ពិធីប្រណាំងទូក ង នៅកម្ពុជាក្រោម

117

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋ​ខ្មែរក្រោម​នៅតាម​ខេត្ត​នានា ទូទាំង​ដែនដី​កម្ពុជា​ក្រោម កំពុងតែ​ប្រារព្ធ​កម្មវិធី “​បុណ្យ​អកអំបុក​” ពុទ្ធសករាជ ២៥៥៨ នៅតាម​វត្ត​អារាម និង​ទី​កម្សាន្ត​នានា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៧ ខែវិច្ឆិកា នេះ ។ នៅក្នុង​ពិធី “​បុណ្យ​អកអំបុក​” នេះ ពលរដ្ឋ​ខ្មែរក្រោម បានរៀបចំ​កម្មវិធី​មួយចំនួន​ដូចជា ពិធី​ប្រណាំងទូក ង​, ពិធី​អកអំបុក សំពះ​ព្រះ​ខែ​, ពី​ធី​បណ្ដែតប្រទីប​, ពិធី​បង្ហោះគោម និង​ពិធី​តាំងពិព័រណ៍​វប្បធម៌​ខ្មែរ​ជាដើម ។ ចំណែក នៅតាម​វត្ត​អារាម​វិញ ពុទ្ធបរិស័ទ​បាន​យក​ចង្ហាន់​ទៅ​វត្ត​នៅ​ថ្ងៃ ១៥ កើត​ខែ​ក​ក្តិ​ក និង​នៅពេល​យប់ មានកម្ម​វី​ធី​អកអំបុក និង​ព្រះសង្ឃ​សម្ដែងធម៌​ទេសនា ជាដើម ។​

​នៅក្នុង​ពិធី “​បុណ្យ​អកអំបុក​” នេះ ក្រុម​ទូក ង តំណាង​ឲ្យ​ខេត្ត​នានា​នៅ​ដែនដី​កម្ពុជា​ក្រោម បានមក​ជួបជុំគ្នា ប្រ ណាំង​នៅ​ដង​ទន្លេបាសាក់ នាទី​រួម​ខេត្ត​ឃ្លាំង ក្រោម​ការចាត់​តាំងរបស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។ ក្រៅពីនេះ នៅតាម​ខេត្ត​នានា ក៏​មានការ​ប្រណាំងទូក ង ដាច់ដោយឡែក​របស់ខ្លួន​ផងដែរ ។​

ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

​ខេត្ត​ព្រះ​ត្រពាំង​៖

​នៅ​ថ្ងៃ​ពុធ ទី ៥ ខែវិច្ឆិកា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​ប្រារព្ធ​ពិធី​ប្រណាំងទូក ង នា​ដង​ទន្លេ ឋិត​នៅក្នុង​ក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ក្រោម​ការចាត់​តាំងរបស់​គណៈកម្មការ បុណ្យ​អកអំបុក​របស់​រដ្ឋា ភិ​បាល​បក្សកុម្មុយនិស្ត​វៀត​ណា​ម ។​

​ការប្រណាំង​ទូក ង នេះ ជា​ពិធីបុណ្យ​ប្រពៃណី​មួយ​របស់​ខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​តែងតែ​ប្រារព្ធ នៅ​ថ្ងៃទី ១៤ កើត ខែកត្តិក រៀងរាល់ឆ្នាំ ក្នុង​ពិធី “​បុណ្យ​អកអំបុក​” ។​

​បើ​យោងតាម​ការប្រកាស​រប​ស់​គណៈកម្មការ​ចាត់តាំង​ពិធី​ប្រណាំងទូក ង បាន​ឲ្យ​ដឹងថា ទូក ង ដែល​ចូលរួម​ប្រ ណាំង​ឆ្នាំនេះ រួមមាន ៧ ក្រុម​តំណាង​ឲ្យ​ស្រុក​ទាំង ៧ នៃ​ខេត្ត​ព្រះ​ត្រពាំង ។ ទូក ង ទាំង រួមមាន ក្រុមទី​រួម​ខេត្ត​ព្រះ ត្រពាំង​, ស្រុក​កំពង់​ស្ពាន​, ស្រុក​កញ្ចោង​, ស្រុក​ថ្កូវ​, ស្រុក​កំពង់ធំ​, ស្រុក​មាត់សមុទ្រ និង ស្រុក​ផ្នោ​ដាច់ ដែល មាន​កីឡាករ​ប្រមាណ​ជាង ៥០០ នាក់ និង​មាន​ពលរដ្ឋ​ខ្មែរក្រោម​មក​ទស្សនា និង​គាំទ្រ​ប្រមាណ ១០.០០០ នាក់ ។ ការប្រណាំង​នេះ​ចែក​ចេញពី​របៀប​គឺ ការប្រណាំង ចម្ងាយ ៨០០ ម៉ែត្រ និង ១.២០០ ម៉ែត្រ ។ ចំណែក​ក្រុម​ទូក ង តំណាង​ស្រុក​កន្លង់​អវត្តមាន ដោយសារ​ទៅ​ប្រណាំង​នៅ​ខេត្ត​ឃ្លាំង តំណាង​ឲ្យ​ខេត្ត​ព្រះ​ត្រពាំង ។​

​ក្រោយពី​ការចាប់​ឆ្នោត​ជ្រើសរើស​ដៃគូ​ប្រណាំង​រួច ក្រុម​ទូក ង ក៏បាន​ចាប់ផ្ដើម​ប្រកួត​យ៉ាង​ស្វាហាប់ អមដោយ សំឡេង​ឡេង​ស្រែក​ជ័យ​ឃោស​ន៍​របស់​អ្នកទស្សនា និង​អ្នកគាំទ្រ​សូរ​អឹងកង​ពេញទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។​

​លទ្ធផល​ចុងក្រោយ ទូក ង ស្រុក​ផ្នោ​ដាច់ បានឈ្នះ​លេខ ១ ក្នុងការ​ប្រណាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចម្ងាយ ១.២០០ ម៉ែត្រ ជាមួយនឹង​ក្រុម​ទូក ង ស្រុក​ថ្កូវ ។​

​ក្រៅពី​ពិធី​ប្រណាំង ង ក៏មាន​កម្មវិធី​សិល្បៈ​កម្សាន្ត​ដែល​រៀបចំ​ដោយ​ក្រុមនិស្សិត​ខ្មែរ​មកពី​សកល​វិទ្យាល័យ​ត្រា​វិញ ដែល​បាន​សម្ដែង​នៅក្បែរ​ច្រាំង​មាត់ទន្លេ​កំពង់ ដើម្បី​មនុស្សម្នា​បាន​ទស្សនា ផងដែរ ។​

ការប្រណាំងទូក ង នៅខេត្តព្រះត្រពាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
ការប្រណាំងទូក ង នៅខេត្តព្រះត្រពាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

ចំណែក នៅ​រម​ណិ​យ​ដ្ឋា​ន​ស្រះ​គូ ក្បែរ​វត្ត​អង្គ វិញ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មកពី​ស្រុក​ទាំង ៨ បានរួម​គ្នា ប្រារព្ធ “​បុណ្យ​អកអំបុក​” រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃ ១៤ និង ១៥ កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី ៥ និង​ទី ៦ ខែវិច្ឆិកា ដោយមាន​ការចាត់តាំង​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា ពិធី​តាំងពិព័រណ៍​វប្បធម៌​របស់​ស្រុក​នីមួយៗ និង​ពិធី​បណ្ដែត​ប្រ ទីប នៅក្នុង​ស្រះ​គូ​ជាដើម ។​

ខេ​ត្ក​ឃ្លាំង​៖

​ចំណែក​នៅ​ខេត្ត​ឃ្លាំង វិញ កម្មវិធី​ប្រណាំង ង នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៧ វិច្ឆិកា នៅ​ដង​ទន្លេ Maspero ឬ​ទន្លេបាសាក់ ឋិត​នៅក្នុង​សង្កា​ត់ទី ៨ ទីក្រុង​ឃ្លាំង ។​

​យោងតាម​គណៈកម្មការ​ចាត់តាំង​កម្មវិធី​ប្រណាំងទូក ង បាន​ថ្លែងថា ឆ្នាំនេះ មាន​ក្រុម​ទូក ង ចូលរួម​ប្រណាំង ចំនួន ៦១ គ្រឿង ក្នុងនោះ​ទូក ង បុរស ៥០ គ្រឿង និង​ទូក ង ស្ត្រី ១១ គ្រឿង មកពី​ភូមិ​ស្រុក នៃ​ខេត្ត​នានា ដូចជា ទឹកខ្មៅ​,​ពល​លាវ , ក្រ​មូ​នស , ហូ​វ​យ៉ាង (Hậu Giang), ព្រះ​ត្រពាំង​, លង់​ហោរ​, ទីក្រុង ព្រែក​ឫស្សី និង​ក្រុម​ម្ចាស់ ផ្ទះ គឺ​ខេត្ត​ឃ្លាំង ។​

​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា កីឡាករ​ដែល​ចូលមក​រួម​ប្រណាំង​ឆ្នាំនេះ មាន​ប្រមាណ​ជាង ១.៦០០ នាក់ ក្នុងនោះ ក្រុម​នីមួយៗ​មាន​ប្រមាណ ៦០ នាក់ ។​

​ក្នុង​ថ្ងៃ​ដំបូង នៃ​ការប្រណាំង ទូក ង ចំនួន ៨ គ្រឿង បាន​លិច​ពេល​កំពុង​ប្រណាំង ផងដែរ ។​

​ទោះបី​មាន​ពិធី​ប្រណាំងទូក ង យ៉ាងនេះ​ក្ដី តែ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​សម្រេច​មួយ​ចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និង​មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់​សព្វថ្ងៃ បាន​ហាម​ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស បង្ហោះគោម​គ្រប់​រូបភាព​តាម​អ្វីមួយ​ដែល​លោក​លើកឡើងថា ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ។ ក្រោយពី​សេចក្ដីសម្រេច​នេះ​ចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម​បាន​អះអាងថា រដ្ឋា​ភិ បាល​ធ្វើ​នេះ​ក្នុង​គោល​លុប បំបាត់​ប្រពៃណី​បង្ហោះគោម​របស់​ពួកគេ ដែល​ធ្លាប់មាន​តាំងពី​បុរាណកាល​មក នៅ​ដែនដី​កម្ពុជា​ក្រោម ៕​

ខាងក្រោមជារូបថត នៃពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤

ST 1 ST 2 ST 3 ST 4 ST 5 ST 6 ST 7

Comments are closed.