របាយការណ៍សិក្សាស្រាវជ្រាវបង្ហាញថា ខ្មែរក្រោមនៅតែមិនទទួលបានសិទ្ធិជាពលរដ្ឋស្របតាមច្បាប់របស់រកម្ពុជា
របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិលបង្ហាញថា បញ្ហាប្រឈមដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកម្ពុជា គឺការមិនទាន់ទទួលសិទ្ធិរស់នៅស្របច្បាប់ត្រឹមត្រូវ និងបញ្ហាអនក្ខរកម្ម ដែលភាគច្រើនកើតឡើងលើស្រ្តី ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា ដែលរៀបចំឡើង ដោយសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រួមសហការជាមួយអង្គការដៃគូចំនួន ៨ ផ្សេងទៀត នៅ ថ្ងៃទី ៣១ ខែមករា នាភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
សិក្ខាសាលា ដែលមានមនុស្សចូលរួមប្រមាណ ១៥០ នាក់ ភាគច្រើនជាពលរដ្ឋខ្មែរក្រោម មកពីតាមបណ្តាខេត្តនានា និងនៅជុំវិញរាជធានីភ្នំពេញ រួមជាមួយ នឹងតំណាងអង្គការសង្គមស៊ីវិល មន្រ្តីការទូត និងអ្នកសារពត៌មានផង បានពិភាក្សាគ្នាយ៉ាងផុសផុលទៅលើប្រធានបទនៃ «លទ្ធផលរបាយការណ៍ស្រាវជ្រាវ ស្តីពីបញ្ហាខ្មែរក្រោម» ។ ក្រៅពីនេះ ក៏មានការចោទសួរសំណួរ និងលើកឡើងនូវទស្សនៈយល់ឃើញរបស់អ្នកចូលរួម ចំពោះខ្មែរក្រោម ទាំងបញ្ហារបស់ខ្មែរក្រោម នៅកម្ពុជា និងខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ។
បើតាមសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ដែលបានរកឃើញបញ្ហារបស់ខ្មែរក្រោម ដែលកំពុងរស់នៅប្រទេសកម្ពុជា និងយន្តការអន្តរជាតិ ដែលពាក់ព័ន្ធ នឹងបញ្ហាខ្មែរក្រោម បង្កើនការយល់ដឹង និងបញ្រ្ជាបពីបញ្ហារបស់ខ្មែរក្រោម ទៅដល់ស្ថាប័នជាតិ និងអន្តរជាតិ ស្វែងរកការគាំទ្រ ការអន្តរាគមន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្មែរក្រោម ។
យុទ្ធនាការរបាយការណ៍ស្រាវជ្រាវ ស្តីពីស្ថានភាពខ្មែរក្រោមនេះ ធ្វើឡើងដោយអង្គការសង្គមស៊ីវិលមកពីស្ថាប័នចំនួន ៤ រួមមាន សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT) អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ។
យោងតាមលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានរកឃើញប្រហាក់ប្រហែលគ្នាថា បញ្ហាជួបប្រទះរបស់ខ្មែរក្រោម រស់នៅកម្ពុជា គឺកំពុងតែប្រឈោម នឹងស្ថានភាពផ្លូវច្បាប់ ការរើសអើង កង្វះលំនៅឋាន កង្វះការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងខ្វះឯកសារបញ្ជាក់ពីអត្តសញ្ញាណ ។ របាយការណ៍ស្រាវជ្រាវបញ្ជាក់ថា មូលហេតុនៃកង្វះការបញ្ជាក់អត្តសញ្ញាណដល់ខ្មែរក្រោម ដោយសារកង្វះខាតគោលការណ៍ណែនាំ ឬនីតិវិធីច្បាស់លាស់ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានអាចចេញអត្តសញ្ញាណដល់ខ្មែរក្រោម ។ បន្ថែមពីលើនេះ ខ្មែរក្រោមមួយចំនួនមិនត្រូវបានអាជ្ញាធរទទួលស្គាល់ ដោយចាត់ទុកថា ពួកគាត់ជាជនជាតិវៀតណាម ។
ជាមួយគ្នានេះដែរ របាយការណ៍ស្រាវជ្រាវដាច់ដោយឡែកមួយទៀត របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលសិក្សាផ្តោតសំខាន់ទៅលើស្ថានភាពរស់នៅ និងអនក្ខរកម្មនៃស្រ្តីខ្មែរក្រោម នៅកម្ពុជា បានបង្ហាញថា ស្រ្តីខ្មែរក្រោម ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ នៅតែប្រឈម និងផលលំបាកជាច្រើន ។ បញ្ហាមួយចំនួន ដែលស្រាវរកឃើញតាមរយៈការស្ទង់មតិទាក់ទង នឹងអនក្ខរកម្មនៃស្រ្តីខ្មែរក្រោម នោះ រួមមាន ពិបាករកការងារធ្វើ គ្មានជំនាញវិជ្ជាជីវៈ ភាពក្រីក្រ មុខរបរមិនពិតប្រាកដ ជាកសិករ កម្មករ តាមរដូវកាល លក់ដូរតាមចិញ្ចើមថ្នល ។
ចំណែក អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT) ក៏បានលើកបង្ហាញ អំពីគម្រោងស្រាវជ្រាវសន្តិភាព ដែលជាគម្រោងមួយបង្កើតឡើង ក្នុងគោលបំណងចុះទៅធ្វើការស្រាវជ្រាវដោយផ្ទាល់អំពីខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម កាលពីឆ្នាំ ២០១៥ ។ តាមរយៈគម្រោងនេះ យុវជនខ្មែរដែលជាសមាជិកនៃក្រុមស្រាវជ្រាវសន្តិភាព បានធ្វើដំណើរទៅកាន់ខេត្តមួយចំនួន នៅកម្ពុជាក្រោម រួមមាន ខេត្តព្រះត្រពាំង ខេត្តឃ្លាំង ខេត្តពាម ខេត្តក្រមួនស និងខេត្តមាត់ជ្រូក ដើម្បីសិក្សាអំពីស្ថានភាពរបស់ខ្មែរក្រោម នៅទីនោះ ។ បន្ទាប់មក លទ្ធផលដែលគេរកឃើញនៅទីនោះ នឹងត្រូវយកមកប្រៀបធៀបជាមួយលទ្ធផល ដែលពួកគេរកឃើញអំពីស្ថានភាពរបស់ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជា ។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម រស់នៅមានភាពតែលតោល គ្មានសិទ្ធិសេរីភាព គ្មានទីពឹងពាក់ រស់នៅដោយការភ័យខ្លាច និងអស់សង្ឃឹម ។ ចំណែកការអប់រំវិញ ពលរដ្ឋខ្មែរក្រោមគ្មានសិទ្ធិទទួលបានការអប់រំជាភាសាខ្មែរឡើយ ។ ចំពោះអ្នកដែលអាចរៀនសូត្រភាសាខ្មែរបានមានចំនួនតិចតួច ។ ពួកគេភាគច្រើនជាមនុស្សប្រុស ដែលទៅរៀនសូត្រនៅតាមវត្តអារាម ។ លទ្ធផលក៏បង្ហាញដែរថា បញ្ហាដែលខ្មែរនៅកម្ពុជាក្រោម កំពុងជួបប្រទះរួមមាន ធ្វើស្រែបាន ប៉ុន្តែតម្លៃស្រូវទាប ស៊ីឈ្នួលគេបានកម្រៃតិច អំពើអយុត្តិធម៌ ខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរ ខ្វះការអប់រំ ភាពក្រីក្រ ជាពិសេសពួកគេគ្មានសិទ្ធិបញ្ចេញមតិ និងធ្វើការតវ៉ា ។
គួរជម្រាបជូនថា បើតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលមានឈ្មោះថា “សិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោម នៅកម្ពុជា” ចេញផ្សាយកាលឆ្នាំ ២០១៧ ដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) រៀបរាប់ពីផលវិបាករបស់ក្រុមជនជាតិដើមខ្មែរក្រោម ដែលបានបាត់បង់ឱកាសទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ។
របាយការណ៍នេះ ផ្អែកលើបទសម្ភាសន៍ធ្វើឡើង កាលពីខែតុលា និងវិច្ឆិកា ឆ្នាំ ២០១៦ ជាមួយខ្មែរក្រោម ចំនួន ២៦៤ នាក់ ដែលគ្មានអត្តសញ្ញាណប័ណ្ណខ្មែរ ដោយ ៩៥,៧ ភាគរយក្នុងចំណោមពួកគេកើតនៅក្រៅប្រទេសកម្ពុជា ។ របាយការណ៍នេះ បញ្ជាក់ថា ខ្មែរក្រោមដែលកើតនៅប្រទេសវៀតណាម នៅពេលចាប់ផ្ដើមជីវភាពរស់នៅថ្មីរបស់ពួកគេ នៅកម្ពុជា បានជួបប្រទះកិច្ចការដែលស្ទើរតែមិនអាចធ្វើបាន នោះគឺការផ្ដល់ដើមកំណើតរបស់ពួកគេ ។
របាយការណ៍ដដែលបង្ហាញទៀតថា នៅទូទាំងប្រទេសកម្ពុជា ខ្មែរក្រោម ពី ២០ ទៅ ៣០ ភាគរយ ក្នុងចំណោមខ្មែរក្រោម សរុបប្រមាណជាង ១ លាននាក់ អត់មានអត្តសញ្ញាណប័ណ្ណ ដែលចាំបាច់សម្រាប់ទទួលបានសិទ្ធិពលរដ្ឋជាមូលដ្ឋាន ដូចជា សេវាថែទាំសុខភាព ការអប់រំ កម្មសិទ្ធិដីធ្លី ការងារ និងលិខិតឆ្លងដែនជាដើម ។ របាយការណ៍នេះ បន្តថា “ពួកគេជាច្រើនត្រូវបានបដិសេធមិនឲ្យចុះបញ្ជីសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ ដោយសារគ្មានអត្តសញ្ញាណប័ណ្ណ ដែលធ្វើឲ្យមានមនុស្សមួយជំនាន់ខ្វះឯកសារប្រើប្រាស់” ។
នៅពេលសួរថា តើការលំបាកប្រភេទណា ដែលពួកគេប្រឈមនៅកម្ពុជា ៦០,៦ ភាគរយនិយាយថា ពួកគេត្រូវបានរើសអើងដោយសារតែគេជឿថា ខ្មែរក្រោម គឺជាជនជាតិវៀតណាម ចំណែកឯ ៤១,៩ ភាគរយបានលើកឡើងថា ការខ្វះការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមូលដ្ឋាន គឺជាឧបសគ្គ ។
អង្គការក្រៅរដ្ឋាភិបាល ធ្វើការស្រាវជ្រាវអំពីខ្មែរក្រោម សង្កត់ធ្ងន់ថា បើទោះជាសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោម នៅកម្ពុជា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីសញ្ជាតិខ្មែរ ព្រមទាំងសេចក្តីថ្លែងរបស់រដ្ឋាភិបាលកម្ពុជា ដែលថាខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា អាចមានសិទ្ធិស្មើគ្នា ដូចប្រជាពលរដ្ឋខ្មែរក្តី ពួកគេថា ជាក់ស្តែងខ្មែរក្រោមមិនទាន់អនុវត្តបាននូវសិទ្ធិទាំងអស់នេះ នៅឡើយ គឺខ្មែរក្រោម នៅតែប្រឈម នឹងការរើសអើង ខ្វះការទទួលស្គាល់ពីអាជ្ញាធរ និងខ្វះឯកសារបញ្ជាក់ពីអត្តសញ្ញាណ ។
សង្គមស៊ីវិលសន្និដ្ឋានថា បញ្ហាទាំងអស់នេះ កើតឡើងដោយសាររដ្ឋាភិបាលកម្ពុជា ខ្វះគោលការណ៍ណែនាំ ឬនីតិវិធីច្បាប់ច្បាស់លាស់ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានអាចចេញអត្តសញ្ញាណប័ណ្ណដល់ខ្មែរក្រោម ។ បន្ថែមពីលើនេះ ពួកគេ ក៏បានផ្ដល់ជាអនុសាសន៍មួយចំនួនទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផងដែរ ។ អនុសាសន៍ទាំងនោះ រួមមាន ធានាលុបបំបាត់ការរើសអើងគ្រប់ប្រភេទចំពោះខ្មែរក្រោម ធានាការពារសិទ្ធិពេញលេញចំពោះខ្មែរក្រោម អនុវត្តតាមរដ្ឋធម្មនុញ្ញ និងក្របខណ្ឌច្បាប់មានជាធរមាន ដែលអនុញ្ញាតឲ្យខ្មែរក្រោម ក្នុងប្រទេសកម្ពុជា ទទួលបានសញ្ជាតិ និងឯកសារផ្លូវច្បាប់នានា គោរពតាមកត្វកិច្ចអន្តរជាតិនានារបស់ខ្លួនឲ្យបានពេញលេញ ផែនការណ៍យុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ ដោយយកចិត្តទុកដាក់ដល់ក្រុមជនភាគតិច រួមទាំងខ្មែរក្រោម និងជួយសម្រួលដល់បញ្ហាទទួបានអត្តសញ្ញាណប័ណ្ណ លិខិតបទដ្ឋានគតិយុត្ត បញ្ជាក់បន្ថែមពីលើច្បាប់ស្តីពីសញ្ជាតិ យុទ្ធសាស្រ្តប្រឆាំង នឹងការរើសអើងពូជសាសន៍ នៅថ្នាក់ជាតិ ពង្រឹង និងលើកកម្ពស់ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋានទាំងអស់ ៕