អង្គការខ្មែរក្រោមស្នើឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា រឿងមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យខ្មែរក្រោម
អង្គការការពារសិទ្ធិជនជាតិដើមភាគតិច និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែល មានមូលដ្ឋាននៅ ប្រទេសកម្ពុជា បានស្នើឲ្យក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅស្រុកខ្មែរ សព្វថ្ងៃ ។
ក្នុងលិខិតរបស់អង្គការទាំងពីរនេះផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់បើទោះជាពួកគាត់ទាំងនោះមួយចំនួនមានអត្ត សញ្ញាណប័ណ្ណគំរូចាស់ហួសសុពលភាពក៏ដោយដោយសមត្ថកិច្ចទាំងនោះលើកហេតុផលថាជួបការលំបាកលើទិដ្ឋភាពច្បាប់ ឬពួក គាត់ជាខ្មែរក្រោម ។
លិខិតបន្តថាយោងតាមការអង្កេតអាជ្ញាធរដែនដីមួយចំនួនជាពិសេសនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាបបានសំណូម ពរឲ្យមានបញ្ជាពីក្រសួងមហាផ្ទៃជាចាំបាច់ ។
លិខិតបញ្ជាក់ថា៖ «សូមសម្តេចក្រឡាហោមមេត្តាពិនិត្យ និងចេញសេចក្តីណែនាំ ឬបទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសកម្ពុជាដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់» ។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍លោក សឺន ជុំសុធន បានលើកឡើងថា ខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជាជាច្រើនគ្រួសារនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅតែរងនូវការរើសអើងពីអាជ្ញាធរមូលដ្ឋានក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរបើទោះជាគ្រួសារខ្លះបានរស់នៅទឹកដីកម្ពុជា និងមានកូនចៅកើតនៅលើទឹកដីខ្មែរក៏ដោយ ។
លោក លោក សឺន ជុំសុធន ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ស្រង់សម្ដីថា៖ «អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់សម្រាប់បង្ហាញថាពួកគាត់រស់នៅដោយស្របច្បាប់នៅកម្ពុជាប៉ុន្តែអាជ្ញាធរនៅតែចាត់ទុកខ្មែរកម្ពុជាក្រោមថាជាជនអន្តោ ប្រវេសន៍ និងមានការរើសអើងទៅលើពួកគាត់»។
លោក អំ សំរ៉េន អាយុ ៦៣ ឆ្នាំប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប បានថ្លែងកាសែតភ្នំពេញប៉ុស្តិ៍ថា លោក និងគ្រួសារបានមករស់នៅកម្ពុជាជាង ៣០ ឆ្នាំមកហើយមានទាំងសៀវ ភៅគ្រួសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណគំរូចាស់ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានបដិសេធធ្វើអត្ត សញ្ញាណប័ណ្ណគំរូថ្មីឲ្យពួកគាត់ ។
លោកបានថ្លែងបន្តទៀតថា ក្នុងនាមគាត់ដែលមានឈាមជ័រជាខ្មែរ គាត់ចង់រស់នៅស្របច្បាប់ក្នុងទឹកដីខ្មែរ ចង់បោះឆ្នោត បើមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ គាត់ប្រៀបដូចជាមនុស្សរស់នៅក្រៅសង្គម ។ គាត់មានការសោកស្តាយ ដែលក្នុងនាមគាត់ជាខ្មែរ តែមិនអាចធ្វើអត្តសញ្ញាណប័ណ្ណ មិនបានតែផ្ទុយទៅ វិញ ជនអន្តោប្រវេសន៍ខុសពីខ្មែរ ដែលមករស់នៅលើទឹកដីខ្មែរវិញ គេអាចកាន់អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរបានទៅវិញ ។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារ៉ា បានមានប្រសាសន៍ថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺត្រូវធ្វើជូនប្រជាពលរដ្ឋខ្មែរទាំងអស់បើទោះជាពលរដ្ឋខ្មែរលើ ឬ ខ្មែរកម្ពុជាក្រោមក៏ដោយ ឲ្យតែពួកគាត់មានសញ្ជាតិខ្មែរមានសំបុត្រកំណើត និងសៀវភៅស្នាក់នៅអចិន្រៃ្តយ៍នោះអាជ្ញាធរនឹងធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ដោយពុំមានការរើសអើងនោះទេ ។
លោកបានថ្លែងបន្តទៀតថា លោកមិនទាន់បានឃើញសំណើរបស់សមាគមខ្មែរក្រោមនៅឡើយទេ តែបើសិនជាមានករណីរើសអើងបែបនេះមែន បើចាំបាច់អគ្គនាយកនៃអគ្គនាយកដ្ឋានរបស់លោក នឹងឲ្យមន្ត្រីចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់នោះ ៕
Comments are closed.