បទវិចារណកថា៖ សេរីភាពសាសនាក្នុងភាពភ័យខ្លាច នៅកម្ពុជាក្រោម
ដោយ ទៀ ថេន និង Virginia Thach
សូមឆ្នាំថ្មី ២០២១ នេះនាំមកជាមួយនូវ សេចក្តីសុខសន្តិភាព ចម្រុងចម្រើន និងសុភមង្គល ជូន បងប្អូនខ្មែរក្រោមគ្រប់ៗគ្នា ដែលកំពុងរស់នៅគ្រប់ទិសទីលើភពផែនដីនេះ ។ មែនពិត យើងកំពុង ស្ថិតនៅក្នុង សប្តាហ៍ទី ២ នៃដើម ឆ្នាំ ២០២១ នៅឡើយ គឺយើងមិនទាន់ទៅណាឆ្ងាយពីសភាពការណ៍ក្តៅគគុក នៃឆ្នាំ ២០២០ នៅឡើយទេ ។ បងប្អូនរួមឈាមរបស់យើងដែលត្រូវអាជ្ញាធរវៀតណាមបិទសិទ្ធិហាមមិនឲ្យបញ្ចេញសំឡេងមកខាងក្រៅ កំពុងបន្តប្រឈមមុខនៅឯមាតុភូមិដែនដីកម្ពុជាក្រោម ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ហើយដែលរឿងនោះ មានទាក់ទងជាពិសេសទៅលើផ្នែកចិត្តសាស្រ្ត និងស្មារតីក្នុងសិទ្ធិសេរីជំនឿ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនានិកាយថេរវាទ នៅតែមិនទាន់បានត្រឹមត្រូវតាមសេចក្តីប្រាថ្នានៅឡើយ ។ ទោះបីថា ត្រូវបានការពារដោយច្បាប់អន្តរជាតិផង និងថែមទាំងមានចែងយ៉ាងច្បាស់ក្រឡែតនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាមផងនោះក៏ដោយ ក៏រដ្ឋអំណាចវៀតណាមនៅតែបន្តជ្រៀតជ្រែកបំពានបំពារចូលមកយ៉ាងងងើលឥតអៀនខ្មាស់ និងឥតក្រែង រអែងគោរពច្បាប់អង្គការសហប្រជាជាតិទាល់តែសោះ ។

ក្នុងនាមជាជនជាតិដើម ដែលរស់នៅលើដែនដីកម្ពុជាក្រោម ប្រជាជាតិខ្មែរក្រោមបានគោរព ប្រតិបត្តិព្រះពុទ្ធសាសនានិកាយថេរវាទយ៉ាងខ្ជាប់ខ្ជួន ហើយបានសាងសង់វត្តអារាមជាពុទ្ធបូជនីយដ្ឋាន ប្រមាណជិតប្រាំរយវត្ត នៅលើទឹកដីដូនតារបស់ខ្លួនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ មានជាអាទិ៍ វត្តដែលកសាងឡើងមុនគេបង្អស់ នោះគឺ វត្តសម្បូររង្សី បានស្ថាបនាឡើងតាំងពីឆ្នាំ ៣៧៣ មកម៉្លេះ នៅខែត្រព្រះត្រពាំង ។
រហូតមកទល់នឹងឆ្នាំ ១៩៧៥ គឺមុនការចូលកាន់កាប់ដោយរបបយួនកុម្មុយនីស្ត ខ្មែរក្រោមធ្លាប់មានអង្គការសាសនាឯករាជ្យដោយខ្លួនឯងចំនួន ២ នៅកម្ពុជាក្រោម ។ ពុទ្ធិកសមាគមខ្មែរក្រោមទាំងពីរ ជាទីពេញនិយមនោះគឺ ពុទ្ធិកសមាគមទក្ខិណានិកាយ និងពុទ្ធិកសមាគមខេមរនិកាយ ដែលដឹកនាំដោយ ព្រះតេជព្រះគុណ គឹម សាង និង ព្រះតេជព្រះគុណ ថាច់ ងោស ។
លុះមកដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កងទ័ពកុម្មុយនីស្តវៀតណាមខាងជើង បានទន្ទា្រនលុកលុយចូលទឹកដីកម្ពុជាក្រោម និងបានធ្វើឲ្យធ្លាក់ចុះនូវសក្តានុពលភាពនៃព្រះពុទ្ធសាសនានៅដែនដី កម្ពុជាក្រោម ។ ពុទ្ធិកសមាគមទាំងនោះ ត្រូវបានរដ្ឋអំណាចយួនលុបបំបាត់ចោល ហើយប្រើឧបាយកល និងអំណាចចាត់វិធានការធ្វើឲ្យបែកខ្ញែកអស់ ក្រោយមកក៏បានចាប់បង្ខំព្រះសង្ឃខ្មែរក្រោមនៃអង្គការ ពុទ្ធសាសនាទាំងពីរឲ្យចូលរួមជា សមាគមព្រះសង្ឃស្នេហាជាតិ ហើយបានដាក់ឲ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ សមាគមពុទ្ធសាសនាវៀតណាម ( ហៅកាត់ថា : V.B.S ដែលមានន័យពេញ ជាភាសាអង់គ្លេសថា Vietnam Buddhist Sangha ) ។ សមាគមពុទ្ធសាសនាវៀតណាម មួយនេះគឺជាស្ថាប័នដែលត្រូវបានចងភ្ជាប់យ៉ាងរឹងមាំទៅនឹង គណៈកម្មាធិការមជ្ឈិម នៃ រណសិរ្សមាតុភូមិវៀតណាម និង ជា គណៈកម្មការមួយរបស់ គណបក្សកុម្មុយនីស្តវៀតណាម (V.C.P = Vietnamese Communist Party) ។
ទំនាក់ទំនងស្អិតរមួតរវាង គណបក្សកុម្មុយនីស្តវៀតណាម និងសមាគមពុទ្ធសាសនាវៀតណាម បច្ចុប្បន្ន បែបនេះហើយ ទើបនាំឲ្យមានការបង្រ្កាបមកលើខ្មែរក្រោម តាមរូបភាពសាសនាតែមួយ ដែលកាលពីមុនគឺជាគ្រឹះរបស់សហគមន៍ ។ តំបន់ដែនដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងរបស់ គណបក្សកុម្មុយនីស្តវៀតណាម ដែលប្រើអំណាចរបស់ខ្លួនតាមរយៈសាសនា នយោបាយ និងពេលខ្លះដោយមធ្យោបាយយោធា ផងដែរ ។ ទោះបីជា ខ្មែរក្រោម មានអារាម ពុទ្ធបូជនីយដ្ឋាន ជិតប្រាំរយវត្ត ក្រាលរាយស្ទើរពាសពេញដែនដីកម្ពុជាក្រោមក៏ដោយ ក៏ខ្មែរក្រោមនៅតែមិនអាចបង្កើតជាសមាគមពុទ្ធសាសនាឯករាជ្យដាច់ដោយឡែកមួយ ដែលមិនមានការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាលវៀតណាមបានឡើយ ។ វិធីគោរពបូជាតាមបែបប្រពៃណីត្រូវបានផ្លាស់ប្តូរ ហើយត្រូវរងនូវការដកហូតសិទ្ធិក្នុងការប្រតិបត្តិពិធីសាសនាដោយស្វ័យភាព និងថែមទាំងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ភាសាខ្មែរទៀតផង ។ ការប្រមូលផ្តុំណាមួយដើម្បីទទួលបានសិទ្ធិសមស្របបែបនេះ ទោះបីជាត្រឹមត្រូវទៅតាមច្បាប់ដែលមានចែងយ៉ាងនេះហើយក្តី ក៏នៅតែត្រូវបានឃាត់ឃាំង ហើយទទួលរងនូវការចោទប្រកាន់ពីរដ្ឋាភិបាលថា «បានធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅក្នុងសង្គមវៀតណាម» និង «បានចូលរួមជាមួយនឹងចលនាប្រឆាំងរដ្ឋាភិបាលវៀតណាម » ដែលអាចនឹងត្រូវជាប់ទោសជាការដាក់ទណ្ឌកម្ម ឬឲ្យជាប់ពន្ធនាគារតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។ ស្ថិតនៅក្នុងស្ថានភាពកំពុងតែបាត់បង់សមត្ថភាពក្នុងការបង្កើតសមាគមសាសនាឯករាជ្យរបស់ខ្លួនបែបនេះ ប្រជាជាតិខ្មែរក្រោម ក្នុងពេលបច្ចុប្បន្ន កំពុងតែគោរពប្រតិបត្តិពុទ្ធសាសនារបស់ខ្លួន នៅក្នុងសភាពភ័យខ្លាចជាប់ជាប្រចាំ ។ រហូតមកទល់នឹងសព្វថ្ងៃនេះ សមាគមពុទ្ធសាសនាវៀតណាម ដែលដឹកនាំដោយលោកសង្ឃមហាយានយួន បានគ្រប់គ្រងសកម្មភាពរដ្ឋបាល ភាគច្រើននៅក្នុងវត្តអារាមរបស់ខ្មែរក្រោម មានឧទាហរណ៍ដូចជា ៖
- បានបង្ខំឲ្យព្រះសង្ឃខ្មែរក្រោមប្រើប្រាស់ប័ណ្ណសម្គាល់សមណភាព ដែលបញ្ជាក់ចេញមកពី សមាគមពុទ្ធសាសនាវៀតណាម ហើយដែលមានសុទ្ធតែជាអក្សរយួន ជំនួសឲ្យប័ណ្ណ សម្គាល់ ឬលិខិតបទដ្ឋានផ្សេងៗជាអក្សរភាសាខ្មែរ ដែលខ្មែរក្រោមធ្លាប់និយមប្រើប្រាស់ជាវប្បធម៌សម្រាប់សម្គាល់បញ្ជាក់សមណភាពក្នុងពុទ្ធសាសនា គឺ «សង្ឃដីកា » សម្រាប់សម្គាល់សាមណេរភាវៈ និង «ឆាយា» សម្រាប់សម្គាល់ភិក្ខុភាវៈ ជាដើម ។
- សមាគមពុទ្ធសាសនាវៀតណាម បានធ្វើត្រាថ្មីជាអក្សរយួន ទៅប្តូរជំនួសត្រាចាស់ដែលមានឆ្លាក់ឈ្មោះវត្តជាអក្សរភាសាខ្មែរនោះចោលចេញ រួចហើយចាប់បង្ខំឲ្យព្រះសង្ឃខ្មែរក្រោមគ្រប់វត្តទាំងអស់ប្រើប្រាស់ត្រាថ្មីដែលគេប្តូរឲ្យនោះវិញ ។
- សមាគមពុទ្ធសាសនាវៀតណាម បានបើកវគ្គសិក្ខាសាលាដែលគេហៅថា «ការ ការពារជាតិ និងសន្តិសុខសង្គម » ក្នុងគោលបំណងលាងដុះខាត់ស្មារតីខ្មែរក្រោមចោលចេញ រួចហើយបញ្ចូលជំនួសវិញនូវមនោគមវិជ្ជាកុម្មុយនីស្តយួន មកក្នុងសង្គមសាសនារបស់ខ្មែរក្រោម ។ ព្រះសង្ឃខ្មែរក្រោមភាគច្រើនមិនចង់ចូលរួមវគ្គបណ្តុះបណ្តាលនោះទេ ពីព្រោះថា ជាល័ក្ខគោលព្រះពុទ្ធសាសនា គឺការប្រតិបត្តិអប់រំដើម្បីឲ្យមានសន្តិភាពផ្លូវចិត្តតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែដោយគ្មានជម្រើសណាផ្សេង ក្រៅតែពីបង្ខំចិត្តទទួលធ្វើតាមគេ បើពុំដូច្នោះទេ នឹងត្រូវរងនូវ ការចោទប្រកាន់ ឬត្រូវពិន័យតាមតែគំនិតយល់ឃើញរបស់គេ ។
- ល្បិចបបោសអង្អែលពិសពុលម្យ៉ាងទៀត ដើម្បីបំភាន់ភែ្នកអន្តរជាតិឲ្យជឿថា រដ្ឋាភិបាល វៀតណាម កំពុងយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិសេរីជំនឿរបស់ពលរដ្ឋខ្មែរក្រោមដែរនោះ គឺ សមាគមពុទ្ធសាសនាវៀតណាម បានជួយជាមធ្យោបាយរៀបចំសន្និសីទមួយជជែកអំពី «ការប្រតិបត្តិពុទ្ធសាសនានិកាយថេរវាទ នៃប្រជាជាតិខ្មែរក្រោមនៅកម្ពុជាក្រោម» ក៏ប៉ុន្តែនៅក្នុងការជជែកនោះ ព្រះសង្ឃខ្មែរក្រោមត្រូវរងនូវការបង្គាប់ណែនាំថា ត្រូវថ្លែងការណ៍ ឬសំណេះសំណាលជាភាសាយួនទាំងអស់ ។ ព្រះតេជព្រះគុណ ជាចៅអធិការវត្តខ្មែរក្រោមដោយច្រើនមិនសូវបានចេះដឹងជ្រៅជ្រះក្នុងភាសាវៀតណាមទេ កុំថាឡើយ ដល់ទៅតែងជាសុន្ទរកថាសម្រាប់ថ្លែងក្នុងអង្គប្រជុំ សូម្បីការជជែកយ៉ាងសាមញ្ញក៏លំបាកនឹងរកពាក្យមកនិយាយឲ្យចំន័យបានត្រឹមត្រូវល្អផង ។ ព្រោះហេតុនោះ គណៈកម្មការសមាគមពុទ្ធសាសនា វៀតណាម បានតាក់តែងសុន្ទរកថាជាភាសាវៀតណាមទៅតាមន័យដែលពួកគេចង់បាន ហើយយកមកប្រគល់ឲ្យព្រះសង្ឃខ្មែរក្រោមអានតាម ដែលនោះសុទ្ធតែជាវិធីពិសពុលដ៏អាក្រក់ មានគោលដៅបន្សាបបំប្លែងប្រពៃណី វប្បធម៌ អក្សរសាស្រ្តខ្មែរឲ្យរលាយជាសន្សឹមៗ ដោយមិនដឹងខ្លួន ។ ដោយបានឃើញយ៉ាងច្បាស់នូវហានិភ័យផ្នែកខឿនវប្បធម៌របស់ខ្មែរក្រោមបែបនេះ ទើបមានអ្នកសិក្សាស្រាវជ្រាវផ្នែកប្រជាសាសន៍ មកពីក្រុមប្រទេសនៃសហគមអឺរ៉ុបបានហៅសកម្មភាពរបស់វៀតណាមនេះថា «វិធីបំបាត់ពូជសាសន៍ខ្មែរក្រោម ដោយមិនឲ្យឃើញឈាមស្រក់» ។
- តាមទំនៀមទម្លាប់ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនានិកាយថេរវាទ ពលរដ្ឋខ្មែរក្រោម មានតាំងតម្កល់ព្រះពុទ្ធបដិមា និងទង់ព្រះពុទ្ធសាសនា ដែលមាន ៦ ពណ៌ គឺ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ភ្លឺផ្លេក ដែលជាពណ៌ចម្រុះកើតចេញពីពណ៌ទាំង ៥ ខាងដើមលាយចម្រុះគ្នា ។ បូជនីយវត្ថុទាំងពីរ ខ្មែរក្រោមតែងដាក់នៅលើអាសនៈជាទីបូជាតាមគ្រប់ទីវត្តអារាម សម្រាប់ថ្វាយបង្គំរំឭកគុណជាប្រចាំ និងតាមកាលគួរ ។ វប្បធម៌ដ៏ថ្លៃថ្នូររបស់ពុទ្ធសាសនិកខ្មែរក្រោមនេះ មិនជាទីពេញចិត្តឲ្យរដ្ឋាភិបាលវៀតណាមទេ ពួកគេបានរិះរកគ្រប់ កលឧបាយ ដើម្បីបញ្ជ្រាបមនោគមវិជ្ជាកុម្មុយនីស្ត របស់ពួកគេឲ្យចូលមកស្ថិតនៅពីលើ អាសនៈ ជាទីសក្ការៈបូជា ខ្ពង់ខ្ពស់បំផុតរបស់ពុទ្ធបរិស័ទខ្មែរក្រោមថែមទៀត ។ ទៅតាមរយៈបាតដៃរបស់ សមាគមពុទ្ធសាសនាវៀតណាម រដ្ឋាភិបាលយួនកុម្មុយនីស្ត បានចាប់បង្ខំឲ្យវត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជាក្រោមទាំងអស់ ចងតម្លើងទង់ជាតិវៀតណាម ឲ្យស្មើនឹង ទង់ពុទ្ធសាសនា ហើយត្រូវដាក់តាំងរូបថត ហូ ជី មិញ ឲ្យនៅស្មើគ្នាជាមួយនឹងអាសនៈរបស់ព្រះពុទ្ធបដិមាដែរ ។ ពលរដ្ឋខ្មែរក្រោមលើកឡើងថា ពោះការបង្ខំឲ្យដាក់តាំងរូបថតរបស់ ហូ ជី មិញ ឲ្យស្ថិតនៅស្មើ នឹងអាសនៈរបស់ព្រះសម្មាសម្ពុទ្ធ គឺជាប្រការដែលព្រះសង្ឃ និងពុទ្ធសាសនិកខ្មែរក្រោមមិនអាចទទួលយកបានឡើយ ពីព្រោះ ដោយជាក់ស្តែង ហូ ជី មិញ មិនមានគុណតម្លៃគ្រប់គ្រាន់សម្រាប់ឲ្យខ្មែរក្រោមគោរពបូជា រាល់យប់ថ្ងៃនោះឡើយ ។
- នៅគ្រប់វត្តអារាម ព្រះសង្ឃខ្មែរក្រោមបើមានប្រារព្ធពិធីបុណ្យ និងពិធីកម្មនានា រួមទាំងបុណ្យប្រពៃណីជាតិដែលធ្លាប់ធ្វើជាប្រចាំ ដូចជា ចូលឆ្នាំថ្មី សែនដូនតា អកអំបុក សំពះព្រះខែ ជាដើមសុទ្ធតែត្រូវសុំច្បាប់អនុញ្ញាតជាមុនពីអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ចាប់ពីថ្នាក់ឃុំ ដល់ថ្នាក់ស្រុក និងពេលខ្លះរហូតដល់ថ្នាក់ខែត្រទៀតផង ហើយត្រូវជូនដំណឹងទៅ សមាគមពុទ្ធសាសនាវៀតណាម ឲ្យបានជ្រាបផងដែរ ទើបអាចធ្វើបាន ។ ព្រះសង្ឃខ្មែរក្រោម មិនមានសិទ្ធិក្នុងការរៀបចំអង្គសន្និសីទពុទ្ធសាសនានិកាយថេរវាទ ដើម្បីការពារ និងពង្រីកផ្សព្វផ្សាយជាភាសាខ្មែររបស់ខ្លួនដាច់ដោយឡែកបានឡើយ ។ សរុបមក សមាគមពុទ្ធសាសនាវៀតណាម បានគ្រប់ គ្រងយ៉ាងណែននៅក្នុងដៃរបស់គេ នូវគ្រប់សកម្មភាពទាំងអស់របស់ព្រះសង្ឃខ្មែរក្រោម ជាពិសេសបំផុតនោះគឺ ខាងផ្នែកសិក្សាអប់រំលើវិស័យពុទ្ធចក្រ និងការចូលរួមប្រជុំសន្និសីទអន្តរជាតិនានានៅក្រៅប្រទេស មានដូចជាការចូលរួមកម្មវិធី វិសាខបូជា ដែលរៀបចំឡើងដោយ អ.ស.ប. ជាអាទិ៍សុទ្ធតែត្រូវបានរឹតបន្តឹង និងហាមឃាត់ ។
នៅមានករណីគាបសង្កត់ផ្សេងទៀតជាច្រើន ដែលយើងមិនអាចលើកយកមកបង្ហាញជូនឲ្យអស់បាននៅពេលនេះឡើយ ដោយហេតុថា ការរៀបរាប់អំពីករណីទាំងប៉ុន្មានខាងលើនេះដែលសុទ្ធតែជាការពិតជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់ផងនោះ គឺក្នុងបំណងបើកបង្ហាញជូនមតិជាតិ និងអន្តរជាតិ ដែលស្នេហាភាពយុត្តិធម៌ សិទ្ធិមនុស្ស នៅលើភពផែនដីនេះទាំងមូល ដើម្បីយកទៅធ្វើវិភាគប្រៀបធៀបរវាងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាម និងការប្រព្រឹត្តរបស់រដ្ឋាភិបាលវៀតណាម មកលើ ជនជាតិដើមខ្មែរក្រោម ។
ជាបន្តបន្ទាប់ខាងក្រោមនេះ យើងសូមជំរាបជូនអំពីបញ្ហាដែលទាក់ទងទៅនឹងការរំលោភបំពានមកលើច្បាប់រដ្ឋធម្មនុញ្ញរបស់វៀតណាមខ្លួនឯងផ្ទាល់ផង និងការរំលោភបំពានទៅលើសន្ធិសញ្ញា និងកតិកាសញ្ញាអន្តរជាតិនានាមានដូចជា ៖
ក្នុងមាត្រាទី ២៤ នៃច្បាប់រដ្ឋធម្មនុញ្ញប្រទេសវៀតណាមចែងថា ៖
“ ១). មនុស្សគ្រប់រូបមានសេរីភាពពេញលេញ នៅលើជំនឿ និង សាសនា ។ ពលរដ្ឋអាចគោរពសាសនាណាមួយ ឬមិនកាន់យកសាសនា ក៏តាមសេចក្តីប្រាថ្នារបស់ខ្លួន ។ គ្រប់ស្ថាប័នសាសនាទាំងអស់ត្រូវមានភាពស្មើគ្នាចំពោះមុខច្បាប់ ។
២). រដ្ឋមានតួនាទីគោរព និងការពារ ចំពោះសេរីភាព នៅលើជំនឿ និង សាសនា ។ ៣). គ្មានជនណាម្នាក់មានសិទ្ធិរំលោភលើសេរីភាព នៃជំនឿ និងសាសនា ឬក៏ទាញយកផលប្រយោជន៍ ពីជំនឿ និងសាសនា ដើម្បីរំលោភច្បាប់ឡើយ ” ។ ក្នុងនាមជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមស័ក្តិសមបំផុតដើម្បីទទួលបាននូវសិទ្ធិសេរីភាពពេញលេញនៅលើជំនឿសាសនារបស់ខ្លួន ដូចប្រការដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើម ( The UN DRIP ឬ United Nation Declaration of the Rights of Indigenous People) និង សន្ធិសញ្ញាទាំងឡាយ ដែលរដ្ឋវៀតណាមបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ ។ នៅក្នុងមាត្រាទី ១២.១ នៃសេចក្តីប្រកាសនោះបាន ចែងថា៖
“ជនជាតិដើមទាំងឡាយ មានសិទ្ធិបង្ហាញ អនុវត្ត អភិវឌ្ឍ និងបង្ហាត់បង្រៀននូវប្រពៃណីទំនៀមទម្លាប់ និងពិធីបុណ្យទៅតាមជំនឿសាសនា និងតាមវិធីអប់រំផ្លូវចិត្តរបស់ខ្លួន ហើយជនជាតិដើមម្នាក់ៗ មានសិទ្ធិរក្សា ការពារ ហើយមានសិទ្ធិចូលទៅដល់កន្លែងសក្ការបូជាសាសនា និងវប្បធម៌របស់ខ្លួនដោយមិនមានការឃ្លាំមើល ហើយមានសិទ្ធិប្រើប្រាស់ និងត្រួតពិនិត្យនូវវត្ថុសម្រាប់ពិធីសាសនារបស់ពួកគេ និងសិទ្ធិក្នុងការធ្វើមាតុភូមិនិវត្តន៍ នៃសាកសពនៃមនុស្សរបស់ពួកគេ” ។
នៅក្នុងមាត្រាទី ១៨.១ នៃកតិកាសញ្ញាអន្តរជាតិ ស្តីអំពីសិទ្ធិរបស់ពលរដ្ឋ និងអ្នកនយោបាយ (ICCPR ឬ International Covenant on Civil and Political Rights) ដែលរដ្ឋ វៀតណាមបានចុះហត្ថលេខាជាមួយ អ.ស.ប. នៅក្នុងឆ្នាំ ១៩៨២ បានចែងថា ៖
“មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការគិត ក្នុងការបញ្ចេញមនសិការ និងជំនឿសាសនា ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការមាន ឬទទួលយកជំនឿ ឬក៏ជាជំនឿ ដែលជាជម្រើសរបស់ខ្លួន ហើយនិងសេរីភាព ជាលក្ខណៈបុគ្គល ឬក៏ក្នុងសហគមន៍រួមជាមួយអ្នកដទៃឯទៀត និងជាសាធារណៈ ឬជាឯកជនក្នុងការបង្ហាញអំពីសាសនា ឬជំនឿរបស់គាត់នៅក្នុងការគោរពបូជា ការអនុវត្ត និងការបង្រៀន ” ។
វៀតណាមគឺជារដ្ឋសមាជិកមួយរបស់អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខាព្រមព្រៀងយកទៅអនុវត្តលើ កតិកាសញ្ញា អន្តរជាតិ ស្តីអំពី សិទ្ធិរបស់ពលរដ្ឋ និងអ្នកនយោបាយ ដែលហៅកាត់ជាភាសាអង់គ្លេសថា ICCPR នេះផង ហើយសិទ្ធិសេរីភាពលើជំនឿសាសនា ក៏មានចែងយ៉ាងក្រឡែតនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសផងទៀតនោះ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលកុម្មយនីស្តវៀតណាម បែរជាមានយុទ្ធសាស្ត្របង្កើតជា សមាគមពុទ្ធសាសនាវៀតណាម ឲ្យធ្វើជាអង្គការសាសនាមួយដើម្បីតាមគាបសង្កត់ និងគ្រប់គ្រងពីលើរបៀបគោរពប្រតិបត្តិព្រះពុទ្ធសាសនានិកាយថេរវាទរបស់ខ្មែរក្រោមទៅវិញ នេះគឺជាអំពើខុសឆ្គងដ៏គួរឲ្យស្អប់ខ្ពើម និងសែនសោកស្តាយជាទីបំផុត ពីព្រោះ សមាគមពុទ្ធសាសនាវៀតណាម ជាសាខាពុទ្ធសាសនាផ្សេងគ្នា ហើយមានការប្រតិបត្តិមិនដូចគ្នាទៀតផង ។
ការរស់នៅក្នុងរបបកុម្មុយនីស្តមួយនេះ បងប្អូនខ្មែរក្រោមដែលមិនអាចបញ្ចេញសំឡេងបាន កំពុងតែបន្តរស់នៅ និងប្រតិបត្តិព្រះពុទ្ធសាសនារបស់ខ្លួនទាំងភាពភ័យខ្លាចជាប់ជាប្រចាំ ។ ទន្ទឹមគ្នានឹងការចាប់ផ្តើមចេញដំណើរ នៃឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ យើងខ្ញុំសូមរំឭកដោយសេចក្តីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្របំផុត ជូនជាកម្លាំងទឹក ចិត្តចំពោះ បងប្អូនខ្មែរក្រោមដែលមិនអាចបញ្ចេញសំឡេងបាននូវសម្តីមាសដ៏មានប្រជាប្រិយភាព របស់បណ្ឌិត ម៉ាទីន លូថឺរ ឃីង (ជូន្ញៀ) ( Dr. Martin Luther King, Jr.) មួយឃ្លាថា ៖
“ប្រសិនបើថ្ងៃនេះ ខ្ញុំរស់នៅក្នុងប្រទេសកុម្មុយនីស្តមួយ ដែលជាកន្លែងមានគោលជំហរភក្តីភាពដ៏ជាក់លាក់ចំពោះជំនឿរបស់គ្រិស្តបរិស័ទត្រូវរងនូវការបង្រ្កាប ខ្ញុំនឹងតស៊ូមតិយ៉ាងបើកចំហចំពោះការមិនគោរពច្បាប់ប្រឆាំងនឹងសាសនារបស់ប្រទេសនោះ” ៕