របាយការណ៍ ឆ្នាំ ២០១៤ របស់នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ចាប់តាំងពី “សភាខ្មែរកម្ពុជាក្រោម” បានប្ដូរឈ្មោះមកជា “សហព័ន្ធខ្មែរកម្ពុជាក្រោម” តាំងពី ឆ្នាំ ១៩៩៦ រហូតមកដល់ ឆ្នាំ ២០១៤ នេះ មានអាយុកាល ១៨ ឆ្នាំ ហើយ ។ ក្នុងអំឡុងពេល ១៨ ឆ្នាំ កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើការតស៊ូមតិដោយសន្តិវិធីគ្រប់មធ្យោបាយ ដូចជា ការតវ៉ានៅលើឆាកអន្តរជាតិដើម្បី ជំរុញឲ្យវៀតណាមគោរព សិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ជាដើម ។ ក្នុងសកម្មភាពទាំងអស់នោះ ព័ត៌មានជាសកម្មភាពមួយដែល មិនអាចមើលរំលងបានឡើយ ដោយសហព័ន្ធខ្មែរកម្ពុជាក្រោមខំផ្សព្វផ្សាយគ្រប់មធ្យោបាយដូចជា ការបោះពុម្ពសៀវភៅជាភាសាអង់ គ្លេស និង ខ្មែរស្ដីពីកម្ពុជាក្រោម, ការផលិត ស៊ីឌី (CD) ចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង “វីរបុរស សឺង គុយ”, វិស៊ីឌី (VCD) ចម្រៀង Karaoke ជាតិនិយមខ្មែរក្រោម និងសកម្មភាពតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម, វីដេអូភាពយន្តឯកសារស្ដីពីកម្ពុជាក្រោម, ការបោះពុម្ព ព្រឹត្តិបត្រ “កម្ពុជាក្រោម” ប្រចាំខែ, ការបោះពុម្ព កាសែត ព្រៃនគរ ប្រចាំសប្ដាហ៍ នៅក្នុងប្រទេសកម្ពុជា, ការផ្សាយប្រចាំថ្ងៃនៃ វិទ្យុ “សំឡេងកម្ពុជាក្រោម”, គេហទំព័រ និង ទូរទស្សន៍ ព្រៃនគរ Online ជាដើម ដើម្បីបញ្ជ្រាបព័ត៌មានទាំងនេះ ដល់ពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកកម្ពុជាក្រោមបានជ្រាប និងឲ្យពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា និងក្រៅប្រទេសបានស្គាល់ “ខ្មែរក្រោមជានរណា?” ។

សមិទ្ធផលដែលបានសម្រេចចេញជាផ្លែផ្កាប៉ុណ្ណេះនេះ ក៏ដោយសារសហព័ន្ធខ្មែរកម្ពុជាក្រោមមានស្ថាប័នដ៏សំខាន់មួយចំនួន ដែលខំធ្វើការទាក់ទងនឹងការផ្សព្វផ្សាយទាំងនេះ ដូចជា នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមាន លោក សឺង សម្រេច ជាអតីតប្រធានទទួលបន្ទុកដល់ ឆ្នាំ ២០១៣ និង ព្រះតេជព្រះគុណសឺង យ៉ឹង រតនា ជាប្រធានទទួលបន្ទុកចាប់តាំងពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ រហូត មកដល់បប្ចុប្បន្ន ។ គេហទំព័រប្រចាំថ្ងៃ និង កាសែត ប្រចាំសប្ដាហ៍ “ព្រៃនគរ” ដែលមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាអភិបាល, លោក លី ឈូន ជាចាងហ្វាងការផ្សាយទទួលបន្ទុកផ្នែកច្បាប់នៅប្រទេសកម្ពុជា (២០១០-២០១៤), លោក ស៊ឺន ចែងចើន នឹងជាចាងហ្វាងបន្តពី លោក លី ឈូន ចាប់ពីឆ្នាំ ២០១៥ ខាងមុខនេះទៅ និង មាន ភិក្ខុ ថាច់ ប្រីជា គឿន ជានិពន្ធនាយក ។ “ផលិតកម្មខ្មែរក្រោម” ដែលមាន លោក សឺង ខាន់ ជាចាងហ្វាង និង អ្នកស្រី កៀង សាខន ជាអ្នករៀបរៀង ។ តើផ្នែកនីមួយៗនៃការផ្សព្វផ្សាយមានអ្វីខ្លះ?
នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ សារព័ត៌មាន ព្រៃនគរ មានអាយុ ៦ ឆ្នាំហើយ បើគិតចាប់តាំងពី សារព័ត៌មាន មួយនេះ បានបង្កើតឡើង និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអិនធើណិត ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។
រយៈពេល ៦ ឆ្នាំនេះ ការបោះពុម្ពជាកាសែតប្រចាំសប្តាហ៍ នៅព្រះរាជាណាចក្រកម្ពុជាទើបបានតែ ៤ ឆ្នាំទេ គឺចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយប្រចាំសប្តាហ៍ តាមប្រព័ន្ធអិនធើណិត បានចំនួន ១០២ លេខ និងចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៥ បានបោះពុម្ពជាកាសែតប្រចាំសប្តាហ៍នៅប្រទេសកម្ពុជាបានចំនួន ៤៥ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួលអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មានខ្មែរកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។

ការផ្សាយតាមគេហទំព័រ៖
ចាប់តាំងពីបានបង្កើតឡើងមក សារព័ត៌មាន ព្រៃនគរ បានផ្សព្វ ផ្សាយព័ត៌មានតាមរយៈគេហទំព័រប្លក់ ដែលមានអាសយដ្ឋាន www.preynokornews.blogspot.com ហើយយើងខ្ញុំបានចុះផ្សាយ នូវអត្ថបទព័ត៌មានជារៀងរាល់ថ្ងៃ និង កាសែត ព្រៃនគរ ជាឯកសារ PDF ជារៀងរាល់ថ្ងៃអាទិត្យបន្ទាប់កាសែតបានបោះពុម្ពចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ។ ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បានបង្កើតនូវគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.preynokornews. info ដើម្បីបង្កភាពងាយស្រួលដល់មិត្តអ្នកអានក្នុងការចូលតាមដានព័ត៌មានថ្មីៗ និងសិក្សាស្រាវជ្រាវនូវអត្ថបទស្រាវជ្រាវ ផ្សេងៗ ដែលបានចុះផ្សាយនៅលើគេហទំព័រថ្មីមួយនេះ ។ នៅលើគេហព័រថ្មីនេះ យើងខ្ញុំបានចុះផ្សាយនូវព័ត៌មាន ជាតិ អន្តរជាតិ ភូមិសាស្ត្រកម្ពុជាក្រោម ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាក្រោម ប្រវត្តិអ្នកមានកេរ្តិ៍ឈ្មោះខ្មែរក្រោម (នរណា ខ្លះនៅកម្ពុជាក្រោម?) និងព្រះពុទ្ធសាសនា ជាដើម ។

ទូរទស្សន៍ ព្រៃនគរ (PTV)៖
ចាប់ពីឆ្នាំ ២០១៣ មក សារព័ត៌មាន ព្រៃនគរ បានបន្ថែមកម្មវិធី “ទូរទស្សន៍ ព្រៃនគរ” Online មួយទៀត ដែលកម្មវិធីនេះ យើងខ្ញុំ មានធ្វើសេចក្ដីរាយការណ៍ជាវីដេអូខ្លីៗផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Youtube ដែលមានអាសយដ្ឋាន www.youtube.com/user/preynokornews ។ សម្រាប់លោកអ្នកដែលមានភ្ជាប់ប្រព័ន្ធអិនធើណិត អាចចូលទស្សនានូវកម្មវិធីទូរទស្សន៍របស់យើងខ្ញុំបានគ្រប់ ពេលវេលា ។
ផលិតកម្ម ព្រៃនគរ៖
ឆ្នាំ ២០១២ កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ បានផលិតថាសស៊ីឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមានចំណងជើងថា “នឹកស្រុក” ។ ខ្លឹមសារនៃបទចម្រៀងទាំងនេះទាក់ទងនឹងស្ថានភាពពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលបាននិពន្ធ និងរៀបរៀងដោយ លោក សឺង សម្រេច ប្រធានផ្នែកព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ថាសស៊ីឌីចម្រៀងនេះ យើងខ្ញុំមានដាក់លក់នៅសហរដ្ឋអាមេរិក និងនៅសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋនិងប្រទេសនានា ។
បោះពុម្ពជាកាសែតនៅកម្ពុជា៖
ដោយយល់ឃើញថា ពលរដ្ឋខ្មែរ និងខ្មែរក្រោមនៅប្រទេសកម្ពុជាកាលពីឆ្នាំ ២០១០ មិនសូវមានអ្នកមានលទ្ធភាពប្រើប្រាស់ អិនធើណិត ទើបគណៈកម្មការ សារព័ត៌មាន ព្រៃនគរ បានសម្រេចសុំអាជ្ញាបណ្ណពីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា ធ្វើការបោះពុម្ព កាសែត ព្រៃនគរ ចេញផ្សាយប្រចាំសប្តាហ៍នៅទីក្រុងភ្នំពេញ ហើយ បានចែកចាយទៅដល់ពលរដ្ឋខ្មែរក្រោម នៅតាមខេត្តនានាក្នុងប្រ ទេសកម្ពុជា ដើម្បីពួកគាត់បានទទួលនូវព័ត៌មានថ្មីៗ ស្តីអំពីស្ថានភាពខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងនៅក្នុងពិភពលោក ។
ព្រឹត្តិបត្រ “កម្ពុជាក្រោម”៖
ចាប់តាំងពីឆ្នាំ ២០០៤ រហូតមកដល់ ឆ្នាំ ២០១៤ នេះ មានរយៈពេល ១០ ឆ្នាំ ហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបាន បោះពុម្ព ព្រឹត្តិបត្រ “កម្ពុជាក្រោម” ប្រចាំខែ នៅក្នុងប្រទេសកម្ពុជាសម្រាប់ផ្សព្វផ្សាយអំពី “កម្ពុជាក្រោម” និងសកម្មភាព តស៊ូដោយអហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅលើឆាកអន្តរជាតិ ឲ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាបានដឹង បានឮ ។ មកដល់ខែធ្នូ ឆ្នាំ ២០១៤ នេះ ព្រឹត្តិបត្រ “កម្ពុជាក្រោម” បោះពុម្ពបាន ៩៤ លេខ ហើយ ដែលវាបានក្លាយទៅជាក្រាំងឯកសារ “កម្ពុជាក្រោម” ដ៏សំខាន់មួយសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់សិក្សាស្រាវជ្រាវ ។

សៀវភៅស្ដីអំពី “កម្ពុជាក្រោម”៖
នៅក្នុងឆ្នាំ ២០០៩ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍មួយមានឈ្មោះថា “ផ្លូវទៅយកសិទ្ធិសម្រច វាសនាខ្លួនដោយខ្លួនឯង” ស្ដីអំពីគោលជំហរ និងប្រវត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រវត្តិសាស្ត្រកម្ពុជាក្រោមជា ២ ភាសា គឺ អង់គ្លេស និងខ្មែរ ។
ផលិតកម្មខ្មែរក្រោម៖
ជាផលិតកម្មមួយដែលមាន លោក សឺង ខាន់ នៅរដ្ឋ Washington ជាចាងហ្វាង និងអ្នកស្រី កៀង សាខន នៅទីក្រុងខ្មែរ Long Beach សហរដ្ឋអាមេរិក ជាអ្នកនិពន្ធ និងរៀបរៀង ។ ចាប់តាំងពីបានបង្កើតឡើងមកដល់ពេលនេះ ផលិតកម្មមួយនេះ បានផលិតនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិកម្ពុជាក្រោម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដូចជា៖
ផ្នែកសីឌី (CD) និង វីស៊ីឌី (VCD) ៖
ល្ខោននិយាយរឿង “វីរបុរស សឺង គុយ” ឆ្នាំ ២០០៥ មាន ៤ ភាគ ៤ ថាសស៊ីឌី, ចម្រៀងជាតិនិយមខ្មែរក្រោមទាំង ៦ វោល (VOL) ដែលមានបទចម្រៀងប្រមាណជាង ១០០ បទ ច្រៀងដោយតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជា ដូចជា ទូច ស៊ុន និច្ច, ផាន ណាវី, សយ វិវឌ្ឍន៍, សូ សុភ័ក្រ និង ឈួន ឆៃយ៉ារី ជាដើម ។ ក្រៅពីនេះ ក៏បានផលិតជាចម្រៀង Karaoke ខ្មែរក្រោមបាន ២ វោល (VOL) និងបានសហការជាមួយនឹងអ្នកស្រី Rebecca Sommers កាលពីឆ្នាំ ២០០៨ ផលិតភាពយន្ត ឯកសារស្ដីអំពីកម្ពុជាក្រោមមួយមានចំណងជើងថា “ការរំលាយដោយមិនបង្ហូរឈាម” ។
វិទ្យុ “សំឡេងកម្ពុជាក្រោម”៖
វិទ្យុបានកកើតឡើងនៅសហរដ្ឋអាមេរិក ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០១ បើគិត ដល់ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៤ វាមានអាយុកាល ១៣ ឆ្នាំ ហើយ ។ ចាប់ពីបានបង្កើតឡើង រហូតដល់ឆ្នាំ ២០០៤ វិទ្យុសំឡេងកម្ពុជាក្រោម បានផ្សាយតាមរលកធាតុ អាកាស ក្នុងមួយសប្ដាហ៍ម្ដងរៀងរាល់ថ្ងៃអង្គារ ចាប់ពីម៉ោង ០៩ ដល់ ម៉ោង ១០ យប់ ម៉ោងនៅកម្ពុជាក្រោម តាមកម្ពស់រលកធាតុអាកាសខ្លី ១៥.៦៩០ គីឡូហឺត និងបានដាក់ផ្សាយនៅលើប្រព័ន្ធអិនធើណិត តាមរយៈគេហទំព័របណ្ដាញខ្មែរក្រោមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានអាសដ្ឋាន www.khmerkrom.net ។
ក្រោយមក នៅឆ្នាំ ២០០៥ វិទ្យុក៏ផ្អាកការផ្សាយតាមរលកធាតុអាកាស ហើយបែរមកផ្សាយតាមប្រព័ន្ធអិនធើណិតវិញដោយចេញផ្សាយមួយសប្ដាហ៍ម្ដងរៀងរាល់ថ្ងៃអង្គារដដែល តាមរយៈគេហទំព័រថ្មី ដែលមានអាសយដ្ឋាន www.vokk.net និងមកដល់ឆ្នាំ ២០០៨ ក្រុមការងារក៏បានបន្ថែមម៉ោងផ្សាយ ចាប់ពីមួយសប្ដាហ៍ម្ដងមកជារៀងរាល់ថ្ងៃវិញ ។
ក្រមសីលធម៌ នៃ VOKK៖
ដើម្បីពង្រឹងការផ្សាយឲ្យក្លាយជាព័ត៌មានជាទីទុកចិត្ត ពីលោកអ្នកស្ដាប់ និងជាព័ត៌មានផ្លូវការរបស់ពលរដ្ឋខ្មែរក្រោមនោះ គណៈកម្មការនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា និង សហការីទាំងអស់នៃក្រុមការផ្សាយជាអ្នកស្មគ្រចិត្ត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើការងារទាំងអស់នេះដោយផ្អែកលើក្រមសីលធម៌ជាមូលដ្ឋាន ដូចខាងក្រោម៖
វិទ្យុ “សំឡេងកម្ពុជាក្រោម” ឬ “Voice of Kampuchea-Krom” ជាវិទ្យុផ្សាយតាមរយៈប្រព័ន្ធអិនធើណិត ផលិតដោយនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
វិទ្យុ “សំឡេងកម្ពុជាក្រោម” មានតួនាទីនាំដំណឹងជូនដល់ប្រជាជាតិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ដែលពួកគេមិនដែលមានស្ថានប័នព័ត៌មានឯករាជ្យរបស់ខ្លួន និងមិនដែលបានទទួលព័ត៌មានពិតគ្រប់ជ្រុងជ្រោយឡើយ ព្រោះពលរដ្ឋខ្មែរក្រោមសព្វថ្ងៃ កំពុងរស់នៅក្រោមការត្រួតត្រាបែបអាណានិគម ពីរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ សព្វថ្ងៃ វៀតណាមជាប្រទេសប្រកាន់ យករបបកុម្មុយនិស្តរាល់ប្រព័ន្ធផ្សព្វផ្សាយជារបស់រដ្ឋ ហើយមិនមានស្ថាប័នព័ត៌មានឯកជនផ្សាយព័ត៌មានឯករាជ្យឡើយ ។
វិទ្យុ “សំឡេងកម្ពុជាក្រោម” បង្កើតឡើងដើម្បីជំរុញឲ្យមានការគោរពសិទ្ធិនៃការបញ្ចេញមតិ និងទស្សនៈរបស់ប្រជាជាតិខ្មែរក្រោម ដែលកំពុង ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបំបិទ មាត់ ។ ម្យ៉ាងទៀត វិទ្យុ “សំឡេងកម្ពុជាក្រោម” ជាវេទិកាមួយសម្រាប់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ដែលត្រូវបានរដ្ឋាភិបាលវៀតណាមបំបិទសំឡេងនោះ ឲ្យមានឱកាសបញ្ចេញមតិផ្សេងៗទាក់ទិននឹងបញ្ហារបស់ខ្លួននៅទីនេះ ដើម្បីឲ្យពិភពខាងក្រៅបានជ្រាប ។
ចំណុចស្នូលសំខាន់នៃបេសកកម្មរបស់វិទ្យុ “សំឡេងកម្ពុជាក្រោម” គឺការប្រកាន់ខ្ជាប់នូវបទដ្ឋាន នៃវិជ្ជាជីវៈសារព័ត៌មាន ។
កម្មវិធីផ្សាយនៃវិទ្យុ “សំឡេងកម្ពុជាក្រោម” រក្សានូវរបៀបនិយាយដែលមានលក្ខណៈស្ងប់ស្ងៀម មិនលាយឡំនឹងមនោសញ្ចេតនា ព្រមទាំងជៀសវាងនូវការបង្កជម្លោះការឃោសនា ឬ ការប្រមាថលើជនណាក្រុមណា ឬ រដ្ឋាភិបាលណាមួយ ។
ក្រៅពីសំឡេង លោកអ្នកអាចអានអត្ថបទសិក្សាស្រាវជ្រាវ និងព័ត៌មានផ្សេងៗ ស្ដីអំពី “កម្ពុជាក្រោម” គ្រប់ពេលវេលានៅលើ គេហទំព័រ www.vokk.net ។

ចែករំលែកព័ត៌មានតាមបណ្ដាញសង្គម៖
ព័ត៌មានដែលបានចុះផ្សាយតាមគេហទំព័រ យើងខ្ញុំបានចែករំលែកអត្ថបទព័ត៌មានទាំងនេះ នៅតាមបណ្ដាញសង្គមផ្សេងៗដូចជា Facebook និង Twitter ផងដែរ ។ តាមរយៈបណ្ដាញសង្គមទាំងនេះ លោកអ្នកនឹងទទួលបានព័ត៌មានថ្មី នៅលើទំព័រ Facebook និង Twitter របស់លោកអ្នក ប្រសិនបើលោកអ្នកចុចភ្ជាប់ចូលជាសមាជិក នៃទំព័រ Facebook និង Twitter របស់ សារព័ត៌មាន ព្រៃនគរ និង VOKK ។
ការបោះពុម្ពអាវយឺត៖
នៅក្នុងឆ្នាំ ២០១៤ នេះ គណៈកម្មការនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះពុម្ពអាវយឺត VOKK និងសារ ព័ត៌មាន ព្រៃនគរ ចំនួន ៥០០ អាវ ដើម្បីចែកដល់ក្រុមការងារ និង អ្នកគាំទ្រនៅប្រទេសកម្ពុជា និងប្រទេសនានា ក្នុងពិភពលោក ដើម្បីផ្សព្វផ្សាយ អំពីឈ្មោះរបស់វិទ្យុឲ្យមនុស្សស្គាល់កាន់តែច្រើន ៕
Comments are closed.