គណៈកម្មការ​នាយក​បោះ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

182

ដោយ ស៊ឺន ចែងចើន| VOKK

​លោក ប្រាក់ សេរី​វុ​ធ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឯកភាគ​សំឡេង ១០០% បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ត្រូវ​ដកតំណែង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែមករា ឆ្នាំ ២០១៧ កន្លងមក ។ ការបោះឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមេសា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វត្ត​ខ្មែរ សុរិយា​រង្សី នាទី​ក្រុង​ភី​ឡា​ដែល​ផ្សា រដ្ឋ​ផែន​ស៊ី​វេ​ញ៉ា សហរដ្ឋអាមេរិក ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​រំឭក ដល់​ខួប ១០ ឆ្នាំ ដែល​អង្គការសហប្រជាជាតិ​បាន​អនុម័តិ​ប្រកាសសេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម (UNDRIP) និង​រំឭក​ខួប​ដល់ ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាតនៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជា ជាតិ ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ។​

លោក ស៊ឺន ហួរ ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ការ​ឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​ស្របតាម​ជំពូក ៥ មាត្រា ៥.០៧ នៃ លក្ខន្តិកៈ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

www.Zagg.Com/Register for Online Zagg shoppers

លោក ស៊ឺន ហួរ បាន​មានប្រសាសន៍ថា​៖

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សន្និបាត​សកល លើក​ទី ១០ នៃ​យុវជន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម នាទី​ក្រុង​ភី​ឡា​ដែល​ផ្យា (Philadelphia) រយៈពេល ២ ថ្ងៃ គឺ នៅ​ថ្ងៃទី ២៩ និង ៣០ ខែមេសា ដោយមាន​ការចូលរួម​របស់​តំណាង​អង្គការ ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស ថា UNPO អង្គ​មេដឹកនាំ សមាជិក សមាជិកា និង ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មកពី​បណ្ដា​ប្រទេស និង​រដ្ឋ​នានា​ជុំវិញ​ទឹកដី​សហរដ្ឋអាមេរិក ។ មហាសន្និបាត​នេះ ធ្វើឡើង​ស្របពេល​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​បញ្ជូន​ប្រតិភូ​តំណាង​របស់ខ្លួន​ទៅ​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត លើក​ទី ១៦ នៃ​វេទិកា អចិន្ត្រយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដ​ពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យ​របស់​អង្គការ សហប្រជាជាតិ នាទី​ក្រុង New York រយៈពេល ២ សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់ទី ៥ ខែឧសភា ។ ថ្នាក់ដឹកនាំ និង​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលរួម​សន្និបាត​យុវជន មកពី​ប្រទេស​នានា ក្រៅពី​សហរដ្ឋអាមេរិក រួមមាន ប្រទេស​កាណាដា បារាំង ហូ​ឡង់ និង​អ៊ីតាលី ។ ក្រុមយុវជន​បាន​ឡើង​ថ្លែង​នូវ​អនុស្សាវរីយ៍ និង បទពិសោធ​របស់ខ្លួន​ដែល​បាន​ចូល​ថ្លែងការណ៍​អំពី​បញ្ហា របស់​ខ្មែរក្រោម​នៅក្នុង​អង្គការសហប្រជាជាតិរ​យៈ​ពេល ១០ ឆ្នាំ កន្លងមក ។ ចំណែក​អតីត​អ្នកទោស មនសិការ​ខ្មែរក្រោម​ដែល​បាន​ភៀសខ្លួន​ចេញមកក្រៅ​ប្រទេស មាន​ព្រះតេជព្រះគុណ យ័​ញ តូន ព្រះ​តេជ ព្រះ​គុណ គឹម មឿ​ន លោក លី សឿង លោក លី ហ្វា​ង ព្រះតេជព្រះគុណ លី ចិន្ដា ជាដើម​បាន​ឡើង ចែករំលែក​នូវ​បទពិសោធ​ជីវិត​ទុក្ខសោក​ដែល​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ធ្វើទុក្ខបុកម្នេញ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការតវ៉ា​ទាមទារ​សេរីភាព​ជូន​ខ្មែរក្រោម ៕​

Comments are closed.