ប្រវត្តិតស៊ូរបស់ព្រះចៅអធិការវត្តខេមររង្សី
ដោយ យន់ សាមៀន | RFA Khmer
ព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុង ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) បង្កើតស្នាព្រះហស្តជាច្រើន ដើម្បីបុព្ធហេតុទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត នៅលើទឹកដីកម្ពុជាក្រោម ។ តើព្រះចៅអធិការវត្តខេមររង្សី មានប្រវត្តិតស៊ូ និងបានបង្កើតស្នាព្រះហត្ថអ្វីខ្លះដែរ ដើម្បីបុព្ធហេតុខ្មែរកម្ពុជាក្រោម? ។

ព្រះចៅអធិការវត្តខេមររង្សី ព្រះភិក្ខុ សឺង យ៉ឹងរតនា សព្វថ្ងៃក៏មានតួនាទីជានាយក នៃ នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (Voice Of Kampuchea Krom) ។ ព្រះអង្គបានបង្កើតស្នាព្រះហត្ថជាច្រើន រួមមាន ការផ្សព្ធផ្សាយព័ត៌មាន ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម នៅលើទឹកដីកំណើត ការចូលរួមសកម្មភាព លើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្រខ្មែរក្រោមដល់ពលរដ្ឋខ្មែរក្រោម នៅជុំវិញលើពិភពលោក ។ ក្រោមការដឹកនាំរបស់ព្រះភិក្ខុ សឺង យ៉ឹងរតនា ព្រះអង្គបានប្រែក្លាយ វត្តខេមររង្សី មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែ ជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម និងជាទីស្នាក់ការសារព័ត៌មាន ផលិតព័ត៌មានសំខាន់ៗ ជូនដល់ខ្មែរក្រោម នៅជុំវិញទូទាំងពិភពលោក ។ អាជ្ញាធរអាមេរិក តែងស្នើសុំប្រើប្រាស់វត្ត ជាទីស្នាក់ការបោះឆ្នោត ហើយគណបក្សប្រឆាំងខ្មែរនៅក្រៅប្រទេស ក៏ប្រើប្រាស់វត្ត ដើម្បីពិភាក្សាបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាដែរ ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ព្រះអង្គលះបង់សព្វថ្ងៃគឺ ដើម្បីអនាគតពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត កំពុងឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម៖
«ការតស៊ូសព្វថ្ងៃនេះ គឺដើម្បីបុព្ធហេតុសេរីភាពចំពោះ ពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ដែលកំពុងរស់នៅក្រោមអាណានិគមនិយមវៀតណាមសព្វថ្ងៃ» ។
ព្រះចៅអធិការវត្តខេមររង្សី ព្រះអង្គ សឺង យ៉ឹងរតនា ប្រសូត្រនៅស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង ទឹកដីកម្ពុជាក្រោម កាលពីខែមេសា ឆ្នាំ១៩៧៧ ។ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅកម្ពុជា ដោយសារតែអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា សិទ្ធិសេរីភាព និងព្រះអង្គចង់សិក្សាបង្កើនចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្រខ្មែរក្រោម ព្រះអង្គបានសម្រេចចិត្តចាកចេញពីទឹកដីខ្មែរក្រោម ។ នៅកម្ពុជា ព្រះអង្គបានបន្តការសិក្សា ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ ទើបបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត នៅទីកុ្រងភ្នំពេញ កាលពីឆ្នាំ ២០០៤ និងបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ នៅទីក្រុងភ្នំពេញនិងផ្នែកនីតិសាស្ដ្រ នៅសកលវិទ្យាល័យឯកជនមួយ ។ ព្រះអង្គក៏បានក្លាយជាមេដឹកនាំព្រះសង្ឃខ្មែរក្រោម ជាប្រធានកុដិលេខ ១៣ វត្តមហាមន្ដ្រី ដែលជាកន្លែងខ្មែរកម្ពុជាក្រោម នៅកម្ពុជាមកជួបជុំគ្នា និងគោរពបូជាព្រះសង្ឃ និងធ្វើពិធីសាសនាផ្សេងៗ ។ ទោះបីព្រះអង្គបានបង្កើតស្នាដៃជាច្រើន នៅកម្ពុជាក៏ដោយ ព្រះអង្គមិនទាន់បញ្ចប់ក្ដីស្រមៃរបស់ព្រះអង្គនៅឡើយទេ ។
ព្រះអង្គ មានសំណាងបានចាកចេញពីកម្ពុជា មកសហរដ្ឋអាមេរិក កាលខែសីហា ឆ្នាំ ២០០៤ ដើម្បីនិមន្តមកគង់នៅវត្តខេមររង្សី ទីក្រុងសាន់ហូស្សេ រហូតមកទល់បច្ចុប្បន្ននេះ ដើម្បីផ្ស័ព្ធផ្សាយផ្នែកព្រះពុទ្ធសាសនា ។ នៅសហរដ្ឋអាមេរិក ព្រះអង្គ បានបន្តការសិក្សាភាសាអង់គ្លេស នៅសាលា (San Jose Community College) និងបានចូលរួមពិនិត្យ និងកែសម្រួល រឿងល្ខោននិយាយ ឧកញ៉ា សឺន គុយ សម្រាប់ផលិតកម្មខ្មែរក្រោម និងតែងបទចម្រៀងស្នេហាជាតិមួយចំនួន ដូចជា បទ រលកវាសនាស្តាយកេរដូនតា បុប្ផារោងដំរី នឹកស្រុកកំណើត និង ផលិតស៊ីឌី CD ចម្រៀងព្រះធម៌ រួមមាន ជីវិតអ្នកបួស បារមីព្រះពុទ្ធ និងអត្ថន័យភ្ជុំបិណ្ឌ ជាដើម ។ ព្រះអង្គ ក៏បានដឹកនាំចងក្រងសៀវភៅប្រវត្តិវត្ត និងអត្ថប្រយោជន៍វត្ត នៅដែនដីកម្ពុជាក្រោម ផងដែរ៖
«និពន្ធបទចម្រៀងព្រះធម៌ក្តី បទចម្រៀងស្នេហាជាតិក្តី ដើម្បីបញ្ជៀ្របគំនិតដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងតែរស់នៅទឺកដីកម្ពុជាក្រោម ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត តាមរយៈសិល្បៈ និងវប្បធម៌ ការចងក្រងសៀវភៅប្រវត្តិវត្ត នៅកម្ពុជាក្រោម គឺដើម្បីឲ្យនិស្សិត ឬពលរដ្ឋខ្មែរក្រោម ងាយស្រួលក្នុងការសិក្សា ប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ» ។
នៅឯសហរដ្ឋអាមេរិក ព្រះអង្គក៏បានបង្កើតសារព័ត៌មាន និងវិទ្យុ ដើម្បីបម្រើចំណះដឹងដល់ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក ។ ព្រះអង្គ បានបម្រើការ ជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចាប់ពីឆ្នាំ ២០០៦ និងជាចាងហ្វាងការផ្សាយសារព័ត៌មានព្រៃនគរ ។ ព្រះអង្គឲ្យដឹងថា ដោយសារតែមានតម្រូវការផ្នែកព័ត៌មាននៅកម្ពុជាក្រោម និងទូទាំងពិភពលោក ព្រះអង្គបានបង្កើតជាបន្ទប់ផ្សាយទូរទស្សន៍ សម្រាប់ផ្តល់ព័ត៌មានតាមរយៈបណ្ដាញសង្គម (Facebook and Youtube) និងនៅលើគេហទំព័រសារព័ត៌មាន សំឡេងខ្មែរកម្ពុជាក្រោម ដែលអាស័យដ្ឋាន www.VOKK.Net និងសារព័ត៌មានព្រៃនគរ ដែលមាន អាស័យដ្ឋាន www.preynokornews.blogspot.com ។ ព្រះអង្គបានចំណាយថវិកាវត្ត បង្កើតបន្ទប់សម្រាប់ថតព័ត៌មានទូរទស្សន៍ ដើម្បីផ្សព្ធផ្សាយតាម សារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ឋិតក្នុងបរិវេណវត្តវត្តខេមររង្សី៖
«ការបង្កើតសារព័ត៌មាន បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រដ្ឋខ្មែរក្រោមរាប់ពាន់លាននាក់ ដែលកំពុងតែរស់នៅក្នុងលើទឹកដីកម្ពុជាក្រោម ។ សារព័ត៌មានក៏បានផ្សព្ធផ្សាយ ភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តខ្មែរក្រោម សាសនា និងច្បាប់ជនជាតិដើម» ។
ទោះបីបន្ទប់ផ្សាយព័ត៌មាន មានទំហំតូចមួយដែលមានកៅអីចំនួនពីរ និងតុកំព្យូទ័រមួយក៏ដោយ ប៉ុន្តែ ការផ្សាយព័ត៌មានពិតពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម និង ព័ត៌មានផ្សេងទៀត បានផ្តល់ចំណេះដឹងដល់ខ្មែរក្រោមដែលកំពុងស្រែកឃ្លានព័ត៌មានពិត ដើម្បីកែប្រែជីវភាពរបស់ពួកគេ ។ ព្រះអង្គ សឺង យ៉ឹងរតនា បន្ថែមទៀតថា ព័ត៌មានពិត មិនលម្អៀង គ្មានការគាបសង្កត់នេះហើយ បានធ្វើឱ្យពលរដ្ឋខ្មែរក្រោម អាចរក្សាអត្តសញ្ញាណខ្លួនបាន ។ បច្ចុប្បន្នទោះបីអាជ្ញាធរវៀតណាម បានចាប់ផ្តើមធ្វើយុទ្ធនាការសងសឹកទៅលើយុវជន និងពលរដ្ឋខ្មែរក្រោមណាដែលហ៊ាន ងើបឡើងតស៊ូទាមទារសិទ្ធិជនជាតិក្តី ក៏ពករដ្ឋខ្មែរក្រោម មិនបាក់ស្បាតស្មារតីដែរ ។
ព្រះអង្គ សឺង យ៉ឹងរតនា ត្រូវបានគេបោះឆ្នោតធ្វើជាប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ ។ ព្រះអង្គក៏ជាសមាជិកគណៈកម្មនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រះអង្គមានសង្ឃដីកាបន្តថា ដោយសារតែព្រះធ្លាប់បានសិក្សាផ្នែកសារព័ត៌មានផងនោះ ក៏បានជំរុញឱ្យព្រះអង្គចង់ប្រឡូកនឹងវិស័យព័ត៌មាន និងតួនាទីជាអ្នកនាំពាក្យ ។ តួនាទីរបស់ព្រះអង្គសឺង យ៉ឹងរតនា បានឲ្យព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវេទិកាអន្តរជាតិមួយចំនួន ដូចជា ការចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម ក្រសួងការបរទេស សហរដ្ឋអាម៉េរិក ផ្នែកសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតុន Washington និងយន្តការអ្នកជំនាញជនជាតិដើម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសជាដើម ។ ព្រះអង្គក៏ជាព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឱ្យដល់ខ្មែរក្រោម នៅលើទឹកដីកំណើតជាដើម ។
សម្រាប់អនាគត ព្រះអង្គ សឺង យ៉ឹងរតនា ប្តេជ្ញា នឹងខំប្រឹងប្រែងការតស៊ូមតិ និងទំនាក់ទំនង ធ្វើយ៉ាងណាដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចឈានទៅរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ៕