ស្ថាប័ន​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​​ថ្កោល​អាជ្ញាធរ​វៀតណាម ដែល​បំពាន​ស្ថាប័ន​សាសនា​ខ្មែរ​ នៅ​កម្ពុជា​ក្រោម

0 65

ដោយ លី ឈូន

សព្វថ្ងៃ ទោះ​ជា​ខ្លួន​​បាន​ជាប់ឆ្នោត​ជា​សមាជិក​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក៏​ដោយ ​ក៏​អាជ្ញាធរ​​វៀតណាម​​នៅ​តែ​រំលោភ​បំពាន​មក​លើ​វត្ត​អារាម​ខ្មែរ​ក្រោម តាម​ទំនើង​ចិត្ត​ ពិសេស​គឺ​នៅ​ខេត្ត​លង់​ហោរ ។

ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot
ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot

ស្ថាប័ន​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើង​ថា​ វៀតណាម​នឹង​ត្រូវ​បាត់​ទំនុក​ចិត្ត​ពី​សហគមន៍​​អន្តរ​ជាតិ​​ និង​​សហគមន៍​ជាតិ​ជា​មិន​ខាន​ បើ​វៀតណាម​​នៅ​​តែ​រំលោភ​បំពាន​​មក​លើ​ព្រះ​ពុទ្ធសាសនា​ខ្មែរ​ដូច្នេះ​ ​ព្រោះ​ថា​នៅ​​កម្ពុជា​ក្រោម​​តាម​​ខេត្ត​ តាម​ស្រុក​នីមួយ ៗ​ ខ្មែរ​មា​ន​រចនា​សម្ព័ន្ធ​សង្ឃ​​ចាត់​តាម​ថ្នាក់​ជា​ព្រះ​មេគុណ​ផង ​ព្រះ​អនុ​គណ​ផង​ ​ហើយ​ថែម​ទាំង​​មាន​សមាគម​​​ព្រះ​សង្ឃ​​​សាមគ្គី​ស្នេហា​ជាតិ​តាម​ស្រុក​ តាម​ខេត្ត​ទាំង​ខាង​គណ​ខ្មែរ​ និង​វៀតណាម​ទៀត​ផង​ តែ​​សមត្ថ​កិច្ច​​​វៀតណាម​​​ចាត់​ទុក​​ស្ថាប័ន​សង្ឃ​ក្នុង​ស្រុក​ទាំង​នេះ​​មិន​ស្មើ​នឹង​លំអង​ធូលី​ឡើយ​ ។

«ញាតិ​ញោម​អើយ​អា​ចោរ​យួន​វាយ​លោក​ អា​ចោរ​យួន​កាប់​ដើម​គគីរ​វត្ត​មក​​ទៀត​ហើយ​ ពេល​នេះ​​វា​បាន​នាំ​គ្នា​មក​បៀតបៀន​ព្រះ​សង្ឃ​យើង​ទៀត​ហើយ» ។

អម្បាញ់មិញ​​​​​​នេះ​​ជា​ស្នូរ​ស្គរ​ ស្នូរ​គង​​លាយ​ឡំ​និង​​សម្រែក​ស្រែក​របស់​ព្រះសង្ឃ​​វត្ត​មង្គល​​បូរី​​ទ្រនំ​សេក​ស្រែក​​សុំ​ឲ្យ​ពុទ្ធបរិស័ទ​​ជើង​វត្ត​ និង​​ព្រះ​សង្ឃ​នានា​វត្ត​ទៅ​​ជួយ​អន្តរាគមន៍​​ដេញ​ពួក​សមត្ថកិច្ច​វៀតណាម​ ​ដែល​​ទៅ​ហ៊ុម​ព័ទ្ធ​វត្ត​មង្គល​បុរី​​ទ្រនំ​​សេក​​​ ក្នុង​ស្រុក​ផ្សារ​ថ្មី ​ខេត្ត​លង់​ហោរ ​កាល​ពី​វេលា​ម៉ោង ៥:៣០ល្ងាច​ ថ្ងៃ​ទី​ ២៣ ធ្នូ​​កន្លង​​ទៅ​នេះ​​ ។​ តាម​ការ​ឲ្យ​ដឹង​ពី​​ពុទ្ធបរិស័ទ​​ចំណុះ​ជើង​​វត្ត​និង​​ព្រះ​សង្ឃ​​ក្នុង​​វត្ត​មង្គល​បូរី​ទ្រនំ​សេក​ឲ្យ​ដឹង​ថា ​ពួក​សមត្ថកិច្ច​វៀតណាម​ដែល​មាន​ ទាំង​នគរបាល​​ឃុំ ផង​នគរ​ស្រុក រួម​ទាំង​មន្ត្រី​ស៊ីវិល​ផង​​ប្រមាណ​ជា​ ១០០ នាក់​​ប្រដាប់​ដោយ​ដំបង​ឆក់​​ដំបង និង​ខ្នោះ​​ជាប់​តាម​​ខ្លួន​ស្ទើរ​គ្រប់​​គ្នា​​នោះ​ ​គឺ​ពួក​គេ​ប៉ុន​ប៉ង​​ចូល​​ចាប់​​ខ្លួន​ភិក្ខុ​នាម​​ផេង​​ ច័ន្ទ​តារា​ ​ដែល​ជា​ព្រះ​ធម្មាចារ្យ​​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ ​ព្រោះ​​តែ​​ព្រះ​​ភិក្ខុ​អង្គ​នេះ ជា​អ្នក​រួម​ចំណែក​​ផ្ដួច​ផ្ដើម​​ជួយ​កសាង​សាលា​ឆ​ទាន​​ភូមិ​កន្រែង ​ក្នុង​​ស្រុក​ផ្សារ​ថ្មី​ ​ខេត្ត​លង់​ហោរ​​​ ហើយ​​​ម្យ៉ាង​​វិញ​​​ទៀត​​​ព្រះ​​ភិក្ខុ​​ផេ​ង​ ច័ន្ទ​​តារា​​ ក៏​​ជា​​អ្នក​​ផ្ដើម​គំនិត​រារាំង​មិន​ឲ្យ​ពួក​អាជ្ញាធរ​វៀតណាម​កាប់​ដើម​គគីរ​ជាតិ ​​ដែល​​មាន​​អាយុ​កាល​​ជាង​ ៧០០ ឆ្នាំ​ក្នុង​វត្ត​មង្គល​បុរី​ទ្រនំ​សេក​នេះ​ផង​ដែរ​។

ចំពោះ​ករណី​នេះ​ ព្រះ​ធម្មាចារ្យ​មួយ​ព្រះ​អង្គ​ព្រះ​នាម ​គឹម​ សំរិន្ទ​ គង់​នៅ​វត្ត​អរុណ​រង្សី​ចាក់​អា​​ក្រោង​​ក្នុង​​ស្រុក​ថ្កូវ ​​ខេត្ត​ព្រះ​ត្រពាំង​​ និង​​ជា​សកម្មជន​តស៊ូ​មតិ​ខ្មែរ​​ក្រោម​​ផង​​នោះ ​លើក​​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ដែល​សមត្ថកិច្ច​វៀតណាម​ហ៊ាន​​ចូល​លុក​លុយ​​ដល់​​វត្តអារាម​ខ្មែរ​ក្រោម​ដូច្នេះ​​ក៏​ព្រោះ​​តែ​ការ​បូញ​មាត់​​ បត់​ដុំ​ដៃ ពី​ថ្នាក់​​​ដឹក​នាំ​សង្ឃ​នៅ​ក្នុង​ខេត្ត​លង់​ហោរ​នេះ​ឯង៖ «​ខ្សែ​សង្ឃ​ហ្នឹង​​បើក​ដៃ​ទើប​ពូក​សមត្ថកិច្ច​​ហ្នឹង​ហ៊ាន​ចូល​អាត្មា​​ចង់​​និយាយ​​អីចឹង​ ដូច​ជា​ករណី​នៅ​សាលា​ឆ​ទាន​ភូមិ​កន្រែង​អីចឹង​ដែរ​ ឃើញ​ស្រាប់​ហើយ​ ជា​ខាង​ដើម​ខ្សែ​សង្ឃ​មក​​រឹប​យក​ព្រះ​ពុទ្ធ​រូប​ ដល់​ពេល​ខ្សែ​​សង្ឃ​​បរាជ័យ​ក្នុង​ការ​យក​ព្រះ​ពុទ្ធរូប​ហ្នឹង​ទៅ​មិន​បាន​ហើយ​ ក៏​បណ្ដោយ​ដៃ​ឲ្យ​ពូក​សមត្ថកិច្ច​ធ្វើ​តាម​អំពើ​ចិត្ត​។ ហើយ​មិន​ត្រឹម​តែ​បណ្ដោយ​ដៃ​ទេ​ បើ​តាម​អាត្មា​ចោទ​ប្រកាន់​ គឺ​​ចង្អុល​​ការ ​​​​បាន​ន័យ​ថា​ ខ្សែ​​សង្ឃ​​ហ្នឹង​​ចង្អុល​​ការ​​ឱ្យ​​សមត្ថកិច្ច​អនុវត្ត​»

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​ជា​សកម្មជន​តស៊ូ​មតិ​ដ៏​ស្វិតស្វាញ​​អង្គ​នេះ​មាន​ថេរ​ដីកា​ទៀត​ថា​​ករណី​ ដែល​ថ្នាក់​ដឹក​នាំ​សង្ឃ​នៅ​​កម្ពុជា​ក្រោម​ តំបន់​ខ្លះ​ អង្គ​ខ្លះ​ឲ្យ​ដៃ​ពួក​អាជ្ញាធរ​​​វៀតណាម​​ចូល​ទន្ទ្រាន​​ដល់​​ទី​​វត្ត​អារាម​​ខ្មែរ​​ដូច្នេះ​​​​ មិន​​មែន​​​ថ្នាក់​ដឹក​នាំ​សង្ឃ​​​ខ្មែរ​​ក្រោម​​អង្គ​នោះ​ខ្លាច​​​​​​អំណាច​​អាជ្ញាធរ​​​វៀតណាម​​នោះ​​ទេ​​គឺ​ដោយ​សារ​តែ​ការ​លោភ​លន់​លាភ​សក្ការ និង​បុណ្យ​ស័ក្ដិ​​តែ​ប៉ុណ្ណោះ ​។​

ភិក្ខុ​សង្ឃ​ដែល​ជា​សកម្មជន​​តស៊ូ​មតិ​​​ខ្មែរ​ក្រោម​អង្គ​នេះ​បន្ត​ទៀត​​ថា ​មិន​ត្រឹម​តែ​បូញ​មាត់​បត់​ដុំ​ដៃ​ប៉ុណ្ណោះ​ទេ​​ថ្នាក់​ដឹក​នាំ​​សង្ឃ​​ខ្មែរ​​ក្រោម​អង្គ​ខ្លះ​ ថែម​ទាំង​បង្ហាញ​ឧបាយ​កល់​​សមត្ថកិច្ច​​វៀតណាម​ឲ្យ ធ្វើ​បាប​ខ្មែរ​ទៀត​ផង​៖ «បើ​និយាយ​អំពី​រឿង​នោះ​អាត្មា​មិន​ជឿ​ថា​​ថ្នាក់​ដឹក​នាំ​សង្ឃ​ខ្មែរ​ក្រោម​ខ្លាច​​អំណាច​​អាជ្ញាធរ​​យួន​​​នោះ​ទេ ​ដែល​ធ្ងន់​បំផុត​ហើយ​​បញ្ហា​ជា​ចម្បង​​​អាត្មា​ចង់​​លើក​​ឡើង​​​អំពី​ការ​លោក​លាភ​សក្ការ​និង​បុណ្យស័ក្ដិ។ មាន​ករណី​ខ្លះ​អាជ្ញាធរ​យួន​ហ្នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ផង ​មិន​អឺ​ពើ​​ផង​ តែ​ខាង​ខ្សែ​សង្ឃ​ហ្នឹង​យក​ចិត្ត​គេ លើក​​ឡើង​នូវ​ចំណុច​​ខ្សោយ​​របស់​ខ្មែរ​ក្រោម​ប្រាប់​គេ​​ អាត្មា​និយាយ​នេះ​ពី​ព្រោះ​អាត្មា​ធ្លាប់​រួម​ការ​ងារ​ជា​មួយ​ខ្សែ​សង្ឃ  និយាយ​ឲ្យ​ស៊ី​ជម្រៅ​​ទៅ​គឺ​អាត្មា​ឃើញ​​​យ៉ាង​ប្រត្យក្ស​​​ចាក់​ច្បាស់​នឹង​ភ្នែក​​​ត្រចៀក​​តែ​ម្ដង​»

បច្ចុប្បន្ន ​​អាជ្ញាធរ​វៀតណាម​នៅតែ​មិន​​លះ​​បង់​ចោល​គំនិត​ចាស់ ក្នុង​ការ​​ប៉ុន​ប៉ង​រំលាយ​វត្ត​អារាម​ខ្មែរ​សោះ​ ដូច​ជា​ករណី​ថ្មី ​ៗ គឺ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​ធ្នូ​​នេះ​សមត្ថកិច្ច​វៀតណាម​មាន​គ្នា​ប្រមាណ​ ១០០ នាក់​ទៅ​ហ៊ុម​ព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ ប៉ុនប៉ង​ចាប់​ភិក្ខុ​សង្ឃ​ដែល​ជា​​​អ្នក​ចូលរួម​​ផ្ដើម​គំនិត​កសាង​សាលាឆទាន​ភូមិ​ក​ន្រែង​ និង​រារាំង​​មិន​​ឲ្យ​ពួក​អាជ្ញាធរ​វៀតណាម​កាប់​ដើម​គគីរ​ជាតិ ​​ដែល​​មាន​​អាយុ​កាល​​ជាង​៧០០ឆ្នាំ​ក្នុង​វត្ត​មង្គល​បុរី​ទ្រនំ​សេក​នេះ​ផង​ដែរ ករណី​ប៉ុនប៉ង​រំលាយ​សាលា​ឆ​ទាន​ភូមិ​កន្រែង​​ ​ក្នុង​​ស្រុក​ផ្សារ​ថ្មី ​​ខេត្ត​លង់​ហោរ​​ និង​​ករណី​ប្លន់​ដី​ធ្លី​វត្ត​សេរី​មង្គល​​តា​ធាយ​​ក្នុង​​ស្រុក​តា​ឱន​ ​នា​ខេត្ត​លង់​ហោរ​​​​​ជាដើម​ ​។ ចំពោះ​ករណី​ទាំង​នេះ​សោត​​ទៀត​ គិត​តែ​ក្នុង​ឆ្នាំ​ ២០២២​ ក្នុង​​ខេត្ត​លង់​ហោរ​មួយ​តែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​បាន​គិត​ដល់​ខេត្ត​ដ​ទៃ​ទៀត​ ​ដែល​​មាន​​ករណី​​​ស្រដៀង​​​គ្នា​នោះ​នៅ​ឡើយ​ទេ​ ។

ទាក់​ទិន​និង​ករណី​ទាំង​នេះ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះតេជព្រះគុណ​ធីធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធម្មោ​មាន​ថេរ​​ដីកា​ថា​ បើ​​ទោះ​បី​ថ្នាក់​ដឹក​នាំ​សង្ឃ​ខ្មែរ​ក្រោម​នៅ​តំបន់​ខ្លះ​ អង្គ​ខ្លះ​ឲ្យ​ដៃ​សមត្ថកិច្ច​ក្ដី ក៏​អាជ្ញាធរ​វៀតណាម​មិន​គួរ​​បំពាន​មក​លើ​វត្ត​អារាម​​ខ្មែរ​​ក្រោម​​​យ៉ាង​នេះ​ដែរ​ ។ ព្រោះ​វា​​ជា​ការ​បំពាន​ទាំង​ច្បាប់​រដ្ឋ​ និង​ជំនឿ​របស់​ពលរដ្ឋ​​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​​ដើម​​​ទៀត​ផង«ដូច្នេះ​យួន​ត្រូវ​ទុក​ការងារ​នេះ​ឲ្យ​គ្រួសារ​ គ្នី​គ្នា​គេ​មហា​គ្រួសារ​គេ​ដោះ​ស្រាយ​​ក្នុង​​រឿង​ហ្នឹង​ ការ​ដោះ​ស្រាយ​នោះ​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ផង​និង​ទៅ​តាម​​ធម៌​វិន័យ​ផង​ រដ្ឋាភិបាល​ហ្នឹង​គ្រាន់​តែ ​ជា​អ្នក​ជួយ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ ។ ចំពោះ​កិច្ចការ​សាសនា​គឺ​សាសនា​មាន​មេគណ​សង្ឃ​របស់​​គេ​ មិន​មែន​ថា​ពួក​យួន​និង​ចង់​បំបួស​ចង់​ផ្សឹក​លោក​អី​តាម​អំពើ​ចិត្ត​នោះ​​ទេ​ ។ ការ​ងារ​ទាក់​ទង​នឹង​សង្ឃ និង​វត្ត​អារាម​ត្រូវ​ប្រគល់​តួ​នា​ទី​ហ្នឹង​ឱ្យ​ថ្នាក់​ដឹក​នាំ​សង្ឃ​មាន​ មេគុណ  អនុគណ​ មាន​ទាំង​​សមាគម​​សង្ឃ​ តាម​ខេត្ត​ ក្រុង ស្រុក​ទៀត​ផង​ ។ រឿង​រ៉ាវ​ទាំង​អស់​ដែល​លើក​ឡើង​មក​នេះ ​បើ​រដ្ឋ​អំណាច​កុំ​ជ្រៀត​ជ្រែក​ ហើយ​​​ប្រគល់​​​ឲ្យ​សមត្ថកិច្ច​សង្ឃ ​ធ្វើ​អន្តរាគមន៍​សម្រុះ​សម្រួល​នោះ​វា​បាន​ចប់​​ស្ងប់​បាត់​ពី​យូរ​ណាស់​មក​ហើយ​»​ ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​​មួយ​ ចុះ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​ ឆ្នាំ ២០២២ នេះ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស    ​សហរដ្ឋ​​អាមេរិក​ លោក Antony Blinken បាន​ប្រកាស​ដាក់​ប្រទេស​វៀតណាម​ចូល​ទៅ​ក្នុង​ «បញ្ជី​ឃ្លាំ​មើល​ពិសេស​» (Special Watch List) ដោយ​សារ​​តែ​ប្រទេស​នេះ​បាន​ «រំលោភ​បំពាន​ជា​ទម្ងន់​» លើ​សេរីភាព​សាសនា​ ។ ហើយ​កាល​ពី​ថ្ងៃ​ទី ១៨​ តុលា​កន្លង​ទៅ​នេះ​​​អង្គ​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ  បាន​ផ្ញើ​សារ​​មួយ​ច្បាប់​​ស្នើ​​ឲ្យ​​របប​កុម្មុយនីស្តុ​​​វៀតណាម​ឆ្លើយ​បំភ្លឺ ករណី​អាជ្ញាធរ​វៀតណាម​​នៅ​តែ​បន្ត​រំលោភ​​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​​មាន​​ករណី​សេរីភាព​សាសនា​ខ្មែរ​ក្រោម និង​ករណី​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​​ជា​​ជនជាតិ​​ដើម​ ជាដើម ​។ សម្រាប់ពេលនេះ​​របប​កុម្មុយនីស្តុ​​​​វៀតណាម​​កំពុង​​ស្លាក់​​បំពង់​ក ​រក​ពាក្យ​អ្វី​ទៅ​​ឆ្លើយ​​បំភ្លឺ​​ចំពោះ​អង្គ​ការ​​សិទ្ធិ​មនុស្ស​​​អង្គការ​សហ​ប្រជា​ជាតិ​​​​មិន​ឃើញ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​នេះ​​ ​​ចេញ​​ផ្សាយ​​សារ​​រំឭក​មួយ​ច្បាប់​​ផ្ញើ​​​ទៅ​របប​​កុម្មុយនីស្ត​​វៀតណាម​ ថា​សារ​របស់​ពួក​គេ​មាន​រយៈ​ពេល​កំណត់​ឲ្យ​ឆ្លើយ​​​ត្រឹម​តែ​​ ៦០ ថ្ងៃ​ទេ​ តែ​​ពេល​នេះ​ដល់​ពេល​​កំណត់​ហើយ​​ មេច​​ក៏​អស់​លោក (របប​កុម្មុយនីស្ត​វៀតណាម)​មិន​ឆ្លើយ​​ ។

នៅ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ​មាន​វត្ត​ខ្មែរ​ចំនួន​ ៤៦៤​វត្ត និង​មាន​ព្រះសង្ឃ​ប្រមាណ​ជា ៨.០០០​ អង្គ​ដោយ​ឡែក​នៅ​​ខេត្ត​លង់​ហោរ​មាន​វត្ត​​ខ្មែរ​​ចំនួន​១៣។ អ្នក​សិក្សា​សង្គម​មើល​ឃើញ​ថា​វត្ត​អារាម​​ខ្មែរ​ ពិសេស​វត្តអារាម​នៅ​កម្ពុជា​ក្រោម​គឺ​ជា​សរសៃ​ឈាម​​នៃ​ពលរដ្ឋ​​ខ្មែរ​ក្រោម​ វប្បធម៌ ​អក្សរ​សាស្ត្រ​ខ្មែរ​ក្រោម​​ ដែល​គង់​វង្ស​ទៅ​បាន​​ដល់​សព្វ​ថ្ងៃ​ក៏​ដោយ​អាស្រ័យ​ទី​វត្តអារាម​​នេះ​ឯង​ ​ជា​​មណ្ឌល​​សាប​ព្រោះ​​ដល់​កុលបុត្រ​ កុលធីតា​​​​​​ខ្មែរ​ក្រោម ។ ដូច្នេះ​ឯង​បាន​ជា​របប​អាណា​និគម​វៀតណាម​ ព្យាយាម​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​​ផ្ទៃ​ក្នុង​​វត្ត​​អារាម​​ខ្មែរ​ក្រោម​ ដើម្បី​រុក​រក​មធ្យោបាយ​ជីក​គាស់​រំលើង​ឫស​គល់​វត្ត​អារាម​ពុទ្ធ​សាសនា​ខ្មែរ​ក្រោម​ ៕

Leave A Reply

Your email address will not be published.