បុគ្គលិក​វិទ្យុ​អាស៊ីសេរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0 119

បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២ នាក់ គឺ​លោក អួន ឈិន និង​លោក យាង សុជា​មេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ឃាត់ខ្លួន ហើយ​បញ្ជូន​ភ្លាមៗ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។​

​តាម​សមត្ថកិច្ច ឲ្យ​ដឹងថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង ២ រូបនេះ ត្រូវបាន​ឃាត់ខ្លួន​លោក​នៅ​ចំណុច​បន្ទប់ E04 ជាន់​ទី ៧ នៃ​សណ្ឋាគារ​ម៉ារ​ឌី ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១០:០៩ នាទី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ក្រោម​បទ​សង្ស័យ​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់ ។ សមត្ថកិច្ច​បញ្ជាក់ថា ការឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង ២ រូបនេះ ធ្វើឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុ​ភ័​ក្រ គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ។​

​បើតាម​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង ២ រូបនេះ នឹង​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ភ្លាមៗ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ផ្សេងៗ ក្រោយ​រកឃើញ​ពួកគេ បានរៀបចំ​ដំឡើង​បន្ទប់​ផ្សាយ​ចេញពី​ទីតាំង​សណ្ឋាគារ​ម៉ារ​ឌី ដោយ​ខុសច្បាប់ ប៉ុន្តែ​មិនទាន់​ដំណើរការ ។ លោក​អធិការ​បញ្ជាក់​បន្ថែមថា នៅ​ថ្ងៃស្អែក ថ្ងៃទី ១៥ ខែវិច្ឆិកា សមត្ថកិច្ច នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​កោសល្យ​វិ​ច្ច័​យ​លើ​ភស្តុតាង ដែល​បាន​រកឃើញ​នៅ​ល្ងាច​មិញ​នេះ ។​

​គួរ​ជម្រាប​ថា បន្ទាប់ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា បិទ​ដំណើរការ​ផ្សាយ​របស់​វិទ្យុ​ជាង ២០ មក​នោះ វិទ្យុ​អាស៊ីសេរី បានសម្រេច​ចិត្ត​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ ដោយ​យល់ឃើញថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល គឺ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​បន្ត​បេសកកម្ម​បាន​ទៀត ។​

​វិទ្យុ​ទទួល​ជំនួយ​ពី​បរទេសមួយ​នេះ បាន​ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ជាការ​បង្ក្រាប​មកលើ​សំឡេង​ឯករាជ្យ ។ នេះ​បើ​យោងសេចក្ដី​ថ្លែងការណ៍រ​បស់​វិទ្យុ​អាស៊ីសេរី ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ។​

​ឆ្លើយតប​ភ្លាមៗ ចំពោះ​ការចោទប្រកាន់​នេះ ក្រសួង​ព័ត៌មាន បានធ្វើ​សន្និសីទកាសែត​បញ្ជាក់ថា ក្រសួង​មិនបាន​បិទ​កា​រិ​យាយ​ល័យ​វិទ្យុ​អាស៊ីសេរី និង​កាសែត ខេ​ម​បូ​ឌា ដេលី ដូច​អ្វីដែល​បាន​ចោទប្រកាន់​នោះទេ ។ ប៉ុន្តែ​ផ្ទុយទៅវិញ ក្រសួង​បាន និង​កំពុង​រក​វិធី​ជួយ​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ដែលមាន​បុគ្គលិក​មួយចំនួន​ថា នឹងធ្វើ​ការ​ក្នុង​ទី​ងងឹត ដូច​ក្រុម​ចារកម្ម ៕​

Leave A Reply

Your email address will not be published.