សេណារ៉ីយ៉ូដ៏ល្អបំផុត
ដោយ សឺង សម្រេច | ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣
នៅពេលនេះ ព្រះសង្ឃព្រមទាំងប្រជាពលរដ្ឋខ្មែរក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅដែនដីកម្ពុជា ក្រោម កំពុងតែផ្តោតអារម្មណ៍ចំពោះការបោះឆ្នោតជាតិ ដើម្បីរើសអ្នកតំណាងរាស្ត្រ នីតិកាលទី ៥ ដែលនឹង ឈានទៅដល់ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជានោះ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ។ បើតាមការសង្កេតពិនិត្យរបស់យើង គណបក្ស ទាំង ៨ ដែលនឹងចូលប្រឡូកក្នុងការបោះឆ្នោត ហាក់ដូចជាគ្មានគណបក្សណាមួយ បានចែងក្នុងសារនិយោបាយរបស់ខ្លួនអំពីថា បើគណបក្សគេឈ្នះឆ្នោត គេនឹងមាននយោបាយបែបណា ដើម្បីជួយការពារបងប្អូនសាច់ឈាមដ៏អភព្វរបស់គេ គឺព្រះសង្ឃ ព្រមទាំងខ្មែរ ក្រោម ដែលកំពុងរស់នៅកម្ពុជាក្រោម ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមឡើយ ។

អ្នកនិយោបាយខ្លះបាននិយាយអំពីកម្ពុជាក្រោមខ្លះដែរ ប៉ុន្តែក្នុងន័យទូលំទូលាយមិនជាទីកក់ក្តៅសោះ ។ អ្នកនយោបាយខ្លះ រហូតដល់ហាមមិនឲ្យនិយាយដល់កម្ពុជាក្រោម ព្រោះនាំឲ្យខាត ពេលវេលា និងមានអរិភាពជា មួយប្រទេសជិតខាង ។ រីឯនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចវិញ ដែលបានប្រើពាក្យកម្ពុជាក្រោមដោយកម្រ គឺគ្រាន់ តែដើម្បីបញ្ចប់សេចក្តីសង្ឃឹមរបស់ខ្មែរក្រោម ដោយបញ្ជាក់ថា កម្ពុជាបានបាត់បង់សិទ្ធិទាមទារកម្ពុជាក្រោមពី ប្រទេសវៀតណាមវិញតែប៉ុណ្ណោះ ។
ទាំងអស់នេះ ហាក់ដូចជាបានបញ្ជាក់ថា អ្នកនយោបាយទាំងនោះ ពុំបានយល់ដឹង អំពីសុខទុក្ខពិត ប្រាកដរបស់ខ្មែរក្រោមទេ ឬក៏បានដឹងត្រឹមសើៗតែប៉ុណ្ណោះ ។
រឿងនេះមិនបានធ្វើឲ្យយើងជាខ្មែរក្រោមងឿងឆ្ងល់ណាស់ណាដែរ ព្រោះដោយយើងបាន សង្កេតឃើញថា ក្នុងអម្លុងពេលកន្លះសតវត្សរ៍ចុងក្រោយនេះ ប្រទេសទេសកម្ពុជាមានវិបត្តិជាបន្ត បន្ទាប់មិនដាច់ ដោយការលូកដៃ ចូល ពីបរទេសជិតខាង បង្កើតស្ថានការណ៍ខ្មែរឲ្យច្របូកច្របល់មិន ឈប់ឈរ ធ្វើឲ្យថ្នាក់ដឹកនាំខ្មែរគ្មានពេលគិតគូរ ដល់ទឹកដីកម្ពុជាក្រោមដែលបាត់បង់ទៅនោះឡើយ ។
អ្នកណាក៏ដឹងដែរ ថាសព្វថ្ងៃនេះ នៅក្នុងស្រុកខ្មែរ ជនអន្តោប្រវេសន៍ខុសច្បាប់យួនបានហូរ ចូលមក ដោយគ្មានស្ថិតិត្រួតពិនិត្យច្បាស់លាស់ ហើយអ្នកទាំងនោះ បានត្រូវការពារដោយស្ថានទូត និងស្ថានកុងស៊ុលវៀត ណាមទៀតផង។ ពួកគេមានសិទ្ធិយ៉ាងពេញលេញ ក្នុងការរស់នៅរកស៊ី ក្នុងកិច្ចប្រតិបត្តិសាសនា ការរួមប្រជុំ និងរៀនភាសាសព្វ ។ល។ សព្វថ្ងៃនេះ ខ្មែរបាននិយាយគ្នាពីមាត់ មួយទៅមាត់មួយ ថាសុខចិត្តមានរឿងទាស់ទែង ជាមួយខ្មែរគ្នាឯង តែមិនហ៊ានឈ្លោះប្រកែកតតាំង ជាមួយពួកយួនទេ ព្រោះប៉ូលីសប្រាកដជាមិនហ៊ាន កាន់ខាង យើងឡើយ ។ គឺវាផ្ទុយស្រឡះពីនៅ កម្ពុជាក្រោម ដែលរដ្ឋាភិបាលវៀតណាមមិនគ្រាន់ តែមិនគោរពសិទ្ធិខ្មែរ ក្រោមជាជនជាតិដើម ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីព្រះសង្ឃខ្មែរជួយបង្រៀនភាសាខ្មែរដល់កូនខ្មែរក្រោម ក៏ត្រូវមានរឿងរ៉ាវ រហូតដល់មានការហ៊ុំព័ទ្ធវត្តអារាម អាជ្ញាធរវៀនណាមចាប់ផ្សឹកព្រះអង្គដាក់គុកច្រវាក់ ។ ករណី កើតថ្មីៗ មាននៅវត្ត ព្រៃជាប់ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ជាដើម ។ ជីវិតខ្មែរក្រោមកំពុងរស់នៅក្នុង ភាពភ័យខ្លាចគ្រប់ពេលវេលា ។ រដ្ឋាភិបាលមួយដែលប្រកាន់ឥរិយាបថព្រងើយកន្តើយ នៅចំពោះទុក្ខលំបាករបស់ជនជាតិខ្មែររួមលោហិតរបស់ខ្លួន ដែលត្រូវបរទេសជិះជាន់សង្កត់សង្កិននៅចំពោះ មុខ គឺជាអំពើកំសាកមិនទទួលខុសត្រូវ ។ នេះជាសញ្ញានៃក្តីអា ម៉ាសមួយ ចំពោះនយោបាយនៃរដ្ឋាភិបាលប្រទេសកម្ពុជាដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឆ្លុះ បញ្ចាំងពីការសុខចិត្តចោលសាច់ស្រវាឆ្អឹង ។ យើងខ្ញុំជាខ្មែរក្រោម ចង់ឃើញថា ក្រោយការបោះឆ្នោត ទោះជា គណបក្សណាឈ្នះឆ្នោតក្តី ទោះជាបេក្ខជនណាមួយត្រូវ ឡើងធ្វើជានាយករដ្ឋមន្ត្រីក្តី រដ្ឋាភិបាលខ្មែរនាពេល អនាគត គួរតែមាននយោបាយមួយប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋខ្មែរ ទាំង នៅកម្ពុជាក្រោម ទាំងនៅកម្ពុជា ព្រោះអ្នកទាំងនោះហើយ ជាសាក្សីរស់នៅជ្រងោជាក់ស្តែង សម្រាប់ដាស់ សតិថ្នាក់ដឹកនាំខ្មែរទាំង ឡាយគ្រប់ជំនាន់ ។ គ្រប់ពេលវេលា សាក្សីរស់នោះ ជាមេរៀនអំពីកង្វះសមត្ថភាព របស់របស់អ្នកដឹកនាំខ្មែរពីអតីតកាល ពីភាពអាត្មានិយម ពីគ្រួសារបក្ខពួកនិយម ពីមោទនាភាពដ៏ងងិតងងល់ ពី ការចាញ់ល្បិចកលរបស់ខ្មាំង ពីការធ្វេសប្រហែស និងមិនទទួលខុសត្រូវ បណ្តោយឲ្យសាច់សារ លោហិតរបស់ខ្លួន ជាមួយនឹងចំណែកនៃទឹកដីមាតុភូមិដ៏ពិសិដ្ធ ត្រូវធ្លាក់ទៅនៅក្រោមការគ្រប់គ្រង របស់បរទេស ។ រាស្ត្រខ្មែរ ពិតជាមានការឈឺចាប់ឥតឧបមា ហើយមិនអាចទទួលយកបានទេ ចំពោះអ្នកដឹកគណបក្សប្រជាជន សព្វថ្ងៃ ដែលមើលស្រាល បែរខ្នងចំពោះទុក្ខវេទនានៃជនរួមហិតខ្លួនឯង ហើយបែរជាស្ទុះស្ទារលើកដៃស្រវាឱបសត្រូវ ទៅវិញនោះ ។ ទោះជាក្នុងស្ថានភាពក្រលំបាក ឬ គួរឲ្យភ័យខ្លាច នៅចំពោះមុខសត្រូវដែលមានកម្លាំងខ្លាំង ជាងយ៉ាងណាក្តី ជាអ្នកដឹកនាំគួរតែយកគម្រូតាមមេមាន់ ដែលមានមេត្តាធម៌ និងសេចក្តីស្នេហាចំពោះកូន តែងបង្ហាញសេចក្តីក្លាហានហ៊ានប្រយុទ្ធតតាំង ជាមួយសត្វខ្លែង ដែលហោះហើរឆាបកូនរបស់ខ្លួន ។ ផ្ទុយទៅវិញ ប្រសិនបើបែរជាខ្វះលក្ខណៈនេះហើយ ក៏ល្មមគួរដឹងខ្លួនហើយឈប់ប្រើមធ្យោបាយមិនល្អនានា ដើម្បីការពារ អំណាចដែលជាបញ្ញតិគ្មានអ្វីឋិតថេរទៀងទាត់ ហើយក៏មិនប្រាកដជានាំមកនូវសេចក្តីសុខ ដល់ខ្លួនសោះ ឡើយហោង ។
សេចក្តីស្រេកឃ្លានបស់មនុស្ស ចំពោះអ្វីៗទាំងអស់ រាប់ទាំងអំណាច មុខមាត់ បុណ្យយស សក្តា មិន មានកំណត់ មិនចេះស្កប់ស្កល់ទេ ។ ប៉ុន្តែគឺការចេះស្គាល់ប្រមាណថាល្មមនោះហើយ ដែលបង្ហាញពីការចេះប្រើ បញ្ញារបស់មនុស្ស ។ អ្នកមានបញ្ញាដដែល ក៏តែងគិតអំពីផលប្រយោជន៍ របស់ប្រទេសជាតិមាតុភូមិ និងអំពី សេចក្តីសុខរបស់ប្រជារាស្ត្រច្រើនជាងខ្លួនឯង និងក្រុមគ្រួសារ ។
ពេលនេះ យើងមើលឃើញថា ពលរដ្ឋខ្មែរគ្រប់រូបមានការយល់ដឹង មានសេចក្ដីក្លាហានជាងមុន និង មានស្មារតីភ្ញាក់រឭកក៏កាន់តែកើនឡើងផងដែរ ។ មកទល់ពេលនេះ យើងសង្កេតឃើញថា យុវជនខ្មែរមិនតិចទេ បានចេញមុខបង្ហាញខ្លួននៅលើបណ្ដាញសង្គម Facebook និងបញ្ចេញមតិចំៗទាក់ទិននឹងវាសនាប្រទេសជាតិ របស់ពួកគេ និងព័ត៌មានផ្សេងៗដែលគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ត្រូវ បានពួកគេលើកឡើង និងរិះគន់ទាមទារឲ្យមានការផ្លាស់ប្ដូរ ។ វាប្រកដណាស់ថា សន្ទុះនៃការយល់ដឹងរបស់ក្រុមយុវជនដែលជាម្ចាស់ឆ្នោតកំពុងតែស្រេកឃ្លានការផ្លាស់ប្ដូរនោះ វាអាចជម្រុញឲ្យមានការកែប្រែផ្នត់គំនិតរបស់អ្នក នយោបាយខ្មែរឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ។ ហេតុផលនេះ វាអាចធ្វើឲ្យ ប្រទេសកម្ពុជា សព្វថ្ងៃ រួចផុតពីដានចាស់នៃការបាត់បង់ប្រទេស ដូចការបាត់បង់ដែនដីកម្ពុជាក្រោម ពីអតីតកាល យ៉ាងពិតប្រាកដ ព្រោះវាសនានៃប្រទេសកម្ពុជា នឹងមិនឋិតនៅក្រោមការសម្រេចចិត្តរបស់អ្នកនយោបាយម្នាក់ណា ទៀតទេ គឺពលរដ្ឋនឹងជាអ្នកគូសវាសនាឲ្យអ្នកនយោបាយ ។
យោងលើព្រះពុទ្ធដីការរបស់ព្រះពុទ្ធបរមគ្រូ ដែលថាអ្វីក្នុងលោកនេះជា អនិច្ចំ មិនទៀងទាត់ ទោះជាបក្ស ណាឈ្នះឆ្នោតក្តី ការផ្លាស់ប្តូរមួយប្រកបទៅដោយភាពរលូន គឺជាសេណារ៉ីយ៉ូដ៏ល្អបំផុត មួយសម្រាប់ខ្មែរនាពេល នេះ ក៏ដូចជាសម្រាប់កាលអនាគត ៕
សូមសព្វសត្វមានមេត្តាធម៌រវាងគ្នានឹងគ្នា !