តំណាងពលរដ្ឋខ្មែរក្រោម ២ គ្រួសារ នៅខេត្តព្រះត្រពាំង ឡើងតវ៉ានៅទីក្រុងហាណួយ ប្តឹងរដ្ឋាភិបាលយួន ករណីអាជ្ញាមូលដ្ឋានរឹបយកដីកេរដូនតា
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមមានវិវាទដីធ្លី ២ នាក់ តំណាងឲ្យ ២ គ្រួសារ បាននាំគ្នាឡើងទៅតវ៉ា នៅទីក្រុងហាណូយ ដង្ហោយហៅរកកិច្ចអន្តរាគមន៍ពីស្ថាប័ននៅថ្នាក់មជ្ឈិម រឿងអាជ្ញាធរយួនមូលដ្ឋាន នៅខេត្តព្រះត្រពាំង បានឃុបឃិតគ្នាររឹបយកដីកេររបស់ពួកគាត់ ដើម្បីយកធ្វើជាបូជនីយដ្ឋាន ឬស្ថានីយ៍អនុស្សាវរីយ៍ ដែលមានទីតាំងនៅមុខវត្តសំរោងឯក ទីរួមខេត្តព្រះត្រពាំង ដោយមិនបានផ្ដល់សំណងដល់ម្ចាស់ដីទៅតាមតម្លៃទីផ្សារឡើយ ។

ពលរដ្ឋខ្មែរក្រោម ២ គ្រួសារ ដែលរងគ្រោះដោយសារបញ្ហាដីធ្លីនោះ គឺអ្នកស្រី ថាច់ ធីផុក មានទីលំនៅ ស្ថិតក្នុងទីរួមខេត្តព្រះត្រពាំង និងអ្នកស្រី សឺន ធីឌេវ មានទីលំនៅ ស្ថិតនៅស្រុកកញ្ចោង ។ ជនរងគ្រោះដីធ្លី ដែលមានវ័យចំណាស់ទៅហើយ និងមិនចេះអក្សរផងនោះ បាននិយាយរៀបរាប់ប្រាប់អ្នកព័ត៌មាននៃទូរទស្សន៍ក្នុងស្រុកមួយថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃនេះ បានកើតឡើងតាំងតែពីឆ្នាំ ២០០០ មកម្ល៉េះ ដោយក្រុមអាជ្ញាយួន បានរឹបអូសដីធ្លី និងឈូសឆាយយកធ្វើបូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធអ្នក ដែលស្លាប់ក្នុងសង្គ្រាម ប្រមាណជាង ៨០ ម៉ែត្រការ៉េ នៅកណ្តាលទីរួមខេត្តព្រះត្រពាំង ដោយការផ្តល់ជាការបង់សំណងត្រឹមតែ ៨០ ពាន់ដុង ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ។ នេះជាការៀបរាប់របស់អ្នកស្រី ថាច់ ធីផុក ។

ចំណែក អ្នកស្រី សឺន ធីឌេវ បានឲ្យដឹងថា ដីធ្លីរបស់គាត់នោះ ត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតរំលោភយកទៅលក់ឲ្យឈ្មួញ ប្រមាណជា ៥២០០ ម៉ែត្រការ៉េ កាលពីឆ្នាំ ២០១៤ ។ លោកស្រីបញ្ជាក់ថា លោកស្រីមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ ដែលរដ្ឋអំណាចយួនចេញឲ្យតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ។
ក្រោយការបាត់បង់ដីធ្លី និងផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃ ជនរងគ្រោះខ្មែរក្រោមទាំង ២ នាក់ បានដើរស្វែងរកដំណោះស្រាយជូនដល់គ្រួសាររបស់ពួកគាត់ ដោយប្ដឹងតវ៉ានៅគ្រប់ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលយួន ។ ប៉ុន្តែ មន្ត្រីអាជ្ញាធរថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ត មិនបានធ្វើអន្តរាគមន៍ដល់ពួកគាត់ឡើយ ។
ដោយអស់ជំនឿក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋបាលថ្នាក់ក្រោម ពលរដ្ឋរងគ្រោះដោយសារដីធ្លីមកពីខេត្តព្រះត្រពាំងទាំង ២ រូប ក៏សម្រេចនាំគ្នាឡើងទៅតវ៉ាបន្តទៀត នៅទីក្រុងហាណូយ ដើម្បីស្វែងរកអន្តរាគមន៍ទៅដល់ថ្នាក់ជាតិ ឬស្ថាប័នពាក់ព័ន្ធណាមួយនៅទីនោះ ដែលទទួលន្ទុកដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ។
តាមរយៈទូរទស្សន៍ក្នុងស្រុកមួយនេះ អ្នកស្រី សឺន ធីឌេវ បានអំពាវនាវ និងស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ចាប់ពីថ្នាក់ខេត្ត ដល់ថ្នាក់ជាតិ ជួយពន្លឿនដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃរបស់លោកស្រី ដែលពាក់ព័ន្ធ នឹងក្រុមឈ្មួញទន្ទ្រានរំលោភប្លន់ដីធ្លី ឲ្យបានឆាប់រហ័ស ។ លោកស្រីថា ស្ថានភាពគ្រួសាររបស់លោកស្រី នៅពេលនេះ មានការជួបលំបាកខ្លាំង ព្រោះគ្មានលុយកាក់ គ្មានដីស្រែ គ្រួសារគ្មានទីជម្រក បន្ទាប់ពីគេរឹបអូសដីអស់ ។

ចំណែក អ្នកស្រី ថាច់ ធីផុក ក្រោយពីតវ៉ានៅថ្នាក់មូលដ្ឋានអស់រយៈពេល ១៤ ឆ្នាំ មិនមានលទ្ធផល ។ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៥ អ្នកស្រី បានធ្វើដំណើរដោយខ្លួនឯង ទៅទីក្រុងហាណូយម្តងរួចមកហើយ ដើម្បីប្ដឹងរដ្ឋាភិបាលវៀតណាម អំពីរឿងអាជ្ញាធរយួនខេត្តព្រះត្រពាំង បានរំលោភយកដីកេររបស់គាត់ កាលពីឆ្នាំ ២០០០ ។ កាលណោះ អ្នកស្រី ថាច់ ធី ភុក បានរែកបង្វិច សម្ពាយឥវ៉ាន់អេតចាយបណ្ដើរ ស្រែកយំបណ្ដើរ និងដៃកាន់បដាសរសេរអក្សរយួនពណ៌ក្រហម ស្ដីពីការទាមទារដីធ្លីរបស់ខ្លួន នៅមុខការិយាល័យក្រសួងស៊ើបអង្កេតនៃរដ្ឋាភិបាលយួន នៅខេត្តហាដុង នារដ្ឋធានីហាណូយ ។ អ្នកស្រី ថាច់ ធី ភុក បានធ្វើដំណើរអនាថា ដោយដើររើសរបស់សំណល់នៅតាមផ្លូវ នៅហាណូយ ដើម្បីរស់ប្រចាំថ្ងៃ និងដើម្បីប្ដឹង [រដ្ឋាភិបាលយួន] រឿងដីធ្លី ។

គួរជម្រាបជូនថា អ្នកស្រី ថាច់ ធី ភុក បានប្ដឹងទាមទាររដ្ឋាភិបាលវៀតណាមចំនួន ៣ ចំណុច គឺទីមួយ អាជ្ញាធរត្រូវផ្ដល់សំណងថ្លៃដីឲ្យត្រូវទៅតាមតម្លៃទីផ្សារ ។ ទីពីរ ត្រូវផ្ដល់លំនៅឋានថ្មីសម្រាប់រស់នៅដោយសមរម្យ និងទីបី ត្រូវសងថ្លៃចំណាយរបស់គាត់ ដែលបានចាយរយៈពេល ១៨ ឆ្នាំ ក្នុងការតវ៉ារឿងដីធ្លីនេះ ។
គិតមកដល់ឆ្នាំ ២០១៨ នេះ ទំនាស់ដីធ្លីនេះ បានអូសបន្លាយជិត ១៨ ឆ្នាំមកហើយ ដែលគ្រួសារអ្នកស្រីត្រូវអាជ្ញាធរវៀតណាម រឹបយកដីធ្លីកេរដូនតា ។ ក្រោយពីការរឹបយកដីធ្លីអស់ អាជ្ញាធរយួនបានបណ្ដេញអ្នកស្រីចេញពីផ្ទះសម្បែង ដោយមិនបានសង់ផ្ទះ ជូនអ្នកស្រីឡើងវិញ និងមិនបានផ្ដល់សំណងសមរម្យទៅតាមតម្លៃទីផ្សារឡើយ ។ យ៉ាងនេះក្តី អ្នកស្រី នៅតែបន្តដើរប្ដឹងតវ៉ាទៅគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលយួន អំពីរឿងអយុត្តិធម៌របស់ខ្លួន ប៉ុន្តែ ពួកគេមិនបានចាត់វិធានការរកដំណោះស្រាយសមស្របណាមួយជូនអ្នកស្រីនោះទេ ដែលបញ្ហានេះ ធ្វើឲ្យអ្នកស្រីរងទុក្ខវេទនាគ្មានទីបញ្ចប់ ៕