តែងតែមាន​ការរារាំង​ហើយនឹង​បិទបាំង មិន​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​មាន​សិទ្ធិ​ទេ​»​។​

​ព្រះ​តេជគុណ​បាន​អំពាវនាវ​ឲ្យ ស​.​រ​.​អា​. ជួយ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​មាន​រចនាសម្ព័ន្ធ​ដាច់ដោយឡែក និង​សុំ​ឲ្យ​សភា ស​.​រ​.​អា​. ធានា​ចំពោះ​ការបន្ត​មាន​វប្បធម៌​និង​សេរីភាព​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ទឹកដី​ខ្មែរក្រោម និង​ការបញ្ឈប់​ការចាប់ ព្រះសង្ឃ​ខ្មែរក្រោម​និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ផ្សេ​ទៀត ។​

​ព្រះ​តេជគុណ​មាន​សង្ឃ​ដិ​កា​ថា​៖«​ ចំណុច​មួយទៀត​គឺ​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​គឺជា​ចំណុច​មួយ​ធ្វើ​ឲ្យ​សាសនា​នៅ​ដែនដី​ ទន្លេមេគង្គ​មានការ​សាបរលាប ពីព្រោះថា ខ្មែរក្រោម​មានឈ្មោះ​នៅ​សព្វថ្ងៃនេះ​ដោយ សារ​តែ​វត្ត​អារាម ព្រោះ​ទំនៀមទម្លាប់ ប្រពៃណី​សុទ្ធតែ​ចេញពី​វត្ត​ទាំងស្រុង ។ អញ្ចឹង​ទៅ ពេល​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម ហាក់ដូចជា​រំលាយ​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទាំង ស្រុង​»​។​

​តែ​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀ​ណា​ម ហ្សា​ង ង្វៀន បាន​អះអាងថា ក្រុម​ជនជាតិ ភាគតិច​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា ហើយ​រដ្ឋាភិបាល​បាន​បង្កើត​កិច្ចប្រឹងប្រែង​គ្រប់ យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ជីវិត​ជនជាតិដើម​ភាគតិច ទាំង​ស្មារតី និង​សម្ភារៈ ។​

​អ្នកនាំពាក្យ​ដដែល​បាន​អះអាងថា​៖ «​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​សហគមន៍ ជនជាតិភាគតិច​ចំនួន ៥៤ ក្នុងប្រទេស​វៀតណាម មិនមាន​ការកៀបសង្កត់ ឬ​កម្រិត​សិទ្ធិសេរីភាព​របស់​ពួកគេ​ផ្នែក​សាសនា​និង​ជំនឿ ហើយនឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នោះទេ ។ អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រួល​ការកសាង​វត្ត និង​ទីសក្ការៈ​គោរព​ប្រតិបត្តិ សម្រាប់​ជនជាតិ​ខ្មែរក្រោម​ផង​»​។​

​អ្នកនាំពាក្យ​ដដែល​បានផ្តល់​ឲ្យ​ឃើញថា មាន​កំណើន​នៃ​ការរីកចម្រើន​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន​ជីវភាព និង​វិស័យ​អប់រំ​ជាដើម​។​

​លោក​ហ្វ៊ីល រ៉​ប​ប៊ឺ​ត​សុន (Phil Robertson) នាយករង​នៃ​អង្គការ​យូ​មេន​រ៉ៃ​វច​ប្រចាំ តំបន់​អាស៊ី បាន​ប្រាប់​វី​អូ​អេ​ខ្មែរ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម​គឺជា​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​ខ្លាំង ដោយសារ​មានការ​គាបសង្កត់​ជាច្រើន​ទម្រង់ ដែល​រឿង​ខ្លះ​ទាក់ទង​នឹង​រឿង​នយោបាយ ខ្លះ​ទាក់ទង​នឹង​សកម្មភាព​ដែល​គេ​ចោទថា ជាការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​។ តែ​ជា​ការណ៍​ពិត​ពលរដ្ឋ​គ្រាន់តែ​ចង់​មាន​សិទ្ធិ​គោរព​សាសនា​ដោយ​ខ្លួនគេ ចង់​ប្រតិបត្តិ​ជំនឿ​ដោយ​ខ្លួនគេ ហើយនឹង​អាចមាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ ។ លោក​រ៉​ប​ប៊ឺ​ត​សុន​បានបង្ហាញ​ឲ្យ​ដឹងថា ការ​គ្មាន​ចំណាត់ការ​ចំពោះ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម​បាន​បណ្តោយ​ឲ្យ​មាន​ស្ថានការណ៍​ធ្ងន់ធ្ងរ ។​

​លោក​និយាយថា​៖ «​ឥឡូវនេះ​យើង​គិតថា ស្ថានភាព​សិទ្ធិមនុស្ស​រអិល​ថយក្រោយ ។ ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​វៀតណាម​គ្មាន​កង្វល់​ទេ ហើយ​គិតថា ខ្លួន​អាច​ជៀស​ផុតពី​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ល្មើស​ដែល​ខ្លួន​ចាត់ការ​ពលរដ្ឋ​ខ្មែរក្រោម ដោយសារ​នឹកថា ស​.​រ​.​អា​. និង​សហគមន៍​ផ្តល់ជំនួយ​អន្តរជាតិ​ដ៏ទៃទៀត​ឲ្យ​ប្រទេស​វៀតណាម នឹងមិន​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ទេ ។ វា​ជា​រឿង​សំខាន់​ពេលនេះ​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដែល​យល់​ខុស​ទៅជា​យល់​ត្រូវ​វិញ គឺ​ត្រូវ​មានការ​ធានាថា នឹងមាន​សម្ពាធ​ចំពោះ ប្រទេស​វៀតណាម​ក្នុង​ការមិន​គោរព​សិទ្ធិសេរីភាព​សាសនា​»​។​

​លោក​បាន​សង្កត់ធ្ងន់​ដោយ​ការ​ទទូចថា ស​.​រ​.​អា​.​គួរតែ​ដាក់​ប្រទេស​វៀតណាម​ជា ប្រទេស​ក្នុង​ចំណាត់ថ្នាក់​អាក្រក់​បំផុត ឬ​ហៅថា Country of Particular Concern ផ្នែក​ការរំលោភបំពាន​សិទ្ធិសេរីភាព​សាសនា តាមច្បាប់ និង​គោលនយោបាយ ស​.​រ​.​អា​.​។​

​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​សវនាការ​សួរដេញដោល​ថ្ងៃទី​២​គឺ​ថ្ងៃទី​០៦​ខែ មិថុនា នៅ​ចំពោះមុខ​អនុគណៈកម្មការ​អាស៊ី​បា​ស៊ី​ហ្វ៊ិ​ក​ស្តីពី​ទំនាក់ទំនង​ស​.​រ​.​អា​. និង​វៀតណាម លោក​យូ​សេ​ហ្វ យន់ (Joseph Yun) ឧបការី​ស្តីទី​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​និង​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក បាន​ថ្លែងថា ស​.​រ​.​អា​. នឹង​វៀតណាម​មាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​ដល់ ទៅ ២៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង ១៨ ឆ្នាំមុន មានតែ ៤៥០ លាន​ដុល្លារ ។ លោក​គិតថា នេះ​ជា​បញ្ហា​មួយ​ដែលជា​ការពិចារណា​ប្រកបដោយ​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ជាមួយ​វៀតណាម​តាំងពី​១៩៩៥​នោះ​ផងដែរ​។​

​លោក​ថ្លែងថា​៖«​នៅពេល​យើង​មាន​កម្មវិធី​ប្រកបដោយ​ការតាំង​ចិត្ត​ខ្ពស់​ជាមួយ​វៀតណាម ខ្ញុំ​ចង់​បញ្ជាក់ថា ស្ថានភាព​សិទ្ធិមនុស្ស​បាន​គ្របដណ្តប់​លើ​គោលនយោបាយ​ទាំងមូល​របស់​យើង ជាមួយ​ប្រទេស​វៀត ណា​ម ។ ហើយ​យើង​បានបញ្ជាក់​ច្បាស់​ថា ការរីកចម្រើន​ផ្នែក​សិទ្ធិមនុស្ស​ជា​រឿង​សំខាន់​ណាស់​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​»​។​

​ចំណែក​លោក​ដា​នី​ញែ​ល ប៊ែ ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ពលកម្ម បាន​អះអាងថា ថ្វីត្បិតតែ វៀតណាម​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​មែន តែ​ពលរដ្ឋ​វៀតណាម​មិនបាន រីករាយ​ពេញលេញ​នឹង​សេរីភាព​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ទេ ។​

​លោក​និយាយថា​៖ « ហើយ​បើ​គ្មាន​ការរីកចម្រើន​ផ្នែក​សិទ្ធិមនុស្ស​ទេ វៀតណាម​នៅតែមាន​កម្រិត​ចំពោះ​ការអភិវឌ្ឍ​ដែរ​។ យើង​ចង់​ជំរុញ​រឿងនេះ​។ ដោយហេតុ​នេះហើយ​បានជា​យើង​ចង់​ធ្វើការ​ជិតដិត​ជាមួយ​សមាជិក​គណៈកម្មកា​រ​សភា​ក្នុង ការជំរុញ​ឲ្យ​វៀតណាម​ធ្វើការ​ងារ​ឲ្យ​ប្រសើ​ឡើង​ចំពោះ​ការ​គាំពារ​ផ្នែក​សិទ្ធិមនុស្ស ការគ្រប់គ្រង​ឲ្យ​មាន​លក្ខណៈ​យុត្តិធម៌​ជាង​ នេះ ព្រោះ​យើង​មានការ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​ត្រូវគេ​បំបាត់​សិទ្ធិ ហើយ​នោះ​ជា​រឿង​ត្រឹមត្រូវ​ដែល​យើង​ត្រូវធ្វើ​។ ពលរដ្ឋ​វៀតណាម​សម​នឹង​ទទួលបាន​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ការគោរព​ច្បាប់ ស្មើភាព​ចំពោះមុខ​ច្បាប់​ទាំងអស់គ្នា​។ ច្បាប់​ត្រូវតែមាន​តម្លាភាព​និង​អាច​ប្រើប្រាស់​គ្រប់គ្នា មិនមែន​ប្រើ​តាមតែ​អំពើ​ចិត្ត​ទេ​»​។​

​សវនាការ​ទាំងពីរ​បាន​បញ្ជ​ប់​ទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ខែមិថុនា ដោយមាន​ការសន្យា​ពី​មន្ត្រី​ក្រសួងការបរទេស​ថា នឹង​ផ្តល់​ការឆ្លើយតប​ជា​លាយ​លក្ខ​អក្សរ នៅពេល​ក្រោយ បន្ទាប់ពី​សមាជិកសភា​សួរ​សំណួរ​ខ្លះ​ដែល​ក្រុមមន្ត្រី​ពិបាក​ឆ្លើយ ភ្លាមៗ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ទំនាក់ទំនង​ទ្វេរ​ភាគី បញ្ហា​សិទ្ធិមនុស្ស ។​

​លោក​សួន​ប៊ុន ស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែលមាន សមាគម​និង​អង្គការសិទ្ធិមនុស្ស​២០​ជា​សមាជិក បាន​អះអាងថា ការ​សួរ​ដេញ ដោល​របស់​សមាជិកសភា ស​.​រ​.​អា​. មាន​ឥទ្ធិពល​ទៅលើ​ស្ថានការណ៍​ក្នុងប្រទេស វៀតណាម រឿង​សិទ្ធិមនុស្ស​ដែល​ស​.​រ​.​អា​.​មានការ​យកចិត្តទុកដាក់​ក្នុងពេល​ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​នោះ ។​

​លោក​និយាយថា​៖ «​ខ្ញុំ​ជឿថា​ប្រទេស​វៀតណាម​នឹង​ពិចារណា​អនុសាសន៍ ក៏ដូចជា​ការជូន​ជា​យោបល់​ផ្សេងៗ​ពីស​ភាស​.​រ​.​អា​.​ដើម្បី​កែលំអរ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​នៅ​វៀតណាម ជាពិសេស​នៅ​វៀតណាម​ខាងត្បូង ដែល​ពោរពេញ​ទៅដោយ​ខ្មែរ​កម្ពុជា​ក្រោម​នេះឯង​»​។​

​លោក​ស្ក​ត់ ហ្វ្លី​ពស៍ (Scott Flipse) ជា​នាយករង​ផ្នែក​គោលនយោបាយ​នៃ​គណៈ កម្ម​ការ​រដ្ឋាភិបាល​ស​.​រ​.​អា​.​ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) ដែល ជា​ស្ថាប័ន​ឯករាជ្យ​មួយ​រប​ស់ស​.​រ​.​អា​.​។ លោក​បាន​ថ្លែងប្រាប់​វី​អូ​អេ​នៅឯ​អគារ​សភា​ពេល​មានការ​សួរដេញដោល​អំពី​បញ្ហា​វៀតណាម​នោះ​ថា ការ​សួរ​ដេញ ដោល​នេះ​ជា​រឿង​សំខាន់​ណាស់ នៅពេលដែល​បញ្ហា​រំលោភបំពាន​សិទ្ធិសេរីភាព សាសនា​ត្រូវតែ​លើកឡើង​នៅពេលនេះ​ភ្លាម​ដើម្បី​ទាញយក​ការចាប់អារម្មណ៍  មិន​គ្រាន់តែ​សាធារណៈមតិ និង​ការចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ គឺ​ថែមទាំង ស​.​រ​.​អា​. ផងដែរ ។​

​លោក​ថ្លែងថា​៖ «​កន្លែង​ដែល​ខ្ញុំ​ធ្វើការ​គឺ​គណៈកម្មការ​រដ្ឋាភិបាល​ស​.​រ​.​អា​.​ដើម្បី​សេរីភាព​សាសនា អន្តរជាតិ (USCIRF) ជឿថា វៀតណាម​ជា​ប្រទេស​ដែល​រំលោភសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ដ៏​ ធ្ងន់ធ្ងរ ហើយ​បើតាម​ច្បា​ប់ស​.​រ​.​អា​.​វៀតណាម​មាន​ គ្រប់លក្ខណៈ ដែល​ត្រូវ​ចាត់ទុកថា ជា​ប្រទេស​ដែល​រំលោភ​សេរីភាព​សាសនា​ដ៏​ធ្ល​ន់​ធ្ង​រ​បំផុត ឬ​ហៅថា Country of Particular Concern (CPC)» ។​

​ប្រទេស​វៀតណាម​ត្រូវគេ​លុប​ចេញពី​បញ្ជី​ប្រទេស​ដែលមាន​ឈ្មោះថា រំលោភ​សេរីភាព​សាសនា​ដ៏​ធ្ល​ន់​ធ្ង​រ​បំផុត​ក្នុង​ពិភពលោក​ឬ​ហៅថា Country of Particular Concern (CPC) កាលពី​ឆ្នាំ ២០០៦ មុនពេល​វៀតណាម​អាច​រីករាយ​នឹង​ការបង្កើន​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ ស​.​រ​.​អា​.​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយថា សភា​ស​.​រ​.​អា​.​ តែមួយគត់​ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ផ្លាស់ប្តូរ​ឥរិយាបទ​ចំពោះ ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​សាសនា តាមរយៈ​ការសើរើ​ទណ្ឌកម្ម​នានា​ជាថ្មី​ប្រឆាំងនឹង​វៀតណាម ៕

Leave A Reply

Your email address will not be published.